បទបញ្ជាសាលាឧទ្ធរណ៍អាមេរិកនាំឲ្យប្រតិបត្តិការរបស់វីអូអេស្ថិតក្នុងភាពមិនច្បាស់លាស់

កម្ពុជា
24/05/2025 – 09:16
ដោយ៖ ហ៊ុល រស្មី
RFI

ក្តីសង្ឃឹមរបស់សំឡេងសហរដ្ឋអាមេរិកវីអូអេ (VOA) ថានឹងអាចដំណើរឡើងវិញនោះនឹងមិនមានភាពវិជ្ជមានច្រើនទេ ខណៈក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍សហព័ន្ធដែលមានសំឡេងភាគច្រើន បានសម្រេចច្រានចោលសេចក្តីសម្រេចរបស់ចៅក្រម មួយរូបគឺលោក Royce C. Lamberth ដែលសម្រេចរាំងខ្ទប់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) មិនឲ្យបិទចោលប្រព័ន្ធផ្សព្វផ្សាយអាមេរិកដ៏ចំណាស់មួយនេះ។ ការសម្រេចចុងក្រោយនេះ ធ្វើឲ្យការចាប់ដំណើរការឡើងវិញរបស់វីអូអេស្ថិតក្នុងភាពមិនច្បាស់លាស់ តែអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជានៅមានសុទិដិ្ឋនិយមថា វីអូអេនឹងទទួលបានយុត្តិធម៌ដើម្បីបន្តប្រាប់ការពិតពីប្រទេសកម្ពុជា។​

បទបញ្ជាសាលាឧទ្ធរណ៍អាមេរិកនាំឲ្យប្រតិបត្តិការរបស់វីអូអេស្ថិតក្នុងភាពមិនច្បាស់លាស់


តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ NPR​ ក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ដែលមានសំឡេងលើសលុបលើលោកចៅក្រម Lamberth បានចេញសម្រេចមួយបញ្ជាក់ច្បាស់ថា ខ្លួននឹងមិនអន្តរាគមន៍ សំណុំរឿងរបស់វីអូអេ​ ហើយបានបើកផ្លូវឲ្យទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋបាលត្រាំគឺអ្នកស្រី Kari Lake ដែលទទួលបន្ទុកមើលការខុសត្រូវទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលឬ USAGM ត្រឡប់មកកាត់បន្ថយកម្លាំងការងារ ដោយបានឲ្យបុគ្គលិកជាប់កិច្ចសន្យារាប់រយនាក់ឈប់ធ្វើការកាលពីចុងសប្តាហ៍កន្លងទៅ។ ដំណាលគ្នានឹងមានក្តីក្តាំនៅតុលាការ​ គេហទំព័រវីអូអេ មិនបានបង្ហោះអត្ថបទព័ត៌មានណាមួយជាង២ខែមកហើយ។

សម្រាប់នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ខេមបូចា លោក ណុប វី ជឿថា ប្រព័ន្ធយុត្តិធម៌រឹងមាំរបស់សហរដ្ឋអាមេរិកអាចនឹងផ្តល់យុតិ្តធម៌ឲ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយដទៃទៀតដូចជាវិទ្យុអាស៊ីសេរី RFA អាចបន្តការងាររបស់ខ្លួនឡើងវិញ ក្នុងការរាយការណ៍អំពីសភាពការណ៍ពិតចេញពីប្រទេសកម្ពុជា និងកន្លែងដទៃទៀតដែលប្រភពផ្តល់ព័ត៌មានសេរីបានរងការរឹតត្បិត។ ចំណែក លោក Steve L Herman ប្រធានឆ្លើយឆ្លងព័ត៌មានជាតិរបស់ វីអូអេ បានលើកឡើងលើគណនីហ្វេសប៊ុករបស់លោកថា លោកនឹងបន្តតទល់ក្តីក្តាំនេះទៅមុខទៀត និងថាវីអូអេ មិនអាចត្រូវបានបំប្លែងឲ្យទៅជាប្រព័ន្ធឃោសនារបស់រដ្ឋបាលត្រាំនោះឡើយ បើយោងតាមច្បាប់បច្ចុប្បន្ន។

ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋបាលត្រាំគឺអ្នកស្រី Kari Lake ដែលទទួលបន្ទុកមើលការខុសត្រូវទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលឬ USAGM។
ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋបាលត្រាំគឺអ្នកស្រី Kari Lake ដែលទទួលបន្ទុកមើលការខុសត្រូវទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលឬ USAGM។ © AP

សូម​បញ្ជាក់ថា កាលពី​អំឡុង​ខែ​មីនា​ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានបញ្ជា​ឲ្យ​កាត់​ផ្តាច់​ជំនួយ​ទាំង​ស្រុង​របស់ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (USAGM) ដែល​ជា​ភ្នាក់​ងារ​ផ្តល់​ជំនួយ​បន្ត​ទៅ​កាន់វិទ្យុ​អាស៊ី​សេរី​ (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​(VOA) និង​វិទ្យុ​អឺរ៉ុប​សេរី ​(RFE)។​ ចំណាត់ការ​របស់​រដ្ឋ​បាលលោក​ដូណាល់ ត្រាំ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​បុគ្គលិក​ចំនួន ១៣០០​នាក់​នៅ​វិទ្យុ VOA និង​រាប់​រយនាក់​ផ្សេង​ទៀត នៅ​វិទ្យុ​អាស៊ី​សេរី ​(RFA) ក្នុង​នោះមាន​ទាំង​បុគ្គលិក​ជន​ជាតិ​ខ្មែរ​ផង​ដែរ​៕

What Next?

Recent Articles