កម្ពុជា
25/05/2025 – 11:29
ដោយ៖ ហ៊ុល រស្មី
RFI
នៅថ្ងៃទី២៥ ខែឧសភានេះ តុលាការខេត្តស្ទឹងត្រែងបានសម្រេចដោះលែង លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានបរិស្ថានប្រចាំខេត្តស្ទឹងត្រែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោស ក្រោយលោកត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារជិត២សប្តាហ៍។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង ខណៈភរិយាលោក អ៊ុក ម៉ៅ សម្តែងក្តីត្រេកអរនឹងការដោះលែងនេះ។
អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ត្រូវបានដោះលែងឲ្យក្រៅឃុំបណ្តោះអាសន្ន
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តស្ទឹងត្រែង លោក ស៊ុន ឡង់ឌី ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យនេះថា លោក អ៊ុក ម៉ៅ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅ ម៉ោងប្រមាណ ២រសៀល ថ្ងៃទី២៥ ឧសភានេះ។ ត្បិតឲ្យនៅក្រៅឃុំតែ លោក អ៊ុក ម៉ៅ នៅជាប់លក្ខខណ្ឌរបស់តុលាការក្នុងដំណើរការសាកសួរ ទាក់ទិនសំណុំរឿងរបស់លោក មុនឈានដល់ការបើកសវនាការនៅពេលខាងមុខ។
គួររម្លឹកថា លោក អ៊ុក ម៉ៅ អាយុ៥៧ឆ្នាំ គឺជាអ្នកសារព័ត៌មានរបស់អង្គភាព «ឥន្ទ្រីផ្លើស ញូស៍» ប្រចាំខេត្តស្ទឹងត្រែង។លោក ត្រូវបានបុរស៣នាក់ដែលស្លៀកពាក់ស៊ីវិលចាប់ខ្លួនកាលពីរំលងអាធ្រាត្រ ថ្ងៃទី១៦ ខែឧសភា ក្រោមបទញុះញង់ និងបរិហារកេរ្តិ៍។ ក្រុមអង្គការសង្គមស៊ីវិលជាង១០បានចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យដោះលែងអ្នកកាសែតរូបនេះ ដោយបានចាត់ទុកការចាប់ខ្លួនលោក អ៊ុក ម៉ៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាន និងអ្នកសារព័ត៌មានដែលធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អលើឆាកអន្តរជាតិ។ តែក្រសួងព័ត៌មានបានចាត់ទុកសកម្មភាពរបស់ លោក អ៊ុក ម៉ៅ នាពេលកន្លងមកថាជាសកម្មភាពប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជាការរំលោភច្បាប់។
ភរិយាលោកអ៊ុក ម៉ៅ គឺអ្នកស្រី ឯក សុជាតិ រីករាយនឹងការដោះលែងស្វាមី តែអ្នកស្រីមិនអាចផ្តល់សេចក្តីលម្អិតនានាដែលនាំដល់ការដោះលែងស្វាមីនោះទេ។
ដោយឡែក កាលពីថ្ងៃទី២៤ ខែឧសភា រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញមកបំភ្លឺថា គ្មានករណីដុតផ្ទះ លោក អ៊ុក ម៉ៅ ដូចការលើកឡើងតាមបណ្តាញសង្គមនោះទេ ហើយករណីឆេះខ្ទមចម្ការរបស់អ្នកកាសែតរូបនេះកាលពី៣ឆ្នាំមុននោះ គឺជា «ទំនាស់បុគ្គល និងបុគ្គល» ដែលផ្តើមចេញពីករណីរំលោភសេចក្តីទុកចិត្ត។ បើតាមអាជ្ញាធរខេត្តស្ទឹងត្រែងដដែល លោក អ៊ុក ម៉ៅ មិនព្រមប្រគល់ដីទំហំប្រមាណ៤៥ហិកតាឲ្យអ្នកដែលបានទិញពីលោក នៅពេលទទួលបានប្រាក់សរុបជាង១ម៉ឺនដុល្លារ ហើយថា លោក អ៊ុក ម៉ៅ បានផ្លាស់ប្តូរទីកន្លែងរស់នៅពីមួយទៅមួយច្រើនលើកច្រើនសារ បន្ទាប់ពីលក់ដីចម្ការចាស់ទៅកាប់រានដីថ្មីរួចលក់ និងបន្តទៅតាំងទីលំនៅកន្លែងផ្សេងទៀត។

យ៉ាងណាក៏ដោយ បន្ទាប់ពីបានចាកចេញពីពន្ធនាគារ លោក អ៊ុក ម៉ៅ បានប្រាប់លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា តាមប្រព័ន្ធទំនាក់ទំនងសង្គមថាលោកមិនត្រូវបានអនុញ្ញាតឲ្យផ្តល់បទសម្ភាសជាមួយអ្នកកាសែតនោះទេ៕