ការចរចាពន្ធគយរវាងកម្ពុជា និងអាមេរិកនឹងធ្វើនៅជុំទី៣បន្តទៀត

កម្ពុជា
08/06/2025 – 09:43
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ការ​ចរ​ចា​បញ្ហា​ពន្ធ​គយ​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេ​រិក​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ជុំ​ទី​៣​បន្ត​ទៀត​ នៅ​រដ្ឋ​ធានី​វ៉ា​ស៊ីន​តោន​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។​ នេះ​ជា​ការ​គូស​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ​ខែ​មិថុនា ​ឆ្នាំ​២០២៥​។​ បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ដដែល​នេះ​ លទ្ធផល​នៃ​ការ​ចរ​ចា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ជុំ​ទី​២ ​ដែល​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​៤​ដល់​ទី​៦ ​ខែ​មិថុនា​ ភាគី​ទាំង​ពីរ​បាន​បន្ត​ពិភាក្សា​គ្នា​លើ​អត្ថ​បទ​សេច​ក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​បដិការ ​ដោយ​ឈរ​លើ​ស្មារតី​យោគ​យល់​គ្នា​ខ្ពស់ ​និង​បាន​ឈាន​ទៅ​ឯក​ភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន​។

ការចរចាពន្ធគយរវាងកម្ពុជា និងអាមេរិកនឹងធ្វើនៅជុំទី៣បន្តទៀត


យ៉ាង​នេះ​ក្តី​ អ្នក​តាម​ដាន​ការ​ចរ​ចា​ពន្ធ​គយ​លើ​ទំនិញ​កម្ពុជា​ដែល​នាំចេញ​ទៅ​អាមេរិក​ បាន​វាយ​តម្លៃ​ថា​ ការ​ចរ​ចា​គ្នា​ជុំ​ទី​២ ​ដែល​ដឹក​នាំ​ដោយ​លោក ​ស៊ុន ចាន់​ថុល​ ឧបនា​យក​រដ្ឋ​មន្ត្រី ​និង​ លោក​ស្រី ​ចម និម្មល​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ​តំណាង​ភាគី​កម្ពុជា ​និង​លោក​ស្រី ​Sarah Ellerman ​អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ ប៉ាស៊ីហ្វិក នៅ​ជុំ​ទី​២ គឺ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ​។

លោក​ មួង ណារ៉េត​ សកម្ម​ជន​ខ្មែរ​នៅ​ទី​ក្រុង​ឡុងប៊ិច ​រដ្ឋកាលីហ្វ័រញ៉ា ​បាន​លើក​ឡើង​នៅក្នុង​វីដេអូ​ឃ្លីប​របស់​ខ្លួន​នាថ្ងៃ​ទី​៨​ ខែ​មិថុនា​នេះ​ថា ​លទ្ធផល​នៃ​ការ​ចរចា​ពន្ធ​គយ​រវាង​កម្ពុជា ​និង​អាមេរិក​នៅ​ជុំ​ទី​២​នេះ ​គឺប្រៀប​បាន​«ទៅ​ផ្ទះ​វិញ​ដោយ​ដៃ​ទទេ​    »។ ​បើតាម​អតីត​អ្នក​សារព័ត៌​មាន​ជើង​ចាស់​រូប​នេះ​ បើ​ទោះជា​អាមេរិក​បើក​ភ្លើង​ខៀវ​ឲ្យ​កម្ពុជា​មាន​ឱកាស​ចូល​តុ​ចរចា​នៅ​ជុំ​ទី​៣​បន្ត​ទៀត​ក៏​ដោយ ​តែ​លោក ​មួង ណារ៉េត ​មិន​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធផល​ដូច​កម្ពុជា​ចង់​បាន​នោះ​ឡើយ​។

លោក មួង ណារ៉េត យល់​ឃើញថា ដើម្បី​ឲ្យការ​ចរចា​បញ្ហាពន្ធ​គយ​ជាមួយ​អាមេរិក​ទទួល​បាន​ជោគ​ជ័យ ​គឺទាល់​តែ​កម្ពុជា​ព្រម​ស្តារ​ឡើង​វិញ​លទ្ធិ​ប្រជាធិប​តេយ្យ​តាម​រយៈ​ការ​ដោះ​លែង លោក កឹម សុខា ​កញ្ញា ​សេង​ ធារី ​និង​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ ឲ្យ​មាន​សេរីភាព​ធ្វើ​នយោបាយ​បាន​ពេញ​លេញ​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៥​ រដ្ឋបាល​អាមេរិក​របស់ ​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ដល់​ទៅ ​៤៩ភាគ​រយ​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ពន្ធ​ទំនិញ​ដែល​អាមេរិក​អះអាង​ថា ​កម្ពុជា​បាន​យក​ពន្ធ​លើ​ទំនិញ​ពី​អាមេរិក​ដល់ទៅ​ ៩៧​ភាគរយ​។​ តែ​នៅ​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​នៃ​អន្តរ​កាល ​បើក​ទ្វារ​ឲ្យ​ចូល​ចរចា​ រដ្ឋបាល​អាមេរិក​បាន​ទម្លាក់​ពន្ធ​បដិការ​នេះ​ មក​នៅ​ត្រឹម​១០​ភាគរយ​ជា​បណ្តោះ​អាសន្ន​សិន​។

ជំនួបរវាងប្រតិភូកម្ពុជា និងមន្ត្រីអាមេរិក ក្នុងការចរចាពន្ធបដិការជុំទី១ កាលពីដើមខែឧសភា ២០២៥
ជំនួបរវាងប្រតិភូកម្ពុជា និងមន្ត្រីអាមេរិក ក្នុងការចរចាពន្ធបដិការជុំទី១ កាលពីដើមខែឧសភា ២០២៥ © Sun Chanthol,DPM

ជា​ការ​កត់​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​រង​ការ​ដាក់​ពន្ធ​ខ្ពស់​ជាង​គេ​បំផុត​ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ ​ខណៈឡាវ​រង​ការ​ដាក់​ពន្ធ​ចំនួន ៤៨​ភាគរយ​ វៀតណាម​ចំនួន ​៤៦ភាគ​រយ ​និង​ភូមា​ចំនួន​ ៤៤ភាគរយ​៕

What Next?

Recent Articles