កម្ពុជា
កម្ពុជា-នយោបាយ
10/06/2025 – 10:15
ដោយ៖ អោ ស្រីពេជ្រ
RFI
លោក ហ៊ុន សែន បានស្នើឱ្យថៃបញ្ជូនលោក អែម ពិសិដ្ឋ សកម្មជនប្រឆាំង និងជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ មកឱ្យអាជ្ញាធរកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជននេះបានថតសម្តែងជាកងទ័ពរិះគន់រដ្ឋាភិបាលកម្ពុជា។ តាមលោក ហ៊ុន សែន លោក អែម ពិសិដ្ឋ បានឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ ខណៈប្រទេសកំណើតរបស់ខ្លួនកំពុងប្រឈមនឹងការឈ្លានពានរបស់បរទេស។
លោក ហ៊ុន សែន ស្នើឲ្យថៃបញ្ជូនសកម្មជនប្រឆាំងខ្មែរម្នាក់មកកម្ពុជារឿងសម្តែងរិះគន់កងទ័ពកម្ពុជា
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាចបានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា អាជ្ញាធរថៃគួរបញ្ជូនសកម្មជនប្រឆាំង គឺលោក អែម ពិសិដ្ឋ ដែលបានសម្តែងជាកងទ័ពវាយប្រហារមេដឹកនាំខ្មែរ អំឡុងមានជម្លោះព្រំដែនជាមួយថៃ។ តាមលោក ហ៊ុន សែន ប្រទេសកម្ពុជាប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស តែបែរជាសកម្មជនប្រឆាំងរូបនេះទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរទៅវិញ។
លោក ហ៊ុន សែន ចាត់ទុកការបង្ហោះវីដេអូសម្តែងរបស់លោក អែម ពិសិដ្ឋ ជាទង្វើក្បត់ជាតិដែលមិនអាចលើកលែងឱ្យបានជាដាច់ខាត និងថា អាជ្ញាធរថៃគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើថៃមិនឃុបឃិតជាមួយជននេះទេ។
គួរជ្រាបថា ក្នុងសម្លៀកបំពាក់ជាទាហាន លោក អែម ពិសិដ្ឋ បានថតសម្តែងដោយការនិយាយបែបលេងសើចថា ខ្លួនចង់ធ្វើទាហានតាមបន្ទាត់ព្រំដែន ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបែរដកកងទ័ពចេញ ហើយមេបញ្ជាការកងទ័ពធំៗឯណោះក៏សុទ្ធតែប្រកាន់បក្សពួក។ វីដេអូខ្លីនេះត្រូវបានបង្ហោះក្នុងគណនី Tik Tok របស់ លោក អែម ពិសិដ្ឋ ឈ្មោះ «Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth PG EM»។
ទាក់ទងទៅនឹងការស្លៀកឯកសណ្ឋានកងទ័ពថតវីដេអូសម្ដែងផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់សកម្មជនប្រឆាំងនេះដែរ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក៏បានបង្ហោះសារផ្តាំប្រាប់ក្រុមប្រឆាំងដែលរស់នៅក្រៅប្រទេសថា «នៅស្រុកគេឱ្យបានសុខហើយ កុំចេះតែបញ្ចេញមតិបង្កភាពចលាចលទាំងដែលខ្លួនមិននៅក្នុងស្រុក និងដោយអះអាងថា មកដល់ពេលនេះកម្ពុជាមិនបានដកកងទ័ពនោះទេ»។

ដោយឡែក ក្នុងថ្ងៃទី១០មិថុនាដដែលនេះ អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញវិញបានចាត់ទុកការផលិតវីដេអូសម្តែងរបស់សកម្មជននយោបាយនៅស្រុកថៃនេះថាមានចរិតញុះញង់រើសអើង ក្នុងចេតនាបំបាក់ទឹកចិត្តកងទ័ព និងផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យសាធារណៈជនមានការយល់ច្រលំដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញក៏បានព្រមានស្រាវជ្រាវអនុវត្តតាមនីតិវិធី ចំពោះការបង្ហោះព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ និងថា មុនចូលរួមមតិយោបល់ណាមួយ សាធារណៈជនត្រូវតែពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន ដើម្បីរួមគ្នាស្វែងយល់ពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ៕