កម្ពុជា
18/06/2025 – 13:37
ដោយ៖ ហ៊ុល រស្មី
RFI
ប្រធានព្រឹទ្ធសភា និងជាប្រមុខគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសជាសាធារណៈទទួលស្គាល់សារសំឡេងសន្ទនាបែកធ្លាយរបស់លោកជាមួយ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនានេះ។ តាម លោក ហ៊ុន សែន ការសន្ទនានោះបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធបញ្ហាដែលថៃបិទព្រំដែនជាមួយកម្ពុជា។
លោក ហ៊ុន សែន ទទួលស្គាល់សំឡេងសន្ទនាបែកធ្លាយរវាងលោកជាមួយនាយករដ្ឋមន្ត្រីថៃ
នៅថ្ងៃទី១៨ ខែ មិថុនានេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោកពិតជាបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន រយៈពេល ១៧នាទី និង០៦វិនាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ។ លោកថា ជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនត្រូវបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសំឡេង និងដើម្បីតម្លាភាពផ្ទៃក្នុងរបស់កម្ពុជា។
តាម លោក ហ៊ុន សែន សារសំឡេងដែលលោកអះអាងថា បានបែកធ្លាយតែជាង៩នាទីក្នុងប្រព័ន្ធទំនាក់ទំនងសង្គមនោះ ត្រូវបានបញ្ជូនទៅគណៈអចិន្ត្រៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ លោក ហ៊ុន សែន បានរំលេចដែរថា នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់មិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីថៃ ព្រោះក្រោយនិយាយគ្នាជាមួយលោកប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃ ចេញមកចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ ធ្វើនយោបាយតាម Facebook។ លោកចាត់ទុក ឥរិយាបថរបស់ភាគីថៃបែបនេះថា ជា «ទង្វើនិយាយផ្សេង ធ្វើផ្សឹង»។
នៅខាងដើមសារសំឡេងបែកធ្លាយដែលមានរយៈពេលតែ ៩នាទី និង៣០វិនាទី លោកស្រីផែថងថាន បានលើកឡើងអំពីការចង់បានភាពស្ងប់សុខរវាងកម្ពុជា និងថៃ ហើយស្នើសុំកុំឲ្យលោកហ៊ុន សែន ស្តាប់សម្តីមេទ័ពថៃ ភូមិភាគ២ ដែលមានជំហរប្រឆាំងនឹងកម្ពុជា ដែលមិនស្តាប់តាមរដ្ឋាភិបាលថៃ។ ក្នុងសារបែកធ្លាយនោះ លោក ហ៊ុន សែន ទាមទារឲ្យភាគីថៃបើកច្រកទ្វារព្រំដែនឡើងវិញទាំងអស់ជាប្រក្រតី ហើយកម្ពុជាបានបដិសេធ មិនមានការចរចាជាមួយថៃលើការបើកព្រំដែននេះទេ ព្រោះថៃជាអ្នកបង្ករឿងមុន។ តែលោកថា បើថៃបើកច្រកទ្វារព្រំដែនឡើងវិញ កម្ពុជានឹងប្រើពេលយ៉ាងយូរបំផុត៥ម៉ោង ដកបទបញ្ជាទាំងឡាយដែលបានហាមឃាត់ការដឹកជញ្ជូនផ្លែឈើពីថៃ ចូលទឹកដីកម្ពុជា។
ភ្លាមៗក្រោយប្រតិកម្មរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃពុធនេះ បានរិះគន់ អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភាកម្ពុជារូបនេះយ៉ាងចាស់ដៃ ចំពោះការចេញផ្សាយឃ្លីបសំឡេងរបស់លោកស្រីដែលនិយាយជាមួយមេដឹកនាំកម្ពុជា។ អ្នកស្រីថ្លែងទៀតថា ទង្វើរបស់កម្ពុជា គឺជាការប៉ុនប៉ងពន្យុះឲ្យមានការបែកបាក់រវាងរដ្ឋាភិបាលលោកស្រី និងក្រុមយោធាថៃ។ លោកស្រីផែថងថាន ក៏បានចោទលោកហ៊ុន សែនថា បានកំពុងស្វះស្វែងរកប្រជាប្រិយភាពជូនរដ្ឋាភិបាលកម្ពុជារបស់កូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត។ នេះបើតាមកាសែតថៃ Khaosod English៕