កម្ពុជា
កម្ពុជា-ថៃ-ព្រំដែន
19/06/2025 – 11:03
ដោយ៖ ជួប នរក្សា
RFI
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចេញមុខសុំទោសជាសាធារណៈដល់ប្រជាជនថៃ ចំពោះកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានបែកធ្លាយ។ លើសពីការសុំទោស នាយករដ្ឋមន្ត្រីថៃអះអាងថា នេះមិនមែនជាពេលវេលាដែលថៃត្រូវឈ្លោះគ្នាផ្ទៃក្នុងឡើយ តែជាពេលរួបរួមសាមគ្គីគ្នា ដើម្បីអធិបតេយ្យភាពរបស់ខ្លួន។
នាយករដ្ឋមន្ត្រីថៃចេញសុំទោសជាសាធារណៈក្រោយការបែកធ្លាយកិច្ចសន្ទនាជាមួយលោក ហ៊ុន សែន
«ខ្ញុំសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋថៃទាំងអស់ ចំពោះការបែកធ្លាយឃ្លីបសំឡេងនៃកិច្ចសន្ទនារវាងខ្ញុំជាមួយមេដឹកនាំកម្ពុជា។ ខ្ញុំមិនបានដឹងទេថា វាត្រូវបានថត និងផ្សព្វផ្សាយបែបនេះ»។ នេះគឺជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្រោយកិច្ចប្រជុំបន្ទាន់មួយនៅវិមានរដ្ឋាភិបាលថៃ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោកស្រីបញ្ជាក់ទៀតថា រដ្ឋាភិបាលថៃបានបញ្ជាក់បញ្ហានេះយ៉ាងច្បាស់លាស់ជាមួយភាគីកងកម្លាំងថៃ។
សម្រាប់ស្ថានការណ៍នយោបាយថៃក្នុងពេលនេះ ត្រូវលោកស្រី ផែថងថាន បញ្ជាក់ថា ថៃត្រូវតែសហការនិងពង្រឹងកម្លាំងផ្ទៃក្នុង។ ការបែកធ្លាយសារសន្ទនាជាមួយលោក ហ៊ុន សែន ត្រូវនាយករដ្ឋមន្ត្រីថៃរូបនេះ ចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ហើយភាគីថៃនាពេលនេះ គឺគ្មានពេលសម្រាប់ការឈ្លោះប្រកែកផ្ទៃក្នុងឡើយ។
គួរឲ្យដឹងថា នៅថ្ងៃពុធទី១៨ ខែមិថុនាម្សិលមិញ មានការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទប្រមាណជាង៩នាទី រវាងប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អំពីភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ភ្លាមៗលោក ហ៊ុន សែន បានចេញមកទទួលស្គាល់ថា លោកពិតជាបានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃមែន តែការជជែកនោះមានរយៈពេលដល់ទៅ១៧នាទី និង៦វិនាទី។
ខ្លឹមសារនៃកិច្ចសន្ទនានោះគឺ លោកស្រី ផែថងថាន បានលើកឡើងអំពីការចង់បានភាពស្ងប់សុខរវាងកម្ពុជា និងថៃ ហើយស្នើសុំកុំឲ្យលោក ហ៊ុន សែន ស្តាប់សម្តីមេទ័ពថៃ ភូមិភាគ២ ដែលមានជំហរប្រឆាំងនឹងកម្ពុជា។ ក្នុងសារបែកធ្លាយនោះ លោក ហ៊ុន សែន ទាមទារឲ្យភាគីថៃបើកច្រកទ្វារព្រំដែនជាប្រក្រតីឡើងវិញទាំងអស់ ហើយកម្ពុជាបានបដិសេធ មិនមានការចរចាជាមួយថៃលើការបើកព្រំដែននេះទេ ព្រោះថៃជាអ្នកបង្ករឿងមុន។
សារសំឡេងបែបធ្លាយនេះ បានញ៉ាំងឲ្យមានភាពរង្គោះរង្គើភ្លាមៗនៃនយោបាយផ្ទៃក្នុងថៃ នៅថ្ងៃពុធទី១៨មិថុនា។ ដោយក្នុងនោះប្រធានគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់លោកស្រី ផែថងថាន ខណៈបក្សចម្រុះពីរទៀត គឺបក្សរួបរួមជាតិថៃ និងគណបក្សប្រជាធិបតេយ្យ ក៏នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាពីស្ថានការណ៍ចំពោះមុខ។
លើសពីការដកខ្លួនរបស់គណបក្សក្នុងរដ្ឋាភិបាលចម្រុះរបស់ខ្លួន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ក៏រងស្រោចដោយប្រតិកម្មពីបណ្តាគណបក្សប្រឆាំង និងសកម្មជនអាវលឿង តាមរយៈការធ្វើបាតុកម្មនៅខាងមុខវិមានរដ្ឋាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាមទារឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី៕