កម្ពុជា
កម្ពុជា-វៀតណាម
22/06/2025 – 09:27
ដោយ៖ អ៊ឹង ប៊ុនថន
RFI
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានចេញមកច្រានចោលព័ត៌មានលើបណ្តាញ សង្គម TikTok ដែលថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ»។ តែរដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ ចាត់ទុកថានេះគឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។ តាម រដ្ឋបាលខេត្តព្រះសីហនុ កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា វៀតណាមចូលកាន់កាប់កោះឬស្សី
លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានថ្លែងថា កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចសន្យាជួលទៅឲ្យក្រុមហ៊ុនវិនិយោគចំនួន ០២ គឺមួយជាក្រុមហ៊ុនខ្មែរ និងមួយទៀតជាក្រុមហ៊ុនរបស់បារាំង។
លោកថ្លែងថា «សព្វថ្ងៃនេះ គឺមានក្រុមហ៊ុនរបស់ខ្មែរមួយ បាន និងកំពុងសាងសង់អភិវឌ្ឍន៍ចប់ហើយ និងកំពុងដំណើរការប៉ែកខាងជើងនៃកោះ។ ដោយឡែកប៉ែកខាងត្បូងជាការវិនិយោគឲ្យក្រុមហ៊ុនបារាំងមួយដែលបានអភិវឌ្ឍន៍ហើយដាក់ឲ្យដំណើរ ហើយទទួលបានការសាទរច្រើន។ជាប្រភេទសណ្ឋាគារលំដាប់ វាជាផលិតផលទេសចេរណ៍ល្អបំផុតរបស់ខេត្តព្រះសីហនុ។ដូច្នេះអត់មានវៀតណាម ឬអាជ្ញាធរវៀតណាមណាមកកាន់កាប់កោះឬស្សីទេ…»។
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បាន និងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សី ដោយ ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិកតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ ចំណែក ក្រុមហ៊ុន EVERSPRING RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិកតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១៕