27 July 2012
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

ក្រុមអ្នកគាំទ្របន់ស្រន់ព្រះអង្គដងកើសុំជួយបន្ទន់ចិត្តឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ។
រូបថត ហេង ជីវ័ន
ភ្នំពេញៈ បុរសវ័យ៧៤ឆ្នាំម្នាក់ ក្នុងសហគមន៍តំបន់បឹងកក់ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួន បញ្ជូនទៅអធិការខណ្ឌដូនពេញ កាលពីម្សិលមិញ បន្ទាប់ពីគាត់បានដើរសុំស្នាមមេដៃពីប្រជាពលរដ្ឋក្នុងសហគមន៍របស់គាត់ ដើម្បីគាំទ្រលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។ នេះបើតាមការអះអាងពីពលរដ្ឋក្នុងសហគមន៍នេះនិងសាច់ញាតិគាត់។
អ្នកស្រី គង់ ចាន់ថា ពលរដ្ឋក្នុងភូមិ២៤ នៃសហគមន៍បឹងកក់ បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា លោក ជ័យ ឡាយ អាយុ ៧៤ឆ្នាំ ជាអាចារ្យវត្តចិនដំដែក រស់នៅភូមិទី២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញចាប់ខ្លួន ខណៈគាត់កំពុងបណ្ដើរកង់មកពីសុំស្នាមមេដៃពីអ្នកភូមិ ដើម្បីធ្វើញតិ្តគាំទ្រសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។
អ្នកស្រីបានបន្តថា ៖«ខ្ញុំឃើញមនុស្សបួននាក់ស្លៀកពាក់ជាជនស៊ីវិល បានចាប់ឃាត់ខ្លួនគាត់ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញភ្លាមៗយ៉ាងប្រញាប់ប្រញាល់»។
អ្នកស្រី ជ័យ លាភ អាយុ៤៣ឆ្នាំ ដែលត្រូវជាកូនរបស់លោក ជ័យ ឡាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ឪពុករបស់គាត់មិនបានធ្វើអ្វីខុសច្បាប់នោះទេ ។
អ្នកស្រីបានថ្លែងថា៖ «ឪពុកខ្ញុំមិនបានធ្វើអ្វីខុសឬក៏ប្រឆាំងនឹងអ្នកណាម្នាក់ដែរ ហើយការដែលគាត់ដើរសុំស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីគាំទ្រលោក ម៉ម សូណង់ដូ ប្រធានសំបុកឃ្មុំនោះ ក៏មិនបានទៅបង្ខំឲ្យគេផ្ដិតដែរ គឺអ្នកភូមិផ្ដិតឲ្យដោយស្ម័គ្រចិត្តប៉ុណ្ណោះ»។
អ្នកស្រីបានបន្តថា៖ «ឪពុកខ្ញុំប្រាប់ថា គាត់ត្រូវបានគេ[នគរបាល]ចោទពីបទដើរញុះញង់ឲ្យអ្នកភូមិផ្ដិតមេដៃខុសច្បាប់»។
លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ មិនអាចទំនាក់ទំនងសុំការអធិប្បាយអំពីការចាប់ខ្លួនលោកអាចារ្យ ជ័យ ឡាយ សមាជិកសហគមន៍តំបន់បឹងកក់នេះបានទេ កាលពីម្សិលមិញ។ ចំណែក លោក ទូច សារិន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះចកបានថ្លែងថា គាត់មិនបានដឹងអំពីករណីនេះនៅឡើយ ដោយគាត់ជាប់រវល់នៅក្នុងពិធីបុណ្យសព។
លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី១៥ខែ កក្កដា កន្លងទៅនេះ ក្រោមការចោទ ពីបទជាប់ពាក់ព័ន្ធនៅពីក្រោយ អ្វីដែលអាជ្ញាធរហៅថា ការប៉ុនប៉ងបង្កើតតំបន់អបគមន៍ នៅក្នុងជម្លោះដីធ្លីមួយនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
គួររំឭកដែរថា កាលពីម្សិលម្ង៉ៃមន្ត្រីសមាគមអ្នកប្រជាធិបតេយ្យ អះអាងដែរថា សមាជិកនៅតាមខេត្តនានាបួន ក៏ត្រូវអាជ្ញាធររារាំងការដើរប្រមូលស្នាមមេដៃ ដើម្បីធ្វើញត្តិដាក់ទៅស្ថានទូតនិងស្ថាប័នរដ្ឋាភិបាលសុំដោះលែង លោកម៉ម សូណង់ដូ ដែរ ដោយគេសម្អាងថា ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងមិនបានសុំការអនុញ្ញាតជាមុន។
កាលពីថ្ងៃទី២១ ខែកក្កដា ភរិយារបស់លោកបានឲ្យដឹងថា លោក ម៉ម សូណង់ដូ ជាស្វាមីកំពុងតែធ្លាក់ខ្លួនឈឺ ព្រោះតែស្ថិតនៅក្នុងបន្ទប់ឃុំឃាំងដ៏តូច ចង្អៀត ប៉ុន្តែត្រូវបានអនុគ្រោះពីប្រធានពន្ធនាគារឲ្យលោកស្នាក់នៅ បន្ទប់ឃុំដោយឡែកសមរម្យជាងបន្ទប់រួមបន្តិច៕
ជនស៊ីវិលទៅចាប់ជនស៊ីវិល ដូចជាអាថ៌កំបាំងម្លេះម៉េចមិនទុកតួនាទីឲ្យអាជ្ញាធរធ្វើការវិញ! បើមនុស្សរបស់បក្សប្រជាជន មានចេតនា វារិតតែខុសធ្ងន់និងច្បាប់ ។ បើថាគិញសម្ងាត់របស់ហាណូយចេញប្រតិបត្តិការណ៌បោសសំអាត អ្នកណាហ៊ានចេញមុខជួយលោកម៉មសូណង់ដូ ទំនងជាង៕
កុំឆ្ងល់ពេកបងអឺយ !!!!! ព្រះរាជាណាចក្រ អច្ឆៈរិយៈ គឺតែប៉ុណ្នឹងឯង ! ចូលចិត្តធើអីប្លែកៗៗៗ
ហេតុអី្វបានជាគេចូលចិត្តដាក់ទោសនិងរកតែរឿងជាមួយអ្នកស្នេហាជាតិពិតជាតិម្ល៉េះ??????ទៅថ្ងៃមុខទៀតក្លាយទៅជាយ៉ាងណាទៅ? (ឈប់និយាយទៀតហើយព្រោះខ្លាចបែកមាត់)
នេះហើយប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យក្លែងក្លាយនោះ គណបក្សប្រជាជនធ្វើអ្វីៗ សុទ្ធតែត្រូវទាំងអស់ បើគេមានមតិ្តយោបល់ចង់អោយពិចារណារសិក្សាកែលំអររកខុសត្រូវ នោះវាសុទ្ធតែគេនឹងប្រឆាំង នេះហើយដែលគេហៅថា ( ចេះឯងមិនក្រែងចេះគេ ) ។ ស្តាយណាស់ដែលមានមេដឹកនាំល្ងិតល្ងង់ មិនបានរៀនសូត្រចេះដឹងដូចលោកហ៊ុន សែន ។
សូមសរសើរទឹកចិត្តលោកអាចារ្យដែលហ៊ានដើរសុំស្នាមមេដៃដើម្បីគាំទ្រអ្នកស្នេហាជាតិ ។ ជីវិតមនុស្សម្នាក់ៗមិនអាចជៀសផុត ពីមរណទេ លោកតាមានព្រះជនប៉ុណ្ណឹងមិនមានអ្វីត្រូវខ្លាចទេ វរភាពរបស់លោកអាចារនិងដក់ក្នុងក្រហៅបេះដូងកូនខ្មែរ។
សូមអោយខ្មែរទាំងអស់រួបរួមគ្នា ស្រលាញ់គ្នាក្នុងរង្វង់គ្រួសារខ្មែរ។ ការឈ្លោះទាស់ទែងគ្នានឹងធ្វើអោយខ្មែរបែកបាក់គ្នា ហើយបរទេសនឹងមើលងាយខ្មែរ ធ្វើបាបខ្មែរដូចដែលប្រវត្តិសាស្រ្តមានស្រាប់។
ខ្ងុំគាំទ្រមតិលេាក(ខ្មែរស្រលាញ់ជាតិ)