ក្រុមហ៊ុន​រុករក​ប្រេង​ចំនួន​៣​ត្រូវ​បង្ហាញ​ចំនួន​ថវិកា​ដែល​បាន​បង់​អោយ​រដ្ឋាភិបាល​កម្ពុជា

មាន​ក្រុម​ហ៊ុន​រុករក​រ៉ែ​និង​ឧស្ម័ន​ចំនួន​៣​ដែល​ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៣​នេះ​ត្រូវ​បង្ហាញ​ព័ត៌មាន​ស្តី​ពី​ការ​បង់ប្រាក់​ ​សម្រាប់​គម្រោង​នីមួយៗ​ទៅ​អោយ​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើតាម​ការ​អះអាង​​របស់​អង្គការ​អុកស្វាម​អាមេរិក។ ការ​អនុវត្ត​ថ្មី​នេះ​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​មូលប័ត្រ​អាមេរិក​ទើប​តែ​អនុម័ត​ច្បាប់​ចុងក្រោយ​មួយ​ដែល​តម្រូវ​អោយ​ក្រុមហ៊ុន​រ៉ែ ប្រេង ឧស្ម័ន​ ដែល​បាន​ចុះ​បញ្ជី​នៅ​គណៈកម្មការ​មូលប័ត្រ​អាមេរិកនោះបង្ហាញ​ជា​សាធារណៈ បញ្ជី​បង់ប្រាក់ និង​ការ​ចំណាយ​ផ្សេងៗ​របស់​ខ្លួន​ទៅ​អោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ពួកគេ​ធ្វើ​អាជីវកម្ម។

ថ្ងៃ ព្រហស្បតិ៍ 30 សីហា 2012
ដោយ លាង ដឺលុច
RFI

ចំណូល​បាន​មក​ពី​ប្រេង​បាតសមុទ្រកម្ពុជា​នៅតែជា​បញ្ហា​ចម្រូងចម្រាស

ចំណូល​បាន​មក​ពី​ប្រេង​បាតសមុទ្រកម្ពុជា​នៅតែជា​បញ្ហា​ចម្រូងចម្រាស
©អ.ប.ជ.ក.

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

(02:11)

កាល​ពី​សប្តាហ៍​មុន​នេះ គណៈកម្មការ​មូលប័ត្រ​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ​ដែល​តម្រូវ​អោយ​ក្រុមហ៊ុនរ៉ែ ប្រេង និង​ឧស្ម័ន​ដែល​បាន​ចុះ​បញ្ជី​នៅ​គណៈ​កម្មការ​មូលប័ត្រ​អាមេរិកនោះ​​ លាតត្រដាង​​អំពី​ការ​បង់ប្រាក់ និង​ការ​ចំណាយ​ផ្សេងៗ​របស់​ខ្លួន​ទៅ​អោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ពួកគេ​កំពុង​ធ្វើ​អាជីវកម្ម​នោះ។ ច្បាប់​ដែល​ទើប​តែ​អនុម័ត​ថ្មី​នេះ មាន​គោលដៅ​ជួយ​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ធនធាន​ធម្មជាតិ។
 
ច្បាប់​នេះ​មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចំនួន​ជាង​១១០០​ក្រុមហ៊ុន​រ៉ែ ប្រេង ឧស្ម័ន​ដែល​បាន​ចុះ​ឈ្មោះ​នៅ​គណៈកម្មការ​មូលប័ត្រ​អាមេរិក ហើយ​ដែល​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ចំនួន​៣​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
 
​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អុកស្វាម​អាមេរិក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បានអោយ​ដឹងថា ក្រុមហ៊ុន​ Chevron ក្រុមហ៊ុន Total និង​ក្រុមហ៊ុន ​China National offshore Oil Corporation នឹង​ត្រូវ​អនុវត្ត​ច្បាប់​ថ្មី​នេះ ដោយ​ត្រូវ​បង្ហាញ​អំពី​ការចំណាយ​របស់​ខ្លួន​សម្រាប់​គម្រោង​នីមួយៗ​អោយ​រដ្ឋាភិបាល​កម្ពុជា។
 
លោក​ប្រាយអិន ឡន់ នាយក​របស់​អង្គការ​អុកស្វាម​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា ការ​តម្រូវ​អោយ​បង្ហាញ​ព័ត៌មាន​នៅ​កម្រិត​គម្រោងនេះ នឹង​ផ្តល់​អោយ​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ក្នុងប្រទេស​ដឹង​អំពី​ព័ត៌មាន​លម្អិត ស្តីពី​ចំណូល​ពី​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​ដកហូត​ចេញ​ពី​ដី​សហគមន៍​ពួកគេ។ តំណាង​អង្គការ​អុកស្វាម​អាមេរិក​បាន​ស្នើ​អោយ​រដ្ឋាភិបាល​កម្ពុជា​ដាក់​បង្ហាញ​ព័ត៌មាន​នៃ​គម្រោង​រុករករ៉ែ និងការ​ធ្វើ​អាជីវកម្ម​​នៅ​លើ​គេហទំព័រ​នៃ​ក្រសួង​សេដ្ឋកិច្ច​ទៀត​ផង។
 
នៅ​ពេល​ដែល​កម្ពុជា​ប្រកាស​ថា ខ្លួន​នឹង​មាន​ដំណក់​ធនធាន​ប្រេង​នៅ​ចុង​ឆ្នាំ​២០១២​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ព្រម​ទាំង​ប្រទេស​ដៃគូ​អភិវឌ្ឍ​ន៍​មួយ​ចំនួន​ផង​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ចំណូល​ដែល​បាន​មក​ពី​ធនធាន​ធម្មជាតិ​នេះ។ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​តែ​ងតែ​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​ផ្សព្វផ្សាយ​ជា​សាធារណៈ​ព័ត៌មាន​ស្តី​ពី​​​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​នោះ។ ជា​ទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ទទួល​ព័ត៌មាន​អំពី​វត្តមាន និង​ដំណើរការ​​នៃ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​នោះ​ទេ៕

————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "ក្រុមហ៊ុន​រុករក​ប្រេង​ចំនួន​៣​ត្រូវ​បង្ហាញ​ចំនួន​ថវិកា​ដែល​បាន​បង់​អោយ​រដ្ឋាភិបាល​កម្ពុជា"

  1. ច្បាប់ដែលតែងមិនចេញ
    ១- សភាមមាទាំងថ្លៃល្ងាចព្រឹក–សុទ្ឋតែសមាជិកជំនាញខាងច្បាប់
    ពិភាក្សាដេញដោលវាគ្មិនចំណាប់–រកលក្ខខណ្ឌចាប់ជនពុករលួយ ។
    ២- ច្បាប់សំខាន់ជាក់តាក់តែងយូរហើយ–តែងមិនចប់ឡើយ ជាច្បាប់លើកស្ទួយ
    ខេមរាប្រុសស្រីនឹងអស់ភ័យព្រួយ–កម្ពុជាតែមួយនៅជ្រោយអាស៊ី ។
    ៣- នៅស្ងៀមសុខសោះ ឮដំណឹងហេង–ស្រុកយើងមានប្រេងសំបូរហូរហៀរ
    មិនចាញ់អារ៉ាប់ អ៊ីរ៉ង់ លីប៊ី–ខេមរាគ្រប់គ្នាសង្ឃឹមទុកទៅ!
    ៤- ប៉ុន្តែបើច្បាប់តែងមិនចេះចប់ –អស់ជាងឆ្នាំដប់សរសេរមិនត្រូវ
    ជជែកទៅជជែកមកវាក៏ស្ទះផ្លូវ–ប្រេងឆ្អិនប្រេងឆៅនៅក្រោមឪច្បាប់ ។
    ៥- ច្បាប់ខ្មែរក្រហមក៏ពិបាកតែង–ពន្យាឱ្យវែងទាល់ទណ្ឌិតស្លាប់
    ទៅតាមធម្មជាតិមិនបាច់ប្រើច្បាប់–ក្រែងវាក្រឡាប់ជាប់ដល់ជនខ្លាំង ។
    ៦- ច្បាប់នៅស្រុកយើង គេត្បាញគេក្រង–ក្រាស់ហើយទន់ផងអង្គុយទាំងផ្ទាំង
    គេរើសសូត្រល្អត្បាញវាសម្រាំង–ដល់ចេញប្រេងសាំងចូលឃ្លាំងមេខ្លោង ។
    ៧- ច្បាប់ពុករលួយជួយឱ្យរលាយ–ជួយឱ្យពួកនាយមានបានទាំងហ្វូង
    នៅសល់ចំនៀរតិចតួចរាយរង–គេស្រែកបំពងថាដាក់ធនាគារ ។
    ៨- យើងកុំភ័យភិតគិតតែពីព្រួយ–ចាំមេយើងជួយច្បាស់ជាមេឃា
    យើងរស់ដូចចកកណ្តាលជលសារ–គួរអស់ខេមរាពិចារណ៍ផ្ទាត់ផ្ទៀង ។
    ៩- យើងបានត្រឹមរស់ទាំងឆោតទាំងល្ងង់–យើងកាប់បំពង់រង់ចាំទឹកភ្លៀង
    គេបោកយើងញយ តែយើងមិនរាង–គ្មានទេទឹកភ្លៀងព្រោះមេឃអប្រិយ ។
    ១០- ពួកយើងអ្នករដ្ឋការធម្មតា–ពលករផងណាក៏សែនក្រក្រៃ
    ប្រឹងហូរញើសជោក រកបានមួយថ្ងៃ–កូនប្រុសកូនស្រីខកខានសិក្សា ។
    ១១- ក្រឡេកទៅមើលកូនជនទុច្ចរិត–ចាយអត់អាណិតសុទ្ធតែដុល្លា
    ស៊ីផឹកសើចហ៊ោរសប្បាយអស្ចារ្យ –មកពីអ្នកណា មិនគឺពីមេ???
    ១២- ពីខ្ពស់មកទាប រាបសុទ្ធតែហ្វូងឈ្លើង– បឺតឈាមខ្មែរយើងមកជាហូរហែ
    វាបឺតសម្លាប់យើងពលរដ្ឋខ្មែរ–ច្បាប់យើងតែងដែរតែតែងមិនចេញ!!!!

  2. អស្ចារ្យណាស់ យើងនឹងក្លាយជាប្រទេសអ្នកមានដោយសារប្រេង!
    តែរឿងផ្ទុយ គឹថាតើគេនឹងគ្រប់ចំនូលនោះយ៉ាងម៉េច(ពុករលួយ?)!? ហើយវាធ្វើអោយជីវភាពរាស្រ្តខ្មែរយ៉ាងម៉េចដែរ(នៅតែក្រ?)!?
    តើវានៅមានរឿងអ្វីទៀត នាពេលអនាគត!?

  3. កែពាក្យខុស៖ (គឺថា…), (គ្រប់គ្រងចំនូល…)

  4. ក្មេងវត្ត says:

    មុននិងដាក់ទុនចូលរកស៊ីស្រុកខ្មែរ ត្រូវនិយាយគ្នារឿងលុយសិន ! អ្នកឯងមានប៉ុន្មាន ? និងហ៊ានបង់ប៉ុន្មានឲ្យរដ្ឋ ? អ្វីៗចាំគិតគ្នាក្រោយ។

  5. វិសាល says:

    មិនមែនដូចក្មេងវត្តនិយាយសំរាបស្រុកខ្មែរនោះ ហើយក៏មិនមែនមានន័យថា អ្នកឯងមានលុយប៉ុន្មាន ហ៊ានបង់អោយរដ្ឋ គឺមានន័យថា អ្នកឯងមានលុយប៉ុន្មានហ៊ានបង់ជូន លោកធំៗ អស់ហ្នឹងទើបត្រូវ ឯកំណាព្យលោកមេទ័ព-បាញ់ទារ ពិតជាល្អសុំសរសើដោយស្មោះ នេះពិតជា​ 100% ឆ្លុះបញ្ចាំងយ៉ាងច្បាសនៅស្រុកខ្មែរយើង។