បឹងទន្លេសាប ខេត្តបាត់ដំបង៖ ក្រោយពីរដ្ឋាភិបាល បានសម្រេចលុបចោល ឡូនេសាទឯកជន ទាំង៣៥ នៅជុំវិញបឹងទន្លេសាប កាលពីពេលកន្លង ទៅថ្មីៗនេះ ប្រជាសហគមន៍ នេសាទនៅក្នុង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នេះបានសម្តែង ការអប់អរសាទរ ចំពោះ ចំណាត់ការនេះ។
សាយ មុន្នី
វីអូអេ ខ្មែរ
30 សីហា 2012
ប៉ុន្តែពួកគេខ្លះ និយាយថា បទល្មើស នេសាទ នៅលើបឹងដ៏ធំ មួយនេះ ហាក់មានសន្ទុះ កើនឡើង លើសដើម ។ ពួកគេអះអាងថា មូលហេតុ គឺដោយសារ អាជ្ញាធរពាក់ព័ន្ធ បានបើកដៃឲ្យ ជនល្មើស ប្រើប្រាស់ ឧបករណ៍នេសាទ ខុសច្បាប់ ជាថ្នូរនឹង ប្រាក់សំណូក ពីជន ល្មើសទាំងនោះ។
លោក ម៉ៅ ពេញគឺជាអ្នកនេសាទម្នាក់នៅក្នុងភូមិព្រែកទាល់ ឃុំជីវាំងនេះ។
«មួយយកលុយហើយធ្មេចភ្នែក ឯអ្នកនោះក៏ចេញទៅរកទៅ។ អ្នកហ្នឹងវា៥០%ម្នាក់។ អ្នកកាន់ច្បាប់ឯកភាពជាមួយអ្នកប្រព្រឹត្តបទល្មើស។ អាហ្នឹង ដូចគេថា អ្នកឲ្យលុយគេក៏៥០% ឯអ្នកឲ្យគេប្រព្រឹត្តហ្នឹងក៏៥០%។ រាល់ថ្ងៃនៅភូមិខ្ញុំអញ្ចឹង»។
លោកម៉ៅ ពេញក៏ជាប្រធានសហគមន៍នេសាទម្នាក់នៅទីនេះដែរ។ លោកប្រាប់ឲ្យដឹងថា ដោយសារតែការស៊ីសំណូកសូកប៉ាន់រវាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទនិងជនល្មើសនេះហើយ ទើបបទល្មើសនេសាទនៅតំបន់នេះមិនអាចគ្រប់គ្រងបាន។
«ធ្វើមិនចេញទេ។ បើពេលណាយើងចាំបាច់មានបទល្មើស យើងត្រូវការហៅសមត្ថកិច្ចចូលរួម គេរវល់ មិនបានទៅធ្វើទេ។ ឧទាហរណ៍ថា ធ្វើបានពីរ បីកន្លែង ហើយនៅសល់ទៀតអញ្ចឹង យើងសួរថា ម៉ិចមិនធ្វើ? គេថា រវល់ រវល់ទាល់តែគោកដីទៀតក៏មាន។ អាហ្នឹងចាត់ទុកថា វាត្រូវរ៉ូវគ្នាហើយ។ បើអ្នកមិនត្រូវរ៉ូវគ្នា កាប់អ្ហែងចោល បោចអ្ហែងចោល។ កន្លមមកអញ្ចឹង»។
ឃុំកោះជីវាំងនេះគ្រប់ដណ្តប់លើភូមិអណ្តែតទឹកចំនួន៥ ដែលមានប្រជាជនជាង២០០០គ្រួសារ ឬស្មើនឹងចំនួនមនុស្សជាង១ម៉ឺននាក់កំពុងរស់នៅ។
ជាង៨០%នៃប្រជាជននៅទីនេះពឹងអាស្រ័យលើរបរនេសាទសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកប៊ុន ប៉េងគឺជាមេឃុំកោះជីវាំងនេះ។ លោកទទួលស្គាល់ថា អំពើស៊ីសំណូកសូកប៉ាន់របស់មន្ត្រីមានសមត្ថកិច្ច និងជនល្មើសនេសាទពិតជាកំពុងកើតមាននៅទីនេះមែន។
លោកប៊ុន ប៉េងអះអាងថា បញ្ហាដែលកំពុងកើតឡើងនេះគឺបណ្តាលមកពីកង្វះរចនាសម្ព័ន្ធការងារនិងច្បាប់សម្រាប់អនុវត្ត។
«ស្ថាប័នពាក់ព័ន្ធ ឬមន្ត្រីខិលខូចហ្នឹង វានៅមាននៅក្នុងឃុំរបស់ខ្ញុំនេះ។ ប៉ុន្តែចាប់ពីពេលនេះទៅទល់នឹងឆ្នាំ២០១៣នេះ ខ្ញុំដាច់ខាតត្រូវតែលុបបំបាត់អាហ្នឹងឲ្យបាន»។
ប៉ុន្តែមន្ត្រីរដ្ឋបាលជលផល ដែលទទួលបន្ទុកបង្ក្រាបបទល្មើសនេសាទ បានបដិសេធការចោទប្រកាន់អំពីការស៊ីសំណូកពីជនប្រព្រឹត្តបទល្មើសនេសាទ។
លោកយុទ្ធ តាន់គឺជានាយរងសង្កាត់រដ្ឋបាលជលផលនៅតំបន់ព្រែកទាល់នេះ។
«បញ្ហាហ្នឹង ដូចជាសមត្ថកិច្ចជំនាញ ដូចជាជលផល ដូចជាមិនមានការចូលរួមឃុបឃិតជាមួយជនល្មើសអីទេ។ ដូចជាអត់មាន ខាងជំនាញអត់មានទេ»។
តែទោះជាយ៉ាងនេះក្តី នៅក្នុងការធ្វើដំណើរយកព័ត៌មានមួយតាមបណ្តោយបឹងទន្លេសាបនេះ VOA Khmer បានជួបប្រទះដោយផ្ទាល់នូវការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលរដ្ឋបានហាមឃាត់ជាពិសេសនៅក្នុងរដូវបិទនេសាទនេះម្តង។
ពេលនេះ ខ្ញុំ អ្នកយកព័ត៌មានកំពុងស្ថិតនៅលើបឹងទន្លេសាប ហើយយើងបានជួបជាក់ស្តែងនូវបទល្មើសនេសាទមួយដែលប្រព្រឹត្តដោយជនជាតិវៀតណាម។
ជនល្មើសទាំងនេះ ភាគច្រើនមិនចេះនិយាយភាសាខ្មែរទេ។ ពួកគេបានចោទប្រកាន់មន្ត្រីជលផលមូលដ្ឋានថា បានទទួលប្រាក់សំណូកពីពួកគេ ជាថ្នូរនឹងការអនុញ្ញាតឲ្យពួកគេមកនេសាទខុសច្បាប់ដោយប្រើប្រាស់អួនស្បៃល្អិត ដែលមានប្រវែងរាប់រយម៉ែត្រនេះ។
ជនល្មើសម្នាក់ ដែលអាចនិយាយភាសាខ្មែរ បានអះអាងថា ជាទូទៅពួកគេត្រូវយកប្រាក់សំណូកប្រមាណ២០ម៉ឺនរៀលទៅឲ្យមន្ត្រីរដ្ឋបាលជលផលភូមិក្បាលតោលឈ្មោះលីដើម្បីបើកផ្លូវឲ្យពួកអាចប្រព្រឹត្តបទល្មើសនេសាទនេះបាន។
ប៉ុន្តែលោកម៉ៅ ប៉េងលី នាយសង្កាត់រដ្ឋបាលជលផលក្បាលតោលក្នុងខេត្តបាត់ដំបង ដែលបានចុះមកធ្វើអន្តរាគមន៍ចំពោះបទល្មើសនេសាទនេះ បានបដិសេធថា លោកមិនរជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់នោះ។
«ខ្ញុំមិនអាចទទួលយកបានទេចំណុចនេះ ព្រោះថា ជនល្មើសនេះ ខ្ញុំមិនដែលស្គាល់ ហើយខ្ញុំក៏មិនដែលមានការពាក់ព័ន្ធជាមួយជនល្មើសនេះដែរ»។
ទោះជាយ៉ាងណាក៏ដោយ ប្រជាសហគមន៍នេសាទនៅលើបឹងទន្លេសាបនេះទទូចឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹងទៅលើទាំងអ្នកផ្តល់ ទាំងអ្នកទទួលសំណូក ដើម្បីលុបបំបាត់បទល្មើសនេសាទនៅតំបន់នេះ។
លោកឡុង សូចែតគឺជាប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា។
«បើការប្រព្រឹត្តហ្នឹង ទាំងអ្នកផ្តល់ឲ្យ ទាំងអ្នកយក ស៊ុំគ្រលំនោះ មិនបានទទួលទោសទេ។ អញ្ចឹង អ្នកដទៃទៀតក៏គេនឹងអនុវត្តនិងធ្វើតាមហ្នឹងផងដែរ»។
យ៉ាងណាក៏ដោយ ប្រជាសហគមន៍នៅទីនេះ ព្រមានថា ប្រសិនបើបទល្មើសនៅតែបន្តកើតឡើងដូចបច្ចុប្បន្ន នោះផលនេសាទនៅក្នុងបឹងទន្លេសាបនេះនឹងបាត់បង់ ហិនហោចមិនខាន៕

សំណូកពិតជាឆ្ងាញ់មេនបានលុយស្រួលស្រួល អ្នកទទួលសប្បាយចិត្ត មិនអាណិតត្រីក្នុងបឹង
ធ្វើល្អ បានល្អ ឆ្វើអាក្រក់បានលុយចាយ