ថ្វីត្បិតតែ ខេត្តសៀមរាប សំបូរប្រាសាទបូរាណ និងអាចទាក់ទាញអ្នកទេសចរណ៍បរទេសច្រើនលាននាក់ ឱ្យចូលមកទស្សនាក្នុង ១ ឆ្នាំៗ ក៏ដោយ ក៏ខេត្តនេះ ស្ថិតនៅក្នុងលំដាប់ថ្នាក់ជាខេត្តក្រីក្រ នៅក្នុងចំណោមខេត្តមួយចំនួនទៀតរបស់កម្ពុជា។
ដោយ ហង្ស សាវយុត
2012-11-11
វិទ្យុអាស៊ីសេរី

កញ្ញា ចូ រ៉ីណូលស៍ (Jo Reynolds) ជាអ្នកស្ម័គ្រចិត្តម្នាក់ មកពីប្រទេសអង់គ្លេស កំពុងឱ្យគេកោរសក់ ដើម្បីអង្គាសប្រាក់ ជួយកុមារកំព្រា និងកុមារក្រីក្រ នៅខេត្តសៀមរាប។ RFA/Hang Savyuth
បច្ចុប្បន្នមានកុមារកំព្រា និងកុមារក្រីក្ររាប់ពាន់នាក់ ដែលរស់នៅក្នុងខេត្តនេះ កំពុងខ្វះអាហារូបត្ថម្ភ និងរៀនសូត្រមិនបានជាប់លាប់ ហើយពួកគេត្រូវការជួយជ្រោមជ្រែង ជាចាំបាច់ពីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល សម្រាប់ឆ្ពោះទៅរកអនាគតដ៏ប្រសើរ។
អង្គការក្រៅរដ្ឋាភិបាលមួយ កំពុងព្រួយបារម្ភចំពោះអនាគតកុមារកំព្រា និងកុមារក្រីក្រទាំងនោះ ហើយកំពុងប្រឹងប្រែងរកមូលនិធិ ដើម្បីជួយដល់ពួកគេ។
ក្រុមអ្នកស្ម័គ្រចិត្តបម្រើការមួយចំនួន នៅក្នុងមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ ដែលហៅកាត់ជាភាសាអង់គ្លេសថា B.F.T (ប៊ី. អែហ្វ. ធី) បាននាំគ្នាធ្វើពិធីកោរសក់ នៅកណ្ដាលដងផ្លូវសាធារណៈ នៃទីរួមខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី ១០ ខែវិច្ឆិកា ក្នុងយុទ្ធនាការរៃអង្គាសមូលនិធិដើម្បីជួយដល់កុមារកំព្រា និងកុមារក្រីក្រ។
យុទ្ធនាការរៃអង្គាសមូលនិធិលើដងផ្លូវ ផាប់ស្ទ្រីត (Pub Street) ដោយធ្វើពិធីកោរសក់ ព្រមទាំងមានព្រះសង្ឃនៃព្រះពុទ្ធសាសនាចូលសូត្រធម៌ផងនោះ គឺក្នុងបំណងបង្វែរអារម្មណ៍អ្នកទេសចរណ៍ ទាំងជនជាតិខ្មែរ និងបរទេស ឱ្យរួមចំណែកក្នុងការឈឺឆ្អាល និងអាណិតអាសូរ ទៅដល់កុមារកំព្រា និងកុមារក្រីក្រជាច្រើន ដែលកំពុងត្រូវការការជួយជ្រោមជ្រែងពីសង្គម។
លោក ឡុង សេដ្ឋា ជាប្រធានមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ ដែលបានដឹកនាំធ្វើពិធីកោរសក់នោះ។ លោកមានប្រសាសន៍ កាលពីរាត្រីថ្ងៃទី ១០ ខែវិច្ឆិកាថា ពិធីកោរសក់ នៅកណ្ដាលផ្លូវសាធារណៈ ដើម្បីរៃអង្គាសមូលនិធិ ជួយដល់កុមារកំព្រា និងកុមារក្រីក្រនេះ គឺជាពិធីដំបូង។
លោក ឡុង សេដ្ឋា មានប្រសាសន៍ថា នេះគឺជាគំនិតផ្ដួចផ្ដើមមួយ ចេញពីក្រុមអ្នកស្ម័គ្រចិត្ត ទាំងជនជាតិខ្មែរ និងបរទេស ដែលកំពុងបម្រើការ ឱ្យមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ ដើម្បីសំដែងការអាណិតអាសូរ និងឈឺឆ្អាល ចំពោះកុមារកំព្រា និងកុមារក្រីក្រ។
លោកបញ្ជាក់ថា ធម្មតាជនជាតិខ្មែរស្រឡាញ់សក់បំផុត។ ក៏ប៉ុន្តែ ពួកគេយល់ថា ការជួយដល់កុមារកំព្រា និងក្រុមជនក្រីក្រ គឺមានតម្លៃខ្លាំងណាស់ ទើបពួកគេសុខចិត្តកោរសក់ ដែលជាទីស្រឡាញ់នោះ។
លោក ឡុង សេដ្ឋា៖ «មិត្តភ័ក្ដិរបស់យើងជនជាតិអង់គ្លេស ហើយនិងនៅអូស្ត្រាលី រួមគ្នាជាមួយនិងអ្នកស្ម័គ្រចិត្តជនជាតិខ្មែរយើងដែរ នាំគ្នាកោរសក់ ដើម្បីបង្ហាញដល់មហាជន ជាពិសេស ភ្ញៀវទេសចរណ៍នៅទីនេះ ឱ្យឃើញថា មនុស្សនៅទូទាំងពិភពលោកនេះ មានការឈឺឆ្អាល ហើយនិងការអាណិតស្រឡាញ់កុមារកំព្រា កុមារដែលក្រីក្រ ឱ្យបានទៅរៀនសូត្រ ឬក៏បានទទួលនូវសេចក្ដីថ្លៃថ្នូរ»។
កញ្ញា ចូ រ៉ីណូលស៍ (Jo Reynolds) មកពីប្រទេសអង់គ្លេស គឺជាអ្នកស្ម័គ្រចិត្តម្នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តមួយចំនួនទៀត សុខចិត្តអង្គុយឱ្យគេកោរសក់របស់នាង នៅចំពោះមុខមហាជន ដែលចោមរោមមើលដោយងឿងឆ្ងល់។ នាងមានប្រសាសន៍ថា នាងសុខចិត្តបាត់បង់សក់ជាទីស្រឡាញ់របស់នាង ដើម្បីរៃអង្គាសមូលនិធិ ជួយដល់កុមារកំព្រា និងកុមារក្រីក្រ ដែលកំពុងត្រូវការជំនួយជាចាំបាច់។
កញ្ញា ចូ រ៉ីណូលស៍៖ «ខ្ញុំពុំធ្លាប់ឱ្យគេកោរសក់ជាទីស្រឡាញ់របស់ខ្ញុំដូច្នេះទេ។ ហេតុផលដែលខ្ញុំសម្រេចចិត្តឱ្យគេកោរសក់ពេលនេះ គឺដើម្បីជួយដល់មជ្ឈមណ្ឌល (កសាងអនាគតរបស់អ្នកថ្ងៃនេះ) ឱ្យធ្វើការបានជោគជ័យ ដើម្បីជួយដល់កុមារកំព្រា និងកុមារក្រីក្រ។ ខ្ញុំគិតថា ការលះបង់សក់របស់ខ្ញុំពេលនេះ គឺមានតម្លៃបំផុត សម្រាប់បង្ហាញពីក្ដីស្រឡាញ់ ចំពោះកុមារកំព្រា និងក្រីក្រ ហើយក៏ជាការស្វែងរកមូលនិធិ សម្រាប់ជួយដល់ពួកគេដែរ»។
មជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ (B.F.T) បានចាប់ផ្ដើមចុះឈ្មោះជាអង្គការ កាលពីឆ្នាំ ២០០៦។ បច្ចុប្បន្នអង្គការនេះ កំពុងអនុវត្តកម្មវិធីចំនួន ៤ ដូចជា កម្មវិធីជួយលើកស្ទួយវិស័យអប់រំ ទី ២ ជួយគាំពារដល់កុមារកំព្រា និងកុមារក្រីក្រ ទី ៣ គឺកម្មវិធីលើកស្ទួយ និងកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ ព្រមទាំងអប់រំសុខភាពគាំពារមាតា និងទារក។ ចំណែកឯទី ៤ គឺកម្មវិធីសម្រាប់ក្រុមព្រះសង្ឃស្ម័គ្រចិត្ត ដែលតែងចុះបង្រៀនសីលធម៌សង្គម និងប្រឹក្សាយោបល់ នៅតាមសហគមន៍ ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារជាដើម។
ក្នុងរយៈពេលជាង ១០ ឆ្នាំមកហើយ មជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ មានអ្នកគាំទ្រ និងអ្នកឧបត្ថម្ភមូលនិធិពីប្រទេសអាមេរិក ប្រទេសអូស្ត្រាលី សិង្ហបុរី អាល្លឺម៉ង់ ជប៉ុន និងអង់គ្លេសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពួកជនជាតិបរទេសខ្លះ សុខចិត្តកោរសក់ក្បាលដើម្បីជួយអង្គាសលុយជួយដល់កុមារកំព្រាខ្មែរ
ចំណែកពួកអាឆ្កែដំបៅក្បាលពុករលួយលួចជាតិខ្មែរវិញ សុខចិត្តកាឡឹតក្ដ ដើម្បីលួចជាតិខ្មែរ
យកលុយទៅលេងស្រីក្មេងៗក្បត់ប្រព័ន្ធកូននៅផ្ទះ ។
គឺពិតជាខ្មាស់ពួកបរទេសណាស់ចំពោះខ្មែរ ដែលពួកមន្ត្រីៗនិងឧកញ្ញ៉ាៗកំពុងតែជិះឡានទំនើបៗថ្លៃ
រាប់សិបមឺនដុល្លាបង្អួតគ្នានិងផ្ទះវីឡាដ៍ស្កឹមស្កៃរាប់ភ្លេចម្នាក់ៗទន្ទឹមនិងនេះកុមាៗរាប់ពាន់មឺននាក់រកបាយហូបគ្មាន និងគ្មានលទ្ធភាពទៅសិក្សា តែបែជាជនបរទេសមានការឈឺឆ្អាលជំនួសខ្មែរទៅវិញ។
អាណិត ហ៊ុន សែន ណាស់កំពុងតែខ្មាស់សំដីខ្លួនដែលនិយាយមិនពិតប្រាប់រាស្ត្រទូទាំងនគរ ថា «មិនឱ្យប្រជាជនណាម្នាក់ស្លាប់អត់បាយទេ» ពិតណាស់គ្មានរាស្រ្តណាសម្នាក់ស្លាប់អត់បាយ ទេ ប៉ុន្តែពួកគាតរស់នៅយ៉ាងតោកយ៉ាកបំផុត នេះហើយសង្គមសម័យតេជា????
អាណិត ហ៊ុន សែន ណាស់កំពុងតែខ្មាស់សំដីខ្លួនដែលនិយាយមិនពិតប្រាប់រាស្ត្រទូទាំងនគរ ថា «មិនឱ្យប្រជាជនណាម្នាក់ស្លាប់អត់បាយទេ» ពិតណាស់គ្មានរាស្រ្តណាម្នាក់ស្លាប់អត់បាយទេ ប៉ុន្តែពួកគាត់រស់នៅយ៉ាងតោកយ៉ាកបំផុត នេះហើយសង្គមសម័យតេជា????