គ្រូបង្រៀន៖ វិស្វករ​​នៃ​​ចំណេះដឹង និងសីលធម៌​​សង្គម​

ភ្នំពេញ: គ្រូបង្រៀន​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​អំពើ​ប្រល័យពូជសាសន៍​ នៅក្នុង​ប្រទេស​កម្ពុជា គួរ​ទទួល​បាន​​ការទទួលស្គាល់ ​ចំពោះ​សមត្ថភាព​របស់ខ្លួន។ មិនមែន​ត្រឹមតែ​ការតស៊ូ​ ដើម្បី​រួច​រស់​ជីវិត​​ពីរ​បប​ខ្មែរក្រហម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ការប្ដេជ្ញា​ចិ​ត្ដ នៅក្នុង​​ការបង្រៀន​ប្រ​វ​ត្ដិសាស្ដ្រ ​នៃ​អំពើ​ប្រល័យពូជសាសន៍​នេះ ទៅកាន់​សិស្សរាប់លាន​នាក់​ថែមទៀត​។ ដូច្នេះ ប្រទេស​កម្ពុជា​​ឈរ​​ប្រកប​ដោយ​​មោទនភាព នៅ​ចំពោះមុខ​​ពិភពលោក ជាសាក្សី​ ​នៃ​ការរស់រាន​ឡើងវិញ​ នៃ​មនុស្សជាតិ នៅ​ចំពោះមុខ​​នៃ​អំពើ​ឃោរឃៅ​​ដ៏​រន្ធត់​។

ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: ឌី ខាំប៉ូលី
CEN


នៅ​ថ្ងៃទី​៥ ខែតុលា ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ពិភពលោក​​បានប្រារឰ​ពិធី “​ទិវាគ្រូបង្រៀន​ពិភពលោក​” ដើម្បី​ទទួលស្គាល់​ និង​ជាការ​ដឹងគុណ​ ចំពោះ​គ្រូ​បង្រៀន ដែល​បាន​ដើរតួនាទី​យ៉ាង សំខាន់ នៅក្នុង​ការកសាង​ចំណេះដឹង និង​សម្រួច​សីលធម៌​សង្គម​ដល់​សិស្ស​។ គ្រូបង្រៀន​ដើរតួនាទី​ជាច្រើន នៅក្នុង​កំឡុងពេល​នៃ​ការបង្រៀន ដូចជា​អ្នកសម្របសម្រួល អ្នក​សង្កេត អ្នកផ្ដល់​ប្រឹក្សា អ្នកថែរក្សា និង ជា​គំរូ​មួយ ដែល​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការសិក្សា​ដោយ​ខ្លួនឯង​របស់​សិស្ស ការ​ត្រិះរិះ​ពិចារណា វិន័យ សេចក្ដីថ្លៃថ្នូរ ការអភិវឌ្ឍន៍​ជា​បុគ្គល​និង​អាជីព និង​ការកសាង​អត្ដ​ចរិត​និង​ឥរិយាបទ​សង្គម​របស់​ក្មេង ជំនាន់​ក្រោយ កុំថាឡើយ​ដល់​ទៅ​និយាយ​អំពី​កត​ព្វ​កិច្ច​របស់​គ្រូ ក្នុង​ការធ្វើការងារ​ជាមួយ​សិស្ស​ជាច្រើន ដែលមាន​អត្ដ​ចរិត និង​កម្រិត​នៃ​ភាព​ឆ្លាត​វៃ​ខុសៗ​គ្នា​។

ជាងនេះទៅទៀត គ្រូបង្រៀន​កសាង​សិស្ស​ឱ្យក្លាយ ទៅជា​សិស្ស​ល្អ​នៅក្នុង​សាលា ជា​កូន​ល្អ​នៅឯ​ផ្ទះ និង​ជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​។ ដើម្បី​ទទួលស្គាល់​តួនាទី​និង កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​គ្រូបង្រៀន ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ ខ្ញុំ​សូម​ហៅ​គ្រូបង្រៀន ថា​ជា​“​វិស្វករ​នៃ ចំណេះដឹង និង សីលធម៌​សង្គម​”​។​
​គ្រូបង្រៀន​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ទៅដោយ​សង្គ្រាម និង​ប្រទេស​ក្រោយ​អំពើ​ប្រល័យ​ពូជ សាសន៍ ដូចជា​ប្រទេស​កម្ពុជា កាន់តែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ថែមទៀត​ដែល​មិនអាច​ជៀសបាន​។ ភ្លាមៗ​បន្ទាប់ពី​ងើប​ចេញពី​បទពិសោធន៍​ប្រកបដោយ​ការឈឺចាប់​និង​ដ៏​សែន​រន្ធត់​ដែល​មិនអាច​ថ្លែង​បាន​នៅក្នុង​រយៈកាល​នៃ​របប​ខ្មែរក្រហម កម្លាំង​និង​ការលើក​ទឹក​ចិ​ត្ដ​ផ្នែក​រាងកាយ​និងស្មារតី​របស់​គ្រូ ត្រូវបាន បំផ្លាញ​យ៉ាងខ្លាំង ដោយ​ការកម្ទេច​ផ្នែក​ស្មារតី ដោយសារតែ​ការបាត់បង់​សមាជិក​គ្រួសារ​ជាទី​ស្រលាញ់ និង​ដោយសារ​ភាពចលាចល​ក្នុងសង្គម ជាមួយនឹង​ការ​វាយឆ្មក់ ពី​សំណាក់​កងទ័ព​សេសសល់​ខ្មែរក្រហម​។ ជាងនេះទៅទៀត បន្ថែម​ពីលើ​ការដើរ​ស្វែងរក​សមាជិកគ្រួសារ​ដែ​ល​បាត់​ខ្លួន គ្រូបង្រៀន​ក៏ដូចជា​ប្រជា​ពល រដ្ឋ​កម្ពុជា​ទាំងមូល​ដែរ បាន​តស៊ូ​ជាមួយនឹងការរស់រានមានជីវិត​ផ្នែក​សេដ្ឋកិច្ច ដែល​របប​ខ្មែរក្រហម​បាន បន្សល់ទុក​នូវ​មូលដ្ឋាន​គ្រិះ​ស្ទើរ​ស្មើ​សូន្យ ដែល​របប​ដឹកនាំ​បន្ទាប់ គឺ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មានការ​លំបាក​នៅក្នុង​ការកសាង​ប្រទេសជាតិ ប្រព័ន្ធ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ឡើងវិញ​។

ទោះជា យ៉ាងនេះ​ក្ដី របប​នេះ​ទទួលជោគជ័យ​យ៉ាង​លំបាក​នូវក្នុង​ការដាក់​ឱ្យ​ដំណើរការ​ឡើងវិញ នូវ​ការអប់រំ​កម្រិត បឋមសិក្សា ហើយ​គ្រូបង្រៀន​បាន​លះបង់​ពេលវេលា កម្លាំងកាយ និង ចំណេះដឹង​ដែល​នៅ​សេសសល់ ដើម្បី​បង្រៀន​កូនចៅ​ជំនាន់​ក្រោយ ដែល​បាន​បាត់បង់​ឱកាស​ទទួលបាន​ការអប់រំ​នៅក្នុង​របប​ខ្មែរក្រហម និង​ដែល​បានកើត​ក្រោយ​អំពើ​ប្រល័យពូជសាសន៍​។​
​នាពេល​បច្ចុប្បន្ននេះ គ្រូបង្រៀន​កាន់តែ​ដើរតួនាទី​សំខាន់​ថែមទៀត នៅក្នុង​ការបង្ហាត់បង្រៀន​សិស្ស មិនមែន​ត្រឹមតែ​អំពី​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​អំពី​របៀប​នៅក្នុង​ការដោះស្រាយ​ជាមួយនឹង អតីតកាល​នៃ​អំពើ​ប្រល័យពូជសាសន៍ នៅក្នុង​ប្រទេសរបស់ខ្លួន​។ ចាប់ពី​ឆ្នាំ​២០០៩​រហូតមក​ដល់ពេល បច្ចុប្បន្ននេះ គ្រូបង្រៀន​ផ្នែក​ប្រ​វ​ត្ដិ​វិទ្យា ភូមិវិទ្យា អក្សរសាស្ដ្រ​ខ្មែរ និង​សីលធម៌
​ពលរដ្ឋ ប្រមាណ​ជាង​បី ពាន់​នាក់ បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការបង្រៀន​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលជា​កម្មវិធី​ដែល​ផ្ដួចផ្ដើមឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយមាន​កិច្ច សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នៅក្នុង​ខែឧសភា ឆ្នាំ​២០១១ ក្រសួង​អប់រំ​បានដាក់ ប​ញ្ជូ​ល​ផ្នែក​ខ្លះ​នៃ​សៀវភៅ​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ ទៅក្នុង​កម្មវិធីសិក្សា​ជា​ផ្លូវការ​។ ជាមួយ នឹង​បេសកកម្ម​ថ្មី​នេះ គ្រូបង្រៀន​កំពុង​ចូលរួម​នៅក្នុង​បង្ហាញ​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​អំពើ​ប្រល័យពូជសាសន៍​ប្រកប ដោយ​ការពិត​ឥត​លម្អៀង ដែលជា​ជំហាន​មួយ ឆ្ពោះទៅ​ការថែរក្សា​ការចងចាំ​ឧក្រិដ្ឋកម្ម​នៅក្នុង​របបខ្មែរ ក្រហម និង​ដើម្បី​កសាង​សេចក្ដីស្រលាញ់ ការអត់ធ្មត់ និង​ការអត់ឱន​ឱ្យ​គ្នា​។ នៅក្នុង​ការបង្រៀន​ប្រ​វ​ត្ដិ សាស្ដ្រ
​នៃ​អំពើ​ប្រល័យពូជសាសន៍ គ្រូបង្រៀន​ប្រកាន់ខ្ជាប់​នូវ​គោល​ការ នូវក្នុង​ការដឹកនាំ​សិស្ស​ឱ្យ​ចាក​ឆ្ងាយ ពី​គំនិត​ស្អប់ខ្ពើម ការខឹង​សម្បារ ហឹ​ង្សា និង​ការ​គុំ​គួ​ន​។ នៅ​ក្នុងន័យនេះ គ្រូបង្រៀន​រួមចំណែក​យ៉ាង​ធំធេង ដល់​ការផ្សះផ្សា​ជាតិ និង​ការកសាង​សន្ដិ​ភាពជា​និរន្ដ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការអប់រំ ដែលជា យន្ដការ​អហឹ​ង្សា​ជាស​កល​មួយ ដែល​ប្រទេស​ជាច្រើន​បានទទួល​យកទៅ​អនុវត្ដ​។

​ដោយ​ពិចារណា​អំពី​គុណ​តម្លៃ​និង​តួនាទី​មិនអាច​កាត់​ថ្ងៃ​បាន​របស់​គ្រូបង្រៀន ខ្ញុំ​ឆ្លៀត​យក​ឱកាស​ទិវា គ្រូបង្រៀន​ពិភពលោក ៥ តុលា ២០១២ នេះ ថ្លៃ​ង​អំណរគុណ​ដល់​អតីត​និង​គ្រូបង្រៀន​នាពេល​បច្ចុប្បន្ន ចំពោះ​ការខិតខំ​ប្រឹងប្រែង​មិនចេះ​នឿយហត់​របស់ខ្លួន ក្នុងការ​ចូលរួម​កសាង​ប្រទេសជាតិ និង​ការអប់រំ ប្រកបដោយ​សុទិដ្ឋិនិយម​។ ជាថ្មី​ម្ដងទៀត គ្រូបង្រៀន​គឺ​ពិតជា​“​វិស្វករ​នៃ​ចំណេះដឹង និង សីលធម៌ សង្គម​”៕

​ឌី ខាំ​បូ​លី អ្នកនិពន្ធ​សៀវភៅ​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

What Next?

Recent Articles

One Response to "គ្រូបង្រៀន៖ វិស្វករ​​នៃ​​ចំណេះដឹង និងសីលធម៌​​សង្គម​"

  1. K5 says:

    សម័យលើកជើងជាន់កគ្រូ
    ទីវាបុណ្យគ្រូអូមអាមក្តាមដុតទេមិនមែគ្រូបង្រៀនឯណា???