ជនជាតិដើមភាគតិច ៣នាក់ នៅខេត្តរតនគិរី ប្ដឹងបុគ្គលិកក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយ ពីបទប្រើប្រាស់អាវុធបាញ់គំរាមពួកគាត់ដែលចូលព្រៃរកអនុផលព្រៃឈើប្រើប្រាស់ក្នុងគ្រួសារ។
ដោយ រដ្ឋា វីសាល
2012-11-11
វិទ្យុអាស៊ីសេរី
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ថា នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ លោកនឹងអន្តរាគមន៍ពាក្យប្ដឹងរបស់ពលរដ្ឋទាំង ៣នាក់ ទៅស្ថាប័នអយ្យការតុលាការខេត្ត ដើម្បីស៊ើបអង្កេតពីករណីចោទប្រកាន់គំរាមកំហែងទៅលើប្រជាពលរដ្ឋ។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក ខេត្តរតនគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ លោកបានចុះអង្កេតពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ចំនួនបីនាក់ ដែលបានប្ដឹងមកសមាគមអាដហុក ពីករណីជនជាតិវៀតណាម ម្នាក់ពាក់ឯកសណ្ឋានទាហានប៉ារ៉ា បានបាញ់កាំភ្លើងម៉ាកអាកា ៤៧ (AK 47) ចំនួនពីរគ្រាប់ គំរាមប្រជាពលរដ្ឋទាំង ៣នាក់ នៅក្នុងព្រៃខណៈពេលប្រជាពលរដ្ឋទាំងបីកំពុងអារច្រៀកឈើ ដែលគេបន្សល់ចោលក្នុងព្រៃ។
លោកបន្តថា នេះគឺជាសកម្មភាពប្រើប្រាស់អាវុធខុសច្បាប់ បាញ់គំរាមកំហែងទៅលើសិទ្ធិជនជាតិដើមភាគតិចរស់អាស្រ័យផលធនធានព្រៃឈើជាលក្ខណៈប្រពៃណីជនជាតិដើម៖ «អ្នកបាញ់ហ្នឹងអត់ស្គាល់អត្តសញ្ញាណទេ ព្រោះជាជនជាតិវៀតណាម»។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា តំណាងប្រជាពលរដ្ឋដែលអះអាងថា មានការបាញ់គំរាមឈ្មោះ ត្រាវិញ ខាំបន អាយុ ៣៧ឆ្នាំ រាយការណ៍ថា ពួកគាត់ទាំងបីនាក់ចូលព្រៃចម្ងាយមួយគីឡូម៉ែត្រពីភូមិ ក៏ប្រទះជនជាតិវៀតណាម បីនាក់ជាកងសន្តិសុខ និងកម្មករក្រុមហ៊ុន ស៊ី.អរ.ឌី (CRD) ប្រដាប់ដោយអាវុធអាកាវែងមួយដើម បានបាញ់ទៅលើពីរគ្រាប់គំរាមឲ្យពួកគាត់ចាកចេញពីព្រៃ។
ប្រធានភូមិកាំ លោក ឃុន តាណយ មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋទាំងបីនាក់ស្ដីពីកងសន្តិសុខក្រុមហ៊ុនបាញ់កាំភ្លើងគំរាមប្រជាពលរដ្ឋ ទើបលោក និងក្រុមសមត្ថកិច្ចមាននគរបាល និងកងរាជអាវុធហត្ថ ចុះទៅទីកើតហេតុ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចមិនបានរកឃើញវត្ថុតាងអ្វីបន្សល់នៅទីកើតហេតុនោះទេ។
លោកបន្តថា ដោយសារទីតាំងកើតហេតុនៅឆ្ងាយពីភូមិ ហេតុនេះទំនងជនប្រព្រឹត្តល្មើសបានចាកចេញបាត់ក្រោយពេលសមត្ថកិច្ចទៅដល់៖ «គេអារឈើចំនៀរៗក្បែរក្រុមហ៊ុនបានគេបាញ់។ គេបាញ់ឡើងលើ គេគំរាម។ ម៉ាកអាកា។ ខុសត្រូវអ្វីឲ្យយើងនិយាយគ្នាតាមសម្រួលទៅ។ តាំងពីមុនហ្នឹងព្រៃសហគមន៍ហើយ ក៏ប៉ុន្តែក្រុមហ៊ុនគេកាប់យក»។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា មិនអាចទាក់ទងតំណាងក្រុមហ៊ុន ស៊ី.អរ.ឌី ណាម្នាក់បំភ្លឺករណីចោទប្រកាន់របស់ពលរដ្ឋនោះបានទេ។
នាយនគរបាលប៉ុស្តិ៍ឃុំល្អក់ លោក យ៉េវ ចាយ មានប្រសាសន៍បញ្ជាក់ថា សមត្ថកិច្ចលោកបានចុះអង្កេតនៅទីតាំងក្រុមហ៊ុនរួចហើយ តំណាងក្រុមហ៊ុនបានបដិសេធថា មិនមានបុគ្គលិកក្រុមហ៊ុនណាម្នាក់បានប្រើប្រាស់អាវុធបាញ់គំរាមនោះទេ៖ «យើងសួរពួកវៀតណាម ពីរបីនាក់ មានអ្នកបកប្រែមួយទៀត ខ្ញុំសួរថា មានអត់កាំភ្លើងហ្នឹង? គេថាអត់មានទេ ហើយមនុស្សហ្នឹងគេថា អត់មានដែរពីមុនៗ គេយកកម្លាំងប៉ុស្តិ៍យើងហើយរឿងអាវុធរឿងអ្វីហ្នឹង ប៉ុស្តិ៍ខ្ញុំទៅយាមរយៈពេលមួយខែ គេថាអត់មានទេអាវុធហ្នឹង»។
យ៉ាងនេះក្តី តំណាងប្រជាពលរដ្ឋ លោក ត្រាវិញ ខាំបន មានប្រសាសន៍បញ្ជាក់ថា លោកស្គាល់ច្បាស់ជនជាតិវៀតណាម ដែលបាញ់កាំភ្លើងគំរាមលោក មានគ្នាបីនាក់។ ពីរនាក់ស្លៀកខោខ្លី កាន់កាំបិតម្នាក់មួយ និងម្នាក់សំលៀកបំពាក់ទាហានប៉ារ៉ា កាន់កាំភ្លើងវែង បាញ់គំរាម ហើយលោកស្គាល់មនុស្សពីរនាក់ជាបុគ្គលិករបស់ក្រុមហ៊ុន ស៊ី.អរ.ឌី។ លោកអំពាវនាវឲ្យក្រុមសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កាន់តែយ៉ាប់ទៅៗហើយខ្មែរ យួនមានកាំភ្លើងបាញ់គំរាមពលរដ្ឋខ្មែរក្នុងស្រុកខ្មែរ ជិតដល់ថ្ងៃហើយ។
All YOURN Guys are Hanoi soldiers. one time they will Hit and fire ah cheath Head by Guns. ah cheath will DIE 100 time..
បើអ្នកធ្វើខុសជាជនជាតិយួននៅស្រុកខ្មែរសមត្ថកិច្ចរកមិនឃើញទេតែបើខ្មែរគ្នាឯងធ្វើខុសតែបន្តិច មិនចាំបាច់រកយូរនោះទេតែប៉ុន្មានម៉ោងនិងអូសករមកទាត់ធាក់ហើយ។ នេះហើយជារបបបុគ្គល ជោរហ៊ុនសែនដែលមានក្បាលយួនខ្លួនខ្មែរ។ យួនរហូតមានអាវុធកាន់នៅស្រុកខ្មែរហើយតើសមត្ថ កិច្ចខ្មែរយល់យ៉ាងណា??? ឬមួយសព្វថ្ងៃយួនរស់នោលើទឹកដីខ្មែរមានសិទ្ធកាន់កាំភ្លើង ហើយខ្មែរ មិនមានសិទ្ធកាន់កាំភ្លើង???