គម្រោង​ឈ្នះ​មេដាយ​មាស​១០ នៅ​ស៊ីហ្គេម ត្រូវ​បញ្ចប់

Monday, 23 December 2013
ឈន ណន​
ភ្នំពេញ ប៉ុស្តិ៍

IMG_2069

ស៊ន សៀវម៉ី (ក្រហម)ក្នុង​ការ​ប្រកួត​នៅ​ស៊ីហ្គេម ដោយ​នាង​​ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា​​។ ណាហ្គាវើល/កឹម សុវណ្ណា

ភ្នំុពេញៈ កម្ពុជា មិន​អាច​ស្វែង​រក​មេដាយ​មាស​ឲ្យ​បាន​២​ខ្ទង់​ (១០​មេដាយ) តាម​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​ខ្លួន​បាន​នោះ​ទេ ក្នុង​​ការ​ប្រកួត​​ស៊ីហ្គេម នៅ​មីយ៉ាន់ម៉ា ដែល​ទើប​បាន​បញ្ចប់ កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ចំនួន​មេដាយ​ដែល​ដណ្តើម​បាន​លើក​​នេះ​គឺ​មាន​ចំនួន​ច្រើន​ជាង​មុន។

សម្រាប់​ការ​ប្រកួត​ថ្នាក់​តំបន់​​ដ៏សំខាន់ ដែល​មាន​ប្រទេស​​១១​ចូល​រួម​នេះ កម្ពុជាបាន​បញ្ជូន​ប្រភេទ​កីឡា​ចំនួន​២១​ប្រភេទ​ឲ្យ​ចូល​រួម​ប្រកួត រួម​ជា​មួយ​ក្រុម​កីឡាការិនី​ហុក​គី​មួយ​ក្រុម​ផង​ដែរ ប៉ុន្តែ​មាន​តែ​ប្រភេទ​កីឡា​​១០​​ប៉ុណ្ណោះ ដែល​ទទួល​បាន​មេដាយ​ជូន​ជាតិ​មាតុ​ភូមិ​។

ឆ្លង​កាត់​ការ​ប្រកួត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ និង​បាន​បញ្ចប់​សព្វ​គ្រប់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ម្សិល​មិញ​នេះ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​៨ ប្រាក់​១១ និង​សំរឹទ្ធ​២៨ និង​បាន​ឈរ​នៅ​លេខ​រៀង​ទី​៩ នាំ​មុខ​ប្រទេស​ទីម័រ​ខាង​កើត និង​ប្រទេស​ប្រ៊ុយណេ ដូច​គ្នា​ទៅ​នឹង​​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៦ នៅ​ឥណ្ឌូនេស៊ី ឆ្នាំ​២០១១​ដែរ ដោយ​កាល​ណោះ​កម្ពុជា ឈ្នះ​មេដាយ​មាស​​៤ ប្រាក់​១១ និង​សំរឹទ្ធ​ចំនួន​២៤។

ចំណែក​ប្រទេស​ថៃ ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ សម្រាប់​​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៧​នេះ ដោយ​ក្នុង​នោះ​មាន​​មាស​១០៧ ប្រាក់​៩៤ និង​សំរឹទ្ធ​៨១ រីឯ​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា រក​បាន​មេដាយ​មាស​៨៦ ប្រាក់​៦២ និង​មេដាយសំរឹទ្ធ៨៥ ខណៈ​​វៀតណាម បាន​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​ឈ្នះ​មេដាយ​មាស​៧៣ ប្រាក់​៨៦ និង​សំរឹទ្ធ​៨៦។

ជា​មួយ​គ្នា​នេះ​ដែរ ឥណ្ឌូនេស៊ី ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ​(មាស​១៨២ ប្រាក់​១៥១ និង​សំរឹទ្ធ​១៤៣) កាល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​២៦​ ឆ្នាំ​២០១១ នោះ​បាន​ឈរ​នៅ​លេខ​រៀង​ទី​៤ ជា​មួយ​ការ​ឈ្នះ​មេដាយ​មាស​៦៥ ប្រាក់​៨៤ និង​សំរឹទ្ធ​១១១ រីឯ​ម៉ាឡេស៊ី​ បាន​មាស​៤៣ ប្រាក់​៣៨ សំរឹទ្ធ​៧៧។ ប្រទេស​ហ្វីលីពីន​ បាន​មាស ២៩ ប្រាក់ ​៣៤ និង​សំរឹទ្ធ​៣៨ ខណៈ​ឡាវ ដែល​នៅ​ពី​លើ​កម្ពុជា បាន​មាស​១៣ ប្រាក់​១៧ និង​សំរឹទ្ធ​៤៩ ហើយ​ទីម័រ បាន​មាស​២ ប្រាក់​៣ នឹង​សំរឹទ្ធ​៥ នាំ​មុខ​ប្រ៊ុយ​ណេ ដែល​ឈ្នះ​បាន​មេដាយ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​៦។

នៅ​ក្នុង​ការ​ប្រកួត​នេះ អត្ត​ពលិក​​កីឡា​ចំបាប់ បាន​ឈ្នះ​មេដាយ​ឲ្យ​កម្ពុជា ​ច្រើន​ជាង​គេ គឺ​មាស​៤ ដែល​រក​បាន​ដោយ កីឡាករ ឌន សៅ កៅ ឆេងហុង កីឡាការិនី ចូវ សុធារ៉ា និង និ សំណាង រួម​ទាំង​ឈ្នះ​មេដាយ​ប្រាក់​២ និង​សំរឹទ្ធ​៤ ផង​ដែរ​។ កីឡាវ៉ូវីណាម បាន​មាស​២ លើ​វិញ្ញាសា​សម្តែង​ជា​ក្រុម​ចម្រុះ​គ្មាន​អាវុធ ដែល​មាន​កីឡាករ ស៊ឹង វិសាល ជិន ពិសិដ្ឋ កើត សុភ័ក្រ្ត និង​កីឡាការិនី សឿ ច័ន្ទលក្ខិណា និង​ការ​ប្រកួត​​ក្រុម​ចម្រុះ​មាន​អាវុធ​របស់​កីឡា​ករ លី បូរ៉ាមី ប្រាក់ សុវណ្ណនី សាន សុជាតិ និង​កីឡាការិនី ប៉ាល់ ឆរស្មី ហើយ​កីឡា​នេះ ក៏​ឈ្នះ​ប្រាក់​១ និង​សំរឹទ្ធ​៧ ទៀត​ដែរ។

ចំណែក​កីឡា​ប៉េតង់ ឈ្នះ​មេដាយ​មាស​១ ដែល​រក​បាន​ដោយ​កីឡាការិនី កែ ឡេង លើ​វិញ្ញាសាវាយ​យក​ពិន្ទុ រួម​ជា​មួយ​ការ​ឈ្នះ​មេដាយ​ប្រាក់​៤ និង​សំរឹទ្ធ​៣​ទៀត។ រីឯ​តេក្វាន់ដូ បាន​ឈ្នះ​​មេដាយ​មាស​១ ដែល​រក​បាន​ដោយ​កីឡាការិនី ស៊ន សៀវម៉ី និង​មេដាយ​ប្រាក់​២ និង​សំរឹទ្ធ​២ ខណៈ​សីជីនឡូន ឈ្នះ​មេដាយ​ប្រាក់​​២ និង​សំរឹទ្ធ​៤ កីឡាសូរីន​ហ្ស៊ិកាំប៉ូ ឈ្នះ​មេដាយ​សំរឹទ្ធ​បាន​៣ សីប៉ាក់​តាក្រ បាន​សំរឹទ្ធ​២ ហើយ​កីឡាទូក​កានូ ទូក​ប្រពៃណី និង​វូស៊ូ ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១​ ដូច​គ្នា។

ផ្ទុយ​ពី​នេះ​ ប្រភេទ​កីឡាករ​យូដូ ដែល​ធ្លាប់​បាន​ប្រាក់​១ នា​ឆ្នាំ​២០១១ កីឡា​ប្រដាល់ ធ្លាប់​បាន​សំរឹទ្ធ​៣ ក្នុង​ឆ្នាំ​២០១១ កាយ​វប្បកម្ម បាល់​ទាត់ បាល់​ទះ បាល់បោះ ហែល​ទឹក អត្ត​ពលកម្ម វាយសី វាយ​កូន​ឃ្លី​លើ​តុ ប្រណាំង​កង់ ជិះសេះ វាយ​កូនគោល និង​ក្រុម​កីឡាការិនី​ហុក​គី សុទ្ធ​តែ​ហាល​អាវ​ដូច​គ្នាទាំង​អស់៕


What Next?

Recent Articles

One Response to "គម្រោង​ឈ្នះ​មេដាយ​មាស​១០ នៅ​ស៊ីហ្គេម ត្រូវ​បញ្ចប់"

  1. កូនឪ says:

    សម័យតេជោស្អីក៏អន់ដែរ ខ្លាំងតែខាងអាក្រក់ប៉ុណ្ណោះ អំពើពុករលួយជាប់លំដាប់កំពូល ប្រជាជនរស់រងទក្ខក៏ជាប់លំដាប់កំពូល ទីក្រុងមិនគួររស់នៅក៏ជាប់លំដាប់កំពូលដែរ