បាតុកម្ម​បក្ស​ប្រឆាំង​ពង្រីក​ខ្លួន​កាន់​តែ​ធំ

Monday, 23 December 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

131223_04<

ក្បួន​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ហែ​ណែន​ពេញ​ផ្លូវ​ព្រះ​មុនី​វង្ស កាល​ពី​ម្សិល​មិញ​​​។ រូប មិនា

ភ្នំពេញៈ ការ​ដង្ហែ​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ ដែល​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​ដាច់​ខាត ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​រៀបចំ​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ មាន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​ជាង​មុន ដែល​បើ​តាម​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​នេះ បាន​ថ្លែង​ថា មាន​អ្នក​ចូល​រួម​ប្រហែល​កន្លះ​លាន​នាក់ ដើរ​ពេញ​ណែន​លើ​បណ្តោយ​ផ្លូវ​ប្រមាណ ៥ គីឡូម៉ែត្រ។

ការ​មាន​មនុស្ស​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​កាន់​តែ​ច្រើន​ឡើងៗ​បែប​នេះ នៅ​ក្នុង​បាតុកម្ម​ឈាន​ចូល​ដល់​ថ្ងៃ ទី៨ កាល​ពី​ម្សិលមិញ​គឺ​បាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ពី​គោល​ជំហរ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​មិន​ចុះ​ចេញ​ពី​តំណែង និង​មិន​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ​ឡើយ ជាមួយ​នឹង​ការ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ថែម​ទៀត។

បើ​តាម​ការ​សង្កេត​ផ្ទាល់​របស់ ភ្នំពេញ ប៉ុស្តិ៍ ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ ឆ្ពោះ​មក​តាម​ផ្លូវ ព្រះមុនីវង្ស ហើយ​បាន​ធ្វើ​ដំណើរ​ពេញ​ណែន​តាម​ផ្លូវ​ក្បាល​មក​ដល់​ហួស​ស្តុប​ពេទ្យ​ចិន​ទៅ​ហើយ​នោះ កន្ទុយ​មិន​ទាន់​ចេញ​ផុត​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ជាមួយ​នឹង​ការ​ស្រែក​អបអរ​សាទរ ពី​ប្រជា​ពលរដ្ឋ​ជាច្រើន​នៅ​តាម​ដង​ផ្លូវ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ឈរ​កាន់​ទង់​ជាតិ នៅ​លើ​ឡាន​ជាមួយ​លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ដ៏​ច្រើន​នោះ​ថា៖ «សូម​បង​ប្អូន រក្សា​សណ្តាប់​ធ្នាប់ ប៉ុន្តែ​ត្រូវ​តែ​រឹងមាំ។ សូម​កង​កម្លាំង​ប្រដាប់​អាវុធ កុំ​ប៉ះពាល់​បាតុករ​ខ្មែរ​។ យើង​មិន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ះពាល់​បាតុករ​ខ្មែរ​ជា​ដាច់​ខាត»។ បន្ទាប់​ពី​ការ​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ផ្លូវ​ជាច្រើន​ក្នុង​រាជធានី លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​សម្បើម​និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​បែប​នេះ​បញ្ជាក់​ថា គឺ​ចង់​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​។

លោក​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​សុំ​សួរ​លោក ហ៊ុន សែន ថា ប្រជាជន​ច្រើន​នាក់​មក​បែប​នេះ តើ​វា​គ្រប់​គ្រាន់​ដែរ​ឬ​ទេ? បើ​មិន​គ្រប់​គ្រាន់ ប្រជាជន​នឹង​មក​ច្រើន​ថែម​ទៀត»។ «ឥឡូវ​នេះ យើង​ទុក​ឲ្យ​គាត់​គិត​ប៉ុន្មាន​ថ្ងៃ​ទៀត ត្រូវ​តែ​បោះឆ្នោត​ឡើង​វិញ កុំ​និយាយ​ថា គ្មាន​ច្បាប់​។ សូម​បែរ​មក​ពិភាក្សា ព្រោះ​ប្រជាជន​មិន​ត្រូវ​ការ​គាត់​ទៀត​ទេ។ គាត់​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ប្រសិន​បើ​និយាយ​បែប​នេះ មក​ជួប​ប្រជាជន​នៅ​ទី​នេះ ដើម្បី​ឲ្យ​ប្រជាជន​អាច​ប្រាប់​អំពី​កំហុស​របស់​គាត់»។

ចំណែក​លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​គ្រោង​ធ្វើ​បាប​ព្រះសង្ឃ ព្រោះ​គេ​បារម្ភ​ថា ព្រះសង្ឃ​នឹង​ធ្វើ​ការ​តវ៉ា​នៅ​គ្រប់​វត្ត។ «អ្នក​ថា គេ​ធ្លាប់​ហូប​បាយ​ព្រះសង្ឃ ប៉ុន្តែ​គេ​វាយ​ព្រះសង្ឃ»។ លោក​បាន​គូស​បញ្ជាក់​ថា៖ «ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​សូម​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ត្រូវ​តែ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ»។

នៅ​ក្នុង​ការ​ថ្លែង​ជា សាធារណៈ​ដ៏​កម្រ​មួយ នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ធ្វើ​ការ​បញ្ជាក់​ពី​គោល​ជំហរ​លោក​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ខុស​ពី​ប្រទេស​ដទៃ​ទៀត។ ប្រទេស​ដទៃ​ទៀត​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​រំលាយ​រដ្ឋសភា ប៉ុន្តែ​នៅ​កម្ពុជា មាត្រា ៧៨ នៃ​រដ្ឋ​ធម្មនុញ្ញ បាន​ចែង​ថា រដ្ឋសភា មាន​អាណតិ្ត ៥ ឆ្នាំ រដ្ឋសភា​មិន​អាច​រំលាយ​មុន​អាណតិ្ត​ទេ លើក​លែង​តែ​រដ្ឋាភិបាល​រំលាយ ២ ដង​ក្នុង​រយៈ​ពេល ១២ ខែ។

លោក​ថ្លែង​ថា៖ «ដូច្នេះ នាយក​រដ្ឋ​មន្រ្តី​ក៏​មិន​មាន​សិទិ្ធ​រំលាយ​រដ្ឋសភា ព្រះ​មហាក្សត្រ​ក៏​មិន​មាន​សិទិ្ធ​រំលាយ​រដ្ឋសភា និង​រដ្ឋសភា​ខ្លួន​ឯង​ក៏​មិន​អាច​រំលាយ​ខ្លួន​ឯង​បាន​ដែរ។ ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញ តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី?»៕ PS/TK


What Next?

Recent Articles

One Response to "បាតុកម្ម​បក្ស​ប្រឆាំង​ពង្រីក​ខ្លួន​កាន់​តែ​ធំ"

  1. Hun Nal says:

    លោកឋងខ្វាក់ចឹង ហើយល្ងង់ទៀត ទើបមិនដឹងខ្យល់អីនោះ!
    គិតទៅ លោកឋងជាមនុស្សអវិជ្ជា មនុស្សរៀនមិនបានចប់បឋមសិក្សាផង ចឹងបានវាល្ងង់ទូយ៉ាងនេះ…លោកឋងអសមត្ថភាព សូម្បីភាសារអង់គ្លេស ក៏រកអ្នកបកប្រែដែរ…stupidណាស់លោកហុ៊ន សែនអើយ…!