ដោយ៖ តាំង វីដា និងស៊ុន ណារិន
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋជាបាតុករគណបក្សសង្គ្រោះជាតិ ដែលភាគច្រើនមកពីតាមបណ្តាខេត្តត្អូញត្អែរពីបញ្ហាទំនិញតាមមូលដ្ឋាន ឡើងថ្លៃខ្លាំង និងទាមទារឲ្យថ្នាក់ដឹកនាំកាន់អំណាចចេញមុខបកស្រាយ។
មហាបាតុកម្មគណបក្សសង្គ្រោះជាតិលើកទី៥ ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ប្រជាពលរដ្ឋជាបាតុករមកពីបណ្តាខេត្តឆ្ងាយៗ បានចូលរួមប្រមូលផ្តុំ ដង្ហែក្បួន និងលើកពីកង្វល់បញ្ហាប្រឈមរៀងៗខ្លួន។ ក្រៅពីទាមទារការបោះឆ្នោតឡើងវិញ ការផ្លាស់ប្តូរអ្នកដឹកនាំ បញ្ហារំលោភដីធ្លី សិទ្ធិការងារ និងភាពអត់ការងារធ្វើបាតុករក៏បានលើកឡើងផងដែរនូវចម្ងល់ចំពោះទំនិញតាមមូលដ្ឋានដែលកំពុងឡើងថ្លៃ នាំមកការចំណាយប្រចាំថ្ងៃខ្ពស់ជាងចំណូល។
អ្នកស្រី ម៉ៅ គន្ធា មកពីខេត្តស្វាយរៀង គិតថា បញ្ហានេះមកពីអំពើពុករលួយ ៖ "អំពើពុករលួយ អ្នកមានអ្នកធ្វើការធំអញ្ចឹងគេចាយធូរបស់គេ ខ្ញុំមើលទៅ ខ្ញុំជាម្ចាស់ឆ្នោតហ្នឹង សុំឲ្យទំនិញហ្នឹងចុះថ្លៃឲ្យប្រជារាស្ត្រខ្មែរ ដែលអ្នកក្រីក្រតាមជនបទហ្នឹង ឲ្យបានស៊ីស្រួល ដេកស្រួលផង"។
អ្នកស្រី ងីម មកពីខេត្តកំពង់ចាម យល់ថា មកពីការរឹតបណ្តឹងពន្ធខ្លាំងពេក ៖ "ចង់ថាឲ្យរដ្ឋាភិបាលហ្នឹង ពន្យល់ថា ឲ្យទំនិញកុំឲ្យថ្លៃពេក កុំឲ្យឡើងថ្លៃពេក ឲ្យប្រជាជនអ្នកក្រ ឲ្យគ្នាមានលុយតិចតួចឲ្យហូបបានអញ្ចឹងណា"។
អ្នកស្រី យ៉េន ម៉េត មកពីខេត្តព្រៃវែង រិះគន់ថា នេះមកពីការដឹកនាំមិនបានល្អ ៖ "បើអ្នកដឹកនាំល្អ ទំនិញគ្មានឡើងថ្លៃទេ រិះគន់ដែរ ឲ្យទំនិញចុះថ្លៃទៅគ្មានលុយទិញទេ ប្រជាជនយ៉ាប់ណាស់សព្វថ្ងៃហ្នឹង"។
ចំណែក លោក ទឹម ទ្រឹង មកពីខេត្តកណ្តាល ចាត់ទុកថា មកពីអំពើពុករលួយ ៖ "ទំនិញហ្នឹង វាឡើងៗៗៗៗ ឡើងអត់មានស្រកសោះ អំពើពុករលួយហ្នឹងហើយបានរបស់វាឡើងថ្លៃហ្នឹង"។
មិនត្រឹមតែបាតុករ អាជីវករតាមផ្សារមួយចំនួនធំនៅរាជធានីភ្នំពេញ កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ស្ទើរតែគ្រប់ប្រភទ ដែលមានលក់នៅលើទីផ្សារ បានឡើងថ្លៃខុសពីធម្មតា ដែលនាំឲ្យឈ្មួញកណ្តាល និងអ្នកលក់ទំនិញបន្ត ស្ទាក់ស្ទើរក្នុងការទិញទំនិញចូល ព្រោះខ្លាចលក់មិនចេញ។ ពួកគេយល់ឃើញថា ទំនិញឡើងថ្លៃនេះ គឺបណ្តាលមកពីការដំឡើងថ្លៃពន្ធគយតាមព្រំដែន។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ វិចិត្ត ពន្យល់ថា ទំនិញឡើងថ្លៃនេះ គឺបណ្តាលមកពីរាជរដ្ឋាភិបាល ធ្វើកំណែទម្រង់លើផ្នែកពន្ធ និងគយ ដោយរឹតបន្តឹងយកពន្ធលើទំនិញច្បាស់លាស់ជាងមុនតែប៉ុណ្ណោះ មិនមែនមានការដំឡើងពន្ធនោះទេ។ លោកជឿជាក់ថា ចរាចរណ៍ទំនិញអាចនឹងថ្កល់មួយរយៈមែន តែនឹងដំណើរការវិញធម្មតានៅពេលឆាប់ៗនេះ ស្របតាមការយកពន្ធត្រឹមត្រូវស្របច្បាប់ ៖ "ហើយជាក់ស្តែងវិធានការនេះ យើងក៏ទទួលស្គាល់ដែរ យើងថាវាមានឃើញថា ដោយសារវិធានការនេះ ទើបចាប់ផ្តើមថ្មី ពីដំបូងមកមានការស្រពិចស្រពិលខ្លះ មានការរអាក់រអួលខ្លះ ប៉ុន្តែឥឡូវប្រហែលជាអាចដឹងហើយថា ចាប់ផ្តើមមានចរន្តនៃការនាំចេញនាំចូលធម្មតា ចាប់ផ្តើមធម្មតាឡើងវិញហើយ"។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចាត់ទុកបញ្ហាទំនិញឡើងថ្លៃ គឺបណ្តាលមកពីគណបក្សកាន់អំណាច អសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋ លុបបំបាត់អំពើពុករលួយ ដែលនាំឲ្យមន្ត្រីក្រោមឱវាទ ប្រព្រឹត្តអំពើពុករលួយជាមួយឈ្នួញអ្នកមាន ហើយបែរជាយកពន្ធខ្ពស់លើទំនិញ ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៅវិញ ៖ "បើសិនជានៅតែទុករដ្ឋាភិបាលលោក ហ៊ុន សែន រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ដែលជារដ្ឋាភិបាលពុករលួយ ដូច្នេះហើយទំនិញឡើងថ្លៃវាអត់ឈប់ឈរទេ។ ទំនិញឡើងថ្លៃហ្នឹង វាកើតជាមូលហេតុចម្បងជាងគេ គឺមកពីអំពើពុករលួយនេះហើយ អំពើពុករលួយនេះ នាំឲ្យពួកដែលមន្ត្រីខិលខូចមួយចំនួនលួចពន្ធ"។
លោក កឹម សុខា ឲ្យដឹងទៀតថា គោលការណ៍នៃការរឹតបន្តឹងពន្ធ គឺរដ្ឋាភិបាល គប្បីយកពន្ធខ្ពស់ចំពោះទំនិញប្រភេទប្រណិតរបស់អ្នកមាន និងបន្ថយតម្លៃពន្ធលើទំនិញរបស់អ្នកក្រ មិនមែនការរឹតបន្តឹងពន្ធបន្ថែម លើទំនិញប្រើប្រាស់ប្រចាំថ្ងៃនោះទេ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន យល់ថា រដ្ឋាភិបាល ត្រូវតែបំភ្លឺដល់ប្រជាពលរដ្ឋឲ្យពីបញ្ហានេះ ឲ្យបានច្បាស់ជាងនេះ ថា តម្លៃទំនិញ គឺបូកបញ្ចូលនឹងតម្លៃបង់ពន្ធត្រឹមត្រូវ។ លោកយល់ថា កន្លងមក ទំនិញ និងសេវាកម្មមួយចំនួន បានគេចពីការបង់ពន្ធត្រឹមត្រូវ ដែលនាំឲ្យអ្នកទិញ និងអ្នកប្រើប្រាស់ ប្រើសេវាកម្ម និងទំនិញក្នុងតម្លៃមួយថោក ខុសពីតម្លៃពិត ៖ "ត្រូវតែបំភ្លឺ ហើយតាមពិតទៅការត្អូញត្អែរ វាអត់ត្រឹមត្រូវ ដោយកន្លងមក គាត់ធ្លាប់រកស៊ីគេចពន្ធ រកស៊ីក្នុងផ្លូវងងឹត មានន័យថា ទោះបីអ្នករកស៊ី ក៏ដូចអ្នកទិញដូរ គឺទិញរបស់ក្នុងតម្លៃមួយដែលខុសពីភាពជាក់ស្តែង ឥឡូវមកត្រឹមត្រូវវិញ ខ្ញុំជឿថា វាជារឿងមួយបំភ្លឺ ហើយវិស័យឯកជនត្រូវតែទទួលយក ក្នុងការរកស៊ីដ៏ត្រឹមត្រូវ ហើយនិងស្របច្បាប់"។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមន្ត្រីគយពីរឿងពុករលួយ ដោយទុករយៈពេល២ខែ ឲ្យធ្វើការកែទម្រង់ឡើងវិញ៕

Inflation make people poor and deep poor. So one day society will have trouble if government is nt find out a solution.
ចុចអានស្ថាប័នព្រឹទ្ធសភាគាំទ្រឲ្យលោក បាតដៃទីបី ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត
ក្រែងដៀលថារដ្ឋាភិបាលមិនគ្រប់ទឹក រដ្ឋាភិបាលខុសច្បាប់?ម៉េចក៏មិនទៅពឹងអាស្វាទាំងពីរក្បាលនោះទៅឲ្យវាជួយបញ្ចុះថ្លៃទំនិញ?ឬក៏អាស្វាទាំងពីរក្បាលនោះបានតែថា បានតែសាងគ្រោះឲ្យជាតិ?ម្យ៉ាងទៀតបើពួកអាអស់ឯងបាតុកម្មអត់ឈប់ នរណាមានពេលធ្វើរឿងអស់នេះកើត?