Posts by DTN7
December 23, 2013
យោងតាមប្រសាសន៍របស់បុរសខ្លាំងដែលថា "ខ្ញុំមានកំហុសអ្វី ទើបទាមទារឲ្យខ្ញុំចុះចេញពីតំណែង?"នោះ ដូច្នេះ គេហទំព័រសារព័ត៌មានដើមត្នោតសូមលើកយកកំហុសឆ្គងទី២របស់បុរសខ្លាំង ទាក់ទងទៅនឹងការរំលោភទៅលើអំណាចឯករាជ្យនៃស្ថាប័នតុលាការ ដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌ និងតុលាការនៅកម្ពុជាធ្លាក់ចុះឱនថយ និងងាយក្លាយជាខែលការពារអំណាចរបស់បុរសខ្លាំង មកធ្វើការចុះផ្សាយដូចតទៅ ៖
ព័ស្តុតាងទី១ ៖ មានសំណុំរឿងវិវាទដីធ្លីមួយកន្លែងឋិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ(បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) រាជធានីភ្នំពេញ រវាងបុគ្គលឈ្មោះ កែវ ជីន និងអាជ្ញាធរភូមិជម្ពូវ័ន តំណាងដោយឈ្មោះ ជៀម វិន អតីតជាមេភូមិជម្ពូវ័ន ក្នុងកម្មវត្ថុប្តឹងទាមទារគ្រប់គ្រងកាន់កាប់ដីទៅស្ថាប័នតុលាការ ។
បន្ទាប់ពីក្តីក្តាំគ្នានៅស្ថាប័នតុលាការទាំងបីថ្នាក់អស់រយៈពេលជាង១២ឆ្នាំរួចមក ទីបំផុតតុលាការកំពូលដែលមានចៅក្រមជំនុំជម្រះដល់ទៅចំនួន៩រូប បានវិនិច្ឆ័យសេចក្តីសម្រេចប្រគល់ដីទំនាស់ឲ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិរួម ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ និងហាមឃាត់មិនឲ្យអាជ្ញាធរផ្ទេរសិទ្ធិ ឬលក់ដូរដីទំនាស់ឲ្យទៅអ្នកដទៃឡើយ តាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ ។
ថ្វីដ្បិតសំណុំរឿងក្តីនេះត្រូវបានស្ថាប័នតុលាការដោះស្រាយសម្រេចជាស្ថាពររួចហើយ តាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ របស់តុលាការកំពូលក៏ដោយ ក៏សម្តេចនាយករដ្ឋមន្ត្រីដែលជាបុរសខ្លាំង បានធ្វើចំណារចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ឯកភាពតាមការផ្តល់យោបល់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន អតីតជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៥ នាំឲ្យរាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិសម្រេចប្រគល់ដីទំនាស់ដដែលនេះ ឲ្យទៅបុគ្គលឈ្មោះ កែវ ជីន កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់វិញ តាមស្មារតីលិខិតលេខ១៩៦៩ សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ការសម្រេចរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិ តាមស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (ប្រគល់ដីទំនាស់ឲ្យបុគ្គលឈ្មោះ កែវ ជីន ជាអ្នកចាញ់ក្តីនៅស្ថាប័នតុលាការរួចហើយ បានកាន់កាប់ជាកម្មសិទ្ធិ) ដែលមានភាពផ្ទុយគ្នាស្រឡះទៅនឹងការសម្រេរចរបស់ស្ថាប័នតុលាការ តាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ របស់តុលាការកំពូល (ប្រគល់ដីទំនាស់ឲ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិរួម ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ) ដូច្នេះ ធ្វើឲ្យស្ថាប័នតុលាការមិនអាចអនុវត្តន៍សាលដីការបស់តុលាការកំពូលឲ្យមានប្រសិទ្ធភាពបានឡើយ ដ្បិតមន្ត្រីស្ថាប័នតុលាការតែងតែនាំគ្នាខ្លបខ្លាចនឹងអំណាចនៃការសម្រេចរបស់ស្ថាប័ននីតិប្រតិបត្តិរហូតទល់សព្វថ្ងៃ ។
យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ ជៀម វិន ដែលស្នើសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានខ្លឹមសារផ្ទុយនឹងអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ របស់តុលាការកំពូលនោះ គឺនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនពិនិត្យនិងសម្រេចថា (សាលដីកាស្ថាពររបស់តុលាការកំពូលត្រូវមានអានុភាពអនុវត្តន៍ ។) ។
ព័ស្តុតាងទី២ ៖ មានសំណុំរឿងវិវាទដីធ្លីមួយកន្លែងទៀតឋិតនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង (បច្ចុប្បន្នឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ) រវាងក្រុមប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និងលោកឧកញ៉ា ជៀម ផែន ដែលគេស្គាល់ថាជាថៅកែក្រុមហ៊ុនស្រាបៀរលីអូ បានកើតឡើងចាប់តាំងពីដើមឆ្នាំ២០០៦មកម្ល៉េះ ។
ស្ថាប័នតុលាការសាលាដំបូងខេត្តកោះកុង ធ្លាប់បានវិនិច្ឆ័យសេចក្តីចេញសាលក្រមរដ្ឋប្បវេណីលេខ០៦ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ សម្រេចប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន គ្រប់គ្រងកាន់កាប់ជាកម្មសិទ្ធិ ហើយសាលក្រមនេះក៏បានចូលជាស្ថាពរមានអានុភាពអនុវត្តន៍នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០០៧ ។
ក្រោយមក តុលាការសាលាដំបូងខេត្តព្រះសីហនុក៏ធ្លាប់បានវិនិច្ឆ័យសេចក្តីចេញសាលក្រមរដ្ឋប្បវេណីលេខ០៤ "ក១" ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២ សម្រេចប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន គ្រប់គ្រងជាកម្មសិទ្ធិតទៅ ដោយយោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល តាមស្មារតីលិខិតលេខ៦៦៩សជណ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលសម្រេចប្រគល់ដីទំនាស់ឲ្យលោកឧកញ៉ា ជៀម ផែន កាន់កាប់ គ្រប់គ្រងជាកម្មសិទ្ធិ ។
ថ្វីដ្បិតសំណុំរឿងក្តីនេះត្រូវបានស្ថាប័នតុលាការសម្រេចរហូតដល់ទៅចំនួន២លើករួចមកហើយក៏ដោយ ក៏នៅទីបំផុតរាជរដ្ឋាភិបាលបានសម្រេចសាជាថ្មីប្រគល់ដីទំនាស់ដដែលនេះឲ្យទៅក្រុមប្រជាពលរដ្ឋចំនួន៤៩គ្រួសារកាន់កាប់គ្រប់គ្រងជាកម្មសិទ្ធិវិញ តាមស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (យោងតាមចំណារឯកភាពចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់បុរសខ្លាំងនៅលើលិខិតចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី) ។
ការសម្រេចរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិ តាមស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលរដ្ឋចំនួន៤៩គ្រួសារគ្រប់គ្រងកាន់កាប់ជាកម្មសិទ្ធិ ធ្វើឲ្យការសម្រេចរបស់ស្ថាប័នតុលាការតាមអំណាចសាលក្រមរដ្ឋប្បវេណីលេខ០៦ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ និងសាលក្រមរដ្ឋប្បវេណីលេខ០៤"ក១" ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២ ដែលប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន កាន់កាប់ជាកម្មសិទ្ធិ ក្លាយជាអសារបង់ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា១២៨ថ្មី(មាត្រា១០៩ចាស់) និងមាត្រា១៣០ថ្មី(មាត្រា១១១ចាស់)នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានតម្រូវឲ្យស្ថាប័នតុលាការមានអំណាចឯករាជ្យ ហើយគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង ព្រមទាំងគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ អាចទទួលអំណាចតុលាការអ្វីបានឡើយ ។ ដូច្នេះ ការសម្រេចរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិ តាមស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអំណាចឯករាជ្យរបស់ស្ថាប័នតុលាការ ។
រួមសេចក្តីមក នេះគឺជាព័ស្តុតាងដែលបង្ហាញឲ្យឃើញនូវកំហុសទី២របស់បុរសខ្លាំង ដែលរំលោភបំពានលើអំណាចឯករាជ្យរបស់ស្ថាប័នតុលាការ ធ្វើឲ្យប្រព័ន្ធយុត្តិធម៌ និងតុលាការនៅកម្ពុជាធ្លាក់ចុះឱនថយ ហើយងាយនឹងក្លាយទៅជាខែលការពារអំណាចរបស់បុរសខ្លាំងថែមទៀតផង ៕


THAT WAS POLICY OF COMMUNIST HOCHIMIN. HUN SEN BOOS TELLING HIM TO DO. CONTROLL EVERY THING IS THE WAY YOU CAN STAY IN POWER FOR THE REST OF YOUR LIVE. THIS VERY BAD FOR ANY NATION IN THE WORLD. PEACE CAMBODIAN
សួរគេថា ខ្ញុំមានកំហុសអី ??? វាជារឿងសាមញ្ញតើសម្តេច ដែលមនុស្សទូទៅមិនអាចមើលឃើញកំហុសខ្លួនឯងនោះ ហើយសម្តេចក៏ជាមនុស្សដែរ កុំតូចចិត្តតូចថ្លើមអីដែលមិនដឹងកំហុសខ្លួនឯងនោះ ដូច្នេះហើយបានជាប្រជារាស្ត្រ ដែលជាកញ្ចក់សម្រាប់ឆ្លុះសម្តេច ជួយតម្រង់ផ្លូវ តែសត្តេចពេលឃើញរូបខ្លួនឯង និងទង្វើអាក្រក់របស់ខ្លួនឯននៅក្នុងកញ្ចក់ ម្តេចក៏មិនយកភ្នែកមួយចំហៀងនឹងមើល ហើយកែប្រែរាល់កំហុសនោះទៅ? បើមិនអាចកែប្រែខ្លួន ឯងបានទេ ចាំគេកែឲ្យក៏បាន ឲ្យតែស្ម័គ្រចិត្តឲ្យគេកែ
អាបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ម្នាក់ហ្នឹងដែលធ្វើឲ្យCPPធ្លាក់២២សម្លេង