កំហុស​ទី​៣​របស់​បុរស​ខ្លាំង​ គឺ​រំលោភ​លើ​ច្បាប់​ភូមិបាល​ទាក់ទង​នឹង​ការ​ជួល​ទីតាំង​បឹង​កក់​រយៈពេល​៩៩​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន

Posts by DTN7
December 24, 2013

​យោង​តាម​ប្រសាសន៍​របស់​បុរស​ខ្លាំង​ដែល​ថា​ "​ខ្ញុំ​មាន​កំហុស​អ្វី​ទើប​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​ ?"​នោះ​ ដូច្នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​កំហុសឆ្គង​ទី​៣​របស់​បុរស​ខ្លាំង​ដែល​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​លើ​ច្បាប់​ភូមិបាល​ ក្នុង​ការ​អនុញ្ញាត​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ មាន​ឯកឧត្តម​ កែប​ ជុតិមា​ ជា​អតីត​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ចុះ​កិច្ចសន្យាជួល​ទីតាំង​បឹង​កក់​រយៈពេល​៩៩​ឆ្នាំ​ ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ តំណាង​ដោយ​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ ព្រមទាំង​ជា​ស្វាមី​របស់​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ អនុប្រធាន​ទី​២​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៥​ មក​ធ្វើការ​ចុះ​ផ្សាយ​ដូច​តទៅ​ ៖

​ទីតាំង​បឹង​កក់​ទំហំ​ប្រមាណ​ជាង​១៣២​ហិ​កតា​ ឋិត​នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដែល​មាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ប្រគល់​សិទ្ធិ​ជូន​និង​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ កែប​ ជុតិមា​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ ចុះ​កិច្ចសន្យាជួល​នៅ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ (SHUKAKU​ INC.)​ មាន​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ជា​ប្រធាន​ក្រុមហ៊ុន​ រយៈពេល​៩៩​ឆ្នាំ​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​គម្រោង​ជា​ច្រើន​ ដោយ​គិត​តម្លៃ​ជួល​សរុប​ចំនួន​៧៩.០០២.០០០​ដុល្លារ​អា​មេ​រិ​ក​ តាម​លិខិត​សិទ្ធិ​ប្រទាន​លេខ​១០​ស​ប្រ​ទ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៧​ និង​លិខិត​លេខ​១០៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៧​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​បញ្ញត្តិ​មាត្រា​១៦​ កថាខណ្ឌ​ទី​៥​ នៃ​ច្បាប់​ភូមិបាល​បាន​ចែង​ថា​ "​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ​ អាច​ត្រូវ​ចាត់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ តាម​រយៈ​ច្បាប់​អនុ​ប​យោគ​ ។​ "​ និង​មាត្រា​១៧​ នៃ​ច្បាប់​ភូមិបាល​ដដែល​នេះ​បាន​ចែង​ថា​ "​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ និង​របស់​នីតិបុគ្គល​សាធារណៈ​ អាច​ជា​កម្មវត្ថុ​នៃ​ការ​លក់​ ការ​ដូរ​ ការ​បែងចែក​ ឬ​ការ​ផ្ទេរសិទ្ធិ​តាម​ការ​កំណត់​ដោយ​ច្បាប់​ ។​ ទ្រព្យ​ទាំងនោះ​អាច​ផ្តល់​ឲ្យ​តាម​រយៈ​ភតិសន្យា​ និង​ជា​កម្មវត្ថុ​នៃ​កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់​ ។​ លក្ខខណ្ឌ​ទាំងឡាយ​ និង​នីតិវិធី​នៃ​ការ​លក់​ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ និង​របស់​នីតិបុគ្គល​សាធារណៈ​នឹង​កំណត់​ដោយ​អនុក្រឹត្យ​ ។​ គ្មាន​ការ​លក់​ណាមួយ​អាច​ត្រូវ​បាន​សម្រេច​ដោយ​គ្មាន​អនុក្រឹត្យ​នេះ​ឡើយ​ ។​…"​ ។​

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​១៦​ កថាខណ្ឌ​ទី​៥​ និង​មាត្រា​១៧​ នៃ​ច្បាប់​ភូមិបាល​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​យក​ទីតាំង​បឹង​កក់​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជួល​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​រយៈពេល​៩៩​ឆ្នាំ​ តាម​កិច្ចសន្យាជួល​ចុះ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​នោះ​ គឺជា​ការ​ខុសច្បាប់​ទាំងស្រុង​ ពីព្រោះ​ទីតាំង​បឹង​កក់​មិន​ទាន់​ត្រូវ​បាន​ធ្វើ​អនុ​ប​យោគ​តាម​ច្បាប់​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ឲ្យ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នៅឡើយ​ ។​

​ក្រោយមក​ ទើប​រាជរដ្ឋាភិបាល​ភ្ញាក់ខ្លួន​ក៏​បាន​ចេញ​អនុក្រឹត្យ​មួយ​លេខ​១០៨​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០០៨​ សម្រេច​ធ្វើ​អនុ​ប​យោគ​ទីតាំង​បឹង​កក់​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ និង​ដើម្បី​លៃលក​ឲ្យ​កិច្ចសន្យាជួល​ទីតាំង​បឹង​កក់​ក្លាយជា​ការ​ស្របច្បាប់​ ។​ មាន​ន័យ​ថា​ ទីតាំង​បឹង​កក់​ត្រូវ​បាន​ចុះ​កិច្ចសន្យាជួល​រយៈពេល​៩៩​ឆ្នាំ​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​តាំងពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ និង​នៅ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ម្ល៉េះ​ បែរជា​រាជរដ្ឋាភិបាល​ទើប​សម្រេច​ធ្វើ​អនុ​ប​យោគ​ទីតាំង​បឹង​កក់​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០០៨​ និង​មិន​អនុវត្តន៍​តាម​រយៈ​ច្បាប់​អនុ​ប​យោគ​ថែម​ទៀត​ ។​

​ក្រៅពី​ការ​ជួល​ទីតាំង​បឹង​កក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​របស់​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ និង​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ដោយ​ខុសច្បាប់​នោះ​ គឺ​គម្រោង​អភិវឌ្ឍន៍​ទីតាំង​បឹង​កក់​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​ និង​មាន​រយៈពេល​រាប់​ឆ្នាំ​ ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​លើ​តំបន់​បឹង​កក់​ជា​ច្រើន​គ្រួសារ​រហូត​មក​ទល់​បច្ចុប្បន្ន​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ច្បាប់​ភូមិបាល​ គឺ​កិច្ចសន្យាជួល​ទីតាំង​បឹង​កក់​ចុះ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ រវាង​ឯកឧត្តម​ កែប​ ជុតិមា​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ តាម​លិខិត​សិទ្ធិ​ប្រទាន​លេខ​១០​ស​ប្រ​ទ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៧​ របស់​បុរស​ខ្លាំង​ និង​លិខិត​លេខ​១០៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៧​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ យោង​តាម​ចំណារ​របស់​បុរស​ខ្លាំង​នោះ​ ត្រូវ​ចាត់ទុកជា​មោឃៈ​ ពីព្រោះ​ជា​កិច្ចសន្យាជួល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ទាំងស្រុង​ ។​

​សរុបសេចក្តី​មក​ នេះ​គឺជា​ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​ទី​៣​របស់​បុរស​ខ្លាំង​ដែល​រំលោភ​បំពាន​លើ​ច្បាប់​ភូមិបាល​ ទាក់ទង​នឹង​ការ​ប្រគល់​សិទ្ធិ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចុះ​កិច្ចសន្យាជួល​ទីតាំង​បឹង​កក់​រយៈពេល​៩៩​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​របស់​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ជា​សមាជិក​ព្រឹទ្ធសភា​ និង​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ ឧបត្ថម្ភ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​ នៅ​លើ​គំនរ​ឈាម​ និង​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់​ ៕​

DSCN1430
DSCN1429
Boeng-Kok-$


What Next?

Recent Articles

2 Responses to "កំហុស​ទី​៣​របស់​បុរស​ខ្លាំង​ គឺ​រំលោភ​លើ​ច្បាប់​ភូមិបាល​ទាក់ទង​នឹង​ការ​ជួល​ទីតាំង​បឹង​កក់​រយៈពេល​៩៩​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន"

  1. CPP says:

    Aahh CPP aah dog why u not comments this news to ur boss. Ahhh Dog………..!

  2. CHEA says:

    IF YOU ARE NAKED IN THE PUPLIC AND YOU SAID NO BODIES WILL SEE IT . YOU ARE WRONG Mr. YOU ARE IN POLITIC YOU ARE IN PUPLIC EYE AND EIR.YOU CAN NOT SAY I DID NOTHING WRONG.YOU ARE NOT TAKE RESPONSIBILITY FOR THIS NATION.YOU SHOULT GET OUT. PEACE FOR ALL CAMBODIAN