ជ័យ សុ​វ៉ាត របូត​តំណែង ​«​ផ្កាយ​រះ​ក្នុង​សួន​»​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ជ័យ សុ​វ៉ាត របូត​តំណែង ​«​ផ្កាយ​រះ​ក្នុង​សួន​» / រូបថតដោយ វង្ស សុម៉ាលីន

ជ័យ សុ​វ៉ាត របូត​តំណែង ​«​ផ្កាយ​រះ​ក្នុង​សួន​» / រូបថតដោយ វង្ស សុម៉ាលីន

​ការប្រឡង​ជម្រុះ​ក្នុង​កម្មវិធី​«​ផ្កាយ​រះ​ក្នុង​សួន​» បាន​លេច​ចេញ​លទ្ធផល​ហើយ បើ​ទោះជា​ពេលនេះ នៅលើ​កញ្ចក់​ទូរទស្សន៍ នៅ​មិនទាន់​ចាក់​ផ្សាយ​ដល់​វគ្គ​ប្រកាស​លទ្ធផល​ផ្ដាច់ព្រ័ត្រ​។ អ្នក​ទទួល​ចំណាត់ថ្នាក់​លេខ​១​គឺ​ប្អូនស្រី ហ៊ិ​ន លីដា ខណៈ​ដែល ជ័យ សុ​វ៉ាត ដែល​ជា​បេក្ខភាព​កូនកំព្រា និង​ជា​អ្នក​ដែល​មហាជន​រំពឹងទុក បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២ និង​របូត​តំណែង​ពី​កម្មវិធី​នេះ​។

​កម្មវិធី​ប្រលង​ចម្រៀង​«​ផ្កាយ​រះ​ក្នុង​សួន​» របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​១១ កំពុង​ប្រទាញ​បាន​ចាប់អារម្មណ៍​កាន់តែខ្លាំង បន្ទាប់​ពី​កម្មវិធី​នេះ នៅសល់​តែ​ជើង​ខ្លាំង​ពីរ​នាក់​ចុងក្រោយ គឺ​ប្អូនប្រុស​ជ័យ សុ​វ៉ាត់ បេក្ខភាព​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ប្អូនស្រី ហ៊ិ​ន លីដា បេក្ខភាព​មក​ពី​ខេត្ត​កំពង់ឆ្នាំង​។ សំណួរ​មួយ​ត្រូវ​គេ​ឮ​សួរ​គ្នា​យ៉ាង​គគ្រឹកគគ្រេង ថា​រវាង​ជើង​ខ្លាំង​ទាំងពីរ តើ​អ្នកណា​ជា​ម្ចាស់​ពាន បើ​ម្នាក់ៗ​ក្នុង​ចំណោម​ពួកគេ សុទ្ធតែ​មាន​ទឹកដម​សំឡេង និង​ទេពកោសល្យ​ល្អ​ផ្ដាច់​មិន​ធម្មតា​ដូច​គ្នា​? ទាំង​បទ​ចម្រៀង​បែប​សម័យ បែប​បុរាណ បែប​មនោសញ្ចេតនា និង​បែប​ញាក់​ក​ន្ទ្រា​ក់អារម្មណ៍ ពួកគេ​ទាំងពីរ​អាច​បកស្រាយ និង​សម្ដែង​បាន​ល្អឥតខ្ចោះ មិន​ចាញ់​តារាចម្រៀង​អាជីព ដែល​ហែល​ឆ្លង​វិស័យ​ចម្រៀង​ច្រើន​ឆ្នាំ​នោះទេ​។ តារា​អាជីព​ខ្លះ មិន​អាច​ប្រៀបផ្ទឹម​នឹង​ទេពកោសល្យ​របស់​ពន្លក​តារា​ទាំងពីរ​នេះ​ផង​។

​ជាក់ស្ដែង នៅលើ​បណ្ដាញ​Facebook គេ​បាន​ឃើញ​ចម្រៀង​របស់​អ្នក​ទាំង​ពីរ នៅក្នុង​កម្មវិធី​«​ផ្កាយ​រះ​ក្នុង​សួន​» បង្ហោះ​ឡើង​ព្រោងព្រាត ដែល​កាន់តែ​ជួយ​ឲ្យ​យុវវ័យ និង​មហាជន​ច្រើនឡើង កោតសរសើរ​ចំពោះ​សមត្ថភាព​របស់​បេក្ខភាព​ចុង​ក្រោយ​ទាំងពីរ​។ សូម្បី​បេក្ខភាព​២​រូប​ទៀត គឺ​ប្អូនប្រុស​សោម វិ​រៈបុត្រ ប្អូនប្រុស ទួន ឆាន​ឈុន និង​ប្អូនប្រុស ពុំ ថៃ​ប៊ុន​ហុក​ដែល​បាន​ធ្លាក់​ទៅហើយ ក៏​ត្រូវ​មហាជន​ភាគច្រើន​ទទួលស្គាល់​។

​តាម​ការវិភាគ ជ័យ សុ​វ៉ាត់ ហាក់​មាន​ប្រៀប​ជា​ង​ហ៊ិ​ន លីដា ដែល​ជា​គូប្រជែង​ចុងក្រោយ  ដោយសារ​តែ​គេ​ជា​ក្មេង​កំព្រា មាន​ប្រវត្តិ​តស៊ូ ដែល​ស៊ី​នឹង​ខ្លឹមសារ​របស់​កម្មវិធី​«​ផ្កាយ​រះ​ក្នុង​សួន​» ដែល​បាន​ប្រកាសថា ជា​វេទិកា​ផ្ដល់ឱកាស​ឲ្យ​អ្នក​មាន​សមត្ថភាព មាន​ជីវិត​កម្សត់ អាច​ទទួលយក​ប្រាក់​ទៅ​បន្ត​ការសិក្សា​បាន​។ ផ្អែក​លើ​ទិសដៅ​នេះ យ៉ាងហោច​១​ភាគ​៣ នៃ​អ្នកទស្សនា បានដាក់​ការសន្និដ្ឋាន​ថា ជ័យ សុ​វ៉ាត នឹង​ក្លាយជា​អ្នកឈ្នះ​ចុងក្រោយ ខណៈ​ដែល​ទេពកោសល្យ​របស់គេ ក៏​លោត​ខ្លាំង​មិន​ចាញ់​ប្អូនស្រី ហ៊ិ​ន លីដា ដែល​ជា​គូប្រជែង​។

(ប្អូនស្រី ហ៊ិ​ន លីដា, ជ័យ សុ​វ៉ាត់ និងបេក្ខភាពកុមារ៉ាពីររូបទៀត)

ប៉ុន្តែ​នៅ​ចុង​សប្ដាហ៍​មុន កម្មវិធី​នេះ បាន​ប្រលង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ម្ចាស់​ពាន​ចុងក្រោយ មិនមែន​ជា​ប្អូនប្រុស​ជ័យ សុ​វ៉ាត ឡើយ ប៉ុន្តែ​គឺជា ប្អូនស្រី ហ៊ិ​ន លីដា ទៅវិញ​។ នេះ​ក៏​ចាត់ទុកថា​ជា​ដំណឹង​ដ៏​ល្អ​មួយ​ផងដែរ ដើម្បី​ឲ្យ​អ្នក​អន្ទះសារ​ដែល​ចង់ដឹងថា រវាង​ជ័យ សុ​វ៉ាត និង​ហ៊ិ​ន លីដា ដែល​កំពុង​ប្រកួតប្រជែង​គ្នា តើ​អ្នកណា​ជា​ម្ចាស់​ពាន​ចុងក្រោយ​របស់​កម្មវិធី «​ផ្កាយ​រះ​ក្នុង​សួន​» អស់​ចម្ងល់​។  យ៉ាងណាមិញ ការបរាជ័យ របស់​ជ័យ សុ​វ៉ាត់ ក៏​បាន​ធ្វើឲ្យ​ពន្លក​តារាថ្មី​រូបនេះ ទទួលបាន​ការចាប់អារម្មណ៍​មិនតិច​ផងដែរ ក្នុង​រយៈកាល​កន្លងមក ដែល​គេ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​បន្តបន្ទាប់ ហើយ​អាចឈរជើង​ដល់​វគ្គ​នៅសល់តែ​ពីរ​នាក់​ចុងក្រោយ​។ ជ័យ សុ​វ៉ាត ត្រូវ​គេ​ឃើញ​បង្ហោះ​​រូបភាព​ប្រលង​ធ្លាក់​ព្រម​ជាមួយ​នឹង​អារម្មណ៍​សោកស្ដាយ ដែល​មិន​អាច​ឈ្នះ​ក្នុង​កម្មវិធី​«​ផ្កាយ​រះ​ក្នុង​សួន​»​។ ប្អូន​សរសេរថា បើ​ទោះជា​ធ្លាក់​ចេញពី​កម្មវិធី ប៉ុន្តែ​ប្អូន​នៅតែ​មាន​ក្ដីសង្ឃឹម​ថា​អាច​ក្លាយ​ជា​តារា​អាជីព​ម្នាក់ និង​ល្បីឈ្មោះ​ផងដែរ​។

​សូម​រំលឹក​ថា ជ័យ សុ​វ៉ាត គឺ​ក្មេង​កំព្រា តាំង​ពី​តូច​។ ឪពុក​ម្ដាយ​របស់​ប្អូន បាន​ចែក​ឋាន តាំង​ពី​ប្អូនប្រុស​ស្ថិត​នៅ​វ័យ​មិន​ដល់​១០​ឆ្នាំ​ម្ល៉េះ ដោយសារ​ជំងឺ​ខ្យល់គរ និង​លើសឈាម​។ បច្ចុប្បន្ន ប្អូន​កំពុង​ទទួល​ការ​ផ្ចុងផ្ដើម​ពី​សំណាក់​ម្ដាយធម៌​២​នាក់ បន្ទាប់​ពី​មណ្ឌល​កុមារ​កំព្រា​ដែល​ប្អូន​ធ្លាប់​ជ្រក​អស់​ច្រើន​ឆ្នាំ អស់​ជំនួយ​ក្នុង​ការផ្គត់ផ្គង់​ក្មេងៗ​កំព្រា​ដូច​ប្អូន​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

One Response to "ជ័យ សុ​វ៉ាត របូត​តំណែង ​«​ផ្កាយ​រះ​ក្នុង​សួន​»​"

  1. ដូចខ្ញុំគិត says:

    បុរសមួយនេះដូចជាមានអំណួតបន្តិច នេះមិនទាន់ជាប់ចំណាត់ថ្នាក់លេខ១ផង បើជាប់លេខ១វិញ មិនដឹងជាអួតខ្ទីខ្ទឺដល់ណាទេ! ណាស់ហើយជាប់ត្រឹមចំណាត់ថ្នាក់លេខ២បានហើយ​(នេះជាមេរៀន)