ដោយ៖ បូ សាវី និង ពៅ មេត្តា
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
អ្នកមានជម្លោះដីធ្លីនៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាបជាង២០០គ្រួសារព្រមានចូលរួម ធ្វើមហាបាតុកម្មអហិង្សា ជាមួយគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ បើសិនអាជ្ញាធរខេត្ដមិនដោះស្រាយទំនាស់ដីធ្លីតាមការសន្យា។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអភិបាលខេត្ដលោក ឃឹម ប៊ុនសុង បានសន្យាកាលពីថ្ងៃទី២៣ខែធ្នូថា នឹងឲ្យអ្នកជំនាញទៅដោះស្រាយជួនពួកគាត់ នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៣ខាងមុខ។
តំណាងពលរដ្ឋ នៅភូមិត្រពាំក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន លោក ភួង សូរិយា ប្រាប់VOD នៅរសៀលថ្ងៃអង្គារនេះថា មន្ដ្រីជំនាញខេត្ដ គ្រោងនឹងទៅវាស់ដីជូនពលរដ្ឋ ដែលមានជំលោះ នៅថ្ងៃទី២៦ខែធ្នូខាងមុខ។ ប៉ុន្ដែលោកថា បើសិនអាជ្ញាធរវាស់វែងដីឲ្យពួកគាត់តាមទាហានបញ្ជានោះ ពួកគាត់មិនសុខចិត្ដឡើយ។ លោកបន្ថែមថា ពលរដ្ឋដែលមានទំនាស់ដីធ្លីនោះនឹងឡើងទៅតវ៉ា នៅ រាជធានីភ្នំពេញ ហើយអាចឈានចូលរួមបាតុកម្មអហឹង្សា ជាមួយបក្សសង្គ្រោះជាតិ។
តំណាងមួយរូបទៀត លោក ជា ចាន់ ឲ្យដឹងថា ដីពលរដ្ឋចំនួន៣២១ហិកតា នៅភូមិត្រពាំងក្រសាំង ត្រូវទាហានកងពលលេខ៥ រំលោភយកនៅដើមឆ្នាំ២០១៣ ដើម្បីដាំដំឡូងមី។ លោកបន្ដថា ពួកគាត់ទាមទារយកដីស្រែចំការឲ្យគ្រប់ចំនួន ខណៈយោធាមានបំណងផ្ដល់ឲ្យវិញ នៅកន្លែងផ្សេង។
VODមិនអាចទាក់ទង អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ដើម្បីបញ្ជាក់ពីករណីនេះបាននៅឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។ប៉ុន្ដែកន្លងមក អភិបាលរងខេត្ដ លោក ប៊ុន ថាឬទ្ធិ ធ្លាប់មានប្រសាសន៏ថា អាជ្ញាធរមានគំរោងដោះស្រាយជូនពលរដ្ឋនៅសប្ដាហ៏នេះ ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលការ រំលោភសិទ្ធិមនុស្សអង្គការ លីកាដូ ប្រចាំខេត្ដសៀមរាប អ្នកស្រីឈុយ វាន់ថា មានប្រសាសន៏ថា ដីធ្លីនៅតំបន់នោះ ពលរដ្ឋចូលកាន់កាប់នៅឆ្នាំ២០០៥ ពោលគឺតាំងពីលោក ស៊ូ ភិរិន្ទ នៅជាអភិបាលខេត្ដ ដោយមិនមានភាគីណាមួយជាម្ចាស់នោះឡើយ ។ អ្នកស្រីបន្ដថា រដ្ឋាភិបាលគួរដោះស្រាយជួនពលរដ្ឋ ឲ្យបានសមស្រប បើទោះពួកគាត់បាន កាន់កាប់ ក្រោយច្បាប់ភូមិបាលក៏ដោយ ដើម្បីជៀសវាងទំនាស់អូសបន្លាយបន្ដទៀត ៕
សូមសរសេរមកកាន់លោកបូ សាវី bosavy@vodhotnews.com
ទាហ៊ានចាប់ផ្តើមយកដីរាស្ត្រទៀតហើយ??
ពួកគាត់ចង់មានដូចមេដែរ” ជា តារា” តាំងពីមានបញ្ហាព្រំដែនមក មានណាស់ ត្រូវប៉ាន់តែម្តង ទិញវីឡានៅទួលគោកជាង១លានដុ ល្លារអាមេរិក និង សង់ខុនដូ១តំលៃរាប់លានដុល្លារទៀត។
ហូបទៅបងប្អូនពលទាហ៊ាន នាយទាហ៊ានរងនៅព្រំដែនអើយ!!!!!អំណោយសប្បុរសជន អំណោយសម្តេច!!!ថតដាក់ទូរទស្សន័សឹងរាល់ថ្ងៃ!!!!!
(បែណ្ឌីតអុកញ៉ា ជា ក្នុយ)