កម្មករកម្មការិនីប្រមាណ ១ម៉ឺននាក់ មកពីរោងចក្រចំនួន៥ នៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខរោងចក្ររបស់ខ្លួន ដើម្បីទាមទារឲ្យថៅកែរោងចក្រដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ ដោយតម្រូវឲ្យចាប់ផ្ដើមអនុវត្ដពីខែមករា ឆ្នាំ២០១៤ តទៅ។ ក្រុមកម្មករព្រមានថា ពួកគេនឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ប្រសិនបើគ្មានដំណោះស្រាយពីរាជរដ្ឋាភិបាល ឬក៏ថៅកែរោងចក្រទេនោះ។
ដោយ ជិន ជេដ្ឋា
2013-12-25
RFA

កម្មករនៅរោងចក្រ ៤ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល នៅថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣។ RFA/Chin Chetha
កម្មករកម្មការិនីរាប់ពាន់នាក់មកពីរោងចក្រផ្សេងៗគ្នាក្នុងខេត្តកំពង់ឆ្នាំង បានដើរជាក្បួន និងខ្លះជិះរថយន្តចេញពីរោងចក្រមួយទៅរោងចក្រមួយ ដើម្បីទាមទារប្រាក់ខែគោលចំនួន ១៦០ដុល្លារក្នុង១ខែ និងទាមទារលក្ខខណ្ឌការងារល្អប្រសើរមួយចំនួនទៀត។ សកម្មភាពនេះ បានផ្ទុះចេញពីរោងចក្រដេរស្បែកជើងមួយឈ្មោះ ខេន ស្ប៉ត (Can Sport) ស្ថិតនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដែលដឹកនាំដោយក្រុមសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រ ខេន ស្ប៉ត លោក កាត សុខវី មានប្រសាសន៍ថា ក្រុមកម្មករនៅរោងចក្រ ខេន ស្ប៉ត បានធ្វើដំណើរបណ្ដាក់គ្នាពីរោងចក្រមួយទៅរោងចក្រមួយ រហូតដល់រោងចក្រ ត្រី ប៉ុស (Try Posc) ដើម្បីឲ្យកម្មករធ្វើការនៅក្នុងរោងចក្រទាំងអស់ជួយចេញមកធ្វើបាតុកម្ម។
លោកបន្តថា គោលបំណងសំខាន់នៃការដឹកនាំធ្វើបាតុកម្មនេះ គឺដើម្បីដាក់សម្ពាធទៅរដ្ឋាភិបាល និងថៅកែរោងចក្រក្នុងការកែលំអលក្ខខណ្ឌការងារមួយចំនួន ជាពិសេសការដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ ហើយត្រូវតែអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៤ នេះតទៅ៖ «ខ្ញុំជាអ្នកដឹកនាំ ហើយកម្មករគាត់បានសំណូមពរខ្ញុំថា ឥឡូវនេះត្រូវតែទៅនាំរោងចក្រទី១ ឡុង លីត ទី២ ជិន យី ទី៣ រោងចក្រ តឹក ហ្វុក ដើម្បីទៅនាំគាត់ចេញមកទាំងអស់គ្នា ជួយគ្នាទៅវិញទៅមក។ ប្រសិនបើរាជរដ្ឋាភិបាលអត់ដំឡើងប្រាក់ខែជូនពួកខ្ញុំ ១៦០ដុល្លារទេ ខ្ញុំនឹងនាំគ្នាធ្វើបាតុកម្មបន្តទៀត»។
ក្រុមកម្មករបានផ្លោះរបង និងខ្លះរុញទម្លុះទ្វាររោងចក្រ ដើម្បីចូលទៅរំដោះក្រុមកម្មករដែលកំពុងធ្វើការនៅផ្នែកខាងក្នុងរោងចក្រ ឲ្យចេញមកជួយតវ៉ាគ្នា។ នៅអំឡុងពេលនៃការតវ៉ា និងសម្រុកចូលក្នុងរោងចក្រទាំង ៥កន្លែងនោះ មានរោងចក្រមួយឈ្មោះ ត្រី ប៉ុស ត្រូវបានសន្តិសុខយាមរោងចក្រប្រាប់ថា ក្រុមកម្មករដែលសម្រុកចូលបានគប់ និងរុញកញ្ចក់អគារ បណ្ដាលឲ្យបែកមួយចំនួន។
ភ្លាមៗក្រោយពីសកម្មភាពរបស់ក្រុមកម្មករកម្មការិនី ស្នងការរងខេត្តកំពង់ឆ្នាំង លោក លី វីរៈ មិនហ៊ានអត្ថាធិប្បាយយ៉ាងណានៅឡើយទេជុំវិញបញ្ហានេះ។
ទោះជាយ៉ាងណា អធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បានព្រមានប្រើច្បាប់រដ្ឋបាល ដើម្បីបង្ក្រាបក្រុមកម្មករ ប្រសិនបើមានករណីបិទផ្លូវ ឬធ្វើសកម្មភាពអ្វីដែលបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា មានប្រសាសន៍ថា ថៅកែរោងចក្រទាំងអស់ក្នុងខេត្ត បានអនុញ្ញាតឲ្យកម្មករកម្មការិនីឈប់សម្រាកបណ្ដោះអាសន្ន ដោយមិនកំណត់រយៈពេល គឺរង់ចាំស្ថានការណ៍នយោបាយស្ងប់ស្ងាត់បន្តិចសិន៖ «មិនមែនតែនៅរោងចក្រយើងទេ នៅភ្នំពេញជាង ៧០រោងចក្រឯណោះ ហើយនៅបាវិត អ៊ីចឹងអានេះជាបញ្ហានយោបាយ ពួកគណបក្សសង្គ្រោះជាតិ វារុញទេ ហើយគោលការណ៍ពីលើហ្នឹង គឺយើងអត់ទៅដោះស្រាយអីចេញទេ អ៊ីចឹងមានតែឲ្យសម្រាកសិន រង់ចាំយើងធ្វើរបាយការណ៍ទៅលើ ហើយខាងលើមានវិធានការយ៉ាងម៉េច»។
លោកបញ្ជាក់ថា នៅក្នុងចំណោមរោងចក្រចំនួន១២ នៅទូទាំងខេត្តកំពង់ឆ្នាំង មានរោងចក្រចំនួន៥ ត្រូវបានក្រុមសហជីព និងកម្មករមួយចំនួន អុកឡុកទៅតាមទំនោររបស់អ្នកនយោបាយគណបក្សប្រឆាំង។ ក្រុមកម្មករកម្មការិនីទាំងអស់ បានរសាយការតវ៉ារបស់ខ្លួននៅម៉ោងប្រហែលជា ១២ថ្ងៃត្រង់ នៅខាងមុខរោងចក្រ ត្រី ប៉ុស ស្ថិតនៅឃុំឈូកស ស្រុកកំពង់ត្រឡាច ដោយពុំមានថៅកែ ឬតំណាងក្រុមហ៊ុនណាម្នាក់ចេញមកចរចាជាមួយឡើយ។
នៅរសៀលថ្ងៃដដែលនេះ ក្រុមកម្មករនៅរោងចក្រ អឹម.វេ (MV) ប្រមាណជា ៥ពាន់នាក់ ក៏មានការងើបឡើងតវ៉ាដូចគ្នានេះដែរ។ សកម្មភាពតវ៉ារបស់ក្រុមកម្មករនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែធ្នូ នេះ គឺពុំមានការប៉ះទង្គិចជាមួយនឹងកម្លាំងសមត្ថកិច្ចឡើយ ក៏ប៉ុន្តែគេឃើញមានសមត្ថកិច្ចចម្រុះជាច្រើននាក់ឈរឃ្លាំមើល និងជួយសម្រួលចរាចរណ៍ដល់ក្រុមកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា?
- ក្រសួងការងារអំពាវនាវឲ្យកម្មករបន្តប្រក្រតីភាពការងារផលិតកម្ម
- ជនរងគ្រោះដីធ្លីនៅភ្នំពេញបន្តតវ៉ាមុខសាលារាជធានី
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
- មនុស្សរាប់ម៉ឺននាក់ចូលរួមហែក្បួនជាមួយបក្សសង្គ្រោះជាតិ
- ការតវ៉ារបស់អតីតអ្នកបឹងកក់ក្លាយជាអំពើហិង្សា
- កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ
- មេដឹកនាំសហជីពនឹងដឹកនាំមហាបាតុកម្មនៅចុងខែធ្នូតវ៉ារឿងប្រាក់ខែកម្មករ
- គ្រូពេទ្យអំពាវនាវឲ្យបាតុករសង្គ្រោះជាតិរក្សាអនាម័យ
អស់លោកបណ្ឌិត ដល់ពេលលោក ផ្តល់គំនិតថាតើធ្វើយ៉ាងមេច ដើម្បីអោយមានតុល្យភាព???