គ្រិស្ត​បរិស័ទ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នៅ​រាជធានី​ភ្នំពេញ

ពិធី​បុណ្យ​គ្រីស្ទម៉ាស (Christmas) ឬ​បុណ្យ​ណូអែល (Noel) បាន​មក​ដល់​ទៀត​ហើយ។ នៅ​រៀង​រាល់​ដើម​ខែ​ធ្នូ ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ចាប់​ផ្ដើម​ប្រារព្ធ​ជា​បន្តបន្ទាប់ ដើម្បី​អបអរ​សាទរ​ថ្ងៃ​កំណើត​ព្រះយេស៊ូវគ្រីស្ទ និង​យក​ឱកាស​ជូន​ពរ និង​ជូន​កាដូ​អនុស្សាវរីយ៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ដោយ ខែ សុណង
2013-12-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល ៦១០
ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល នា​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Khe Sonorng

«សំឡេង​ច្រៀង ហេភី ប៊ឺសដេ Happy birth day…!»

នេះ គឺ​ជា​ការ​ច្រៀង​អបអរ​សាទរ​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល នៅ​ក្នុង​ព្រះវិហារ​ជីវិត​ថ្មី នៅ​រាជធានី​ភ្នំពេញ។

ដើម្បី​ចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នេះ នៅ​ប្រទេស​កម្ពុជា មិន​ថា​តែ​អ្នក​ជឿ​លើ​ព្រះយេស៊ូវ ដែល​គេ​ធ្វើ​នៅ​តាម​ព្រះវិហារ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​តាម​សាលា​ឯកជន ក្រុមហ៊ុន ផ្សារ​ទំនើប និង​ហាង​លក់​ដូរ​នានា ក៏​ត្រូវ​បាន​គេ​តុប​តែង​ដើម​ឈើ​ស្រល់​យ៉ាង​ធំ​តាំង​លំអ និង​មាន​ដាក់​តាំង​កាដូ​ជា​ច្រើន និង​ខ្លះ​មាន​ចាក់​បទ​ចម្រៀង​ចាក់​ភ្លេង​លាន់​ឮ​រំពង ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​លក់​បញ្ចុះ​តម្លៃ​ទៀត​ផង។

«សំឡេង​ចម្រៀង Jingo bel»

ឱកាស​មួយ​ខែ​ពេញ​នៅ​អំឡុង​ខែ​ធ្នូ សម្រាប់​ប្រទេស​អឺរ៉ុប គេ​តែង​ឈប់​សម្រាក​ពី​ការងារ ដែល​គេ​ហៅ​ថា វ៉ាកង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ហូលីដេ (Holiday) វេលា​ឈប់​សម្រាក​នេះ​ហើយ​ដែល​អាច​ឲ្យ​ពួក​គេ​ជួប​ជុំ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ជិត​ឆ្ងាយ ទទួល​ទាន​អាហារ​រួម​គ្នា និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ប៉ុន្តែ សម្រាប់​គ្រីស្ទាន (Christian) ឬ​អ្នក​មាន​ជំនឿ​លើ​ព្រះយេស៊ូវ វិញ ការ​ជូន​កាដូ​គ្នា​នេះ​មាន​អាថ៌កំបាំង​មួយ មាន​អត្ថន័យ​សម្រាប់​ពិធី​បុណ្យ​នេះ។

ប្រធាន​ការងារ​មហាវិទ្យាល័យ​នៃ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ លោក រ័ត្ន ប៊ុនសំ ឲ្យ​ដឹង​ថា ក្រុម​អ្នក​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស គឺ​ជា​ថ្ងៃ​រំលឹក​ពី​កំណើត​របស់​ព្រះ​ដែល​បាន​យាង​មក​ប្រសូត​លើ​ផែនដី ដែល​ជា​កាដូ​សង្គ្រោះ​មនុស្ស​កាល​ពី​ជាង ២​ពាន់​ឆ្នាំ​មុន៖ «ទាក់ទង​នឹង​អំណោយ គឺ​គេ​បង្ហាញ​អំពី​ការ​យាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ​ហ្នឹង គឺ​ជា​អំណោយ​ដែល​ព្រះ​បាន​ប្រទាន​មក​ដល់​មនុស្ស​នូវ​សេចក្ដី​សង្គ្រោះ ដែល​ជា​អំណោយ​មួយ​ដ៏​ធំ តាម​អង្គ​ព្រះយេស៊ូវគ្រីស្ទ​ហ្នឹង។ ដូច្នេះ​ហើយ បាន​ជា​រាល់​ពេល​បុណ្យ​ណូអែល គឺ​គេ​ជូន​អំណោយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រំលឹក​អំពី​ការ​អោយ​ដែល​ព្រះ​បាន​ឲ្យ​អំណោយ​ដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល»

នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​កត់ត្រា​ថា មាន​ប្រព្រឹត្តិការណ៍​នៅ​ភូមិ​បេថ្លេហ៊ឹម ក្នុង​ស្រុក​យូដា ប្រទេស​អ៊ីស្រាអែល ដោយ​ទេព្ដា​បាន​លេច​មក​ប្រាប់​ដល់​អ្នក​គង្វាល​ហ្វូង​ចៀម​នៅ​ពេល​រាត្រី​ត្រជាក់ ថា​នឹង​មាន​អង្គ​រាជ​បុត្រា​មួយ​អង្គ​ព្រះនាម ព្រះយេស៊ូវគ្រីស្ទ យាង​មក​ប្រសូត​លើ​ផែនដី​នេះ សម្រាប់​ជួយ​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប ដែល​ជា​អំណោយ​របស់​ព្រះ​សម្រាប់​មនុស្ស។

«ចម្រៀង Oh holy night»

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នេះ គេ​តែង​តែ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភ្ជាប់​ទៅ​ឆ្នាំ​ថ្មី​ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

«ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស»

អ្នកស្រី មាស ណារ៉ាន់ ជា​គ្រីស្ទបរិស័ទ​ម្នាក់​នៅ​ភ្នំពេញ បាន​ថ្លែង​ថា ឲ្យ​តែ​ដល់​ពេល​ពិធី​បុណ្យ​គ្រីស្ទម៉ាស​ម្ដងៗ អ្នកស្រី​មាន​ក្ដី​អំណរ​ខ្លាំង​ណាស់។ សម្រាប់​បុណ្យ​គ្រីស្ទម៉ាស​ឆ្នាំ​២០១៣ នេះ អ្នកស្រី​បន់ស្រន់​សុំ​ឲ្យ​ប្រជាជន​កម្ពុជា បាន​ទទួល​សេចក្ដី​សុខ​សន្តិភាព​របស់​ព្រះ៖ «អរគុណ​ព្រះអង្គ​ខ្ញុំ និង​ក្រុម​ស្ត្រី​ទាំងអស់ ចង់​បាន​ឆ្នាំ​ថ្មី​នេះ ដើម្បី​បង្កើត​សិស្ស ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ចង់​ឃើញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅ​ពេល​កំណើត​អង្គ​ព្រះយេស៊ូវគ្រីស្ទ​នេះ ក្នុង​ព្រះពរ​ព្រះ​គុណ​របស់​ព្រះ»

នាង​ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​លោក​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ទាំងអស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្ដី​សុខសាន្ត សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

សួស្ដី​គ្រីស្ទម៉ាស!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "គ្រិស្ត​បរិស័ទ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នៅ​រាជធានី​ភ្នំពេញ"

  1. Masterking says:

    Praise the Lord and thank God to see my people come to know Lord Jesus and celebrate His birthday. This is a sigh of Peace and Joy in this small country.