តើ​ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ឬ​យ៉ាង​ណា?

ប្រទេស​កម្ពុជា ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹក​នាំ​ប្រទេស គឺ​នៅ​ក្នុង​របប​ដឹក​នាំ​សម័យ​សង្គម​រាស្ត្រ​និយម ដែល​លោក​នាយក​រដ្ឋមន្ត្រី លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ទសវត្ស​ឆ្នាំ​១៩៧០។

ដោយ ទីន ហ្សាការីយ៉ា
2013-12-25
RFA

បាតុករ សង្គ្រោះ​ជាតិ ៦១០
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​ទៅ​កាន់​បាតុករ​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Mom Sophon

តើ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ ជា​ការ​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ពី​តួនាទី​ពិត​មែន​ឬ​យ៉ាង​ណា?

សន្ទុះ​មហា​ជន​ចូល​រួម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ឬ​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​នោះ។

ការ​ធ្វើ​បាតុកម្ម​នេះ បាន​លាន់​ឮ​សំឡេង​សុំ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ទៅ លោក ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ ទាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​ពេល​ហែ​ក្បួន​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ។

«សំឡេង​ស្រែក»

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​ញត្តិ​គាំទ្រ​ប្រសាសន៍​របស់ លោក ហ៊ុន សែន ដែល​លោក​បាន​បដិសេធ​ចំពោះ​ក្រុម​បាតុករ​ថា លោក​មិន​លាលែង​ពី​តួនាទី​នោះ។ ហើយ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​សកម្មភាព​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ លោក ហ៊ុន សែន ដោយសារ​គណបក្ស​នេះ​បាន​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​នោះ។

នៅ​ក្នុង​ញត្តិ​ដែល​ចុះ​ហត្ថលេខា​ចំនួន ៥៤​រូប របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ នោះ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ជា​រឿង​ខុស​ច្បាប់ និង​ជា​សកម្មភាព​គ្មាន​សីលធម៌។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ និង​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​ជា​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ឡើយ។

ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ជា​ទង្វើ​ស្រប​ច្បាប់ ដែល​មាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ មិន​មែន​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទេ ពីព្រោះ​ថា ការ​ធ្វើ​រដ្ឋ​ប្រហារ​លុះត្រា​ណា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​ត​ទល់​ជាមួយ​កង​កម្លាំង​របស់​រដ្ឋាភិបាល។

«សំឡេង»

ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​គណបក្ស​ប្រឆាំង​នេះ មិន​មែន​អាច​ឲ្យ​កម្ពុជា វិល​ជាន់​ដាន​ប្រវត្តិសាស្ត្រ​នា​សម័យ​សង្គម​រាស្ត្រ​និយម ដែល លោក​សេនា​ប្រមុខ លន់ នល់ បាន​ដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ ព្រះករុណា​សម្ដេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០។

សម្រាប់​ស្ថានការណ៍​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អ្នក​ច្បាប់​បាន​លើក​ឡើង​ថា មិន​មែន​ជា​សកម្មភាព​ធ្វើ​ឲ្យ​កម្ពុជា វិល​មក​រក​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​នោះ​ទេ ប៉ុន្តែ​សកម្មភាព​នេះ​ជា​ចលនា​មហា​ជន​ក្នុង​ការ​ប្រើប្រាស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រក​យុត្តិធម៌​ពិត​ប្រាកដ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឧទាហរណ៍​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នោះ គឺ​ការ​ធ្វើ​រដ្ឋ​ប្រហារ​កើត​ចេញ​ពី​កងទ័ព ដែល​ភាគី​ទាំង​សង​ខាង​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្វើ​ឲ្យ​អធម្មនុញ្ញ​ភាព ពីព្រោះ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ធ្វើ​បាតុកម្ម គឺ​បាតុករ​មាន​សិទ្ធិ​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ មិន​មែន​ធ្វើ​សកម្មភាព​ដូច​គណបក្ស​ប្រឆាំង​កំពុង​តែ​ធ្វើ​នេះ​ទេ។

«សំឡេង»

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ត្រូវ​បាន​អ្នក​វិភាគ​អះអាង​ថា កើត​ចេញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​បញ្ហា​វិបត្តិ​សង្គម​ជាច្រើន​កើត​មាន​នៅ​ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់ លោក ហ៊ុន សែន ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដីធ្លី ភាព​ឥត​ការងារ​ធ្វើ ប្រាក់​ខែ​របស់​កម្មករ មន្ត្រី​រាជការ​ចាយ​មិន​គ្រប់ ហើយ​ទំនិញ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​ជាដើម។

នៅ​ថ្ងៃ​ទី​២៥ ធ្នូ ដែល​ជា​ថ្ងៃ​ទី​១១ នៃ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​មាន​កម្មករ​រោងចក្រ​ជាច្រើន​ម៉ឺន​នាក់​បាន​ចូល​រួម​ធ្វើ​បាតុកម្ម និង​ហែ​ក្បួន​តាម​ផ្លូវ ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​ចុះ​ចេញ​ពី​តំណែង​ក្ដី។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន ព្រមាន​ចំពោះ​ការ​ធ្វើ​បាតុកម្ម និង​បាត​ដៃ​ទី​បី​ក្នុង​ការ​ទប់​ទល់​ក៏ដោយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច ពន្យល់​ថា ការ​ព្រមាន​របស់ លោក ហ៊ុន សែន ចំពោះ​ការ​ប្រើប្រាស់​បាត​ដៃ​ទី​បី​នេះ មិន​មែន​យក​បន្លា​ជួស​បន្លា​ទេ តែ​លោក​បារម្ភ​ថា​នឹង​មាន​ក្រុម​ណា​មួយ​មក​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច​ការពារ​បាតុកម្ម ហើយ​រដ្ឋាភិបាល​យក​បញ្ហា​នេះ​ជា​លេស ដើម្បី​បញ្ជា​ឲ្យ​បង្ក្រាប​ក្រុម​បាតុករ។

«សំឡេង»

មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មាន​តួនាទី​អនុវត្ត​ច្បាប់ ការពារ​ក្រុម​បាតុករ និង​ការពារ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា កង​កម្លាំង​សមត្ថកិច្ច​មិន​បង្ក្រាប​បាតុករ​ទេ ដរាប​ណា​បាតុករ​មិន​បង្ក​អសន្តិសុខ​សង្គម។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​ច្បាប់ និង​អ្នក​វិភាគ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​កើត​ឡើង នៅ​ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ធ្នូ នេះ ពីព្រោះ​កម្ពុជា មាន​បទ​ពិសោធន៍​នេះ​ស្រាប់ នៅ​ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​នៅ​ក្រៅ​ប្រទេស ហើយ​សកម្មភាព​បង្ក្រាប​បាតុករ​កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​មនុស្ស​របួស និង​ស្លាប់​ជាច្រើន​នាក់។

ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ស្ថានភាព​នយោបាយ​តឹងតែង​បែប​នេះ មិន​មាន​ន័យ​ថា គ្មាន​ដំណោះស្រាយ​នយោបាយ​នោះ​ទេ។ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បាន​ផ្ដល់​អនុសាសន៍​ចំនួន ៤​ចំណុច រួម​មាន ទី​១ ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ក្នុង​ការ​កោះ​ហៅ​អ្នក​ជំនាញ​មក​ដោះស្រាយ​ទំនាស់​វិបត្តិ​នយោបាយ និង​ផ្ដល់​អនុសាសន៍​ឲ្យ​គណបក្ស​ទាំង​ពីរ។ ទី​២ គណបក្ស​ទាំង​ពីរ​ធ្វើ​សំណើ​ទៅ​អង្គការ​សហប្រជាជាតិ ធ្វើ​ការ​សម្របសម្រួល ឬ​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ទី​៣ អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស វិល​ទៅ​កាន់​តុ​ចរចា​បន្ត និង​ទី​៤ អ្នក​នយោបាយ​គិត​ថា​ស្រឡាញ់​ប្រជាពលរដ្ឋ និង​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​មែន​នោះ គឺ​ត្រូវ​ធ្វើ​ប្រជា​មតិ​ប្រជាពលរដ្ឋ ហើយ​គោរព​ទៅ​តាម​មតិ​ភាគ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "តើ​ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ឬ​យ៉ាង​ណា?"

  1. Phoung Tran says:

    Coup Détat? No arms, no army, no police, no military police. The Armed Forces are controlled by the CPP! It is a funny accusation!!!

  2. Basac says:

    ប្រសិនបើគេចោទប្រកាន់ថាការធ្វើបាតុកម្មអហិង្សានេះជាការធ្វើរដ្ឋប្រហារនោះការចោទនេះគ្មានធាតុផ្សំណាមួយគួរឲ្យជឿទេ ទោះបីជាក្មេងមិនទាន់ចេះនិយាយក៏មិនជឿដែរ។
    ដូចករណីចោទប្រកាន់ប្រជាជន​និងលោកម៉ម សូណង់ដូថា​បានធ្វើអបគមនៅភូមិប្រម៉ា ខេត្តក្រចេះដែរ។ ប្រជាជនមានតែស្នារព្រួញសំរាប់បាញ់សត្វតែបែរជាគេ​យកវត្ថុទំាងនេះជាវត្ថុតាងក្នុងការចោទប្រកាន់ពីបទធ្វើអបគម។​តើប្រជាជនខ្មែរ​ ជនជាតិបរទេស ជឿទេ?????

  3. Kon Khmer says:

    ខ្ញុំឆ្ងល់ដែរ ចំណេះដឹងសុទ្ធតែថ្នាក់បណ្ឌិតម្នាក់ៗ តែគ្រាន់តែពាក្យថា រដ្ឋប្រហារ ឥតយល់ដែរ!ចឹងខំធ្វើជាតំណាងរាស្រ្តធ្វើអី បើល្ងង់ម្លឹងៗ…!ពាក្យថា រដ្ឋប្រហារ ទាល់តែប្រើប្រាស់កំលាំងប្រដាប់អាវុធ បង្ខំអោយនរណាម្នាក់ចុះពីតំណែង…ចុះបាតុកម្មបក្សសង្រ្គោះជាតិ គេបាតុកម្មអោយសើុបអង្កេតការបោះឆ្នោតដោយឋករាជ្យ លោកឋងមិនព្រម…ក្រោយមកគេចរចារអោយមានតុល្យភាពអំនាច លោកឋងមិនព្រម…មិនទាន់មានឋកភាពជាតិផង លោកឋងបង្កើតសភាឋកបក្ស ដែលជាការរំលោភលើរដ្ឋធម្មនុញ្ញគឺស្មើនឹងរដ្ឋប្រហារធម្មនុញ្ញ( ដែលរដ្ឋធម្មនុញ្ញ តំរូវអោយប្រជុំសភាដំបូង ត្រូវមានសភាជិកយ៉ាងតិច១២០រូប)….ដល់តវ៉ា ទាមទារអ្វីក៏មិនព្រម គឺត្រូវតែមានកំលាំងមហាជនឥចឹងហើយ…បើអ្នកឋងយកបាតដៃទី៣បង្រ្កាប គឺអ្នកឋងជាជនផ្តាច់ការ ថ្ងៃក្រោយវាសនាអ្នកឋងមិនខុសពី នួន ជា,ខៀវ សំផន,អៀង សារី…ហើយនឹងដូចមេដឹកនាំផ្តាច់ការលើលោក ដូចជា សាដាម ហ៊ូសេន,ហ៊ូស្នី មូបារ៉ាក់,កាដាហ្វី….ថ្ងៃក្រោយ កិត្តិយស កេរ្តិ៍ឈ្មោះលោកឋង ស្អុយអាសោចន៍ ហើយក្ូនចៅផៅសណ្តានអ្នកឋងនឹងងើបមុខមិនរួចទេ អាចប្រឈមនឹងការកាត់ទោសផងដែរ។
    ចូរលោកខំកសាងនូវអំពើល្អអោយបានច្រើន ព្រោះទង្វើកន្លងមក លោកធ្វើអវិជ្ជមាន ច្រើនមែនទែន…ទង្វើលោកឋងកសាងកន្លងមកនេះគឺប្រជាភិថុតច្រើនណាស់ មិនធ្វើដោយសុទ្ធចិត្តទេ…ហើយការកសាងនេះមិនសមមូលនឹងលុយលោកខ្ចីពីបរទេសសោះឡើយ…!
    សូមលោកពិចារណាឡើងវិញ កុំស្តាប់តាមជនឡេមឡឺម ឋមអបច្រើនពេក…លោកមិនមែនជីវិតអមត:ទេ…!
    លោកត្រូវដឹងថា ទូកទៅ កំពង់នៅ…!!!

  4. Basac says:

    ក្នុងនាមកូនខ្មែរដែលគ្មានសញ្ញាប័ត្របណ្ឌិត សូមជូនគំនិតមួយដល់ថ្នាក់ដឹកនាំ

    ថា ការធ្វើកំណែទម្រង់ស៊ីជម្រៅ គឺគួរចាប់ផ្តើមពិនិត្យមើលអ្នកដែលឲ្យបល់នៅក្បែរខ្លួន

    លោកជាមុនសិន ថាតើអ្នកទាំងនោះដែលធ្លាប់ផ្តល់យោបល់​បានផ្តល់ប្រយោជន៏អ្វីខ្លះដល់លោក

    ដល់រដ្ឋាភិបាលលោក គណៈបក្សលោក​ ឬអ្នកទំាងនោះបានជួយបង្ហិនបង្ហោចលោកទៅវិញ?????

  5. anonymous says:

    coup ? only hun-sen used force tokill khmer and stealing votes .dictator will not accepted in the future ,people hate dictator

  6. តើ​ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ឬ​យ៉ាង​ណា? គឺចេងមែន

  7. bol says:

    ទង្វើបែបនេះ ជាអ្វី? តើល្មមជាប់ការចោទប្រកាន់ ដើម្បីវ៉ៃខ្នោះ ឬនៅ? គួរហើយ!

  8. United Khmer says:

    Phay Siphan should go back to the United States and learn more about Democray before honestly serving Cambodia, or go to VN or China and live their if he loves communist.