Wednesday, 25 December 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អតីតប្រជាសហគមន៍ បឹងកក់ ដែលទទួលយកសំណងហើយមកពីបុរីសន្តិភាព ២ ស្ថិតនៅក្នុងភូមិ ដំណាក់ត្រយឹង រួមទាំងបណ្តាញព្រះសង្ឃឯករាជ្យប្រមាណជា ១០០ អង្គ-នាក់ បានបន្តការតវ៉ា បិទផ្លូវមុខសាលារាជធានីភ្នំពេញទៀត ដើម្បីទាមទារឲ្យអភិបាល រាជធានីភ្នំពេញ ផ្តល់ប្រាក់សំណងបន្ថែមនិងជួយដោះស្រាយទៅតាមការសន្យារបស់ខ្លួន មុនពេលបោះឆ្នោត ដូចដែលគ្រួសារនីមួយៗ បានបំពេញនៅក្នុងសាលាកបត្ររួចហើយ។
ការតវ៉ានៅព្រឹកថ្ងៃនេះ មិនទាន់ឃើញមានការប៉ះទង្គិចជាមួយនឹងក្រុមសមត្ថកិច្ចនៅឡើយទេ ខណៈដែលកាលពីម្សិលមិញ មានការប៉ះទង្គិចមួយប្រាវបណ្តាលឲ្យសន្លប់ម្នាក់ របួស៤នាក់ និងខូចខាតសម្បត្តិសាធារណៈមួយចំនួនទៀត ហើយនិងកាលពីម្សិលម្ង៉ៃ មានការដុតកង់ឡាននៅខាងមុខសាលារាជធានីភ្នំពេញ ដោយមានទាំងសំឡេងទូងស្គរនិងវាយឆ្នាំងអមជាមួយផង។
សូមរំឭកថា កាលពីឆ្នាំ ២០០៧ រដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន វិនិយោគលើគម្រោង បឹងកក់ ចំនួន ៧៩ លានដុល្លារ រយៈពេល ៩៩ ឆ្នាំលើផ្ទៃដី ១៣៣ ហិកតា បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាង ៤២០០ គ្រួសារ រស់នៅក្នុងតំបន់ បឹងកក់ នេះ ហើយរហូតមកដល់បច្ចុប្បន្នពលរដ្ឋតវ៉ាស្វែងរកដំណោះស្រាយនៅពុំទាន់ ចប់នៅឡើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សនានា បានថ្លែងថា ប្រជាពលរដ្ឋ បឹងកក់ ភាគច្រើនត្រូវបានអាជ្ញាធរបង្ខំឲ្យចេញពីផ្ទះ ដោយទទួលសំណងមិនសមរម្យ ហើយនៅសល់ជាង ៧០ គ្រួសារ បានតស៊ូក្រាញននៀលមិនព្រមចាកចេញមកទល់សព្វថ្ងៃនេះ៕
you are great !!!!