ដោយ៖ តាំង វីដា
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

អ្នកបឹងកក់ប្រមាណជា១០០នាក់ បិទផ្លូវនៅខាងមុខសាលារាជធានីភ្នំពេញ ដោយទាមទារឲ្យមានដំណោះស្រាយរឿងបណ្តេញចេញ / រូបថតដោយតាំង វីដា
ប្រជាសហគមន៍បឹងកក់ប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃពុធនេះ ចាប់ផ្តើមបិទផ្លូវមុខសាលារាជធានីភ្នំពេញ រហូតមកដល់ម៉ោងជាង១០នេះ ដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។
បឹងកក់ពីរក្រុមដែលបានតវ៉ារួមគ្នា គឺប្រជាសហគមន៍ដែលទទួលបានសំណងហើយ និងប្រជាសហគមន៍ដែលមិនទាន់ទទួលបានសំណង។ ប្រជាសហគមន៍ដែលទទួលសំណងហើយ ទាមទារសំណងបន្ថែមទៀត ដោយពួកគេអះអាងថា សំណងដែលក្រុមហ៊ុន បង្ខំឲ្យពួកគេទទួលពីមុននោះតិចតួចមិនសម និងតម្លៃដី។ ចំណែកប្រជាសហគមន៍ ដែលមិនទាន់ទទួលសំណងទាមទារឲ្យអាជ្ញាធរពន្លឿនការវាស់វែងដី ផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់ ដើម្បីជៀសវាងការបណ្តេញចេញដោយបង្ខំទៀត។
អ្នកបឹងកក់ ព្រមានថា ពួកគេនឹងបិទផ្លូវជារៀងរាល់ថ្ងៃ ដើម្បីជំរុញឲ្យមានដំណោះស្រាយ។ ពួកគេ បានតវ៉ាចំនួន៣ថ្ងៃជាប់គ្នាមកហើយ ដោយបិទផ្លូវជាបន្តបន្ទាប់។
ប្រជាពលរដ្ឋអះអាងថា ពួកគេជាង ៣០០០គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋាន បានបណ្តេញចេញ ពីតំបន់បឹងកក់ឲ្យទៅនៅរាយប៉ាយក្នុងខណ្ឌទាំង៩ក្នុងរាជធានី ចាប់តាំងពីឆ្នាំ២០០៨មក ដោយសាលារាជធានីភ្នំពេញ យកដីនៅតំបន់នោះឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោកឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍៩៩ឆ្នាំ ដែលធ្វើឲ្យប៉ះពាល់ពលរដ្ឋនៅតំបន់នោះជាង៤០០០គ្រួសារ៕
សរសេរមកកាន់ លោក តាំង វីដា តាមរយៈvida@vodhotnews.com
មានឃើញអាត្រងោល មកដែរឬទេ? បើឃើញ សូមចាប់ ៤ – ១០ ក្បាល មកប្រដៅធម៌ដល់វាបន្តិចទៅ! ពិសេស គឺនៅពេលដែលវាធ្វើដូចពីម្សិល។