​លោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់ផ្តើម​ដឹកនាំ​បាតុករ ដង្ហែ​ក្បួន​ទៀតហើយ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក កឹម សុខា ឈរនៅលើរថយន្ត តាមក្បួនដង្ហែ នៅរសៀលថ្ងៃពុធនេះ/ញឹម សុខន

លោក កឹម សុខា ឈរនៅលើរថយន្ត តាមក្បួនដង្ហែ នៅរសៀលថ្ងៃពុធនេះ/ញឹម សុខន

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ចាប់ផ្តើម​ដឹកនាំ​ក្រុមបាតុករ​រាប់ម៉ឺន​នាក់​ពី​ទីលាន​ប្រជា​ធិបតេយ្យ នៅម៉ោងជិត៤រសៀលនេះ ដើម្បី​ជំរុញ​ឲ្យមាន​ការបោះឆ្នោ​ត​ឡើងវិញ និង​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​។​

​ការ​ដង្ហែ​ជា​ក្បួន​នេះ ខុស​ពី​ការ​ដង្ហែ​ជា​ក្បួន​សព្វមួយដង ដោយសារ​បាតុករ​ជាច្រើន​ពាន់​នាក់ បាន​ចូលរួម ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ដល់​ទៅ​១៦០​ដុល្លារ បន្ទាប់​ពី​ក្រសួង​ការងារ បានសម្រេច​ដំឡើង​ទៅដល់​៩៥​ដុល្លារ សម្រាប់​ឆ្នាំ​២០១៤​។

​យោងសេចក្ដី​ជូន​ដំ​ណឺង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ការបង្ហាញ​ផែនទី​តម្រាយ​ផ្លូវ​ហែ​ក្បួន សម្រាប់​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ក្បួន​នឹង​ហែ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​៦១ រហូត​ដល់​ផ្លូវ​៤៧ បត់​ឆ្វេង​ឆ្ពោះ​ទៅ​រង្វង់​មូល​ស្តា​ត​ចាស់ (​គល់ស្ពាន់​ជ្រោយចង្វា​) រួច​បត់​ឡើង​ស្ពាន​ជ្រោយចង្វារ តាម​ផ្លូវជាតិ​លេខ ៦​អា រហូត​ដល់​វត្ត​គៀន​ឃ្លាំង បត់​ស្តាំ​ដល់​ផ្លូវលំ បត់​ឆ្វេង​តាមផ្លូវ​មាត់ទន្លេ រហូត​ដល់​វត្ត​វា​រិន្ទ (​វត្ត​ព្រែកលៀប​) បត់​ឆ្វេង​ដល់​ផ្លូវ​ជាតិ​លេខ​៦​អា បត់​ឆ្វេង រហូត​ល់​ស្ពាន​ជ្រោយចង្វា​វិញ បត់​តាម​រង្វង់​មូល​ស្តា​ត​ចាស់ ចូល​មហាវិថី​ព្រះមុនីវង្ស ដល់​កែង​ផ្លូវ ១០៨ បត់​ឆ្វេង​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ​។​

កាលបរិច្ឆេទ មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​

-​លើក​ទី​១៖ ថ្ងៃទី​០៧ ខែ​កញ្ញា មហា​បាតុកម្ម​ដោយ​សន្តិវិធី ទាមទារ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ឯករាជ្យ​មួយ ដោះស្រាយ​ភាព​មិន​ប្រក្រតី​​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

(+​ថ្ងៃទី​៦ ខែ​កញ្ញា សមាជ​មហាជន សម្តែង​មតិ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​)

-​លើក​ទី​២៖ ថ្ងៃទី​១៥ ដល់​ទី​១៧ ខែ​កញ្ញា មហា​បាតុកម្ម ទាមទារ​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ​មួយ ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការ​បោះ​ឆ្នោត សមត្ថកិច្ច និង​អ្នកដំណើរ ប៉ះទង្គិច​គ្នា ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ បុរស​ម្នាក់​ស្លាប់ និង​ជាង​២០​នាក់​រងរបួស​។​

-​លើក​ទី​៣៖ ថ្ងៃទី​២៣ ដល់​ទី​២៥ ខែតុលា មហា​បាតុកម្ម ដង្ហែ​ញត្តិ​ទៅកាន់​UN ប្រទេស​មហាអំណាច និង​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​​ប៉ារីស ដើម្បី​ជំរុញ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​

-​លើក​ទី​៤៖ ថ្ងៃទី​១០ ខែ​ធ្នូ ទិវា​សិទ្ធិមនុស្ស មហា​បាតុកម្ម ទាមទារ​រក​យុត្តិធម៌​ជុំវិញ​ការបោះឆ្នោត និង​វែក មុខ​ឃាតករ​ពិត ករណី​សមត្ថ​កិច្ច​​ប្រើ​ហិង្សា​បង្ក្រាប​ពលរដ្ឋ​នៅ​ស្ពាន​ស្ទឹងមានជ័យ​

-​លើក​ទី ៥៖ ថ្ងៃទី​១៥ ខែ​ធ្នូ រហូតមក​ទល់​បច្ចុប្បន្ន មហា​បាតុកម្ម ទាមទារ​ការបោះឆ្នោត​ឡើងវិញ និង​ផ្លាស់ប្តូរ​អ្នកដឹកនាំ​

​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ​sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "​លោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់ផ្តើម​ដឹកនាំ​បាតុករ ដង្ហែ​ក្បួន​ទៀតហើយ​​"

  1. CHEA says:

    MORE AND MORE CORRUPTION ARE FOUNED.ALL FUCTORIES WORKERS ARE JOIN WHIT CRNP TO PROTEST AND KIKING Mr HUN SEN OUT OF POWERS.AND POEPLES FROM LAND GRAB BY Mr SRONG MAN ARE COMING TOO. THIS SHOWING ME THE LAST OF Mr SRONG MAN HUN SEN RULLING .PEACE TO ALL CAMBODIAN