កម្មករកាត់ដេរជាង១០.០០០នាក់បានចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ។ រីឯកម្មករជាងរាប់ម៉ឺននាក់ទៀតបានបន្ដធ្វើកូដ កម្មនៅតាមរោងចក្រនានានៅទូទាំងប្រទេសបន្ទាប់ពីរដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃអង្គារដំឡើងប្រាក់ខែអប្បបរមាដល់៩៥ដុល្លារ ប៉ុន្តែនៅតែទាបជាងការទាមទាររបស់កម្មករ។
មេដឹកនាំសហជីពឯករាជ្យ និងសហជីពដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងបាននិយាយថារោងចក្រកាត់ដេរជាង១២០នៅក្នុងខេត្តចំនួនប្រាំបានធ្វើកូដកម្មប្រឆាំងនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែអប្បបរមាតែ១៥ដុល្លារនេះ គឺទាបជាង៦៥ដុល្លារពីការទាមទាររបស់កម្មករឲ្យដំឡើងប្រាក់ខែដល់១៦០ដុល្លារ។ថ្វីបើមានការជូនដំណឹងពីក្រសួងការងារមិនឲ្យកម្មករតវ៉ាចំពោះសេចក្ដីសម្រេចនេះក៏ដោយ ក៏មេដឹកនាំសហជីពបានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអង្គារ?អះអាងថា សមាជិករបស់ខ្លួនចំនួន៣០០.០០០នាក់នឹងធ្វើកូដកម្ម ហើយបាននិយាយថា ពួកគេកំពុងរៀបចំធ្វើបាតុកម្មនៅទូទាំងប្រទេសទាមទារឲ្យដំឡើងប្រាក់ខែបន្ថែមទៀត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់កម្មករដែលកំពុងតវ៉ានៅក្នុងក្រុងកំពង់ចាម កាលពីព្រឹកម្សិលមិញ និងដែលបានបិទផ្លូវអស់រយៈពេលកន្លះម៉ោងនៅគល់ស្ពានគីហ្សូណា។
លោក ម៉ន ញឹម ប្រធានសហព័ន្ធសហជីពវាយនភណ្ឌឯករាជ្យកម្ពុជា បានមានប្រសាសន៍ថា សមាជិកសហជីពនេះកំពុងធ្វើកូដកម្មនៅតាមរោងចក្រចំនួន៣៧ក្នុងទីក្រុងភ្នំពេញ ខេត្តព្រៃវែង និងខេត្តកំពង់ចាម។
លោក អ៊ុំ វិសាល មន្ត្រីផ្នែកច្បាប់នៅសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា កម្មករកំពុងធ្វើកូដកម្មនៅរោងចក្រចំនួន១៦ក្នុងទីក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បានមានប្រសាសន៍ថា សមាជិកសហជីពរបស់លោកកំពុងធ្វើកូដកម្មនៅតាមរោងចក្រចំនួន៦៤នៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។
លោក ជា មុនី បានមានប្រសាសន៍ថា “ ខ្ញុំបានទទួលព័ត៌មានពីតំណាងរបស់ខ្ញុំថា កម្មកររាប់ពាន់នាក់កំពុងធ្វើកូដកម្មនៅតាមរោងចក្ររបស់ពួកគេ ហើយអ្នកខ្លះទៀតបានហែក្បួនទៅទីលានប្រជាធិតេយ្យ បន្ទាប់ពីក្រសួងការងារប្រកាសពីការដំឡើងប្រាក់ខែនេះ”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា កម្មករមិនបានធ្វើកូដកម្មដោយស្ម័គ្រចិត្តទេ ប៉ុន្តែត្រូវបានអ្នកញុះញង់បង្ខំឲ្យចេញក្រៅរោងចក្រ។
លោកបានមានប្រសាសន៍អំពីការអំពាវនាវរបស់មន្ត្រីសហជីពឲ្យមានការធ្វើកូដកម្មទូទាំងប្រទេសនេះថា “ ទាំងនេះមិនមែនជាកូដកម្មនោះទេ”។
លោក កែន លូ អះអាងថា “ យើងបានទទួលព័ត៌មានពីរោងចក្រទាំងនោះថា នៅពេលព្រឹកនេះកម្មករមកធ្វើការជាធម្មតា។ តាមពិត ការងាររបស់រោងចក្រត្រូវបានរំខានដោយមនុស្សនៅខាងក្រៅ ដែលបានបំផ្លាញទ្រព្យសម្បត្តិ ធាក់ទ្វារចូលរោងចក្រ និងដេញកម្មករឲ្យចេញពីរោងចក្រ និងមិនឲ្យពួកគេចូលធ្វើការ”។
លោកបានមានប្រសាសន៍ថា “ យើងកំពុងអំពាវនាវឲ្យរដ្ឋាភិបាលការពារកម្មករទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់និយោជក”។
នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកម្សិលមិញ កម្មករដែលធ្វើកូដកម្មបានចាប់ផ្ដើមដើរពីរោងចក្ររបស់ពួកគេនៅជាយក្រុងមកកាន់សួននេះ ដើម្បីចូលរួមជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែលពីរបីរយនាក់ដែលបានបោះតង់នៅក្នុងសួននេះអស់រយៈពេលជាងពីរសប្ដាហ៍មកហើយ។ បន្ទាប់មកកម្មករទាំងនោះបានមកប្រមូលផ្ដុំគ្នាកាន់តែច្រើននៅពេលរសៀល មុនពេលលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងមកដល់។
កម្មករជាច្រើនក្រុមបានហែក្បួនពីរោងចក្រប្រហែល៤០នៅទូទាំងទីក្រុងមកកាន់ទីលានប្រជាធិបតេយ្យ និងត្រូវបានស្វាគមន៍ដោយការស្រែកអបអរសាទរពីក្រុមមនុស្សដែលមានទឹកមុខរីករាយ និងមានចំនួនកាន់តែច្រើនឡើងៗ នៅពេលដែលក្រុមតន្ត្រីនិងអ្នកចម្រៀងគណបក្សសង្គ្រោះជាតិ ផ្ដល់ការកម្សាន្ត។
លោក សម រង្ស៊ី ដើរជាមួយកម្មករពីរបីរយនាក់ពីទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ មកទីលានប្រជាធិបតេយ្យ ដែលនៅទីនោះលោកបានជួបលោក កឹម សុខា នៅម៉ោង៣រសៀល និងបានថ្លែងសុន្ទរកថារយៈពេលខ្លី។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ ខ្ញុំសូមគាំទ្របងប្អូនទាំងអស់ចំពោះការទាមទារប្រាក់ខែ១៦០ដុល្លារ។ ការទាមទាររបស់បងប្អូនត្រឹមត្រូវហើយ”។
លោក សម រង្ស៊ី បានភ្ជាប់ការតវ៉ារបស់កម្មករដើម្បីទាមទារប្រាក់ខែនៅក្នុងវិស័យកាត់ដេរនេះទៅនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ហើយការធ្វើបាតុកម្មនេះ ពេលនេះឈានដល់ថ្ងៃទី១១ហើយ។
លោកបានមានប្រសាសន៍ថា “ កម្មករនៅទូទាំងប្រទេសកំពុងធ្វើបាតុកម្មជាមួយកម្មករនៅក្នុងទីក្រុងភ្នំពេញ ដូច្នេះលោក ហ៊ុន សែន ត្រូវណែនាំម្ចាស់ក្រុមហ៊ុន និងរោងចក្រឲ្យផ្ដល់ប្រាក់ខែដល់កម្មករយ៉ាងហោចណាស់១៦០ដុល្លារ។បើមិនដូច្នោះទេ ហ៊ុន សែន ត្រូវចុះចេញ”។
នៅពេលរសៀល កម្មករទាំងនោះបានចូលរួមនៅក្នុងការស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញ។
មុនម៉ោងបួនល្ងាចបន្តិច កម្មករដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានចាកចេញពីទីលានប្រជាធិបតេយ្យដើម្បីហែក្បួនតាមផ្លូវជាតិលេខ២។
ពេលត្រឡប់មកពីការហែក្បួនរយៈពេលពីរម៉ោងទៅនិងមកពីសង្កាត់ព្រែកលៀបវិញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងមានអ្នកគាំទ្រ១លាននាក់មកចូលរួមធ្វើបាតុកម្មនៅថ្ងៃអាទិត្យ។
លោកបានមានប្រសាសន៍ថា “ នៅថ្ងៃទី២៩ យើងនឹងមានកម្មករ កសិករ និងប្រជាជនគ្រប់ប្រភេទទាំងអស់យ៉ាងហោចណាស់១លាននាក់មកជួបជុំគ្នា។ យើងមិនអាចរារាំងមនុស្សដ៏ច្រើនបែបនេះបានទេ”។
លោកមានប្រសាសន៍ថា “ គាត់ [ លោក ហ៊ុន សែន] ត្រូវប្រុងប្រយ័ត្ន។ ស៊ូណាមិនេះអាចរុញគាត់ឲ្យទៅលង់ទឹកនៅកណ្ដាលមហាសមុទ្រ”។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា មេដឹកនាំគណបក្សប្រឆាំងនឹងចុះទៅតាមរោងចក្រនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមខេត្តនៅថ្ងៃស្អែក ដើម្បីប្រមូលអ្នកគាំទ្រជាកម្មកររោងចក្រកាត់ដេរថែមទៀត។
លោកស្រីបានមានប្រសាសន៍ថា “ យើងចង់ប្រាប់ឲ្យពួកគេដឹងពីអ្វីដែលកំពុងកើតឡើងនៅខាងក្រៅរោងចក្រ ហើយប្រសិនបើអាចធ្វើបាន នឹងនាំពួកគេមកកាន់ទីលានប្រជាធិបតេយ្យ ហើយយើងនឹងមានការជួបជុំគ្នាកាន់តែធំនៅថ្ងៃអាទិត្យ”។
ចាប់តាំងពីរដ្ឋាភិបាលប្រកាសពីផែនការដំឡើងប្រាក់ខែអប្បបរមាចំនួន១៥ដុល្លារនៅឆ្នាំក្រោយ និងដំឡើង៨០ដុល្លារក្នុងរយៈពេលប្រាំឆ្នាំក្រោយទៀតកាលពីថ្ងៃអង្គារ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងមិនឲ្យកម្មករតវ៉ាចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនេះ។
ក្រសួងការងារបានសរសេរក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃអង្គារថា “ ក្រសួងការងារសូមអំពាវនាវដល់កម្មករ និយោជកឲ្យជៀសវាងសកម្មភាពណាមួយដែលអាចជាប់នៅក្នុងកលល្បិចនយោបាយរបស់អ្នកឆ្លៀតឱកាសមួយចំនួន ហើយវាអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន និងផលប្រយោជន៍ជាតិ”។
ការដំឡើងប្រាក់ខែអប្បបរមាសម្រាប់រយៈពេលប្រាំឆ្នាំក្រោយនេះត្រូវបានអនុម័តយល់ព្រមដោយគណៈកម្មការប្រឹក្សាការងារដែលមានតំណាងមកពីរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព។ ក្នុងចំណោមប្រធានសហជីពចំនួនប្រាំពីរនៅក្នុងគណៈកម្មការនេះ ប្រាំនាក់គាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន រីឯពីរនាក់ទៀតមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយទេ។
សហជីពបីដែលគំាទ្រគណបក្សប្រជាជនកម្ពុជា រួមទំាងសហព័ន្ធសហជីពការពារកម្មករកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញបង្ហាញពីការសហការរបស់ខ្លួនជាមួយរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែចំនួន១៥ដុល្លារនេះ។
សហជីពនេះបានលើកឡើងថា “ សហជីពសូមគាំទ្រទាំងស្រុង និងសូមសម្ដែងនូវមោទនភាពចំពោះការខំប្រឹងប្រែងរបស់គណៈកម្មការប្រឹក្សាការងារ និងរដ្ឋាភិបាលដែលបានព្យាយាមដំឡើងប្រាក់ខែឲ្យកម្មករដើម្បីជួយកាត់បន្ថយភាពក្រីក្រ”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។


គេបិតរោងចក្រតែ៣ខែ..អ្នកងាប់មិនមែនរោងចក្រទេ…គឺខ្មែរ..តែម្តង..គេយកកម្មករយួនចូល…
សុំសួរមួយឆ្កែអាខ្វាក់ទាំងឡាយ ។ រោងចក្រចំណាយលើប្រាក់ខែកម្មករ ជាង៣០០លានដុល្លារ ចំណាយលើវត្ថុធាតុដើម ជាង1000លានដុល្លារ តែចំណាយផ្សេងៗ Other Expenses បំរុងទុកជាង2000 លានដុល្លារ ។តើស្អីគេ អាចំណាយផ្សេងៗ Other Expense ??????????????????
THIS GUY COUNTING UP TO FIVE ONLY THAT MEAN NOT ENOUGH SCHOOLING. PLEASE GO BACK TO SCHOOL.IF YOU SAID VEITNAME WILL COME TO WORK IN THE FACTORY IN CAMBODIA.IT MEAN THIS COUNTRY VEITKONG TAKE OVER CAMBODIA ALREADY.PLEASE KICK Mr HUN SEN AND HIS FOLOWERS OUT.TO SAVE THIS COUNTRY FROM VIEITNAM. PEACE FOR ALL CAMBODIAN THANK YOU
យើងគាំទ្រ ដោយសុំឲ្យ GMAC ពិចារណាមើលពីលទ្ធភាពនៃការដក ឬក៏ទុកការវិនិយោគរបស់ខ្លួននៅកម្ពុជានេះ។
យើងនៅតែគិតដល់ជីវភាពរបស់កម្មកររបស់យើងជានិច្ចថា តើបើអត់រោងចក្រទេ គ្នាមានអ្វីសម្រាប់ជីវិតគ្នាទៅទៀត!! តែយើងចង់ឲ្យមានការជជែកគ្នា និងរួមគ្នាដោះស្រាយបញ្ហារួមរបស់យើងនេះ ដោយតម្រូវភាគីម្ខាងៗ យល់ពីការលំបាករៀងៗខ្លួន។ មានន័យថា យើងត្រូវដឹងថា សម្រាប់មនុស្ស ទោះជាប្រាក់ប៉ុន្មាន ក៏វាមិនអាចគ្រប់នឹងចិត្តចង់បាន នោះដែរ ។ ហើយត្រូវដឹងថា គេអាចធ្វើការងារមួយថ្ងៃ មួយខែ អាចទទួលបានកម្រៃមកតម្រូវនឹងទីផ្សារបានដែរ។ ឧទាហរណ៍យើងសួរទៅអ្នកលក់នៅតាមផ្សារវិញថា តើបើគាត់ចំណាយដើមទុនមួយថ្ងៃ ១០០ ដុល្លា គាត់ប្រើកម្លាំងខ្លួនគាត់ផង និងកូនរបស់គាត់ ២ នាក់ថែមទៀត ដើម្បីលក់បបរ ឬបាយ តើគាត់ចំណេញបានប៉ុន្មាន? ហើយបើគិតទៅតាមដើមទុន និងចំនួនមនុស្សចូលរួមការងារវិញ សួរថា តើម្នាក់អាចទទួលកម្រៃប៉ុន្មាន? គាត់ឆ្លើយថា គ្មានទេ គឺបានតែមួយរួចខ្លួនប្រាក់ដើម និងចំណេញតែបានហូបចុកបាយនោះ រួចឲ្យកូនតូចទៅរៀន ២ ឬបីពាន់រៀលទេ។ មានន័យថា ការរកស៊ី ការរកលុយវាលំបាកអញ្ចឹង។ តែចំពោះកម្មករវិញ យើងគិតដោយឡែក ព្រោះថា យើងធ្វើការជាមួយគេ ដោយលកកម្លាំងនិងសមត្ថភាពជំនាញ។ ដូចនេះប្រាក់ដែលផ្តល់ជូន អាចត្រូវវាស់វែងទៅនឹងការចំណាយពេលវេលា និងការខិតខំរបស់កម្មករក្នុងរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ និងសួរថា តើយើងគួរឲ្យប៉ុន្មានទៅ ដើម្បីឲ្យគ្នាអាចរស់បានក្នុងជីវភាពមួយសមរម្យ ។ ពាក្យថា « សមរម្យ » នោះ គឺអ្វី ? សមរម្យ គឺ មិនមែនអាចឲ្យសល់លុយធ្វើអ្នកមាន បាននោះទេ តែត្រូវឲ្យកម្មករម្នាក់ៗ មានលទ្ធភាពអាចបង់ប្រាក់ឈ្នួលបន្ទប់បាន ហើយសល់ពីនោះ គ្នាអាចមានលទ្ធភាពចំណាយលើការហូបចុក ក្នុងមួយពេលប្រហាក់ប្រហែល ៥០០០ រៀល និងត្រៀមលុយកាក់ខ្លះ ក្នុងមួយខែ ប្រហែល ៣ ទៅ ៥ ម៉ឺនរៀលសំរាប់ចំណាយលើការថែទាំសុខភាព និងចំណាយទូទៅ ខ្លះទៅទៀត។ យើងក៏ដឹងដែរថា ដើម្បីឲ្យបានប្រាក់ជាងនេះ រហូត ១៥០ ទៅ ២០០ ដុល្លា ឬក៏ច្រើនជាងនេះ កម្មករត្រូវធ្វើការក្នុងម៉ោងបន្ថែម ក៏បានដែរ។ តែយើងយល់បញ្ហាសុខភាពទៅវិញ គឺធម្មតាការប្រឹងប្រែងនេះ ជួនកាលគ្នាប្រឹងទាំងចិត្ត តែកម្លាំងកាយគ្មានទេ។ ខ្ញុំបានដឹង និងបានឃើញដោយផ្ទាល់ភ្នែកថា ភាគច្រើននៃកម្មករ គ្នាហ៊ានចំណាយហូបបាយមួយពេល យ៉ាងខ្ពស់ ២០០០ រឿលទេ។ ហើយធម្មតាទេ អ្នកលក់ក៏ដូចវនេះដែរ ដើម្បីសម្របនឹងតម្លៃនេះ គឺទាំងម្ហូប បាយ គឺគ្មានរសជាតិ ឬក៏គ្នាត្រូវទិញសាច់ទិញបន្លែយ៉ាងណាឲ្យបានច្រើន តែថោក។ និយាយឲ្យចំ កម្មករម្នាក់ៗ បើយើងបានឃើញ ទើបយើងខ្លោចចិត្តអាណិតគ្នាមែន ព្រោះគ្នាហូបបាយ ដូចជាបាយសម្រាប់សុនខអញ្ចឹង។ ដោយសារការហូបចុកមិនគ្រប់គ្រាន់ កម្មករត្រូវហ៊ឹងត្រចៀក ខ្យល់គ ហើយដែលយើងបានឃើញរឿងនេះ មានច្រើនមកហើយ។
ម្យ៉ាង យើងដឹងថា ភាគច្រើននៃកម្មកររោងចក្រម្នាក់ បើភ្ជាប់ទៅនឹងបញ្ហាគ្រួសារ គឺគ្នាលំបាកណាស់។ មានគ្រសារខ្លះ ដែលមានម្តាយ ឪពុក បង ប្អូន នៅស្រុកស្រែ ៣ ទៅ ៥ នាក់ ពុំមានធ្វើការអ្វីទេ ហើយសង្ឃឹមតែលើកូនស្រីម្នាក់ដែលជាកម្មករនេះ។ ដូចនេះ បន្ទុកលំបាករបស់កម្មករនេះ ត្រូវរំលែកប្រាក់ខែ បន្តិចបន្តួច និងត្រូវប្រឹងធ្វើការមិនដឹងយប់ថ្ងៃ ដើម្បីរកប្រាក់ផ្គត់ដល់គ្រួសារទៀត។ នេះហើយជាបញ្ហា ។ ក្រៅពីនេះ គឺតម្លៃឈ្នួលផ្ទះ ក៏ធ្វើឲ្យកម្មករត្រូវរែកពុនដែរ។ អាជីវករផ្ទះជួល គ្មានអាណិតអ្នកក្រទេ ដោយបន្ទប់មួយអាចសំរាកសមរម្យ ២ នាក់ ជួនគ្មានបន្ទប់ទឹកក្នុងផ្ទះផង គាត់យកថ្លៃយ៉ាងថោកបំផុត ក៏ត្រឹម ៣០ ដុល្លាដែរ។ ក្រៅពីនោះ តម្លៃទឹក និងអគ្គីសនី គាត់យកថ្លៃដែលមិនគួរយកសោះ គឺ ថ្លៃអគ្គីសនីមួយគីឡូវ៉ាត់ម៉ោងអាចពី ២ ទៅ ៣ពាន់រៀល ហើយដែលនៅរាជធានីនេះ តម្លៃដើមអគ្គីសនីតែ ៧២០ រៀល សោះ។ កន្លែងនេះហើយ ដែលយើងត្រូវពិចារណា ថា តើកម្មករលំបាកយ៉ាងម៉េច ហើយយើងអាចនឹងជួយគ្នា ដោយវិធីណា។ តើរដ្ឋាភិបាលមានសិទ្ធិទៅកំណត់តម្លៃឈ្នួលផ្ទះបានឬទេ?
តាមពិតទៅ ក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ដោយសារមូលដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមានព្រំដែន ហើយប្រពន្ធសេដ្ឋកិច្ច មិនមានអ្វីក្រៅពីកសិកម្ម និងសេវាកម្មខ្លះក្នុងជីវភាពចាំបាច់ នោះ វាពិតជាបានបណ្តាលឲ្យមនុស្សពិបាកនឹងមានការងារធ្វើគ្រប់គ្នាណាស់។ ដូចនេះហើយ ទើបរោងចក្រកាត់ដេរ និងរោងចក្រជំនាញផ្សេងៗមួយចំនួននោះ គឺជាផ្នែកសំខាន់មួយនៃចរន្តសេដ្ឋកិច្ចនិងការងារសំរាប់ប្រជាពលរដ្ឋខ្មែរ។
យើងនិយាយបែបនេះ គឺចង់ឲ្យកម្មករ និង ថៅកែត្រូវតែទទួលស្គាល់គ្នាពីផលប្រយោជន៍ និងការលំបាករៀងៗខ្លួន ដើម្បីយើងរួមគ្នារស់នៅក្នុងការងារឲ្យបានសុខសាន្តនឹងគ្នា ដោយមិនត្រូវគាបសង្កត់គ្នា ឡើយ ដោយសកម្មភាពរបៀបបាតុកម្ម កូដកម្ម មិនចូលធ្វើការ ធ្វើឲ្យចរន្តផលិតកម្មរាំងស្ទះ ហើយរោងចក្រត្រូវខាតបង់ ឬសងលុយទៅអ្នកបញ្ជាទិញ។
ចំពោះកម្មករ ក៏ដូច្នេះដែរ! កម្មករត្រូវដឹងថា ទម្រាំម្ចាស់រោងចក្រ គេបើករោងចក្រមួយ អស់ ១ លាន ក៏ដោយ ១០លានក៏ដោយ គឺសុទ្ធជាប្រាក់ ដែលលំបាកនឹងអ្នកនយោបាយណាមានសមត្ថភាព និងមានគំនិតធ្វើបានណាស់។ បងប្អូន គួរតែងាកទៅមើលវិរជនអ្នកស្នេហាកម្មករទៅមើល ថាគាត់ជាអ្នកដឹកនាំ ញុះញង់បងប្អូន តើគាត់មានឲ្យបងប្អូនបង់ប្រាក់ប្រចាំខែឲ្យគាត់ដែរឬក៏អត់? វាអាចថាគាត់មិនយកលុយប្រចាំខែពីបងប្អូនទេ តែគាត់យកឈ្មោះបងប្អូនកម្មករយើង ទៅសុំលុយជំនួយបរទេស មកចាយ ក៏មានដែរ។ នេះជាអាជីវកម្មរបស់ពួកនេះ។
ចុះថៅកែវិញ យ៉ាងណា? ម្ចាស់រោងចក្របានចំណាយប្រាក់មកបណ្តាក់ទុនលើដីខ្មែរ មានទាំងសំណង់ មានទាំងគ្រឿងម៉ាស៊ីននិងបរិក្ខាផ្សេងៗ ដែលមិនអាចរើរុះ វេចខ្ចប់ ឬលក់ចេញទោះថ្ងៃនេះ ឬ ថ្ងៃស្អែកឲ្យទៅគេ ភ្លាមៗ បានទេ។ បើត្រូវបិទរោងចក្រនោះ ថៅកែត្រូវខាតរាប់លានដុល្លា។ ដូចនេះ តែកាលណា គេបើករោងចក្រនៅប្រទេសណា គឺម្ចាស់រោងចក្រ គេមិនចង់ជួបរឿងអាក្រក់ជាមួយកម្មករឡើយ។
តែក្នុងស្ថានភាពដូចប៉ុន្មានខែ និងប៉ុន្មានថ្ងៃចុងក្រោយនេះ វាអាចជាករណីចាប់បង្ខំឲ្យម្ចាស់រោងចក្រ បិទភ្នែកទ្រាំខាតប្រាក់ ដើរចេញពីស្រុកខ្មែរ ដើម្បីបំពេញចិត្តកម្មករខ្មែរ ជាពិសេស បំពេញចិត្តអ្នកនយោបាយខ្មែរមួយក្តាប់ ដែលពូកែញុះញង់នោះ ឲ្យគាត់សប្បាយ ព្រោះគាត់ពូកែធ្វើឲ្យប្រជាជន កម្មករស្រឡាញ់គាត់ គាំទ្រគាត់រហូតវាយបំបែកឆ្នាំងបាយខ្លួនឯង។
ចុងក្រោយនេះ ខ្ញុំសុំដល់សមាគមម្ចាស់រោងចក្រ សូមមេត្តាពិនិត្យថា តើគួរដកការវិនិយោគ ឬក៏ទុក? បើដក លោកក៏ខាតដែរ តែយើងក៏អាចទៅកន្លែងណា ប្រទេសណា ដែលបានសុខក៏ម្យ៉ាង។ តែបើទុក គឺលោកត្រូវប្រឈមនឹងការគម្រាមកំហែងពីក្រុមអ្នកនយោបាយខិលខូច ដែលវាបំពុលបរិយាកាសនៃការងាររបស់អស់លោក ជាមួយនឹងកម្មរ និងបំផ្លាញសេចក្តីសុខរបស់កម្មកររាល់ថ្ងៃ យ៉ាងនេះ ជារៀងរហូត គ្មានថ្ងៃចប់ទេ។
សំណូមពរចុងក្រោយ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ដែលក៏យល់ស្គាល់ពីជីវភាពកម្មករ ខ្ញុំសុំថា គួរតែយើងឯកភាពគ្នា ផ្តល់ប្រាក់ខែគោលឲ្យកម្មកម្នាក់ ១២០ ដុល្លា នៅពេលនេះតែម្តង តើបានឬទេ? ហើយក៏សំណូមពរដល់កម្មករទាំងឡាយ សុំឲ្យមានយល់ដឹងពីការលំបាករបស់ម្ចាស់រោងចក្រផង។ បើបងប្អូនមិនយល់ទេ សូមបងប្អូនសាកទៅលបសួរថៅកែភោជនីយដ្ឋានណាមួយ ទៅ ថាគេលំបាកយ៉ាងម៉េច ទម្រាំបើកភោជនីយដ្ឋាន មួយចិញ្ចឹមកម្មករ ពី ១០ ទៅដល់ ១០០ ឬ ២០០ នាក់។ ភោជនីយដ្ឋានមួយ បានធ្វើឲ្យមនុស្សជាច្រើនក្នុងសង្គមមានការងារធ្វើ គឺតាំងពីកសិករ កម្មករម៉ូតូឌុប រហូតអ្នករត់តុ និងរាប់ទាំងនារីលក់ស្រា ផង។ អ្នកទាំងនោះហើយ ដែលខ្ញុំចាត់ទុកថា ជាអ្នកបានចូលរួមកសាងសង្គមខ្មែរឲ្យរីកចម្រើន។ វាផ្ទុយពីក្រុមអ្នកនយោបាយប្រតិកិរិយា សម រង្ស៊ី និង កឹង សុខា និងពួកមេសហជីពប្រតិកិរិយាខិលខូល យកញើសឈាមកម្មករជាល្បែង តាំងខ្លួនជាអ្នកស្រឡាញ់កម្មករ។
សុំបងប្អូន សួរទៅ លោក អាត់ធុន រ៉ុង ឈុន និងមេបក្សប្រឆាំងទាំងនោះ ថា តើសព្វថ្ងៃនេះ ពួកនេះមានបើករបររកស៊ីអ្វីមួយដែលទាក់ទងនឹងការប្រើកម្លាំងមនុស្ស នៅនឹងផ្ទះឬទេ? ហើយសួរថា បើរោងចក្របិទទ្វារទៅវិញ តើពួកនេះ វាធ្វើយ៉ាងម៉េច ដើម្បីឲ្យបងប្អូនមានការងារធ្វើ។ នៅផ្ទះ សម រង្ស៊ី មានមនុស្សនៅជាមួយដែរ គឺមនុស្សដែលពាក្យថោកទាបរបស់ខ្មែរ គេហៅថា « ខ្ញុំគេ » ។ គ្នាគ្មានសិទ្ធិអ្វីទេ។
បងប្អូន កុំគិតថា ការអួតអាងរបស់សម រង្ស៊ី នោះ វាអាចធ្វើទៅបាន ដោយទាមទាមតម្រូវកម្មករ បានប្រាក់ខែ ៣០០ ដុល្លា នោះ។