ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ក្រសួងការងារ នឹងបើកឲ្យមានការប្រជុំពិភាក្សាឡើងវិញ ករណីដំឡើងប្រាក់ឈ្នួលដល់កម្មករ នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជាការស្វែងរកដំណោះស្រាយ និងធ្វើឲ្យកម្តៅនៃការតវ៉ារបស់កម្មករដែលកំពុងតែពុះកញ្ជ្រោល ថយចុះវិញ ដោយនឹងអនុញ្ញាតឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា(CCU) ចូលរួមផងដែរ។
កាលពីថ្ងៃពុធ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា សហភាពសហជីពកម្ពុជា(CCU) របស់លោក រ៉ុង ឈុន មិនមែនជាសហជីពស្របច្បាប់ ខណៈប្រធានសហជីពនេះ កំពុងប្រមូលផ្តុំកម្មករធ្វើបាតុកម្មទូទាំងប្រទេស ទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ។
កិច្ចប្រជុំពិភាក្សាដំឡើងប្រាក់ឈ្នួល នឹងត្រូវធ្វើឡើងនៅម៉ោង ៣ រសៀល ថ្ងៃទី២៧ ខែធ្នូ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងការងារ បានអញ្ជើញមេដឹកនាំសហជីពកម្មករចូលរួម រួមមានប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ លោក អាត់ ធន់ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជា មុនី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា លោកស្រី ម៉ម ញឹម និង ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រីយ៉ាង សោភ័ណ្ឌ។
លោក រ៉ុង ឈុន ដែលកំពុងដឹកនាំបាតុកម្មរបស់កម្មករក្នុងការទាមទារប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ មានប្រសាសន៍ថា លោកទទួលបានលិខិតកោះប្រជុំពីក្រសួងការងារហើយ។ លោកបន្តថា នៅថ្ងៃសុក្រ ស្អែកនេះ កម្មករ នឹងធ្វើការប្រមូលផ្តុំនៅក្រសួងការងារ និងក្រសួងសង្គមកិច្ច។ លោក ឲ្យដឹងថា កន្លងទៅ ក្រសួងការងារ តែងតែហៅរួមលោកចូលរួមក្នុងការពិភាក្សាពីបញ្ហាការងាររបស់កម្មករ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញផ្សាយកាលពីថ្ងៃពុធ បានសរសេរថា សហជីពរបស់លោក រ៉ុង ឈុន ពុំមាននិតិសម្បទាគ្រប់គ្រាន់ ដើម្បីបានការទទួលស្គាល់តាមផ្លូវច្បាប់ពីក្រសួងនោះទេ ដូច្នេះសហ ជីពនេះមិនស្របច្បាប់ឡើយ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា សហជីពនេះមិនមែនតំណាងឲ្យសំឡេងរបស់កម្មករនោះទេ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីពរបស់លោក បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៦ តែលោកទទួលស្គាល់ថា ក្រសួងការងារ មិនបានចុះបញ្ជីការឲ្យសហជីព ដែលលោកចាត់ទុកថាជាការរើសអើង។ លោកបន្តថា សហជីពការងាររបស់លោក គឺស្របទៅនឹងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ(ILO) ដែលមានកម្មករកំពុងគាំទ្រ។
ក្រសួងការងារ បានប្រកាសឲ្យកម្មករ គោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីដំឡើងប្រាក់ឈ្នូលអប្បបរមា ដែលត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម ៖ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារសម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ដុល្លារទៅ១៥៥ដុល្លារសម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤ ប្រាក់ឈ្នួលត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥ ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
មិនទទួលស្គាល់រុងឈុន ប៉ុន្តែហៅទៅប្រជុំ
This guy is Khmer ‘s Vietminh,
សុំសួរមួយឆ្កែអាខ្វាក់ទាំងឡាយ ។ រោងចក្រចំណាយលើប្រាក់ខែកម្មករ ជាង៣០០លានដុល្លារ ចំណាយលើវត្ថុធាតុដើម ជាង1000លានដុល្លារ តែចំណាយផ្សេងៗ Other Expenses បំរុងទុកជាង2000 លានដុល្លារ ។តើស្អីគេ អាចំណាយផ្សេងៗ Other Expense ??????????????????