Thursday, 26 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទីបំផុតមច្ចុរាជកំណាច តាមពង្រាត់មនុស្សជាទីស្រឡាញ់ និងជាអ្នកមានគុណធំបំផុត ពីបេះដូងពិធីករកាយវិការក្រមិចក្រមើមលោក អ៊ឹង រដ្ឋា ហៅ ទុយ គ្មានក្តីមេត្តា ដោយម្តាយរបស់នាយបានទទួលមរណភាពហើយ កាលពីវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។ ពេលនេះសពត្រូវបានយកទៅតម្កល់នៅវត្តសន្សំកុសល។
ពិធីករដ៏លេចធ្លោប្រចាំស្ថានីយទូរទស្សន៍CTN លោក អ៊ឹង រដ្ឋា ហៅទុយ ជាងពីរឆ្នាំហើយដែលជីវិត នាយ ហាក់ញាំញីដោយវិបត្តិក្នុងជីវិត ទុក្ខជាន់លើទុក្ខ ហើយពេលខ្លះនាយស្ទើរតែបាត់បង់ការងារដែលជាឆ្នាំងបាយនៅទ្រនំ CTN ផងដែរ។ ទុក្ខនេះបានចូលមកញាំញី នាយ គ្រាដែលចំណងស្នេហ៍ជាមួយកូនស្រីសេដ្ឋីដីត្រូវបានដើរដល់ផ្លូវ បំបែក បន្ទាប់ពីចាប់ដៃគ្នាក្រោមអាពាហ៍ពិពាហ៍ផ្អើលអស់មនុស្សមួយ ប្រទេស ក្រោយមកក៏លេចចេញថា ម្តាយជាទីស្រឡាញ់របស់នាយ ទុយ ក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ផងដែរ។
អង្គុយកាន់ទុក្ខនៅមុខ មឈូស និងក្រោយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ រុំក្រណាត់ខ្មៅ ដែលមានសរសេរថា សពអ្នកស្រី នៅ សុភី នាយទុយ បានរៀបរាប់ថា៖«ការទទួលមរណភាពរបស់ម្តាយខ្ញុំ គឺបន្ទាប់ពីបញ្ជូន គាត់ទៅសង្គ្រោះបន្ទាន់ជាថ្មីម្ដងទៀត នៅក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ អស់រយៈពេល២-៣ថ្ងៃ តែស្ថានភាពជំងឺ មិនស្រាកស្រាន្ត ទើបល្ងាចថ្ងៃទី២៤សម្រេចយកគាត់ត្រឡប់មកផ្ទះវិញ»។ លោកបន្តថា៖«ម្តាយខ្ញុំគាត់ផុតដង្ហើមនៅម៉ោង៦និង៣០នាទីល្ងាច នៅលើឡាន ខណៈឡានជិតចូលដល់ផ្ទះហើយនោះ»។
យ៉ាងណា ដំណឹងស្លាប់របស់ម្តាយនាយ មិនត្រូវបានចែកចាយលឿន និងមានមិត្តភក្ដិដឹងច្រើនឡើយ ដោយនាយ ទុយ អះអាងថា៖«សូម្បីតែខ្ញុំក៏មិនបានគិតថា ម្តាយខ្ញុំទៅចោលខ្ញុំដែរនៅថ្ងៃម្សិលមិញនោះ លុះពេលគាត់ផុតរលត់ទៅទៀតនោះ ខ្ញុំក៏មិនបានប្រាប់មិត្តភក្តិ ឬក៏ផុសតាមហ្វេសប៊ុកភ្លាមៗដែរ ទើបតែទៀបភ្លឺទើបខ្ញុំសរសេរសារផុស ហើយក៏មានមិត្តភក្តិមកដែរ។ តែមកដល់ពេលនេះគេដឹងអស់ហើយ»។ ប៉ុន្តែនាយ ទុយ បញ្ជាក់ថា៖«មកដល់ព្រឹកនេះ(ថ្ងៃទី២៥) នៅមិនមានមិត្តភក្តិសិល្បៈគេមកចូលរួមបុណ្យទេ ព្រោះអ្នកខ្លះគេដឹង តែគេមិនទាន់បានមក ចំថ្ងៃបុណ្យគេចេញដើរលេង ប្រហែលជាប់ យប់នេះបែបគេមកច្រើនមើលទៅ»។
នាយ ទុយ បញ្ជាក់ដែរថា៖«សពម្តាយរបស់ខ្ញុំនឹងតម្កល់ទុកធ្វើបុណ្យ លុះដល់ថ្ងៃសុក្រ ទើបធ្វើការបូជា»។
ថ្លែង ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ដោយផ្ទាល់ ពិធីករ លោក អ៊ឹង រដ្ឋា ហៅទុយ បានពោលថា៖«ក្រោយពីម្តាយខ្ញុំធ្លាក់ខ្លួនឈឺ គាត់ដូចជាក្មេងម្នាក់ ដែលចាំបាច់ត្រូវការអ្នកមើលថែ និងផ្តល់កម្លាំងចិត្តគ្រប់ពេល។ រយៈពេល២ឆ្នាំមកនេះ ខ្ញុំព្យាយាមគ្រប់អ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំធ្វើដើម្បីម្តាយខ្ញុំ ពេលនេះគាត់ទៅចោលខ្ញុំជារៀងរហូតហើយ គ្មានថ្ងៃត្រឡប់ តែខ្ញុំក៏អស់ចិត្តដែរ ដែលមានរយៈពេល២ឆ្នាំ»៕

កើតនឹងស្លាប់ជាគូនឹងគ្នាជៀសមឹនផុត……………..ដូច្នេះត្រូវខំធ្វើល្អសន្សំបុណ្យ.
“បុណ្យ”ជាភាសាសំស្ក្រឹត ឯភាសាបាលីថា”ប៉ុញ្ញ” ឯពាក្យសំរាយខ្មែរមានន័យថា:”បំពេញឬការបំពេញ”នូវសេចក្ដីល្អ.
ទៅបារបោកកែវអោយញឹក បានបុណ្យហើយ។សូមអ្នកមីងអញ្ជើញទៅកាន់ទីដ៍សុខ។
ចុះម៉ែវាងាប់មានអីអស្ចារ្យទៅមនុស្សស្លាប់ក្នុងប្រទេសម្តេចមិនផ្សាយដែរទៅ។