ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី30 វិច្ឆិកា 2015, 05:57 PM
http://vodhotnews.com
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះឱ្យដឹងថា លោកនឹងពិគ្រោះយោបល់ជាមួយមេដឹកនាំបក្ស ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា យ៉ាងយូរបំផុតក្នុងសប្តាហ៍នេះ ក្នុងបំណងចរចារកដំណោះស្រាយផ្នែកនយោបាយ។
លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយរវាងមន្រ្តីគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការធ្វើពហិកាមិនចូលប្រជុំសភា ដោយលោកអះអាងថា បញ្ហានយោបាយ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកបន្តថា លោកនឹងពិគ្រោះយោល់ជាមួយប្រធានស្តីទីគណបក្សលោក កឹម សុខា ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយតាមរយៈវប្បធម៌សន្ទនា។
លោកបន្ថែមថា៖ “ជាការពិតប្រសិនបើយើងទទួលបានព័ត៌មានហ្នឹង យើងរៀបចំលិខិតចេញទៅល្ងាចនេះ ឬក៏ស្អែកតែម្តង។ អ្នកសារព័ត៌មាន ប្រសិនបើអត់មានថាគណបក្សប្រជាជនមិនសរសេរលិខិតមក យើងនឹងចាប់ផ្តើមឬ យ៉ាងម៉េច? យើងនឹងចាប់ផ្តើមមុនមិនមានរឿងទាស់ខុសអីទេ ដូចខ្ញុំជម្រាបជូន យើងនឹងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ ជាមួយឯកឧត្តមប្រធានស្តីទីខាងសំឡេងភាគតិច គឺឯកឧត្តម កឹម សុខា មើលពេលវាគាត់សមស្រប ហើយយើងនឹងកំណត់ពេលវាលានោះ ប្រហែលជាក្នុងសប្តាហ៍នេះ។
លោក យ៉ែម បុញ្ញឬទ្ធិ បន្ថែមថារបៀបវារៈនៃការចរចា នឹងយកករណីវាយតំណាងរាស្រ្តពីររូប ការដកតំណែងអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា និងការដកអភ័យឯកសិទ្ធិ និងចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ VOD ថា គណបក្សលោកបើកទ្វារចំហរ រង់ចាំការចរចាជាមួយគណបក្សសង្គ្រោះជាតិ។ តែលោកថា មន្រ្តីគណបក្សប្រជាជនមិនអាចជួបជាមួយបក្សសង្គ្រោះជាតិ ក្នុងសប្តាហ៍នេះបានទេ ដោយអះអាងថា មន្រ្តីខ្លះជាប់រវល់បំពេញកិច្ចការផ្ទៃក្នុង។
លោកបន្តថា៖ “អាហ្នឹងសិទ្ធិបោះគេ គេចង់ដាក់ក៏ដាក់ទៅ មិនដាក់ក៏ហីទៅ ដាក់ក៏បាន មិនដាក់ក៏បាន ប៉ុន្តែគណបក្សប្រជាជន យើងជាប់បំពេញការងារភារៈកិច្ចស្នូលអត់ទាន់មានពេលជួបទេបាទ។ អាហ្នឹងនៅតែបើកទ្វារចំហរដដែលហ្នឹង តែពេលនេះមិនទាន់មានគម្រោងជួប”។
សម្រាប់សាស្រ្តាចារ្យនយោបាយលោក សូ ចន្ថា មើលឃើញថា ការបន្ទន់ឥរិយាបថរបស់បក្សសង្គ្រោះជាតិ ដែលសរសេរលិខិតទៅបក្សកាន់អំណាចដើម្បីរកដំណោះស្រាយនយោបាយជារឿងល្អ។ លោកបន្តថា បើបក្សទាំងពីរគិតផលប្រយោជន៍ជាតិជាធំ ការចរចានឹងមានលទ្ធផល។ តែលោកថា បើបក្សប្រជាជនមិនចង់ជួបរកដំណោះស្រាយនយោបាយទេ នោះបង្ហាញថាបក្សកាន់អំណាចមួយនេះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកបន្ថែមថា៖ “៖ គណបក្សប្រជាជននៅពេលនេះគាត់ត្រូវការជួបហើយដោះស្រាយបញ្ហា ការជាប់គាំងស្ថានការណ៍ដែលឡើងកម្តៅនេះ ពីព្រោះអ្វីដែលសំខាន់គណបក្សប្រជាជនដែលដឹកនាំប្រទេសបច្ចុប្បន្នកំពុងតែរងភាពអាម៉ាស់មួយទាំងក្នុងប្រទេស និងឆាកអន្តរជាតិ ដែលយើងឃើញថាអ្វីដែលបានធ្វើកន្លងមកជាការអនុវត្តមួយដែលផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែបើសិនគណបក្សប្រជាជនមិនព្រមជួបធ្វើការសម្របសម្រល ឬក៏ចរចាគ្នាទេ កន្លែងហ្នឹងដែលធ្វើឱ្យពលរដ្ឋខ្មែរមើលឃើញកាន់តែច្បាស់ អ្វីដែលគណបក្សប្រជាជនលើកឡើងថាចង់បានសន្តិភាព និងការបង្រួបបង្រួមជាតិហ្នឹងគ្រាន់តែនិយាយឱ្យតែល្អមើលទេ”។
ការដែលមន្រ្តីបក្សសង្គ្រោះជាតិកំពុងស្វែងដំណោះស្រាយនយោបាយក្នុងស្រុក គឺប្រធានបក្សនេះលោក សម រង្ស៊ី ក៏ស្វះស្វែងរកដំណោះស្រាយនៅលើឆាកអន្តរជាតិផងដែរ។ លោក សម រង្ស៊ី បានស្វែងរកអន្តរាគមន៍ពីព្រឹទ្ធសភាអូស្រា្តលី ស្ថានទូតសហរដ្ឋអាមេរិក និងសភាអ៊ឺរ៉ុប ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីទម្លាក់ចោលដីកាចាប់ខ្លួនរូបលោក និងអនុញ្ញាតឱ្យគាត់ចូលស្រុកវិញដោយគ្មានការភ័យខ្លាច៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

គណបក្សប្រឆាំងនៅខាងក្នុងនៃប្រទេសកម្ពុជា សូមស្ងប់ចិត្ត ឈប់កន្ត្រោង ឆ្លេឆ្លា នាំតែគេមើល
មក ឃើញថា ជាបក្សប្រឆាំងដែលស្រេកឃ្លានចង់បានអំណាចដើម្បីរកផលប្រយោជន៏ផ្ទាល់
ខ្លួន។គ្មានប្រទេសលទ្ធិប្រជាធិបតេយ្យណាមួយ គេធ្វើដូច្នេះឡើយ។លើកលែងតែ ប្រទេស
កុម្មុយនិស្ត គ្មានអន្តរសហប្រជាជាតិទាំងឡាយណា គេគាំទ្រនូវទង្វើលទ្ធិប្រជាធិបតេយ្យតាម
បែបការវាយឲ្យស្លាប់ដោយប្រយោលដូច្នេះឡើយ។ស្ងៀមជាងស្រដី ដោយស៊ូនៅរង់ចាំមើល
ចរន្តនយោបាយជាកម្លាំងសម្ពាធព្យុះដែលកំពុងតែបោកបក់ទៅលើប្រទេសជាដៃគូរបស់គេ។