
ដូនចាស់ ស្តើង រុណ មានវ័យ ៨៣ ឆ្នាំ នាពេលដើរឈានចូលក្នុងផ្ទះខ្ទមមានទឹកស្អុយនៅខេត្ដបាត់ដំបង។ អង្គការ ព.អ.ក
Tue, 1 December 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
បាត់ដំបង: មិនត្រឹមតែមានជីភាពដ៏សែនលំបាកលំបិនដោយខំរស់នៅកំដរកូនស្រីវ័យ ៦៧ ឆ្នាំ ហើយមានជំងឺប្រចាំកាយខណៈខ្លួនមានវ័យ ៨៣ ឆ្នាំទៅហើយនោះ និងសូម្បីតែផ្ទះខ្ទមជាជម្រកដូនចាស់ ស្តើង រុណ ដ៏កំសត់នោះក៏មានស្ថានភាពនៅក្នុងបរិស្ថានដ៏អាប់អួ ត្រាំត្រែងនឹងថ្លុកប្រឡាយទឹកស្អុយនៅខាងក្រោមពោរពេញទៅដោយមេរោគផងដែរ។
ដូនចាស់ដែលមានសក់ពណ៌សទាំងម្តាយ និងកូន យាយ ស្តើង រុណ ជាម្តាយ និងកូនស្រី សំ សុខា គឺជាគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារ ដែលមានជីវភាពក្រីក្រ និងលំបាកជាងគេនៅក្នុងភូមិ ១៣ មករា ឃុំព្រែកព្រះស្តេច ស្រុកខេត្តបាត់ដំបង។
លោក ឌុល វន្នី ប្រធានក្រុមការងារគម្រោងជួយជនចាស់ជរា និងក្រីក្ររបស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានឲ្យដឹងថា៖ «កាលថ្ងៃទី ២០ មេសាឆ្នាំ ២០១៥ កន្លងទៅក្រុមការងារជួយចាស់ជរា និងក្រីក្ររបស់អង្គការយើង បានចុះទៅស្វែងយល់ពីស្ថានភាព និងជីវភាព ក៏ដូចជាការចុះដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១០ គ្រួសារនៅភូមិ ១៣ មករា ឃុំព្រែកព្រះស្តេចនោះ យើងក៏បានជួបដូនចាស់ទាំងម្តាយ និងកូន កំពុងតែពិសាបាយជាមួយនឹងសាច់ប្រហុកឆៅ ដោយមើលទៅគួរឲ្យសង្វេគ និងអាណោចអាធ័មខ្លាំងណាស់»។
ជីវិតជាមនុស្សចាស់វ័យប្រមាណជាង ៦០ និង ៨០ ឆ្នាំប្លាយនេះ សមតែមានកូនចៅ ឬអ្នកថែទាំចិញ្ចឹមដ៏សមរម្យមួយគឺលែងខ្វល់ខ្វាយនឹងមុខការប្រកបរបរចិញ្ចឹមអាត្មាទៀតហើយ តែសម្រាប់ជោគវាសនារបស់យាយ សំ សុខា និងលោកយាយ ស្តើង រុណ ពុំមានសំណាងល្អសោះសម្រាប់ឆាកជីវិតចុងក្រោយរបស់ពួកគាត់។
លោក ឌុល វន្នី បន្ដឲ្យដឹងថា៖ «ពួកគាត់មិនត្រឹមតែមានវាសនាមិនសូវល្អដូចគ្រួសារដទៃទេ ថែមទាំងគ្មានដីធ្លីជាកេរមរតកដើម្បីសាងសង់ផ្ទះរស់នៅបានសមរម្យទៀត។ សព្វថ្ងៃពួកគាត់បានសុំចំណីដីចិញ្ចើមប្រឡាយបង្ហូរទឹកស្ងុយមកធ្វើខ្ទមបិទបាំងដើម្បីជ្រកកោនជាផ្ទះតែប៉ុណ្ណោះ។ បើនៅរដូវភ្លៀងធ្លាក់នោះវិញ លោកយាយ ស្តើង រុណ មិនអាចសម្រាន្ដបានឡើយព្រោះថាផ្ទះខ្ទមលេចធ្លុះធ្លាយសាចទឹកភ្លៀងចូលពេញផ្ទះ និងគ្មានកន្លែងណាអាចសម្រាកបានទេ»។
ទោះយ៉ាងនេះក្តីដូនចាស់ទាំងពីរ មិនបានលើកដៃសុំអង្វរ ឬសុំទានអ្នកដទៃឡើយ ដូចជាករណីលោក យាយ ស្តើង រុណ សម្ងំនៅក្នុងខ្ទមម្នាក់ឯងអត់អាហារ ខណៈកូនស្រីយាយ សំ សុខា ទៅសុំការងារគេធ្វើរកបានប្រាក់បន្តិចបន្តួចដើម្បីទ្រទ្រង់ជីវិតឲ្យបានរស់បន្ដទៅថ្ងៃខាងមុខទៀត។
លោក ឌុល វន្នី បន្ថែមថា៖ «សព្វថ្ងៃលោកយាយ ស្តើង រុណ រស់នៅអាស្រ័យដោយសារអ្នកភូមិផងរបងជាមួយបានជូនបាយ ម្ហូបអាហារ ចំណីចំណុកដល់គាត់ ខណៈថ្ងៃខ្លះគាត់អត់មានបាយពិសាពេញមួយថ្ងៃក៏មានដែរ។ ចំណែកឯកូនស្រីគាត់គឺយាយ សំ សុខា មានរបរជាអ្នកលាងដបទឹកសុទ្ធឲ្យគេ មួយថ្ងៃអាចរកបាន ៥០០០ រៀល ប៉ុណ្ណោះដើម្បីយកមកផ្គត់ផ្គង់ចិញ្ចឹមម្តាយ និងខ្លួនគាត់»។
នាថ្ងៃចន្ទទី ២៣ ខែវិច្ឆិកាឆ្នាំ ២០១៥ កន្លងមក ក្រុមការងារអង្កការព.អ.ក ដែលដឹកនាំដោយព្រះភិក្ខុ ធម្មសេនា ហាក់ សៀងហៃ បាននាំយកអង្ករ ៥០ គីឡូក្រាម មី ១ កេស ទឹកត្រី ១ យួរ និងទឹកស៊ីអ៊ីវ ១ យួរ គឺជាការជួយសង្គ្រោះជាបណ្តោះអាសន្នដល់ដូនចាស់ទាំងពីរតែប៉ុណ្ណោះ។
ព្រះតេជគុណក៏មានសង្ឃដីកាថា៖ «សុំញាតិញោម ទាំងជិត និងឆ្ងាយជួយសង្គ្រោះពួកគាត់ទាំងពីរដែលជាមនុស្សចាស់ជរាផង!»៕

ជ័យជំនះ៧មករា ពិតជាមានការអភិវឌ្ឍន៍មហាអស្ចារ្យមែន !…..!!!