មាស សុខសោភា សន្យាជួយ​សមាគម​សិល្បៈ​ដើម្បី​សិល្បៈ​

តារា​ចម្រៀង កញ្ញា មាស សុខសោភា។ ហុង មិនា

តារា​ចម្រៀង កញ្ញា មាស សុខសោភា។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ទន្ទឹម​នឹង​ប្រជាប្រិយ​ភាពក៏​កាន់​តែ​ស្ទុះឡើង​ ​ទាំង​វ័យក៏​កាន់​តែរំកិល​ទៅមុខច្រើន​បន្តិច​នោះ តារា​ចម្រៀង​​ដែល​ប្រកប​ដោយ​ទឹក​ដម​សំនៀង​ក្រអួនក្រអៅ​ រមែង​ចូលរួម​ជាមួយសកម្មភាព​មនុស្ស​ធម៌​ កញ្ញា មាស សុខសោភា​ បាន​បញ្ជាក់​ថា៖ «ចាប់ពី​ពេលនេះទៅ​ នឹង​បែងចែក​កញ្ចប់​ថវិកាបាន​ពី​សិល្បៈ​រាល់​ថ្ងៃជា​ពីរ​​ផ្នែក ក្រៅពី​ខ្លួនឯងមួយ​ផ្នែក​នោះ និង​មួយ​ផ្នែក​ទៀត​ចូល​ជួយ​ទ្រ​ទ្រង់​សមាគម​សិល្បករ​ខ្មែរ​ »។

សារ​ផ្សព្វផ្សាយអំ​ពី​តារា​ចម្រៀង​ មាស សុខសោភា ជួយ​​សមាគម​សិល្បៈត្រូវបាន​បង្ហោះ​ដោយ​លោក អ៊ឹម ជីវ៉ា នោះ​បាន​រៀបរាប់ថា៖ «មាស​ សុខ​សោភា ​តារា​ចម្រៀង​​ដ៏​ល្បី​ដែល​បាន​ចូល​រួមចំណែក​ក្នុង​ការ​បង្កើត​មូល​និធិ​ថ្មី​ដើម្បីជួយ​ទៅ​ដល់​សិ​ល្បករ​ចាស់ៗ​ មាន​ជំងឺ​បាត់បង់សម​ត្ថភាព​។ នេះ​គឺ​ជា ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ល្អ​បរិសុទ្ធបំផុត​របស់​កញ្ញា​ដែល​បាន​ចូល​រួម​ចំណែក​ និងមើល​ឃើញ​ពី​ភាព​ខ្វះ​ខាត​របស់​សិល្បករ​»។

សារ​នោះ​ក៏​ទទួល​បាន​ការគាំទ្រច្រើនពី​មហាជន​ ដែលពួកគេនាំ​គ្នា​លើក​ឡើង​ថា៖ «មាស សុខសោភា មិនត្រឹមតែ​ជា​តារា​ចម្រៀង​ល្បី នាងក៏​សម​ធ្វើ​ជាតារា​សិល្បៈ​គំរូដែរ​ ជា​ពិសេសគឺ​ការងារមនុស្សធម៌​»។

ឆ្លើយ​តប​ទៅ​នឹង​សារ​ខាង​លើ​នេះ តារា​ចម្រៀង​ មាស សុខសោភា បាន​ទទួល​ស្គាល់ថា​៖ «ខ្ញុំ​ពិតជា​បាន​បង្ហាញ​ទំនុក​ចិត្ត​នេះ​​ប្រាប់​ទៅ​​ក្រុម​ការងារ​របស់​សមាគម​សិល្បករ​ខ្មែរ​យើងមែន​។ តែ​រូប​ខ្ញុំនៅ​មិន​ទាន់​បានទៅជួប​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដើម្បី​និយាយ​រឿង​នេះ​ទេ​»។

តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន​ឈរ​ជើងលំដាប់​កំពូល​ និងល្បី​ពូកែ​លាក់​បាំង​រឿងចំណងជីវិត​រូបនេះ​ប្រាប់​ឲ្យ​ដឹង​ថា៖ «ថ្មី​ៗ​នេះ​ខ្ញុំ​ពិតជា​បាន​ជួប​សមាជិក​ស​មា​គ​មសិល្បករខ្មែរ​ម្នាក់ ហើយ​ខ្ញុំ​ក៏​​បាន​សន្យាជា​មួយ​គាត់ថាខ្ញុំ​នឹង​ចូល​រួម​ រួមចំណែក​ថវិកា​ទៅ​ទ្រទ្រង់​ដល់​សមាគមសិល្បករ​ខ្មែរ​ដើម្បី​​យក​ប្រាក់​នោះ​ទៅ​ជួយដល់​សិល្បករ​​ចាស់​ជរា មាន​ជំងឺនោះ​»។

ជាមួយ​ជំហរមុត​មាំបង្ហាញ​ពី​ទឹកចិត្ត​មនុស្សធម៌​នេះ តារា​ចម្រៀង​ស្រី​កញ្ញា មាស សុខសោភា​ ក៏​​បញ្ជាក់​ថា៖ «ក្នុង​ចិត្ត​ខ្ញុំ​មិន​ត្រឹម​តែ​ថានឹង​ចែក​រំលែក​ចំណូលពីសិល្បៈ​ខ្ញុំ​ជួយ​ទៅ​សមាគម​​សិល្បៈ​នោះ​ទេ​។ បើ​អាច​ខ្ញុំក៏​នឹងព្យាយាម​ កៀរគរ​​ឲ្យ​សិល្បករល្បី​មក​ចូលរួម​ចំណែក​ជួយ​ដល់​សមាគម​សិល្បៈ​នេះ​ដែរ ព្រោះ​នេះ​ជា​មួយ​នឹង​ប្រជាប្រិយ​ភាព​យើង​ហើយ វា​ក៏បានបន្សល់​នូវកេរ្តិ៍​ឈ្មោះ​យើង​ដែរ​»។

ទោះ​យ៉ាងណា​ តារាចម្រៀង​ស្រី​ល្បី​ការងារ​មនុស្ស​ធម៌ និង​ស្នេហា​ព្រៃឈើ​រូបនេះក៏​​មិន​បាន​បង្ហើប​​ពី​ចំនួន​ទឹកប្រាក់ជាក់លាក់​សម្រាប់​ចែក​រំលែក​ទៅ​​ជួយ​សមាគម​សិល្បៈ​ដែរ ដោយ​នាង​​គ្រាន់​តែ​អះអាង​ថា ​ការ​ជួយ​នឹង​មាន​រយៈពេល​យូរ​អង្វែង​ដរាប​ណា​អាជីព​ចម្រៀង​នាងនៅ​តែ​មាន។

តារា​ស្រី​ដែល​សន្យា​ថា​នឹង​ប្រើ​ពេល​វេលា​ក្នុងជីវិត​របស់នាង​ដាំ​ដើម​ឈើ​ឲ្យ​បាន ១ ម៉ឺន​ដើម​រូបនេះ​បានថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ប្រាក់​នេះ​ខ្ញុំ​នឹង​ចែក​ពីចំណូលពី​សិល្បៈ​ជួយ ហើយ​​មិនមែន​ជួយ​តែ​ឆ្នាំ​នេះ ​ឬ​ខែនេះ​ទេ ខ្ញុំ​​នឹង​​ព្យាយាមជួយ​ ប្រសិន​បើ​អាជីព​ចម្រៀង​ខ្ញុំ​នៅ​តែ​​មាន​»។

ជាមួយ​គ្នានេះ លោក សុះ ម៉ាច ប្រធាន​សមាគម​​សិល្បករ​ខ្មែរ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ពី​ទឹកចិត្ត​របស់​តារា​ចម្រៀង​ មាស សុខសោភា បើទោះ​ជា​លោក​ថា លោក​​នៅ​មិន​ទាន់​បាន​ទទួល​​ដំណឹងនេះក៏ដោយ​។

ទោះបី​ជា​យ៉ាងណាក្ដី​ លោក​បាន​ប្រាប់​ថា៖ «ខ្ញុំអរគុណ​ណាស់ ដែល​ មាស សុខ​សោភា ចូលរួម​ថវិកាទ្រទ្រង់​សមាគ​ម​សិល្បករខ្មែរ​​ ហើយ​ខ្ញុំនឹង​​ធ្វើ​ពិធី​មួយ​ទទួលគាត់​ឲ្យ​បាន​សមនឹង​ប្រជាប្រិយ​ភាព​គាត់»។

លោក សុះ ម៉ាច បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​តារា​ចម្រៀង មាស សុខសោភា ព្រម​ទទួល​នោះ ​ខ្ញុំ​នឹង​ផ្តល់តំណែង​គាត់​​មួយ​ដែរ​ក្នុង​សមាគម​ព្រោះថា គាត់​ជាតារា​ចម្រៀង​ល្បី​ ហើយ​មាន​ប្រជា​ប្រិយភាព​ក្នុងការងារ​ជួយ​សង្គមច្រើន​»៕


What Next?

Recent Articles

One Response to "មាស សុខសោភា សន្យាជួយ​សមាគម​សិល្បៈ​ដើម្បី​សិល្បៈ​"

  1. សូមក្មួយស្រី កុំទទួលយកដំណែង ឬមុខនាទី​ដែល​មិនមានភាពថ្លៃថ្នូ(​ សូមក្មួយស្រី មុនធ្វើអ្វីៗត្រូវពិចារណាអោយល្អិតល្អន់/ហ្មត់ចត់)​ ពីព្រោះអ្វីថ្មី គឺល្អ/ត្រជាក់)​ខ្លាយថ្ងៃក្រោយក្មួយស្រីទទួលភ្លើង,ពូ!បាន​ហេលច្រើនសង្គម,ស្គាល់ណាស៉សង្គម​នឹងរបបដឹកនាំ ។អ្វីកើតចេញពីខ្លួនឯង​ឬប្រជាពលរដ្ឋប្តគល់ទួនាទីបានល្អ។​ពូ​អគុណហើយក្មួយស្រី