ដោយ រដ្ឋា វិសាល
2016-04-13
RFA

សហគមន៍ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចុះពិនិត្យកន្លែងកាប់រានព្រៃឈើនាតំបន់វាល់យោង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។ Photo ADHOC
![]()
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដាក់លិខិតជម្រាបជូនអាជ្ញាធរមូលដ្ឋានថា ចូលទៅបោះបង្គោលព្រំដីសហគមន៍ដោយខ្លួនឯង ដើម្បីបញ្ឈប់ការកាប់រានព្រៃយកដីពីសំណាក់នៃពលរដ្ឋចំណាកស្រុក។
លិខិតជូនដំណឹងស្ដីពីការចូលទៅបោះបង្គោលព្រំដីតំបន់អភិរក្សសហគមន៍ បានដាក់ជូនអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១៣ ខែមេសា បន្ទាប់ពីសកម្មភាពកាប់រានព្រៃយកដីអនាធិបតេយ្យ នៅតែបន្តកើតមាន។
កាលពីថ្ងៃទី១២ ខែមេសា សហគមន៍ប៊ូស្រា បានចុះទៅពិនិត្យទីតាំងកាប់រានព្រៃយកដីរបស់ពលរដ្ឋចាម ចំណាកស្រុកនៅតំបន់វាល់យោង ជាកន្លែងដែលក្រុមការងារវាស់វែងដីខេត្តមណ្ឌលគិរី បានណែនាំឲ្យអ្នកកាប់រានព្រៃផ្អាកការដុតរានព្រៃ រង់ចាំអាជ្ញាធរវាស់វែងកំណត់ព្រំដីសម្បទានសង្គមកិច្ច និងដីសហគមន៍រួចរាល់ ក៏ប៉ុន្តែបម្រាមនេះមិនត្រូវបានជនជាតិចាម អនុវត្តតាម។
តំណាងសហគមន៍ លោក ក្រើង តុលា បញ្ជាក់ថា នេះជាការរំលោភទៅលើការណែនាំរបស់ក្រុមការងារថ្នាក់ខេត្ត។ ហេតុនេះ សហគមន៍ត្រូវតែចូលទៅបោះបង្គោលកំណត់ព្រំដីសហគមន៍ ចៀសវាងការកាប់បំផ្លាញព្រៃឈើដោយគ្មានការទទួលខុសត្រូវ។ លោកបន្តថា ដោយសារតែបច្ចុប្បន្នជាពេលចូលឆ្នាំ ហេតុនេះសហគមន៍គ្រោងនឹងចុះដាក់បង្គោលព្រំដីសហគមន៍នៅក្រោយចប់ពិធីបុណ្យចូលឆ្នាំ៖ «គោលបំណងគាត់ធ្វើព្រំដើម្បីងាយស្រួលអភិរក្ស តំបន់មានបញ្ហាព្រឹកមិញ គាត់កំពុងចុះហត្ថលេខា ប្រហែលម៉ោង ១១ គាត់នឹងបញ្ជូនទៅអាជ្ញាធរ។ ម្សិលមិញគាត់ស៊ើបអង្កេតឃើញជនជាតិចាម គាត់មិនគោរពតាមដែលអាជ្ញាធរណែនាំ»។
អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីដើមខែមេសា បានចាត់ក្រុមការងារចុះវាស់វែងតំបន់ដីសម្បទានសង្គមកិច្ច និងតំបន់ដីអភិរក្សសហគមន៍ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន លទ្ធផលនៃការវាស់វែងមិនទាន់ដឹងនៅឡើយ។
ទាក់ទិនករណីនេះ អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន ថ្លែងថា បើទោះបីជាសហគមន៍ដាក់លិខិតជម្រាបជូនអាជ្ញាធរយ៉ាងណាក្តី ក៏អាជ្ញាធរមិនអនុញ្ញាតឲ្យសហគមន៍បោះបង្គោលព្រំដោយគ្មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធឡើយ។ លោកថា ក្រោយពិធីបុណ្យចូលឆ្នាំ ក្រុមជំនាញនឹងយកលទ្ធផលការវាស់វែងដីតំបន់សម្បទានសង្គមកិច្ច និងដីមានផលប៉ះពាល់សហគមន៍ ហើយអញ្ជើញភាគីពាក់ព័ន្ធមកពិនិត្យផ្ទៀងផ្ទាត់ដោះស្រាយបញ្ហារួមគ្នា៖ «យើងបាននិយាយគ្នាហើយតើ ក្រោយពីយើងបានចុះសិក្សាជាមួយគ្នា យើងនឹងធ្វើសេចក្តីរាយការណ៍ជូនខេត្ត។ ឥឡូវខេត្តឯកភាពគ្នាហើយថា ក្រោយចូលឆ្នាំ យើងបានផ្តល់ព័ត៌មានជូនគាត់ ហើយតែគាត់មកបោះបង្គោលយ៉ាងម៉េច យើងមិនអនុញ្ញាតទេ ធ្វើអ៊ីចឹងវាមិនកើត ព្រោះការសម្រេចអត់មាន»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា សម្ដែងការបារម្ភខ្លាចកើតមានអំពើហិង្សាដោយសារសហគមន៍ព្រមានថា នឹងចុះបោះបង្គោលហ៊ុមព័ទ្ធដី ខណៈជនជាតិចាម កំពុងកាប់រានព្រៃយកដី ក្រោមហេតុផលជាដីសម្បទានសង្គមកិច្ច។ លោក សុក រដ្ឋា បញ្ជាក់ថា អាជ្ញាធរខេត្ត គឺជាអ្នកទទួលខុសត្រូវ ប្រសិនបើអំពើហិង្សាកើតមានរវាងពលរដ្ឋ និងពលរដ្ឋ ពីព្រោះសហគមន៍តវ៉ាច្រើនឆ្នាំមកហើយទាក់ទិនការទន្ទ្រានកាប់រានព្រៃប៉ះពាល់ដីកប់សព ដីព្រៃគោរពបូជា និងព្រៃត្រៀមបម្រុងសហគមន៍ ដោយសារគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរខេត្ត។ លោកថា ព្រៃឈើរាប់ពាន់ហិកតារ ត្រូវបានពលរដ្ឋចំណាកស្រុក និងអ្នកមានអំណាចនៅមូលដ្ឋាន កាប់រានយកដីនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។
រាជរដ្ឋាភិបាល សម្រេចផ្តល់ដី ២.៤០០ហិកតារនៅតំបន់វាល់យោង សម្រាប់សម្បទានសង្គមកិច្ចដល់ពលរដ្ឋមកពីខេត្តកំពង់ចាម ៥៨៨គ្រួសារ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះស្នើសុំដីប្រកបរបរកសិកម្មចិញ្ចឹមជីវិតកាលពីឆ្នាំ២០១១ ក៏ប៉ុន្តែរហូតពេលនេះ ជនជាតិចាម បានចូលមកកាន់តំបន់ផ្តល់ដីសម្បទាន ហើយកាប់រានព្រៃយកដី ខណៈអាជ្ញាធរមិនទាន់បែងចែកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋនៅឡើយ។ រីឯសហគមន៍ជនជាតិដើមភាគតិចឃុំប៊ូស្រា អះអាងដែរថា ការកាប់រានព្រៃយកដីរបស់ជនជាតិភាគតិចចាម បំពានទៅលើព្រៃសហគមន៍ជាង ១ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ជនជាតិដើមភាគតិចព្នងចោទមន្ត្រីមូលដ្ឋានថាដឹកនាំអ្នកភូមិលក់ដីសហគមន៍
- ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំគ្រោងដាក់ញត្តិទៅស្ថាប័នធំៗនៅភ្នំពេញបន្ទាប់ពីចូលឆ្នាំរួច
- អាជ្ញាធរខេត្តរតនគិរីអំពាវនាវសហគមន៍ជនជាតិដើមភាគតិចឈប់កាប់ឆ្ការដីចម្ការកាហ្វេឯកជន
- ពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង១៦គ្រួសារព្រមទទួលដំណោះស្រាយដីធ្លីពីសាលាក្រុង
- ពលរដ្ឋមានបញ្ហាដីធ្លីជាង៧០០គ្រួសារនៅកោះកុងស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍
- អ្នកមានជម្លោះដីនៅស្រុកមេមត់ស្នើឱ្យអាជ្ញាធរចាត់វិធានការរឿងដុតរោងចាំចម្ការ
- សហគមន៍ព្នងខេត្តមណ្ឌលគិរីថាព្រៃរាប់ពាន់ហិកតារត្រូវបានគេកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ
- ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកំពង់ធំស្នើអាជ្ញាធរជួយដោះស្រាយជម្លោះឲ្យបានមុនចូលឆ្នាំ
- ពលរដ្ឋមានទំនាស់ដីធ្លី១៣កន្លែងទាមទារឲ្យសាលាខេត្តសៀមរាបពន្លឿនចេញប័ណ្ណកម្មសិទ្ធិ
រញ៉េរញ៉ៃ គ្មានច្បាប់ទំលាប់។ មិនដែលឃើញទេ។
រញ៉េរញ៉ៃ គ្មានច្បាប់ទំលាប់។ មិនដែលឃើញទេ។
ចៅហ្វាយ ស្រុក, មេឃុំ, មិនចេះធ្វើទេអី។