លិខិតមិត្តអ្នកអាន៖ អភ័យឯកសិទ្ធិការពារបានអត់?

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ | លិខិតមិត្តអ្នកអាន

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេល​ត្រូ​វបាន​បញ្ជូនទៅតុលាការ ក្រោយ​បញ្ចប់ការសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃ​


នឹកឃើញកាលឆ្នាំ២០០៨-២០០៩ អំឡុងពេលក្រមព្រហ្មទណ្ឌកំពុងស្ថិតនៅជាសេចក្តីព្រាងរហូតដល់សភា បក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានសំណូមពរឲ្យមានការផ្តល់និយមន័យនៃបទល្មើសមួយចំនួនដែលមានលក្ខណៈស្រពិចស្រពិលឲ្យមានភាពច្បាស់លាស់ ជាក់លាក់ជាងនេះ ដូចជាបទបរិហារកេរ្តិ៍ បទញុះញង់ជាដើម ដើម្បីជៀសវាងការបកស្រាយមិនត្រឹមត្រូវនាំឲ្យមានអ្នករងគ្រោះដោយអយុត្តិធម៌។ នៅចាំបានថាកាលនោះទោះនាំគ្នាតវ៉ា ដាក់ញត្តិ សំណូមពរដល់រដ្ឋាភិបាលឬរដ្ឋសភាយ៉ាងណាក៏ឥតបានផលដែរ ជាលទ្ធផល ក្នុងឆ្នាំ២០០៩ បន្ទាប់ពីបាន៩០កៅអី លោកស្រី មូរ សុខហួរ ជាអ្នករងគ្រោះមុនគេត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិនិងកាត់ប្រាក់ខែទៀតផង ហើយមកដល់ពេលនេះមិនថាតំណាងរាស្ត្រឬរាស្ត្រទេ តែហ៊ានកម្រើកដឹងតែរឹបដូចត្រីក្នុងទ្រូអញ្ចឹង។

  • ជាការបញ្ចេញមតិ ឬជាការញុះញង់?

ងាកមកមើលករណីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន វិញ លោកត្រូវបានគេថា”ការលើកឡើងរបស់លោក អ៊ុំ សំអាន តាមបណ្តាញសង្គមFacebookដោយចោទប្រកាន់ផែនទីផ្លូវការរបស់រាជរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម គឺជាផែនទីក្លែងក្លាយនិងការបង្ហោះសារផ្សេងៗទៀតនោះ គឺមានចរិតញុះញង់បង្កឲ្យវឹកវរដល់សន្តិសុខនិង ការញុះញង់ឲ្យមានការរើសអើង”។ ការលើកឡើងដោយប្រើប្រាស់ពាក្យថា”មានចរិត” នេះគឺជាការបកស្រាយដោយមិនស្របតាមគោលការណ៍នៃការបកស្រាយនៅក្នុងព្រហ្មទណ្ឌនោះទេ។ មាត្រា៥នៃក្រមចែងថាក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយ”យ៉ាងតឹងរ៉ឹង”។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមទិសភាពបានឡើយ។ ក្នុងករណីរបស់លោក អ៊ុំ សំអាន លោកបានសរសេរបកស្រាយ ផ្តល់បទសម្ភាសន៍និងបង្ហោះឯកសារពាក់ព័ន្ធកិច្ចការព្រំដែន ដោយលោក អ៊ុំ សំអាន ផ្ទាល់ក៏បានបញ្ជាក់ដែរថាទង្វើរបស់លោកគ្រាន់តែចង់តាមដាន ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការប្រើប្រាស់ផែនទីនិងការបោះបង្គោលព្រំដែនក្នុងន័យការពារមិនឲ្យបាត់បង់ទឹកដីខ្មែរ ជាទង្វើគិតដល់ជាតិ ដែលកិច្ចការនេះក្នុងនាមជាតំណាងរាស្ត្រគួរណាស់តែធ្វើសម្រាប់ជាតិ។ ទង្វើបែប អ៊ុំ សំអាន បើលោកមិនមែនជាតំណាងរាស្ត្របក្សប្រឆាំង ហើយមិនលើករឿងប្រធានបទរសើបទេ ក៏គ្មានអ្នកណាឈឺក្បាលហាលថ្ងៃអីដែរ ហើយករណីនេះត្រូវបានគេមើលឃើញថាគ្រាន់តែជាបញ្ចេញមតិធម្មតារបស់តំណាងរាស្ត្រ ម្នាក់ប៉ុណ្ណោះ។ តើមានអីខុសឆ្គង? ម៉្យាងវិញទៀត ក្រមព្រហ្មទណ្ឌចែងតែពីអត្ថិភាពនៃអំពើញុះញង់ដោយមិនបានចែងពីផលនៃអំពើញុះញង់ដែលមានទំនាក់ទំនងនិងគ្នាទេ រីឯទង្វើ អ៊ុំ សំអាន វិញមិនបានធ្វើឲ្យមានភាពវឹកវរដល់សង្គមនិងមានការរើសអើងនោះទេ មិនដូចអ្នកបណ្តោយឲ្យមាននិទណ្ឌភាព ភាពអយុត្តិធម៌ ប្លន់ដីរាស្ត្រ និងទាញយកធនធានរ៉ែ ព្រៃឈើនិងផលពីសមប្ត្តិរដ្ឋដទៃទៀតមកជាផលប្រយោជន៍តែគ្រួសារ និងបក្សពួកខ្លួនប៉ុណ្ណោះទេ ពោលគឺដូចលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីនិយាយអ៊ីចឹង”ពេលធ្វើដំណើរតាមដងផ្លូវ យើងអាចឃើញប្រជាពលរដ្ឋខ្មែរញញឹម ពួកគាត់អាចរកស៊ីធម្មតាបាន ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច…មិនមានបញ្ហាអ្វីគួរកត់សម្គាល់ទេ”។ ផ្ទុយទៅវិញ ផលនៃដែលគេចោទថាជាបទញុះញង់នោះមិនបានកើតឡើងទេ ដូច្នេះការបកស្រាយពន្លាតទាញចូលឲ្យមានបទល្មើសបែបនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ជំនាន់ខ្មែរក្រហមដឹកនាំប្រទេស បើគេចង់ចាប់ឬកម្ទេចនរណាម្នាក់ហើយ សូម្បីតែនិយាយពាក្យថាស្រលាញ់មួយម៉ាត់ក៏ត្រូវគេចោទជាជនមិនបរិសុទ្ធ ក្បត់នឹងបដិវត្តន៍ ថាជាខ្មាំងត្រូវកម្ចាត់ចោលភ្លាម ស្រួលមិនស្រួលនាំទៅទាំងពូជ។

  • អ្វីជាអភ័យឯកសិទ្ធិ មានន័យយ៉ាងណា?

ក្នុងឋានៈជាតំណាងរាស្ត្រត្រូវមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិដើម្បីបំពេញមុខងាររបស់ខ្លួនដោយរលូនដោយគ្មានការភ័យខ្លាច។ អភ័យឯកសិទ្ធិមានន័យថាជាសិទ្ធិដែលមិនរងនូវការភ័យខ្លាច មិនរងនូវការគំរាម អភ័យឯកសិទ្ធិប្រៀបដូចអាវក្រោះការពារខ្លួនអ៊ីចឹងដែរ ដែលសិទ្ធិនេះអាចការពារបានតែក្នុងការបំពេញមុខនាទីរបស់ខ្លួនប៉ុណ្ណោះ។ មាត្រា៧ច្បាប់ស្តីពីលក្ខខន្តិកៈតំណាងរាស្ត្រចែងថាតំណាងរាស្ត្រណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនឹងអាចអនុញ្ញាតឲ្យធ្វើការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនតាមច្បាប់និងនីតិវិធីបានលុះត្រាតែមានការលើកអភ័យឯកសិទ្ធិជាមុនសិន។ ឧបមាថា លោក អ៊ុំ សំអាន បានទៅសម្លាប់អ្នកណាឬស្រវឹងស្រាបើករថយន្តបុកគេស្លាប់ឬអាងខ្លួនជាតំណាងរាស្ត្រទៅបាញ់គេ អភ័យឯកសិទ្ធិមិនអាចការពារលោកពីការចាប់ខ្លួនបានឡើយ ហើយបើចង់ដំណើរការនីតិវិធីទៀតត្រូវជូនដំណឹងទៅសភា ដើម្បីលើកអភ័យឯកសិទ្ធិជាមុនសិន(ដោះអាវក្រោះសិន) ទើបអាចជំនុំជម្រះបាន តាមមាត្រា១២(ក្នុងករណីតំណាងរាស្ត្រណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈអចិន្ត្រៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច)។ ការសម្រេចរបស់រដ្ឋសភាគឺសម្រេចថាត្រូវលើកអភ័យឯកសិទ្ធិឬផ្អាកនីតិវិធីតាមមាត្រា១៣(ការផ្អាកនីតិវិធីចោទប្រកាន់)វិញ មិនមែនដូចរដ្ឋសភាធ្វើចំពោះលោក អ៊ុំ សំអាន នោះទេ វ៉ាប់ភ្លាមប្រជុំសម្រេចឲ្យតុលាការបន្តនីតិវិធីឬមិនបន្ត ដែលកន្លងមកដូចជាលោកស្រី មូរ សុខហួរនិងលោក សម រង្ស៊ី ជាដើមកាលពីមុនត្រូវដកអភ័យឯកសិទ្ធិមុន ប៉ុន្តែឥឡូវខ្វះសំឡេងដើម្បីដកគេធ្វើតាមច្រកនេះវិញ។

  • យុត្តិសាស្ត្រ ឬយុទ្ធសាស្ត្រ?

តាមអ្វីដែលតុលាការនិងរដ្ឋសភាបានអនុវត្តកន្លងមក ខ្ញុំសង្កេតឃើញថាទោះបីជាតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិក៏ដោយ បើសិនគេចង់ចាប់ខ្លួន ច្បាស់ជាមិនអាចរួចខ្លួនបានទេដូចយ៉ាងការបញ្ចេញមតិសោះក៏គេទាញយកមកជាបទល្មើសព្រហ្មទណ្ឌ ហើយជាបទល្មើសជាក់ស្តែងដើម្បីធ្វើកទាល់តែបាន។ ឃើញទេ ពេលយកមាត្រា១៣ហ្នឹងមកអនុវត្តលោក អ៊ុំ សំអាន ត្រូវជាប់គុកទាំងខ្លួនមានអភ័យឯកសិទ្ធិ។ ស្តាប់មើលទៅតំណាងរាស្ត្រក៏មិនខុសពីរាស្ត្រដែរ ហើយគួរឲ្យចង់សើច ដោយសារមិនដែលឭថាអ្នកមានអភ័យឯកសិទ្ធិដេកគុក។ បើអ៊ីចឹងតើមានអភ័យឯកសិទ្ធិនិងមានអភ័យឯកសិទ្ធិមានអ្វីប្លែកគ្នា? បើតំណាងរាស្ត្រនិយាយមិនបានផង ចុះទម្រាំរាស្ត្រសាមញ្ញដែលមិនមានអភ័យឯកសិទ្ធិវិញ ត្រូវរងាប៉ុណ្ណា? បើបែបនេះអ្នកណាដែលជេរគ្នាតាមហ្វេសប៊ុកឬបង្ហោះសកម្មភាពល្មើសច្បាប់ គួរលុបចេញឲ្យហើយ ព្រោះថ្ងៃមួយអ្នកអាចជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែង។

យុត្តិសាស្ត្រកើតឡើងដោយសារមិនមានច្បាប់ចែង ប៉ុន្តែគេនៅតែយកគោលការណ៍ច្បាប់មកធ្វើជាមូលដ្ឋាន រីឯការបង្កើតយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល រដ្ឋសភានិងតុលាការស្រុកខ្មែរគឺយកច្បាប់មកអនុវត្តខុសពីគោលបំណងនិងគោលដៅច្បាប់ ដែលខុសពីការគោលការណ៍នៃការបង្កើតយុត្តិសាស្ត្រនៅក្នុងទ្រឹស្តីនៃនីតិ។ នេះហើយគេហៅថាច្បាប់ដើរតាមនយោបាយផ្តាច់ការ ឬអាចហៅថាជាយុទ្ធសាស្ត្រច្បាប់វិញ៕

សរសេរមកកាន់លោក សក្កដា ប្រយុទ្ធ តាមរយៈbroyuth@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

What Next?

Recent Articles

3 Responses to "លិខិតមិត្តអ្នកអាន៖ អភ័យឯកសិទ្ធិការពារបានអត់?"

  1. LS says:

    លោកកុំឡប់ពេក នៅក្នុងប្រទេសដ៌អស្ចារ្យ របស់យើង រឿងឡប់ៗ អ្វីក៏អាចកើតឡើងបានដែរ។

    ពួកបរទេសដែល មិនសូវមានគតិបណ្ឌិតគេថា កិត្តិយសខ្មែរមានច្រើនចាប់តាំងពិលើកំប៉ុងបីយែរ។

    ឆ្នោត និងរង្វាន់ មានតាំងពីនៅលើ កញ្ចប់បារី ពងទាកូនអីៗ។។

  2. LS says:

    ថាយល់ដូចជាមិនយល់។ ប្រទេសកម្ពុជាមានច្បាប់ពិតប្រាកដទាំងលើក្រដាស តាមទូរទស្សន៌ គ្រាន់ អ្នកមើល អ្នកតាមដាន មិនសូវពេញចិត្ត គេថាឡប់ៗៗៗអញ្ចឹងទៅ។

    មកដល់ពេលនេះហើយ មានរឿងឡប់ៗច្រើនៗ សភា ព្រំដែន ហឹង្សា ការអភិវឌ្ឍន៌ ស្រីអ្នកនយោបាយ។ ពិតជាមហាឡប់ប្រចាំឆមាសមែន។

  3. Anonymous says:

    ម៉េច បានជា បរទេស អន្តរជាតិ ដាក់ ងារ លោក ហ៊ុន សែន ជាបុរសខ្លាំង ពីព្រោះ លោក ហ៊ុន សែន

    ខ្លាំង ខាង រំលោភច្បាប់រដ្ឋធម្មនុញ្ញ ខ្លាំងខាង រំលោភច្បាប់ សន្ធិសញ្ញាសន្តិភាព ទីក្រុង ប៉ារីស ទៀត

    នៅខ្លាំង មួយទៀត ខ្លាំងខាង បំផ្លាញជាតិ កំទេច អ្នកស្នេហាជាតិខ្មែរ រណប វៀតណាម !

    ( វៀតណាម ចង់បាន យកអី ក៏ ហ៊ុន សែន អោយ ដែរ )

    .. សូមប្រីយមិត្ត ជួយពិចារណា !