ដោយ សឿង ភារៈ
17/04/2016-17/04/2016
RFI

កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន (@គង្គ ប៊ុនឈឿន)
លោក គង្គ ប៊ុនឈឿន កវីម្ចាស់ស្ទឹងសង្កែ បានទទួលមរណភាពក្នុងអាយុ៧៧ឆ្នាំ នៅប្រទេសន័រវែស វេលាម៉ោង៧ព្រឹកថ្ងៃទី១៧ មេសានេះ។ មរណភាពរបស់លោកត្រូវបានអ្នកនិពន្ធជំនាន់ក្រោយចាត់ទុកថាជាការបាត់បង់ធនធានមនុស្សម្នាក់ក្នុងវិស័យអក្សរសិល្ប៍ខ្មែរ។
លោក គង្គ ប៊ុនឈឿន រហ័សនាមកវីម្ចាស់ស្ទឹងសង្កែគឺជាអ្នកនិពន្ធមួយរូប ដែលបាននិពន្ធប្រលោមលោក កំណាព្យ ចម្រៀង បទភ្លេង និងជាអ្នកដឹកនាំសម្តែង ហើយម្តងម្កាលលោកក៏ធ្លាប់ច្រៀងផងដែរ។ បើតាមលោក មុត ថារី ជាកូនប្រសារបស់លោក គង្គ ប៊ុនឈឿន បានសរសេរនៅលើបណ្តាញសង្គមថា លោក គង្គ ប៊ុនឈឿន បានទទួលមរណភាព នៅវេលាម៉ោង ៧ និង២០នាទី ម៉ោងនៅក្នុងប្រទេសន័រវែស។
កវីម្ចាស់ស្ទឹងសង្កែ កើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោក គង្គ ប៊ុនឈឿន មានភរិយានាម តាត់ គិមលន និងមានកូន៩នាក់ ហើយ២នាក់បានស្លាប់នៅក្នុងរបបប៉ុលពត។ លោកបានចូលរៀនអាយុ៨ឆ្នាំ និងបានបន្តការសិក្សារហូតប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សា តែដោយទ័លក្រ លោកក៏សម្រេចចិត្តឈប់រៀននៅឆ្នាំ១៩៥៧។
ក្នុងឆ្នាំ១៩៥៥ លោកបានប្រឡូកក្នុងវិស័យតែងនិពន្ធ ហើយរយៈពេល២ឆ្នាំក្រោយមកលោកបានប្រឡងជាប់លេខ១ តាមរយៈស្នាដៃ ដែលមានចំណងជើងថា “ស្នេហាលុះអវសាន។ មុននឹងលោកឈានទៅដល់ការប្រឡងជាប់លេខមួយនេះ លោកក៏មានស្នាដៃដំបូងបំផុត ដែលមានចំណងជើងថា “ទន្លេមរណៈ។
ក្នុងសម័យសង្គមរាស្ត្រនិយមលោកក៏ត្រូវបានរាជការចាប់ដាក់ពន្ធនាគារអស់រយៈពេល៦ខែ ដោយសាររឿង “វិមាននរក” ដែលមានខ្លឹមសាររិះគន់របបនោះ។ នៅរបបកម្ពុជាប្រជាធិបតេយ្យលោកក៏ត្រូវបានជាប់គុករយៈពេល៦ខែទៀតផងដែរ។ លុះក្រោយពីរបបនេះចប់ទៅ នៅឆ្នាំ១៩៧៩ លោកបានចូលបំរើការងារនៅក្រសួងឃោសនាការ។ លោក គង្គ ប៊ុនឈឿន តាមរយៈសៀវភៅរបស់លោកបានឲ្យដឹងថាលោកបានសរសេររឿងប្រមាណ៨០រឿងហើយ។ លោកបានចេញផ្សាយសៀវភៅមួយនៅឆ្នាំ២០០០ ដោយដាក់ចំណងជើងថា “កំណាព្យស្នេហ៍មាស” ដែលជាកំណត់ហេតុស្នាដៃទាំងអស់របស់លោកចាប់ពីទស្សវត្សរ៍ទី៥០មក។
គិតតាំងឆ្នាំ ១៩៦៣ រហូតមកដល់ខែមេសាឆ្នាំ១៩៧៥ លោក គង្គ ប៊ុនឈឿន និពន្ឋទំនុកច្រៀង និងបទភ្លេង បានជាងពីររយបទ។ នៅក្មេងលោក ប៊ុនឈឿន ចូលចិត្តអ្នកចម្រៀង ស៊ិន ស៊ីសាមុត និងអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ពៅ ស៊ីផូ។ លោកមានអនុស្សាវរីយច្រើននៅខេត្តបាត់ដំបង ហើយបទចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ភាគច្រើនតែងតែរៀបរាប់ពីខេត្តបាត់ដំបង ដែលជាកន្លែងកំណើត។
មរណភាពរបស់លោកត្រូវបានអ្នកនិពន្ធជំនាន់ក្រោយចាត់ទុកថាជាការបាត់បង់ធនធានមនុស្សម្នាក់ក្នុងវិស័យអក្សរសិល្ប៍ខ្មែរ។ លោកស្រី ប៉ាល់ វណ្ណាវីរក្ស ជាអ្នកនិពន្ធបានបញ្ជាក់ប្រាប់វិទ្យុបារាំងថា កវីជំនាន់ក្រោយគ្រប់រូបគួរតែរៀនសូត្រពីស្នាដៃដ៏ឧដុង្គឧត្តមរបស់គាត់។
ចំណែកលោកស្រី អ៊ុំ សុផានី ជាអ្នកនិពន្ធបានបញ្ជាក់ថារាល់ស្នាដៃរបស់គាត់គឺមានគ្រប់រសជាតិ ដែលធ្វើឲ្យមានការគាំទ្ររហូតមកដល់សព្វថ្ងៃ។ លោកស្រីបានបន្ថែមថា ស្នាដៃរបស់គាត់បន្សល់ទុកនឹងក្លាយជាមរតកសំខាន់មួយសម្រាប់ប្រទេសកម្ពុជា៕
RIP @@@
សោកស្តាយ! ដោយសារស្ថានភាពនយោបាយ និងឥទ្ធិពលបុគ្គលមានអំណាចពុំអាចឱ្យគាត់បានចំណាយពេលនៃជិវិតចុងក្រោយនៅក្នុងស្រុកបាន។ ទឹកដីបាត់ដំបង ពិសេសស្ទឹងសង្កែនឹងនឹកគាត់ និងចាំឈ្មោះគាត់គ្រប់វេលា!!
សូមចូលរួមមរណៈទុក្ខ ដល់ក្រុមគ្រួសារកវី ។ សូមវិញ្ញាណក្ខ័ន្ធ លោកបានជួបនឹងសុគតិភព!!!។
សូមចូលរួមមរណៈទុក្ខ ដល់ក្រុមគ្រួសារកវី ។ សូមវិញ្ញាណក្ខ័ន្ធ លោកបានជួបនឹងសុគតិភព!!!។
I hope you watch us from heaven.
R .I. P
សូមវិញ្ញាណក្ខ័ន្ធ លោកបានដល់សុគតិភព។
ទូកទៅ កំពង់នៅ។
មនុស្ស ល្អ បាត់ទៅ គេនៅសោកស្ដាយ រីពាលអប្រីយ៍ គេបន់អោយតែឆាប់រលាយ ។
may he rest in peace and be reborn in the heaven
may he rest in peace and be reborn in the heaven