
រូបថតជិះកៅអីរុញកាលលោក គង់ ប៊ុនឈឿន នៅរស់។ រូបថត ហ្វេសប៊ុក
Mon, 18 April 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ថ្លែងបញ្ជាក់ប្រាប់ពីលោក មុត ថារី ជាកូនប្រសានោះថា លោក គង់ ប៊ុនឈឿន ជាប់ងារជាកវីម្ចាស់ស្ទឹងសង្កែ បានទទួលមរណភាពហើយនៅលើទឹកដីប្រទេស ន័រវែស នៅម៉ោង ៧ ព្រឹក ត្រូវនឹងម៉ោង ១ រសៀលនៅប្រទេសកម្ពុជាកាលថ្ងៃអាទិត្យទី ១៧ ខែមេសា ម្សិលមិញក្នុងវ័យ ៧៧ ឆ្នាំ។
ក្នុងសម្តីបែបខ្សឹកខ្សួលអួលដើមកព្រោះតែភាពអាឡោះអាល័យបាត់បង់ឪពុកក្មេក ដែលគ្មានថ្ងៃវិលត្រឡប់វិញ លោក មុត ថារី បានឲ្យដឹងថា៖ «សុខភាពរបស់គាត់ [គង្គ ប៊ុនឈឿន] បានធ្លាក់ចុះខ្លាំងចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះបន្ទាប់ពីជំងឺចាស់ជរា បានរុករានជាច្រើនខែមកដែរនោះ»។
នៅក្នុងប្រវត្តិរូបបានបង្ហាញថា កាលនៅវ័យ ១៦ ឆ្នាំនៅក្នុងឆ្នាំ ១៩៥៥ លោក គង់ ប៊ុនឈឿន ដែលមានកំណើតនៅភូមិ និងឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចូលប្រឡូកនៅក្នុងវិស័យតែងនិពន្ធ និងប្រឡងជាប់ចំណាត់ថ្នាក់លេខមួយជាលើកដំបូងក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ខេត្ត បាត់ដំបង នៅក្នុងឆ្នាំ ១៩៥៧ ក្រោមស្នាដៃឈ្មោះថា «ស្នេហាលុះអវសាន»។
លោក គង់ ប៊ុនឈឿន ក៏ជាអ្នកសរសេរអត្ថបទកាសែត អ្នកនិពន្ធប្រលោមលោកពាក្យរាយ និងប្រលោមលោកពាក្យកាព្យ និពន្ធកំណាព្យ ចម្រៀង អ្នកនិពន្ធបទភ្លេង សេណារីយោខ្សែភាពយន្ត និងជាអ្នកដឹកនាំសម្តែងដ៏ល្បីល្បាញម្នាក់ ដូចជា តាមរយៈវណ្ណកម្មភាពយន្តរឿង «នាងរំសាយសក់» ដោយមានតួស្រីសម្តែងជាកូនស្រីរបស់លោក ឈ្មោះនាង ប៊ុនឈឿន សូរីយា។ ក្រៅពីនេះ លោកក៏ជាអ្នកគូរគំនូរផ្នែកអប់រំមួយរូបផងដែរ។
កាលឆ្នាំ ២០០០ លោកគឺជាអ្នកនិពន្ធជាតិខ្មែរទី ២ បន្ទាប់ពីលោក ពេជ្រ ទុំក្រវិល ដែលបានទទួលនូវពានរង្វាន់ជយលាភីផ្នែកស្នាដៃតែងនិពន្ធនៃក្របខ័ណ្ឌអាស៊ាន។
អ្វីដែលកាន់តែពិសេសនោះ មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈបានចងចាំនូវងារជាកវីម្ចាស់ស្ទឹងសង្កែ របស់លោក គង់ ប៊ុនឈឿន មិនភ្លេចឡើយ បើទោះបីជានាពេលនេះលោកបានលាចាកលោកហើយក្តី។
លោក មុត ថារី ជាកូនប្រសា ជាអ្នកនិពន្ធ និងដឹកនាំសម្តែងភាពយន្តដែរនោះ មិនហ៊ានវាយតម្លៃចំពោះការបាត់បង់ឪពុកក្មេករបស់លោកសម្រាប់ប្រទេសកម្ពុជា ថាជាយ៉ាងណានោះទេ ដោយលោកពោលថា ទុកភារៈនេះឲ្យមហាជនជាអ្នកនិយាយវិញចុះ។
ក៏ប៉ុន្តែលោក មុត ថារី បានបញ្ជាក់ទាំងពាក្យខ្សឹកខ្សួលដែរថា៖ «ការបាត់បង់លោក គង់ ប៊ុនឈឿន គឺជាការបាត់បង់ដ៏ធំធេងមួយនៃក្រុមគ្រួសាររបស់ខ្ញុំព្រោះថាគាត់គឺជាឪពុកដ៏ល្អមួយរូបដែលខ្ញុំបានជួបនៅក្នុងជាតិនេះ»៕
សូមចូលរួមមរណៈទុក្ខនិងសោកសោយយ៉ាងក្រៃលែងដែលខ្មែរបានបាត់ធនធានមនុស្សដ៏សំខាន់៕
I always admired of what you had done to the country especially in the music industry. I personally like to send my deepest condolence and sympathy to your family.
May your legacy lives forever with all Khmer people.