តារា​ពីរ​ដួង​ស្លាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ បន្សល់​ពាក្យ​រិះ​គន់​សង្គម

​តារា​សម្ដែងជើង​ចាស់ អ្នកនាង​ ហួត សារ៉ាវឌី និងលោក រាជ បុរី​ កាល​គ្រា​នៅ​មាន​ជីវិត​​​​។ រូបថត សហ​ការី

​តារា​សម្ដែងជើង​ចាស់ អ្នកនាង​ ហួត សារ៉ាវឌី និងលោក រាជ បុរី​ កាល​គ្រា​នៅ​មាន​ជីវិត​​​​។ រូបថត សហ​ការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្រោយពី​មរណភាព​​តារា​ចម្រៀង និង​សម្តែង រាជ បូរី បង្ក​ពី​ហេតុការណ៍​ក្រឡាប់​រថយន្ត ពេល​នាំ​ដល់​មន្ទីរពេទ្យ ដោយ​​អង្គុយ​ស្លាប់​លើ​កៅអី​មុន​ពេល​ពេទ្យ​ជួយ​សង្គ្រោះ ក៏​មាន​ហេតុ​ស្លាប់​តារា​សម្តែង​ជើង​ចាស់​ដ៏​ចម្រូង​ចម្រាស​នៅ​ទឹកដី​នៃ​ខេត្តព្រៃវែង អ្នកនាង ហួត សារ៉ាវឌី តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ១ ខណៈ​ប៉ូលិស​រក​ឃើញ​ថា ជា​គ្រោះថ្នាក់​​ចរាចរណ៍ ប៉ុន្តែ​កូន​ស្រី​សព បាន​អះអាង​ថា ជា​ករណី​ប្លន់​រំលោភ​សម្លាប់។

លោក រាជ បូរី ជាតារា​សម្តែង​​​ភាព​យន្ត​ភាគរឿង ​«សេដ្ឋី​វ័យ​ក្មេង» ទើប​បាន​ចាក់​បញ្ចាំង​ចប់​ និង​តារា​ចម្រៀង​នៅ​ផលិតកម្ម Classic។

លោក ហួរ សុផល ចាងហ្វាង​ផលិតកម្ម Classic បាន​ឲ្យ​ដឹងថា៖ «​ហេតុការណ៍​ក្រឡាប់​រថយន្ត​នៅ​ម៉ោង ៩ និង ៣០ នាទី​យប់​​ក្បែរ​ក្រុង ប៉ោយប៉ែត ដោយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ បណ្ដាល​ឲ្យ​លោក រាជ បុរី និង​ស្រ្តី​ចំណាស់​ម្នាក់​ទៀត​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក្រុង ប៉ោយប៉ែត»។

រសៀល​ថ្ងៃ​ទី ១៧ ខែ​មេសា រូប​ភាព​សព​តម្កល់​នៅ​វត្ត​ចាក់​អង្រែក្រោម​​ដែល​ត្រូវ​បាន​ធ្វើ​​បុណ្យ​តាម​ប្រពៃណី និង​ការ​ចូល​រួម​​រំលែក​ទុក្ខពី​សាច់ញាតិ និង​មិត្ត​រួម​អាជីព​សិល្បៈ​ដ៏​សស្រោក​សស្រាំ​នោះ ពីហ្វេស​ប៊ុក​អ្នក​សិល្បៈ ​និង​ជាមិត្ត​​ភក្ដិ​ជិត​ដិត​សព បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​ថា៖ «ក្រោយ​រថយន្ត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ ​មាន​តែ​ម្ដាយ​ម្ចាស់​​រថយន្ត​ម្នាក់​គត់​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ហេតុការណ៍។ ចំណែក ៤ នាក់​ទៀត​រង​របួស​ស្រាលៗ​ លើក​លែង​តែ បូរី​ដែល​បោក​ផ្ទប់​ធ្លុះ​កញ្ចក់​រថយន្ត និង​ត្រូវ​រថយន្ត​សង្កត់​ពី​លើ។ តែ​ភ្លាម​ៗ​ លោក​នៅ​អាច​ឈរ​និយាយ និង​ដើរ​ឡើង​គោក មក​អង្គុយ​ចាំ​ឡាន​ពេទ្យ​មក​យក​ប្រហែល​ជាង​កន្លះ​ម៉ោង​​ទើប​ឡាន​ពេទ្យ​មក​ដល់​ ក៏​ដឹក​យក​ទៅ​ពេទ្យ​នៅ​ប៉ោយប៉ែត ដោយ​ទី​នោះ​គ្មាន​ឧបករណ៍​សម្រាប់​សង្គ្រោះ​បឋម»។


សព​លោក រាជ​ បុរី និង​អ្នក​នាង ហួត សារ៉ាវឌី​។ រូបថត ហ្វេសប៊ុក

សព​លោក រាជ​ បុរី និង​អ្នក​នាង ហួត សារ៉ាវឌី​។ រូបថត ហ្វេសប៊ុក

គណនី ហ្វេសប៊ុក ដដែល បាន​សរសេរ​ទៀត​ថា៖ «បូរី​នៅ​អង្គុយ​ចាំ​ការ​សង្គ្រោះ​រហូត​ផុត​ដង្ហើម​ទាំង​និយាយ​គ្នាក​កោក​ជាមួយ​អ្នក​រួម​ដំណើរ។ គាត់​បាន​​ដាច់​ខ្យល់​ខណៈ​អង្គុយ​លើ​កៅអី»។

ដោយ​ឡែក​​ពី​ហេតុការណ៍​បាត់​បង់​ជីវិត​តារា​សម្តែង​ជើង​ចាស់ អ្នក​នាង ហួត សារ៉ាវឌី ខណៈ​ពេល​ដែល​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ផ្ទុយ​ពី​ការ​អះអាង​សាច់​ញាតិ​សព​ដែល​សរសេរ​បរិយាយ​​នៅ​ក្នុង​ហ្វេសប៊ុក​ថា ម្តាយ​គេ​ស្លាប់​ដោយ​អំពើ​ប្លន់​រំលោភ និង​សម្លាប់។

ហ្វេសប៊ុក Sarachan Elf ជា​​របស់​​កូន​ស្រី​សព​សរសេរ​បន្ត​ថា៖ «ការ​ស្លាប់​របស់​ម៉ាក់​ខ្ញុំ វា​មិន​មែន​ជា​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទេ។ វាជា​ករណី​ប្លន់ រំលោភ និង​សម្លាប់​​បំបិទ​មាត់​ទៀត។ តែប៉ូលិស​នៅ​មូល​ដ្ឋាន មិន​ជួយ​ធ្វើ​កោសល្យ​វិច័យ​​ទេ បែរ​ជា​គិតថា វា​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ ទាំង​មាន​​ភ័ស្តុ​តាង​បញ្ជាក់​ច្បាស់​ណាស់​»។

កូនស្រី​សព​សរសេរ​បញ្ជាក់​ទៀតថា៖​ «យប់ថ្ងៃទី​១៤ ​ម៉ោង​ប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់​របស់​ខ្ញុំ​បាន​ចេញ​ដំណើរ​ដោយ​​ម៉ូតូ​ទៅ​ខេត្ត​ ព្រៃវែង ឯស្រុក​ក​អណ្តើក ដើម្បី​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ស្រុក​កំណើត។ តែ​នៅ​ពេល​មក​ដល់​ជិត​ផ្ទះ​ទៅ​ហើយ ម៉ោង​ប្រហែល ៨ កន្លះ​យប់ ​គាត់​ខល​ទូរស័ព្ទ​មកថា​ មាន​ក្មេងស្ទាវ​មួយ​ហ្វូង​​ប្រហែល ៤ – ៥ នាក់​បាន​រត់​ចេញ​ពី​កៀន​ថ្នល់ ដៃ​មាន​កាន់​ដំបង បាន​រត់​មក​វាយ​ក្បាល​អ្នក​បើកម៉ូតូ​ចំ​កញ្ចឹងក ហើយ​ក៏​រេ​ដៃ​ចង្កូត​ទៅ​ខាង​ឆ្វេង​ថ្នល់»។

កូន​ស្រី​តារា​សម្ដែង​ ហួត សារ៉ាវឌី បន្ដ​ថា៖ «ឥឡូវ​អ្នក​បើក​ម៉ូតូ សន្លប់​បាត់​ហើយ ឆាប់​មក​ជួយ​គាត់។ ពេល​នោះ អ្នក​ផ្ទះ​ក៏​​ចេ​ញ​ទៅ​រក​ភ្លាម តែ​តេ​ទៅ​ក៏លែង​មាន​អ្នក​លើក»៕

What Next?

Recent Articles

One Response to "តារា​ពីរ​ដួង​ស្លាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ បន្សល់​ពាក្យ​រិះ​គន់​សង្គម"

  1. CountryStudent says:

    Police and murder are all in one. They involve in crime together and share the money. They will be caught one day if Cambodian justice system doesn’t keep and forget about it