លោក​ ហ៊ុន សែន ចូល​បុណ្យ​លោក កែម ឡី ១ ​ម៉ឺន​ដុល្លារ

ពិធី​បុណ្យ​ខួប​មួយ​ឆ្នាំ សព​បណ្ឌិត កែម ឡី។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បុណ្យ​ជា​ថវិកា​ចំនួន​ ១ ​ម៉ឺន​ដុល្លារ​ជូន​ដល់​ក្រុម​គ្រួសារ​សព​លោក បណ្ឌិត កែម ឡី ក្រោយ​ពី​សារព័ត៌មាន រាយការណ៍​ថា​ក្រុម​គ្រួសារ​សព​បាន​ខ្វះខាត​ថវិកា​ចំនួន ៧៨០០ ដុល្លារ​សម្រាប់​ចំណាយ​ទៅ​លើ​ពិធី​បុណ្យ​ខួប​មួយ​ឆ្នាំ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​។

លោក​ កែម រិទ្ធិសិទ្ធ ប្អូន​ប្រុស​លោក​ កែម ឡី​បាន​ប្រាប់ ​ភ្នំពេញ-ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​ លោក​បាន​ទទួល​ថវិកា​ជា​សាច់​ប្រាក់​សុទ្ធ​ចំនួន ១ ​ម៉ឺន​ដុល្លារ​របស់​នាយក​រដ្ឋមន្ត្រី​តាមរយៈ​ លោក លឹម ជាវុត្ថា អគ្គនាយក​សារព័ត៌មាន Freshnews ក្រោយ​ពេល​ដែល​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​មួយ​នេះ បាន​សរសេរ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​ទី​ ១៤ ​កក្កដា​ថា​គ្រួសារ​លោក​ កែម ឡី បាន​ជំពាក់​ថ្លៃ​បបរ និង​ចំណាយ​ផ្សេងៗ​រហូត​ដល់​ទៅ​ ៧៨០០ ​ដុល្លារ​។

កាលពី​ម្សិលមិញ Fresh News ក៏​បាន​ប្រកាស​ថា​លោក ហ៊ុន សែន សម្រេច​ចូល​បុណ្យ​ជា​ប្រាក់​ ១ ​ម៉ឺន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ដែរ Fresh News ក៏​បាន​សរសេរ​ថា​មរណភាព​លោក​ កែម ឡី​ «​គេ​បាន​ឃើញ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​ធ្វើ​សកម្មភាព​បុណ្យ និង​កាង​យក​ផល​ចំណេញ​លើ​សព​ថែម​ទៀត​។ តែ​ពេល​គ្រួសារ​លោក កែម ឡី ជួប​ទុក្ខ​លំបាក​គេ​មិន​ឃើញ​ថា្នក់​ដឹកនាំ​បក្ស​ប្រឆាំង​ចេញ​មុខ​ជួយ​ដោះស្រាយ​ឡើយ​»​។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​ឆ្នាំ​ ២០១៦ ហើយ​គ្រួសារ​បាន​រៀបចំ​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នេះ​នៅ​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ​។

បើ​តាម​លោក រិទ្ធិសិទ្ធ ការ​ចំណាយ​ក្នុង​ថ្ងៃ​បុណ្យ​ខួប​មួយ​ឆ្នាំ​នេះ​គ្រួសារ​បាន​ទទួល​បបរ​ភ្ញៀវ​អស់​ជាង​ ១០០ ​ខ្ទះ និង​ចំណាយ​ផ្សេងៗ​ដែល​ទូទាត់​ទៅ​អស់​ប្រមាណ ២ ​ម៉ឺន​ដុល្លារ​។

ទោះ​យ៉ាង​ណា ​ថវិកា​ដែល​បងប្អូន​ចូល​បុណ្យ​បាន​ប្រមាណ​តែ​ជាង​ ១ ​ម៉ឺន​ដុល្លារ​បុណ្ណោះ​។

ចំពោះ​ថវិកា​ចូល​បុណ្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ លោក រិទ្ធិសិទ្ធ បញ្ជាក់​ថា​៖ «​យើង​ជា​អ្នក​ឯករាជ្យ យើង​មិន​ប្រកាន់​បក្ស​អ៊ីចឹង យើង​មិន​អាច​បិទ​ភ្នែក​ (​មិន​ទទួល​យក​ថវិកា​) ​បាន​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​ជា​ធមុ្មតា​ពីព្រោះ​គាត់​ជា​ថ្នាក់​ដឹកនាំ​ដូចជា​ឪពុកម្តាយ​របស់​យើង​។ ពេល​ណា​មាន​ការ​ខ្វះខាត គាត់​មាន​កាតព្វកិច្ច​ជួយ​»​។

នៅ​ពេល​សួរ​រឿង​ខ្វះខាត​លុយ​លើ​ការ​ចំណាយ​ថ្លៃ​ធ្វើ​បុណ្យ​លោក កែម ឡី លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​៖ «​នេះ​មិនមែន​ជា​កាតព្វកិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​ការ​ធ្វើ​បុណ្យ​ទាន​យើង​បាន​ចូលរួម​ទៅ​តាម​សទ្ធា​របស់​យើង យើង​មិន​អាច​ទៅ​បង្ខំ ឬ​អ្នក​ណា​បង្ខំ​ឲ្យ​ធ្វើ​អ៊ីចេះ​អ៊ីចុះ​បាន​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​ការ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ជា​រឿង​សំខាន់ ហើយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ដទៃ​ដែល​ស្រឡាញ់​បណ្ឌិត​ កែម ឡី តែងតែ​ចង់​បាន​យុត្តិធម៌​ជា​ចំណុច​សំខាន់​បំផុត​»៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

2 Responses to "លោក​ ហ៊ុន សែន ចូល​បុណ្យ​លោក កែម ឡី ១ ​ម៉ឺន​ដុល្លារ"

  1. Anonymous says:

    ស្តាយក្រោយទេដឹង? នេះជាបច្ច័យគ្មានន័យសម្រាប់ក្រុមគ្រួសាសពនិងប្រជាជនកម្ពុជាដែលគោរពស្រឡាញ់លោកបណ្ឌិត នៅខណៈពេលមេឃាតករដែលបញ្ជានៅពីក្រោយនិងអ្នកសមគំនិតក្នុងរឿងឃាតកម្មនេះនៅមិនទាន់រកឃើញនិងផ្តន្ទាទោសតាមច្បាប់នៅឡើយ។ បើចិត្តសឿងក្លាហាន រដ្ឋាភិបាលត្រូវសហការជាមួួយអ្នកជំនាញឯករាជ្យអន្តរជាតិឲ្យពួកគេចូលរួមស្រាវជ្រាវតាំងពីដំបូង។ យើងជឿថាវិញ្ញាណខន្តលោកបណ្ឌិតមិនអាចទទួលយកបានទេ។ កម្មពារប្រាកដជាមាន។

  2. Kunishiva says:

    Cambodia has only fake justice. The justice system is dead under this leader. Ten thousands dollars is no meaning.