សេដ្ឋកិច្ច
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
26 កញ្ញា 2017
ស៊ុន ណារិន
វីអូអេខ្មែរ
លោក ហ៊ុន សែន ថាទំនប់ដន សាហុងរបស់ឡាវ និង សេសានក្រោមពីរ មិនប៉ះពាល់ដល់ទិន្នផលត្រីកម្ពុជានោះទេ នៅពេលដែលសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាន បានបង្ហាញក្តីបារម្ភអំពីរឿងនេះ។
ទំនប់វារីអគ្គិសនីដន សាហុង របស់ឡាវ ត្រូវបានចាប់ផ្តើមសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០១៦។ សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាន បានបង្ហាញក្តីបារម្ភថា ទំនប់នេះនឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅទន្លេមេគង្គ ជាពិសេសប៉ះពាល់ដល់លំហូរត្រី។ នៅថ្ងៃនេះ លោក ហ៊ុន សែន បានអះអាងថា ទំនប់ដន សាហុង មិនប៉ះពាល់ត្រីនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអះអាងថា ទំនប់វារីអគ្គិសនី ដន សាហុង (Don Sahong) របស់ឡាវ ដែលកំពុងត្រូវបានសាងសង់នោះ មិនប៉ះពាល់ត្រីនៅកម្ពុជានោះទេ។
ក្នុងពិធីបិទទ្វារទឹក ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ លោក ហ៊ុន សែន បានច្រានចោលការព្រួយបារម្ភលើបញ្ហានេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖
«សូម្បីតែដន សាហុង របស់ខាងឡាវ ក៏វាមិនកិនត្រីងាប់ដែរ។ វានៅឃ្លាតពីព្រំដែនកម្ពុជា និងឡាវ ត្រឹមតែ២គីឡូម៉ែត្រជាងតែប៉ុណ្ណោះ។ ខ្ញុំទៅមើលផ្ទាល់ហើយ។ ដូច្នេះ វាមិនប៉ះពាល់ អីទេ។ ប៉ុន្តែយើងរកវិធីធ្វើម៉េច ដើម្បីកាត់បន្ថយ បើសិនជាមានប៉ះពាល់ ក៏ឲ្យប៉ះពាល់កម្រិតតិច»។
ការលើកឡើងរបស់លោក ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ គឺជាការឆ្លើយតបនឹងអង្គការជាតិ និងអន្តរជាតិ ដែលតែងតែបង្ហាញក្តីបារម្ភពីហានិភ័យនៃការបាត់បង់ត្រីនៅកម្ពុជា ដោយសារទំនប់វារីអគ្គិសនីមួយនេះ។
ទំនប់វារីអគ្គិសនីដន សាហុង មានកម្រិតថាមពលចំនួន២៦០មេហ្គាវ៉ាត់ ហើយជាទំនប់វារីអគ្គិសនីដែលកៀកនឹងប្រទេសកម្ពុជាបំផុត។ ការស្រាវជ្រាវដោយក្រុមអង្គការសង្គមស៊ីវិលកន្លងទៅ បានឲ្យដឹងថា ទំនប់មួយនេះនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។
ក្រៅពីទំនប់ដន សាហុង រដ្ឋាភិបាលឡាវក៏កំពុងស្ថាបនាទំនប់សាយ៉ាប៊ូរីនៅលើតួមេនៃទន្លេមេគង្គដែរ។ រដ្ឋាភិបាលឡាវក៏នឹងស្ថាបនាទំនប់វារីអគ្គិសនី ប៉ាក់ បេង (Pak Beng) មួយទៀត ដែលស្ថិតនៅចម្ងាយប្រហែល ១៥៤០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា~ឡាវ។
អង្គការទន្លេអន្តរជាតិដែលមានមូលដ្ឋាននៅអាមេរិក (International Rivers) បានលើកឡើងថា ផលប៉ះពាល់ផ្នែកបរិស្ថាន និងសេដ្ឋកិច្ចសង្គម គួរឲ្យចាប់អារម្មណ៍បំផុត ដោយសារទំនប់វារីអគ្គិសនីដន សាហុង មានផលប៉ះពាល់ទៅលើជលផលត្រីក្នុងស្រុក និងក្នុងតំបន់។
អង្គការបានបញ្ជាក់ថា៖
«ទន្លេហូសាហុង គឺជាទន្លេ និងជាច្រកចេញចូលធំបំផុតនៅក្នុងតំបន់ស៊ីផានដូន ដែលអនុញ្ញាតឲ្យត្រីហែលបានពេញមួយឆ្នាំ។ ពូជត្រីច្រើនជាង១០០ប្រភេទត្រូវបានគេរាយការណ៍ថា ធ្វើចរាចរណ៍តាមទន្លេសាហុង។ ការសង់ទំនប់បិទទន្លេហូ សាហុង ជាការគំរាមកំហែងដល់ការហែលឆ្លងកាត់ ការរកចំណី និងការបង្កើតកូនរបស់ត្រីចម្រុះ ច្រើនប្រភេទទាំងនេះ»។
អង្គការបានបញ្ជាក់បន្ថែមថា៖
«នេះជាបន្ទុកនៃក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដែលពន្យល់អំពីប្រសិទ្ធភាពពីការបង្កើតគម្រោង និងវិធានការកាត់បន្ថយផលប៉ះពាល់ តែថា គ្មានមូលដ្ឋានភស្តុតាងវិទ្យាសាស្រ្ត ដែលមានន័យថា ភាពមិនច្បាស់លាស់ជាច្រើននៅតែបណ្តាលឲ្យជលផលទន្លេមេគង្គមានហានិភ័យ»។
សង្គមស៊ីវិលកម្ពុជាក៏បានបង្ហាញក្តីបារម្ភអំពីការបាត់បង់ផ្សោតទឹកសាបផងដែរ ដោយសារទំនប់មួយនេះ។ ពួកគេធ្លាប់បានស្នើកុំឲ្យមានការស្ថាបនាទំនប់ដន សាហុង។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOs Forum) បានថ្លែងថា ជំហររបស់អង្គការលោក គឺមិនចង់ឲ្យមានការស្ថាបនាទំនប់វារីអគ្គិសនីនានា នៅលើដងទន្លេមេគង្គ។ លោកថ្លែងបន្តថា រដ្ឋាភិបាលឡាវនឹងស្ថាបនាទំនប់វារីអគ្គិសនីផ្សេងទៀតនៅទន្លេមេគង្គ ដែលជាការព្រួយបារម្ភមួយ។
លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា៖
«កាលណា Pak Beng ធ្វើទៀត ឡាវវាធ្វើតទៀត អត់ទាន់ឈប់ទេ ធ្វើតទៅ ធ្វើហើយដូចជារុញទូកបណ្តោយទៀត។ កម្ពុជាក៏ធ្វើដែរ។ ធ្វើនៅស្ទឹងត្រែង ធ្វើទំនប់វារីអគ្គិសនីសំបូរ អីចឹងទន្លេមេគង្គនឹងមិនក្លាយជាទន្លេមួយសម្រាប់ផ្តល់សុខមាលភាព ឬមួយក៏សុខដុមនីយកម្ម គេហៅថា ជាទន្លេមួយប្រកបដោយទំនប់ ហើយ ជាទន្លេមួយប្រកបដោយភាពចម្រូងចម្រាស ទំនប់វារីអគ្គិសនីហើយ»។
ទោះជាយ៉ាងណា លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខាអចិន្ត្រៃយ៍នៃក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវ ធ្លាប់បានថ្លែងប្រាប់ VOAកាលពីកន្លងទៅថា រដ្ឋាភិបាលឡាវបានសិក្សាផលប៉ះពាល់បរិស្ថានច្បាស់លាស់ មុននឹងស្ថាបនាទំបន់វារីអគ្គិសនីនានា។ លោកបន្តថា ក្រុមហ៊ុនក៏បានស្ថាបនាទំនប់ ដោយបញ្ចៀសផលប៉ះពាល់ដែលអាចកើតឡើងចំពោះការបម្លាស់ទីរបស់ត្រី។
ថ្លែងក្នុងពិធីសម្ពោធទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ ក៏បានឆ្លើយតបនឹងការព្រួយបារម្ភថា នឹងមានការបាត់បង់ត្រី៧០ភាគរយ ដោយសារការស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោមពីររបស់កម្ពុជាដែលត្រូវបានប្រកាសបើកទ្វារស្តុកទឹកនៅថ្ងៃចន្ទនេះផងដែរ។
លោកមានប្រសាសន៍ថា៖
«មានអគ្គរដ្ឋទូតមួយបានទៅជួបជាមួយខ្ញុំ។ ជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកការទូតរបៀបនេះមកនិយាយជាមួយយើងទៅរួច។ គាត់ថា វារីអគ្គិសនីសេសាន ធ្វើឲ្យប៉ះពាល់ត្រីចំនួន៧០ភាគរយ។ គាត់និយាយអស់ហើយ បានខ្ញុំសួរថា ជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះត្រីនៅប្រទេសរបស់យើងខ្ញុំ ចេះឡើងដើមឈើ ហើយចេះឡើងភ្នំ?»
លោក ហ៊ុន សែន បានអះអាងបែបនេះ ដោយលោកសំដៅថា តំបន់ទន្លេសេសាន មិនសំបូរត្រី ដូចនៅទន្លេសាប និងទន្លេមេគង្គនោះទេ។ លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣ទសវត្សរ៍ បានបន្តថា តំបន់ទន្លេសេសានក្រោមពីរនេះ គឺជាផ្នែកមួយនៃគម្រោងផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនកម្ពុជាឱ្យបានគ្រប់ភូមិទូទាំងប្រទេស។ មកដល់ពេលនេះ លោក ហ៊ុន សែនថា រដ្ឋាភិបាលលោកបានផ្គត់ផ្គង់អគ្គិសនីបាន ចំនួន១១ពាន់ភូមិក្នុងចំណោម១៤ពាន់ភូមិទូទាំងប្រទេសកម្ពុជា ដែលស្មើនឹង ៧៩% ឬ៣លាន២សែនខ្នងផ្ទះ៕
Veitcong mafia dictator know everything because he have too many certificate ‘including certificate to killed ‘certificate to jail ,certificate to accuse other people or opposition party ,certificate to crush any body criticise him so he have too many and become mad like mad-dog.This veitcong mafia dictator will be punished by GOD soon . GOD bless all cambodian people’
are you sure MR let see in the future what will happen it is your responsible . GOD bless Cambodia