
លោក សម រង្ស៊ី បានជួបជាមួយអ្នកតំណាងរាស្ត្រអូស្ត្រាលីម្នាក់។ រូបថត ហ្វេសប៊ុក
Wed, 27 September 2017
Andrew Nachemson and គង់ មេត្ដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅសប្តាហ៍នេះបានជួបមន្ត្រីរដ្ឋាភិបាលបរទេសមួយចំនួននៅអូស្ត្រាលី និងនូវែលសេឡង់ដោយបានស្នើឱ្យប្រទេសទាំង ២ កុំឲ្យផ្តល់ទិដ្ឋាការដល់មន្ត្រីគណបក្សកាន់អំណាច និងគ្រួសារជាការឆ្លើយតបចំពោះការចាប់ខ្លួនលោក កឹម សុខា ហើយដំណើរទស្សនកិច្ចនេះស្របគ្នានឹងកូនប្រុសនាយករដ្ឋមន្ត្រីនៅបរទេសដែលជួបការតវ៉ាមួយចំនួនផងដែរ។
លោក សម រង្ស៊ី បានជួបជាមួយអភិបាលក្រុង Auckland លោក Phil Goff និងមន្ត្រីមួយចំនួនមកពីក្រសួងការបរទេសនូវែលសេឡង់ និងជួបជាមួយតំណាងរាស្ត្រមកពីប្រទេសទាំងពីរផងដែរ។
លោកថ្លែងថាដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីស្នើឱ្យប្រទេសទាំងពីរ «ប្រតិកម្មទៅនឹងការបង្ក្រាបរឿងនយោបាយនៅកម្ពុជា» ពិសេសប្រទេសអូស្ត្រាលីដែល «មានតួនាទីសំខាន់ក្នុងតំបន់…[ហើយ] ត្រូវបង្ហាញភាពជាអ្នកដឹកនាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ»។
លោក សម រង្ស៊ី បានថ្លែងថាលោកបានស្នើតំណាងរាស្ត្រឲ្យលើកយកការហាមឃាត់ការផ្តល់ទិដ្ឋាការទៅសភាហើយលោកថាតំណាងរាស្ត្របានស្នើរដ្ឋាភិបាលអូស្ត្រាលីឱ្យប្រតិកម្មតាមវិធីសមស្របមួយ។
លោក សម រង្ស៊ី ពន្យល់ថា៖ «មន្ត្រីគណបក្សប្រជាជនជាច្រើន និងគ្រួសារពួកគេបានមកអូស្ត្រាលីដើម្បីទិញអចលនទ្រព្យ វិនិយោគ…និងបញ្ជូនកូនចៅរបស់ពួកគេទៅសិក្សានៅទីនោះ។ លោកថាការឆ្លើយតបជាអន្តរជាតិត្រូវតែមានផលប៉ះពាល់ផ្ទាល់ដល់សមាជិកគណបក្សកាន់អំណាច ហើយត្រូវធ្វើឱ្យមានប្រសិទ្ធភាព។
បើតាមលោក សម រង្ស៊ីស្ថានភាពនយោបាយកម្ពុជានឹងត្រូវពិភាក្សានៅពេលសភាអូស្ត្រាលីកោះប្រជុំជាថ្មីនៅខែតុលា។
យ៉ាងណាក្ដីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឲ្យដឹងថាលោកមិនមានការព្រួយបារម្ភចំពោះសំណើរបស់លោក សមរង្ស៊ី នោះទេ។
ដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី ក៏ស្របពេលដែលលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅទ្វីបអឺរ៉ុបផងដែរដោយលោកបានជួបជាមួយក្រុមបាតុករនៅប្រទេសទាំងនេះ។
លោក ហ៊ុន ម៉ាណែត បានឈប់សំចតនៅស្វ៊ីសកាលពីថ្ងៃអាទិត្យ និងអង់គ្លេសនៅថ្ងៃចន្ទ ខណៈលោក ផៃ ស៊ីផាន កាលពីថ្ងៃចន្ទបានចោទក្រុមអ្នកតវ៉ានៅក្រៅប្រទេសថាជា «សង្គ្រាមចិត្តសាស្ត្រ»។
លោក ម៉ាណែត បានប្រាប់សារព័ត៌មាន Fresh News ថា គណបក្សប្រជាជនមានគោលនយោបាយមួយបម្រើពលរដ្ឋទាំងក្នុង និងក្រៅប្រទេស៕ NS
Contact authors: Andrew Nachemson and គង់ មេត្ដា
Il faut interdire la famille Hun Sen de voyager à l’étranger !
Cambodian people all support Sam Rainsy. Cambodia today no real democracy, no human right, no fair, and very much corruption in the public sector such as education, court, police, and tax.