ក្រសួង​ការបរទេស​មាន​កង្វល់​ ក្រែង​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បន្ទាប់ពី​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​អាមេរិក

លោក អ៊ុច បូររិទ្ធ នៅ​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ហេង ជីវ័ន



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ពី​កង្វល់​លើ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រាលដាល​ដល់​កូតា​នាំ​ចេញ​ផលិតផល​រោងចក្រ​កាត់ដេរ​ពី​កម្ពុជា បន្ទាប់ពី​មាន​ភាព​តានតឹង​ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។

លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​ការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ទៅ​កាន់​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ក្រុម​អ្នក​ច្បាប់​​ប្រមាណ​ជាង​ ៦០ ​នាក់​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ «​សមិទ្ធផល​ ២៤ ​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ​នៅ​​ក្នុង​វិមាន​រដ្ឋ​ចំការមន​កាលពី​ម្សិលមិញ ​ដោយ​ចាត់ទុក​ខែ​កញ្ញា​នៅ​ក្នុង​រដូវ​ភ្លៀង​នេះ​គឺជា​ខែ​ក្ដៅ​ដោយសារ​ទំនាក់​ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ដោយសារ​តែ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ​របស់​រដ្ឋាភិបាល​អាមេរិក​រួម​ទាំង​ការ​បិទ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​។

លោក អ៊ុច បូររិទ្ធ ថ្លែង​ថា​​ខែ​កញ្ញា ២០១៧ «គឺជា​ខែ​យីអ៊ុន​ដាក់​អារក្ស​ជាន់ ទំនាក់​​ទំនង​យើង​ទាំង​ ២ ​មើល​ទៅ​​ពិបាក​។… ខែ​កញ្ញា​នេះ​គឺជា​ខែ​មួយ​ដ៏ក្ដៅ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ជាមួយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា នៅ​ថ្ងៃ​ទី​ ២ ខែ​កញ្ញា​។ ជា​បន្តបន្ទាប់​យើង​បិទ​ NDI ទៀត​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក បូររិទ្ធ បាន​ថ្លែង​អះអាង​ពី​ជំហរ​រឹងមាំ​ដោយ​មិន​មាន​កង្វល់​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​ទិដ្ឋាការ​ពី​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ តែ​ព្រួយបារម្ភ​លើ​ការ​នាំ​សម្លៀក​បំពាក់​ទៅ​​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​។

លោក បូររិទ្ធ ថ្លែង​ថា​៖ «​បញ្ហា​នេះ​ខ្ញុំ​យល់​ថា អត់​វីសា អត់​បញ្ហា អត់​ងាប់ មិន​បាន​ទៅ​​អាមេរិក​ក៏​ហី​ទៅ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់​យើង​មាន​ការ​ព្រួយ​បារម្ភ​តែ​ម្យ៉ាង​ទេ​គឺ ឥឡូវ​វា​មាន​និន្នាការ​រុញ រួច​ទៅ​ហើយ រុញ​អាមេរិក គឺ​សភា​អាមេរិក​ហ្នឹង​រុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច [​យើង​] ​ខ្លាច​វា​រាលដាល​ដល់​បញ្ហា​កូតា គឺថា​អីវ៉ាន់​វាយនភណ្ឌ​ដែល​ជា​ទីផ្សារ​ដ៏ធំ​។ ការ​បារម្ភ​គឺ​តែ​ប៉ុណ្ណឹង​»​។

រាជរដ្ឋាភិបាល​តាមរយៈ​​ក្រសួង​ការបរទេស​កំពុង​ស្វែងរក​ទីផ្សារ​ថ្មី​ដើម្បី​ជំនួស​ទីផ្សារ​អាមេរិក​ប្រសិន​បើ​រដ្ឋការ​លោក ដូណាល់ ត្រាំ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​។ «​សំខាន់​គឺ​បង្វែរ​រក​ទីផ្សារ ខំ​ណាស់​យើង​ខ្ញុំ ក្រសួង​ការបរទេស​ហ្នឹង ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី យើង​ខំ​បង្វែរ​រក​ទីផ្សារ​គឺថា​យើង​មិន​ពឹង​ផ្អែក​លើ​តែ​ទីផ្សារ​អាមេរិកាំង មិន​ពឹង​ផ្អែក​លើ​​ទីផ្សារ​ ២ ​នេះ​ទេ​។ ខំ​បង្វែរ​រក​​ទីផ្សារ​ផ្សេង​ទៀត ដើម្បី​ជា​ច្រក ដើម្បី​ទប់ទល់​ទៅ​នឹង​សភាពការណ៍​ដែល​អាច​កើត​មាន​ជាយថា​ហេតុ​។ បើ​អាមេរិក​គេ​ទៅ​គឺ​​គេ​ទាញ EU ​ឲ្យ​ទៅ​ជាមួយ​»​។

ជាមួយ​គ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្អាក​កិច្ចសហការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​នោះ​ដែរ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក​យក​គ្រាប់បែក​ដែល​ខ្លួន​ទម្លាក់​ជាង​ ២ ​លាន​តោន​ទៅ​​អាមេរិក​វិញ ដែល​រួម​មាន​ទាំង​គ្រាប់បែក​គីមី​ ២ ​គ្រាប់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ផង​ដែរ​។

លោក ហ៊ុន សែន បាន​បន្ត​រិះគន់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​ ២ ​លាន​ ៧ ​សែន​តោន​នៅ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​។ ការ​រិះគន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​កម្មករ-​កម្មការិនី​ជាង​ ១ ​ម៉ឺន​នាក់​មកពី​ ១៧ ​រោងចក្រ​នៅ​តំបន់​រោងចក្រ​ចាក់អង្រែ​លើ​ក្នុង​ខណ្ឌ​មានជ័យ​កាលពី​ម្សិលមិញ​។ ក្នុង​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ ដោះស្រាយ​បញ្ហា​គ្រាប់បែក​ទាំង​នោះ​ដោយ​កុំ​គិត​តែ​ពី​រឿង​រុករក និង​យក​​អដ្ឋិធាតុ​ទាហាន​របស់​ខ្លួន​ទៅ​ប្រទេស​វិញ​ពេក​។

លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ឥឡូវ​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ពិនិត្យ​មើល​ឡើង​វិញ ហើយ​បើសិន​ជា​អាច​ធ្វើ​ទៅ​បាន កុំ​មក​យក​ទៅ​ឆ្អឹង​ខ្មោច​នៅ​ស្រុក​ខ្មែរ មក​ជួយ​យក​គ្រាប់បែក​ដែល​នៅ​សេសសល់​នៅ​ស្រុក​ខ្មែរ​ទៅ​វិញ​ផង​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​រិះគន់​ថា​រដ្ឋាភិបាល​អាមេរិក​គិត​តែ​ពី​រឿង​ទារ​លុយ​ (​ចំនួន​ ២៧៤ ​លាន​ដុល្លារ​ហើយ​គិត​ទាំង​ការប្រាក់​កើន​រហូត​ដល់​ជាង​ ៥០០ ​លាន​ដុល្លារ​) ដែល​កម្ពុជា​បាន​ខ្ចី​នៅ​ក្នុង​របប​ លន់ នល់ និង​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក Richard Nixon​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​បើ​សិន​ជា​…​ព្រោះ​គិត​តែ​មក​ទារ​លុយ​។ ទារលុយ​ទារ​ឥត​ឈប់ ហើយ​ លន់ នល់ ​មិន​ដឹង​ខ្ចី​លុយ​អាមេរិក​មក​ធ្វើ​អី ជំពាក់​…​ទារ​លុយ​មិន​ឈប់ តែ​រឿង​ឲ្យ​មក​យក​គ្រាប់បែក​ទៅ​វិញ​អត់​ព្រម​ទេ ហើយ​មក​ប្រដៅ​ឲ្យ​ធ្វើ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​មក​សម្លាប់​ប្រជាជន​ខ្មែរ អត់​បាន​និយាយ​ប្រជាធិបតេយ្យ​ម៉ាម៉ាត់​ទេ​»​។

អង្គការ​ស៊ីម៉ាក់​ (CMAC)​ ​បាន​រកឃើញ​គ្រាប់បែក​គីមី​ ២ ​គ្រាប់​ប្រភេទ​ Chlorobenzalmalononitrile (CS) នៅ​ក្នុង​ទីធ្លា​សាលារៀន​មួយ​នៅ​ភូមិ​គគីរ ឃុំ​គគីរ ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​កាលពី​ខែ​មករា​ឆ្នាំ​ ២០១៧ កន្លង​មក​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​គ្រាប់បែក​នេះ​ដែរ​ដោយ​បាន​ទាមទារ​ឲ្យ​អាមេរិក​ទទួល​ខុស​ត្រូវ​លើ​គ្រាប់បែក​នេះ ហើយ​ដឹក​យក​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​។ បើ​ទុក​គ្រាប់​នៅ​ទី​នោះ​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លាច ហើយ​បើ​យក​វា​ទៅ​បំផ្លាញ​វិញ សារធាតុ​គីមី​នោះ​នឹង​សាយភាយ​។ ​ក្នុង​នោះ​វា​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​កើត​រោគ​ផ្សេងៗ​ជាដើម​។ លើស​ពី​នោះ​វា​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ ដូចជា​ធ្វើឲ្យ​ឆែបមាត់ និង​បង្ក​ពិការភាព​ដៃ​ជើង​ជាដើម​។

លោក​នាយក​រដ្ឋមន្ត្រី​មាន​​ប្រសាសន៍​ថា​៖ «​នេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់​អាមេរិក​។ មិន​អាច​នឹង​លែង​ចោល​ទេ​។ ខ្លួនឯង​មក​បង្កើត​បញ្ហា​ឲ្យ​គេ​គ្រាប់​គីមី​នេះ​ឥឡូវ​យើង​ត្រូវ​​ធ្វើ​យ៉ាង​ម៉េច​? បើ​ទុក អាហ្នឹង​ពលរដ្ឋ​វា​ខ្លាច បើ​បំផ្លាញ​វា អា​គីមី​ហ្នឹង​វា​សាយភាយ​។ អ៊ីចឹង​ត្រូវ​ដោះស្រាយ​ម៉េច​អាហ្នឹង​»​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​សង្ឃឹម​ថា ស្ថានទូត​អាមេរិក​​ប្រចាំ​កម្ពុជា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មួយ​នេះ​។

លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​មីន និង​អង្គការ​ស៊ីម៉ាក់​ឲ្យ​អញ្ជើញ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​លោក William Heidt ទៅ​ធ្វើ​ទស្សនកិច្ច​គ្រាប់មីន​ទាំង​ ២ ​គ្រាប់​នោះ​ផង​ដែរ​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក​ ហេង រតនា ​អគ្គនាយក​អង្គការ​ស៊ីម៉ាក់​បាន​ទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​លោក​បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា បញ្ហា​គ្រាប់បែក​នេះ​គឺ​មាន​ភាព ​«​ស្មុគស្មាញ​ទាំង​បច្ចេកទេស​, ពេលវេលា​ និង​​សុវត្ថិភាព​»​។ វា​ពាក់ព័ន្ធ​នឹង​កន្លែង និង​ពេលវេលា​ដែល​​សិស្សានុសិស្ស​រៀនសូត្រ ពីព្រោះ​កិច្ចប្រតិបតិ្តការ​អាច​ត្រូវការ​យូរ​ថ្ងៃ​។ ឥឡូវ​នេះ​ដល់​ពេល​វិស្សមកាល ដូចនេះ​​កម្លាំង​ជំនាញ​អាច​រួសរាន់​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​តែ​ឲ្យ​មើល​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​កាលពី​ ២ ​សប្តាហ៍​មុន​ដែល​ស្ថានទូត​បាន​ទទួល​ស្គាល់​កេរដំណែល​នៅ​ក្នុង​​សង្គ្រាម​វៀតណាម ដែល​រួមមាន​ការ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ហើយ​ប្តេជ្ញា​ចិត្ត​នៅ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​បាន​ផ្តល់​ប្រាក់​ជាង​​ ១៦០ ​លាន​ដុល្លារ​សម្រាប់​​សកម្មភាព​លុប​បំបាត់​គ្រាប់មីន​នៅ​កម្ពុជា​។

ពាក់​កណ្តាល​នៃ​ប្រាក់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​លុប​បំបាត់​គ្រាប់ ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា តែ​ប្រាក់​ចំនួន​ពាក់​កណ្តាល​ទៀត​ត្រូវ​បាន​ប្រើ​សម្រាប់​ដោះមីន​របស់​ចិន សូវៀត និង​វៀតណាម​នៅ​ភាគ​ខាង​លិច​ប្រទេស​នៅ​តាម​ចម្ការមីន​ដែល​មាន​គ្រោះថ្នាក់​ ១០ ​ដង​ជាង​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក​ទៅ​ទៀត​៕


Contact authors: ផាក់ ស៊ាងលី and បែន សុខហ៊ាន

What Next?

Recent Articles

5 Responses to "ក្រសួង​ការបរទេស​មាន​កង្វល់​ ក្រែង​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បន្ទាប់ពី​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​អាមេរិក"

  1. បណ្ឌិតសុំជំនួយគេ says:

    អត់អីទេចិននឹងជួយអោយលុយទៀត ។​​ខ្មែរ ចេះតែកិនចិនចេះតែកត់ ដល់កំណត់ចិននឹងយកស្រែ៕​

  2. បណ្ឌិតសុំជំនួយគេ says:

    ខំរៀនតាមកូរេខាងជីើងទៅ ឆាប់បានអមតណា បណ្ឌិតសុំជំនួយគេ។

  3. អាវ ពីរបាច់ says:

    បេីអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហ៊ុន សេន ត្រូវយកអាវមួយពាន់បាច់ទៅទុកចែកចាយកូនរបស់គាត់ និងអាវបីឬបួនលានបាច់ទៀតត្រូវនាំទៅលក់នៅចិន។

  4. ?? says:

    it can be a lesson to HUN SEN but Cambodian will be hurt badly that right international community still support our country. but when the time they can not be patient from HUN SEN the childish leader any problem may happen beyond your imagination. GOD bless Cambodia

  5. people says:

    This guy never care about cambodian people because he got plenty of money from corrupted job and they serve youn only.Most cambodian rely on U S and EUROPE ‘what happen if U S citizen &Europe citizen not coming to visit this country?? 80% will down to eat grass ‘specially tuk tuk at seam-reap can’t survive ‘then king dom of wonder become a king dom of hell .China tourist ‘ when they come to visit ‘they have their own tourist leader and have their own restaurant and have their own hotel and all money back to china ‘then cambodian people get nothing ‘ this is how smart china is ‘they never spend for cambodia and they only spend a little for corrupted officials but for U S &Europe tourists they come and spend and money spread to cambodian people ,tuk tuk,allsmall business .GOD bless all cambodian people’