
ក្រុមប្រឹក្សាធម្មនុញ្ញក្នុងសន្និសីទកាសែតក្នុងខួបទី ២៤ នៃរដ្ឋធម្មនុញ្ញពីម្សិលមិញ។ ហេង ជីវ័ន
Thu, 28 September 2017
បែន សុខហ៊ាន and Daphne Chen
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាម្នាក់ កាលពីម្សិលមិញបានព្រមានក្រុមអ្នកវិភាគដែលកំពុងព្យាយាមបកស្រាយរដ្ឋធម្មនុញ្ញដោយលើកឡើងថាចំណាត់ការផ្លូវច្បាប់អាចនឹងធ្វើឡើងទៅលើអ្នកដែលបកស្រាយជ្រុលពេកខណៈអ្នកច្បាប់ថាគេកម្រឃើញស្ថាប័នកំពូលនេះប្រឆាំងប្រយោជន៍គណបក្សកាន់អំណាច។
លោក អ៊ុត ឈន សមាជិក និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងនៅក្នុងសន្និសីទកាសែតក្នុងខួបទី ២៤ នៃរដ្ឋធម្មនុញ្ញពីម្សិលមិញថា៖ «ប្រសិនបើគាត់ធ្វើអ្វីរំលោភគឺច្បាប់ជាអ្នកសម្រេច លោកឯងដឹងហើយច្បាប់ជាអ្នកសម្រេច លោកឯងដឹងហើយ ច្បាប់ព្រហ្មទណ្ឌគេថាម៉េច? យើងរំលោភលើគេ។ ឧទាហរណ៍ អ្នកណារករឿងមួយជេរគេទៅស្មានលោកឯងសប្បាយចិត្ត។ យើងមិនសប្បាយចិត្តទេ»។
លោកបានបន្តថា៖ «ដើម្បីដោះស្រាយឲ្យដឹងថាមិនសប្បាយចិត្តហ្នឹងកម្រិតណា តើត្រូវឲ្យអ្នកនោះសងការខូចខាតរបស់លោកឯងប៉ុនណានោះគឺតុលាការជាអ្នកសម្រេច»។
មន្ត្រីរដ្ឋាភិបាលនៅក្នុងការប្រារព្ធពិធីកាលពីម្សិលមិញបានសរសើរក្រុមប្រឹក្សាធម្មនុញ្ញ ខណៈក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកតស៊ូមតិផ្លូវច្បាប់បានរិះគន់ស្ថាប័ននេះថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។
អ្នកវិភាគច្បាប់លោក សុក សំអឿន បានថ្លែងថាក្រុមប្រឹក្សានេះកម្រប្រឆាំងនឹងអត្ថប្រយោជន៍របស់គណបក្សកាន់អំណាចណាស់ មួយភាគធំគឺដោយសារគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងសភា និងតុលាការ។
ទោះយ៉ាងណាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បានថ្លែងថា៖ «ក្នុងរយៈពេល ២៤ ឆ្នាំក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញស្ថាប័នជាតិនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនសម្រេចបានសមិទ្ធផលដ៏ធំធេងទាំងលើការងារកសាងអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តទាំងលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិតាមជំនាញរបស់ស្ថាប័ននីមួយៗ។
បើតាមលោក អ៊ឹម ឈុនលឹម ក្នុងដំណើរការកសាង និងអនុវត្តច្បាប់ អនុលោមតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាកំពុងទទួលបានផ្លែផ្កា និងកំពុងធ្វើដំណើរឆ្ពោះទៅមុខឥតឈប់ឈរ។
យ៉ាងណាក្ដី បើតាមលោក សុក សំអឿន សេចក្តីសម្រេចមួយក្នុងចំណោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលត្រូវបានរិះគន់បំផុតគឺសេចក្តីសម្រេចឆ្នាំ ២០០៤ ដែលអនុញ្ញាតឲ្យរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាមួយសំឡេងភាគច្រើនដាច់ខាត បន្ទាប់ពីការបោះឆ្នោតជាតិ។ លោកថា៖ «ក្រុមប្រឹក្សានេះបរាជ័យក្នុងការការពារភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ»។
ចាប់តាំងពីពេលនោះមកក្រុមប្រឹក្សានេះបានធ្វើសេចក្តីសម្រេចមួយចំនួនដែលមានលក្ខណៈចម្រូងចម្រាស។ កាលពីឆ្នាំ ២០១៤ ក្រុមប្រឹក្សាធម្មនុញ្ញបានផ្តល់ភ្លើងខៀវដល់ការអនុវត្តច្បាប់ ៣ ដែលមានលក្ខណៈចម្រូងចម្រាស ដែលក្រុមអ្នកតស៊ូមតិថ្លែងថាជាការពង្រឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើតុលាការ។ មួយឆ្នាំក្រោយមកក្រុមប្រឹក្សានេះបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសដែលផ្តល់អំណាចទូលំទូលាយដល់រដ្ឋមន្ត្រីក្នុងការរំលាយអង្គការក្រៅរដ្ឋាភិបាលចំពោះការរំលោភបំពានមួយចំនួនរួមទាំងការមិនរក្សាភាពអព្យាក្រឹតផ្នែកនយោបាយ។
កាលពីខែមីនាក្រុមប្រឹក្សានេះក៏បានសម្រេចគាំទ្រច្បាប់មួយដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការព្យួរ ឬរំលាយគណបក្សនយោបាយដែលមានអ្នកដឹកនាំរបស់ខ្លួនត្រូវបានផ្តន្ទាទោសជាប់ទោស ខណៈមជ្ឈដ្ឋានជាច្រើនគិតថាមានគោលដៅរំលាយគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោតឆ្នាំ ២០១៨។
នៅក្នុងសុន្ទរកថាមួយកាលពីម្សិលមិញតំណាងរាស្ត្រគណបក្សប្រជាជន លោក ប៉ែន បញ្ញា បានការពារច្បាប់ចម្រូងចម្រាសថ្មីៗនេះ និងបានថ្លែងថាក្រុមប្រឹក្សាធម្មនុញ្ញបានជួយកម្ពុជាឲ្យរីកចម្រើនឆ្ពោះទៅរក «ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោក អ៊ុត ឈន ដែលជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញក៏បានថ្លែងការពារក្រុមប្រឹក្សានេះផងដែរថាជាស្ថាប័ន «ឯករាជ្យ និងអព្យាក្រឹត»។
នៅពេលសួរថា តើការចាប់ខ្លួនលោក កឹម សុខា ជាការរំលោភបំពានរដ្ឋធម្មនុញ្ញឬអត់ដោយសារលោក កឹម សុខា មានអភ័យឯកសិទ្ធិសភា លោក ឈន បានថាក្រុមប្រឹក្សាធម្មនុញ្ញមិនអាចបកស្រាយរដ្ឋធម្មនុញ្ញបានទេ លុះត្រាតែទទួលសំណើផ្លូវការឲ្យបកស្រាយ។
លោក ឌុច ពិសិដ្ឋ នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសើរសេចក្តីសម្រេចមួយចំនួនរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្តីពីបណ្ដឹងការបោះឆ្នោត និងសន្ធិសញ្ញាអន្តរជាតិ ប៉ុន្តែលោកថ្លែងថាអង្គការសង្គមស៊ីវិលនៅតែត្រូវបានរំខាន ដោយសារច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ។
លោកថ្លែងតាមអ៊ីមែលថា៖ «ក្រុមប្រឹក្សានេះអាចកែលម្អឲ្យប្រសើរឡើងដោយផ្លាស់ប្តូរចំពោះអាណត្តិនៃក្រុមប្រឹក្សានេះដើម្បីបង្កើនភាពសកម្មរបស់ខ្លួន និងអនុញ្ញាតឲ្យក្រុមប្រឹក្សានេះធ្វើការងារលើគំនិតផ្តួចផ្តើមផ្ទាល់របស់ខ្លួនដើម្បីការពាររដ្ឋធម្មនុញ្ញ»។
លោក Phil Robertson អនុប្រធាននៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី បានថ្លែងតាមអ៊ីមែលដែរថាក្រុមប្រឹក្សានេះ «បរាជ័យ» ក្នុងកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារប្រជាជនកម្ពុជាក្នុងរយៈកាល ២៤ ឆ្នាំកន្លងមក។
លោក Phil Robertson បន្តថាការការពារសម្រាប់ប្រជាជនកម្ពុជាតាមរដ្ឋធម្មនុញ្ញ «កើតមានតែនៅលើក្រដាស ប៉ុន្តែមិនមែននៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ»៕ PS
Contact authors: បែន សុខហ៊ាន and Daphne Chen
ពួកទប់ជើងគ្រែ។
These groups are veitcong dogs ‘ they don’t do any job properly’ they only serve veitcong and veitcong mafia dictator’. Alot of problem but theses veitcong dogs never solve or concern about the people tears ‘and they just suck the money from state and do nothing top help nation or khmer people ‘ they wait to followed veitcong mafia dictator ‘ What veitcong dogs. GOD bless all cambodian people