
លោកបណ្ឌិត វណ្ណ ម៉ូលីវណ្ណ កាលនៅមានជីវិត និងពហុកីឡដ្ឋានជាតិជាស្នាដៃលោក។ រូបថត ហ្វេសប៊ុក
Fri, 29 September 2017
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
សៀមរាបៈ ស្ថាបត្យករដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជាគឺលោកបណ្ឌិតព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី បានទទួលមរណភាពដោយជរាពាធ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងជន្មាយុជិត ៩១ ឆ្នាំនៅគេហដ្ឋានរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាបក្នុងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោក វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩២៦ នៅស្រុករាម ខេត្តកំពត។ ប៉ុន្តែសម្រាប់ជីវិតចុងក្រោយរបស់លោកគឺលោកបានសម្រេចចិត្តទៅសាងសង់ភូមិគ្រឹះតូចមួយក្នុងខេត្តសៀមរាបដើម្បីរស់នៅក្នុងសភាពស្ងប់ស្ងាត់។
ជាមួយគ្នានេះលោកក៏បានរៀបចំសាងសង់រួចជាស្រេចនូវចេតិយសម្រាប់តម្កល់អដ្ឋិធាតុរបស់លោក និងភរិយាលោកនៅក្នុងបរិវេណនៃគេហដ្ឋាននោះផងដែរ។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាបុគ្គលដែលមានភាពល្បីល្បាញនៅក្នុងសង្គមស្ថាបត្យកម្មថ្មីរបស់ខ្មែរដែលមានការរីកចម្រើនខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ។
ស្នាដៃដែលមានភាពល្បីរន្ទឺរបស់លោករួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារសំខាន់ៗផ្សេងៗមួយចំនួនទៀតដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត,សំណង់បុរី ១០០ ខ្នង, វិមានរដ្ឋចំការមន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស និងប្លង់វត្តអារាមក៏ដូចជាស្ថានទូតខ្មែរនៅបរទេសជាច្រើនទៀតផងដែរ។
មរណភាពរបស់លោកត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីគ្រប់ជាន់ថ្នាក់រួមទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងព្រះមហាក្សត្រខ្មែរចាត់ទុកជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ និងបានចូលរួមសម្តែងក្ដីទុក្ខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត។
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិតរំលែកទុក្ខមួយផ្ញើជូនលោកស្រី Vann Amber Gertrude ដែលជាភរិយារបស់លោក វណ្ណ ម៉ូលីវណ្ណ។
ក្នុងលិខិតនោះលោក ហ៊ុន សែន បានបញ្ជាក់ថា៖ «មរណភាពរបស់លោក វណ្ណ ម៉ូលីវណ្ណ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់ជាតិ»។
ជាមួយគ្នានេះគេបានឃើញវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គង់ សំអុល និងក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួននៃក្រសួងព្រះបរមរាជវាំងរួមទាំងមន្ត្រីសំខាន់ៗមួយចំនួនក្នុងជួររដ្ឋាភិបាលនៅក្នុងពិធីបុណ្យសពរបស់លោកបណ្ឌិតព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ។
លោក ប៊ុន ណារិទ្ធ សមាជិកក្រុមប្រឹក្សាសង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រីដែលធ្លាប់បម្រើការងារជាមួយលោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ នាអំឡុងឆ្នាំ ១៩៩៥ នៅក្នុងក្របខ័ណ្ឌនៃអាជ្ញាធរអប្សរាបានសម្ដែងក្ដីសោកស្ដាយជាពន់ពេកនៅពេលទទួលដំណឹងនេះ។
លោក ណារិទ្ធ បានថ្លែងថា៖ «គាត់ [លោក វណ្ណ ម៉ូលីវណ្ណ] គឺជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ និងមិនចេះនិយាយស្ដីលេងសើចច្រើនទេ ប៉ុន្តែមិនរឹងត្អឹង និងរើសអើងចំពោះមន្ត្រីក្រោមឱវាទណាមួយឡើយ។ គាត់ជាស្ថាបត្យករដ៏កំពូលរបស់កម្ពុជាយើង និងមានស្នាដៃអភិវឌ្ឍន៍ជាតិច្រើនណាស់តាំងពីសម័យសង្គមរាស្ត្រនិយម។ មរណភាពរបស់គាត់ ពិតជាធ្វើឲ្យយើងមានការសោកស្ដាយខ្លាំងណាស់»។
លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជាក៏បានលើកឡើងស្រដៀងគ្នានេះផងដែរថាតាមរយៈស្នាដៃស្ថាបត្យកម្មដ៏ល្អប្រណីតរបស់លោកបណ្ឌិតព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានស្ថាបត្យកម្មល្អឥតខ្ចោះក្នុងលំដាប់មហាប្រទេសដែលមានស្ថាបត្យកម្មល្បីៗក្នុងលោក។
លោកថ្លែងថា៖ «មរណភាពរបស់លោកគឺជាការបាត់បង់នូវធនធានមនុស្សដ៏កំពូលរបស់ជាតិទាំងមូល»។
លោក សុថាវ បានឲ្យដឹងទៀតថាលោកនិងក្រុមការងារនៃគណៈវិស្វករកម្ពុជានឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យសពរបស់បណ្ឌិតព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ និងដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពដែលនឹងប្រព្រឹត្តធ្វើឡើងក្នុងទឹកដីខេត្តសៀមរាប។
នៅថ្ងៃម្សិលមិញនេះផងដែរសិស្សជំនិតម្នាក់របស់លោក បណ្ឌិត វណ្ណ ម៉ូលីវណ្ណ គឺលោក អ៊ុំ ប៊ុនធឿន បានថ្លែងថា៖ «ខ្ញុំជឿថាពលរដ្ឋខ្មែរទាំងអស់ក៏មានអារម្មណ៍សោកស្ដាយដូចខ្ញុំដូច្នោះដែរ នៅពេលដឹងថាគ្រូដ៏ល្អម្នាក់ដែលធ្លាប់បង្រៀន និងបង្ហាញផ្លូវជីវិតដ៏ល្អសម្រាប់យើង ហើយគាត់ជាបិតាស្ថាបត្យករដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិបានស្លាប់ទៅនោះ»។
លោក ប៊ុនធឿន បានរំឭកអំពីពាក្យណែនាំដំបូងបំផុតដែលលោកបណ្ឌិត ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានផ្ដល់ឲ្យគាត់ ខណៈគាត់កំពុងសិក្សានៅមហាវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាអំឡុងឆ្នាំ ១៩៩១ ជាឆ្នាំដែលលោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានត្រឡប់មកកម្ពុជាជាថ្មីក្រោយបម្រើការងារជាង ១០ ឆ្នាំក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
លោកបានបញ្ជាក់ថា៖ «គាត់បានទូន្មានឲ្យខ្ញុំប្រឹងប្រែងសិក្សាស្រាវជ្រាវអំពីរបបខ្យល់ និងទឹកឲ្យបានច្បាស់ បើចង់មានភាពរីកចម្រើនខាងផ្នែកស្ថាបត្យកម្ម និងធ្វើឲ្យគេទទួលស្គាល់ជាអន្តរជាតិ»។
លោកបានបន្តថា៖ «អ្វីដែលធ្វើឲ្យខ្ញុំក្ដុកក្តួល និងមិនអាចទ្រាំបាននោះគឺគាត់តែងតែប្រាប់ថាគាត់សូមស្លាប់នៅក្នុងទឹកដីខ្មែរក្នុងក្រុងអង្គរ ហើយពាក្យនេះគាត់ធ្លាប់បានថ្លែងតាំងពីឆ្នាំ ២០០៥» មកម្ល៉េះ៕
A unique talent. Bless his soul.
Rest in peace ‘sir’ cambodian people still remember your name’ GOD be with you’