ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
http://vodhotnews.com

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានដកតំណែងមន្ត្រីនគរបាលមូលដ្ឋានមួយចំនួន ប្រសិនបើមន្ត្រីទាំងអស់នោះនៅតែលួចចេញឯកសាររដ្ឋបាលឲ្យជនបរទេសដោយខុសច្បាប់ បន្ទាប់ពីអគ្គនាយកដ្ឋានអន្តប្រវេសន៍រកឃើញថា មានឯកសារចំនួន៥ ត្រូវបានមន្ដ្រីអត្រានុកូលដ្ឋានបានលួចចេញឲ្យជនបរទេស ដើម្បីឲ្យពួកគេបានសញ្ជាតិខ្មែរ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីម្សិលមិញ លោក ស ខេង ថ្លែងថា កន្លងមក ក្រសួងបានដកមន្ដ្រីនគរបាលមូលដ្ឋានមួយចំនួនរួចហើយ ដោយថា មន្ដ្រីទាំងនោះមិនអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដោយនៅតែបន្តចេញឯកសារឲ្យជនបរទេ។ លោកបន្តថា លោកនឹងដកមន្ដ្រីទាំងអស់នោះចេញ ដើម្បីកុំមន្ត្រីនោះនៅតែចេញឯកសារដល់ជនបទេសនៅតែបន្ដកើតមានឡើង។
លោកថា៖ «បើតាមរបាយការណ៍មន្ដ្រីយើងនៅតែផ្គើនទៀត ខ្ញុំថាល្មមដល់ពេលហើយ តែយើងមិនប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ប៉ុន្ដែយើងមានគោលការណ៍ដែលយើងបានផ្ដល់ហើយ តែពួកគាត់មិនព្រមស្ដាប់។ អញ្ចឹងបានកន្លងទៅយកប៉ុស្ដិ៍ប៉ូលីសខ្លះ គាត់យកទៅគឺផ្អិបចោលឯកសារហ្នឹងតែម្ដងដល់ថ្នាក់ហ្នឹង មន្ដ្រីបែបហ្នឹងយើងទុកអត់បាន។…បើមិនចឹងនៅតែបន្ដទៀត នៅតែចេញបន្ដទៀតអត់ដឹងថាសិទ្ធិអំណាចប៉ុណ្ណាទេ»។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកអន្ដោប្រវេសន៍ លោក សុខ ផល លើកឡើងថា មានឯកសារចំនួន ៥ ត្រូវបានមន្ដ្រីអត្រានុកូលដ្ឋានលួចចេញឲ្យជនបរទេស ដើម្បីឲ្យបានសញ្ជាតិខ្មែរ ផ្ទុយនឹងច្បាប់។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រសិនបើគ្រាន់តែព្រមានដោយមិនមានវិធានការដាក់ទោសទណ្ឌទេ គឺមិនមានប្រសិទ្ធភាពឡើយ។
លោកថា៖ «ទៅស៊ើបមើលអ្នកណានៅតែចេញឯកសារហ្នឹង ចាប់អ្នកនឹងដាក់គុក ហើយបើសិនជាឯកសារមួយចំនួនចេញដោយប៉ូលីស ព្រោះ ការដែលចេញនោះមានការចុះហត្ថលេខាទទួលស្គាល់ពីប្រធានប៉ុស្តិ៍រដ្ឋបាល អញ្ចឹង បើដឹងថា ផ្ទុយនឹងច្បាប់ ខ្ញុំគិតថា ចាត់វិធានការផ្លូវច្បាប់ប្រឆាំងសមត្ថកិច្ចដែលធ្វើខុស។ ខ្ញុំគិតថា វាជាជម្រើសមួយ ប៉ុន្តែ យើងថា ក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មរកឃើញថា មានជនបទេសកាន់ឯកសារមិនប្រក្រតីច្រើនណាស់ ប៉ុន្តែ សួរថា អាជ្ញាធរដែនដីដែលពាក់ព័ន្ធនៅក្នុងទីលំនៅរបស់ជនហ្នឹង ប្រឈមមុខនឹងផ្លូវច្បាប់ហើយឬនៅ មានតិចតូចបំផុត»។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា លទ្ធផលនៃការជំរឿនបានរកឃើញថា ជនបរទេសសរុប ៤៦ ៧៧៦គ្រួសារ ឬស្មើនឹងចំនួនមនុស្ស ១៧៦ ៨១២នាក់ ក្នុងនោះស្រីចំនួន ៧៩ ៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ដដែលថា ក្នុងចំណោមជនបរទេសទាំងនោះ មានជនបរទេសអន្តោប្រវេសន៍ ៧៣,៣៩៧នាក់ ក្នុងនោះមានស្រី ៣៥ ៨៨៨នាក់ មាន ៥សញ្ជាតិ ដែលកំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី៕
I draw many lines on the sand and I warn you not to cross one of the lines. But if you dare to cross a warning line, I do nothing because I still have 10 more lines to count on…
មន្ត្រីដែលចេញឯកសាមិនប្រក្រតីឲ្យជនបរទេស គឺជាមន្ត្រីដែលពោពេញទៅដោយអំពើពុករលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្ទាល់ខ្លួនដោយពុំមានគិតពីវាសនារបស់ប្រទេសជាតិខ្លួនឡើយ ។