សព្វាវុធ​ទម្ងន់​រាប់ម៉ឺនតោន​ សម្រាប់​សម​យុទ្ធ​ យោធា កម្ពុជា-ចិន ដឹក​ដល់​កម្ពុជាហើយ

លំហាត់នាគមាស កម្ពូជា-ចិន ឆ្នាំ ២០១៦ ។ រូប ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ គ្រឿង​សព្វា​វុធ​ដែល​មា​ន​ទម្ងន់​រាប់​ម៉ឺន​តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ហើយ ខណៈ​កម្ពុជា និង​ចិន ត្រៀម​រៀប​ចំលំហាត់​​យោធា​រួម​គ្នា នៅ​ខេត្ត​កំពង់​ស្ពឺ នា​ពាក់​កណ្តាល​ខែ​មីនា​នេះ ហៅថា លំហាត់​ហ្វឹកហ្វឺន «​នាគ​មាស ២០១៨»។

បើតាម​​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ព្រឹកមិញ គ្រឿង​សព្វាវុធ​ធំៗទាំងនោះ ដែល​លោក​មិន​បាន​រៀបរាប់​ថា​មាន​អ្វី​នោះឡើយ ឬ​មក​ពី​ប្រទេស​ណា​នោះ​ទេ ​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ កាលពី​យប់​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ​ ប៉ុន្តែ​លោក​ផ្ទាល់​ មិន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា​អាវុធ​ទាំងនោះ​យក​មកពីណា ឬ​ក្នុង​គោលបំណង​អ្វី​នោះទេ។

លោក​ថ្លែងថា ៖ «សូម្បីតែ​យប់មិញ អា​ទំនិញ​ពិសេស​របស់​យើង​ដូចជា​ត្រូវ​ទទួល​ការ អូ! ដឹក​រួចហើយ។ សុំទោស​ខ្ញុំ​ប្រើពាក្យ​និយាយ​ទំនិញ​ពិសេស ដែល​ហៅថា​ទំនិញ​ពិសេស គឺ​មិន​ឲ្យ​អ្នកណា​ដឹងថា​អ្វី ក៏ប៉ុន្តែ​ក៏​មិនមែនជា​គ្រឿងញៀន​ដែរ។ មិនមែនជា​គ្រឿងញៀន​ទេ ព្រោះ​ដឹក​ន​សុទ្ធតែ​កុង​តឺន័រ ប៉ុន្មាន​ពាន់​តោន ចូលដល់​ម៉ឺន​តោន។

លោក​បន្ត​ថា ៖ «ប៉ុន្តែ​ប្រទេស​មួយ​ត្រូវ​តែ​មាន​មធ្យោបាយ​ការ​ពារ​ជាតិ​របស់ខ្លួន ហើយ​សម្ដេច ​ទៀ បាញ់ បានធ្វើ​នូវ​កិច្ច​ការ​ងារ​នេះ។ ខ្ញុំ​និយាយ​ប៉ុណ្ណឹង​អាច​ដឹង​ទេ សម្ដេច​ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ បើ​រដ្ឋមន្ត្រី​ការពារជាតិ​គាត់​មិនដែល​ទៅ​ដឹក​ផ្កា​ទេ គាត់​ដឹក​គ្រាប់ និង​កាំភ្លើង»។

ទោះ​យ៉ាង​ណា​ មន្ត្រីអ្នក​នាំ​ពាក្យ​កងទ័ព​ជើង​អាកាស​ លោក​ ប្រាក់​ សុខា បាន​អះ​អាង​ថា សព្វាវុធ​ទាំង​នេះ​ ជា​ផ្នែក​មួយ​នៃ​ លំហាត់​សមយុទ្ធ​យោធា​រួម​គ្នា​ កម្ពុជា-ចិន «នាគ​មាស២០១៨» ដែល​គ្រោង​ធ្វើ​ឡើង នៅ​អំឡុង​ពាក់​កណ្តាល​ខែមីនា​ខាង​មុខ​នេះ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។

លោក​ថ្លែង​ចំពោះ​កងទ័ព​ជើង​អាកាស​ថា៖«យើង​ចូលរួម មាន​ទាំង​យន្តហោះ មាន​ទាំង​កង​កម្លាំង​​ចូលរួម។ កម្ពុជា​យើង​គ្រោង​ឧ​ទ្ធ​ម្ភា​គ​ចក្រ​៣ គ្រឿង កងកម្លាំង​បច្ចេក​ទេស វា​ច្រើនណាស់ ខ្ញុំ​មិន​អាច​កំណត់ថា​ប៉ុណ្ណេះ ប៉ុណ្ណោះ​ទេ។ លំ​ហាត់​ហ្វឹកហ្វឺន «នាគ​មាស​ឆ្នាំ​២០១៨»នេះ ក៏​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ចូលរួម​អប​អរ​សាទរ​ដល់ ​ខួប​អនុស្សាវរីយ៍​លើក​ទី៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត ដើម្បី​ពង្រឹង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​ ដែល​មាន​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ យូរ​អង្វែង។

ការរៀបចំ​លំ​ហាត់​រួមគ្នា ដែលមាន​ឈ្មោះថា «នាគ​មាស២០១៨» នៅ​ខេត្ត​កំពង់​ស្ពឺ ប្រទេស​កម្ពុជា ត្រូវបាន​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី បាន​ឯកភាព​ឱ្យធ្វើ​នៅ​ពាក់​កណ្តាល​ខែមីនា ឆ្នាំ ២០១៨ នេះ ដែលជា​ការ​ហ្វឹក​ហ្វឺន​រួម​គ្នា​រវាង កង​យោធ​ពល​ខេមរ​ភូមិន្ទ សហការ​ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

One Response to "សព្វាវុធ​ទម្ងន់​រាប់ម៉ឺនតោន​ សម្រាប់​សម​យុទ្ធ​ យោធា កម្ពុជា-ចិន ដឹក​ដល់​កម្ពុជាហើយ"

  1. Anonymous says:

    Shooting Ducks???????????????????????????
    Or dumb and dumber………?????