Thu, 1 March 2018
ម៉ិច ដារ៉ា, Daphne Chen and Erin Handley
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ការប្រកាសកាត់ជំនួយរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាល បញ្ចេញប្រតិកម្មព្រមៗគ្នា ដោយចាត់ទុកថាជា «ការមាក់ងាយប្រជាធិបតេយ្យកម្ពុជា តាមរយៈទឹកលុយ» និងថាជា «ព្យុះនយោបាយដ៏ឃោរឃៅរបស់ប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន» ដែលកំពុងបក់បោកជាន់ឈ្លីនូវសុខសន្តិភាពរបស់កម្ពុជា។
ប្រតិកម្មទាំងនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសបញ្ឈប់ជាបណ្ដោះអាសន្ននូវកម្មវិធីផ្តល់ជំនួយមួយចំនួនដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងអ្វីដែលប្រទេសមហាអំណាចមួយនេះហៅថា «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលថ្មីៗនេះ»។
ការសម្រេចរបស់អាមេរិកនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប បានអនុម័តលើសេចក្តីសន្និដ្ឋានមួយដោយថ្កោលទោសចំពោះ «ដំណើរវិវឌ្ឍន៍នយោបាយនាពេលថ្មីៗ ដែលមានលក្ខណៈគួរឲ្យបារម្ភ និងការបន្តធ្លាក់ដុនដាបនៃលទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជា។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងការបរទេសកាលពីម្សិលមិញលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសថ្លែងថា៖ «ព្យុះនយោបាយដ៏ឃោរឃៅបង្កឡើងដោយប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបាននិងកំពុងបក់បោកយ៉ាងខ្លាំងក្លាមកលើទឹកដីមាតុភូមិកម្ពុជា សំដៅបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាព បង្កភាពចលាចល ក្នុងសង្គមជាតិ សំដៅចាប់បង្ខំរាជរដ្ឋាភិបាលឲ្យដើរតាមគន្លងនយោបាយរបស់ពួកគេ តាមរយៈជនលក់ឧត្តមគតិជាតិ បម្រើផលប្រយោជន៍ឱ្យបរទេស»។
ជាមួយគ្នានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក៏បានបញ្ចេញប្រតិកម្ម ស្រដៀងគ្នានេះផងដែរដោយបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា៖ «ការមាក់ងាយប្រជាធិបតេយ្យកម្ពុជា តាមរយៈទឹកលុយនៃជំនួយរបស់គេ គឺធ្វើឲ្យកម្ពុជាក៏ដូចជាប្រជាជាតិដទៃយល់ឃើញថា ការប្តេជ្ញារបស់មិត្តបរទេស ជាដៃគូទាំងនោះក្នុងកិច្ចកសាងលទ្ធិប្រជាធិបតេយ្យ គឺគ្មាននិរន្តរភាព ហើយមិនមានផ្តល់ផលប្រយោជន៍ និងទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរក្នុងកិច្ចប្រឹងប្រែងកសាងលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់ខ្លួននោះ គឺជាការដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋដែលជាអ្នកស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដ»។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក៏បានសរសេរបង្ហោះតាមប្រព័ន្ធតេឡេក្រាមរបស់លោកផងដែរថា៖ «ការសម្រេចផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកមកឲ្យកម្ពុជា គឺជាសិទ្ធិសម្រេចរបស់សហរដ្ឋអាមេរិកជាម្ចាស់ជំនួយ»។
លោក ឥសាន បានកត់សម្គាល់ថា នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃនយោបាយរួមរបស់អាមេរិកដែលបានកាត់ជំនួយពីអង្គការសហប្រជាជាតិ យូណេស្កូ…។ «ចំពោះកម្ពុជា ការកាត់ជំនួយតាមរយៈយូអេសអេអាយឌី ភាគច្រើនប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាល មិនប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជាទេ»។
លោក បូររិទ្ធ បានគូសបញ្ជាក់ទៀតថា៖ «ដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ខ្លួន ប្រទេសមហាអំណាច និងលោកខាងលិចមួយចំនួនមិនញញើត និងជាន់ឈ្លីនឹងជើងនូវសន្តិភាព ស្ថិរភាព ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលដោយលំបាក»។
ប៉ុន្តែលោក បូររិទ្ធ បញ្ជាក់ថាបើទោះបីជាសភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចស្តីពីបញ្ហាការអនុវត្តលទិ្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាជាមួយនឹងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកម្ពុជាយ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប នៅពេលនេះបាននិងកំពុងបន្តវិវត្តន៍ជាធម្មតា ហើយថាក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៧ ការនាំចេញទៅសហភាពអឺរ៉ុបមានទឹកប្រាក់ចំនួនប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក។
អាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា សេតវិមាននឹងកាត់ជំនួយជាច្រើនមកកម្ពុជាដើម្បីឆ្លើយតបទៅនឹងអ្វីដែលអាមេរិកហៅថា «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលថ្មីៗនេះ»។
យោងតាមអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huc-kabee Sanders បានឲ្យដឹងថា កម្មវិធីមួយចំនួនដែលគាំទ្រដល់នាយកដ្ឋានពន្ធដារកម្ពុជាដូចជាយោធា និងរដ្ឋាភិបាលក្នុងមូលដ្ឋាននឹងត្រូវកាត់ ឬកាត់បន្ថយ ដើម្បីធានាថា ប្រាក់ពន្ធដែលពលរដ្ឋអាមេរិកបានបង់នឹងមិនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់អាកប្បកិរិយាដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនោះទេ»។
ប្រទេសកម្ពុជាបានក្លាយជាប្រធានបទនៃការតវ៉ាពីសហគមន៍អន្តរជាតិ គិតចាប់តាំងពីគណបក្សប្រឆាំងដ៏ធំតែមួយគត់គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយទាំងបង្ខំតាមសំណើរបស់រដ្ឋាភិបាលកាលពីខែវិច្ឆិកាកន្លងទៅ។ មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិនៅ ២ ខែមុនពេលមានការរំលាយបក្សរបស់លោក ហើយមន្ត្រីគណបក្សប្រឆាំងជាច្រើនរូបបានរត់ភៀសខ្លួនចេញពីប្រទេស ដើម្បីគេចចេញពីការចាប់ខ្លួន។
វានៅមិនទាន់ច្បាស់នៅឡើយទេ ថាតើនឹងមានកម្មវិធីណាខ្លះ ឬថវិកាចំនួនប៉ុន្មានដែលនឹងត្រូវកាត់នោះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹង កាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីនឹងធ្វើការទំនាក់ទំនងជាក់លាក់ «ដោយផ្ទាល់ដល់អង្គភាពណាដែលរងផលប៉ះពាល់នៅក្នុងរាជរដ្ឋាភិបាលកម្ពុជាឱ្យបានឆាប់បំផុត»។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យពិចារណាឡើងវិញអំពីចំណាត់ការរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។ ជាពិសេសរដ្ឋាភិបាលកម្ពុជាត្រូវដោះលែងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ហើយត្រូវអនុញ្ញាតឱ្យបក្សសង្គ្រោះជាតិបានដំណើរការដូចដើម និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានាអាចបន្តសកម្មភាពស្របច្បាប់របស់ពួកគេឡើងវិញបាន»។
លោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍ថ្លែងតាម Twitter បន្ទាប់ពីការប្រកាសកាត់ជំនួយនោះថា៖ «កម្ពុជា សម្រេចបានសមិទ្ធផលជាច្រើននៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនាពេលថ្មីៗនេះជារឿងដែលមិនគួរកើតឡើងទេ ហើយវាបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ។
ចំណាត់ការនេះត្រូវបានស្វាគមន៍ដោយលោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលម្តងហើយម្តងទៀត លោកស្រីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា។ «[ការស្តារ] លទ្ធិប្រជាធិបតេយ្យឡើងវិញ គឺត្រូវការចំណាត់ការតឹងរ៉ឹង និងទាន់ពេលវេលា។ យើងត្រូវបានលើកទឹកចិត្តនៅពេលឃើញសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់ឱកាសឱ្យរដ្ឋាភិបាលវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ»។
លោក មាស នី អ្នកវិភាគនយោបាយថ្លែងថា ជំនួយរបស់អាមេរិក គឺផ្តោតច្រើនទៅលើវិស័យអប់រំ និងសុខាភិបាលហើយនៅពេលដែលគេផ្តាច់ជំនួយទាំងនេះ រដ្ឋាភិបាលត្រូវតែទទួលបន្ទុកឡើងវិញទៅលើការផ្តល់ការគាំទ្រលើវិស័យណាដែលគេកាត់ចេញ។ «ទាំងអាមេរិក ទាំងសហគមន៍អឺរ៉ុបមានចំនួនរាប់ពាន់លានដុលារក្នុងមួយឆ្នាំ ដូច្នេះវាអាចច្រើនជាងផលប្រយោជន៍ដែលចិនផ្តល់ឲ្យយើង…វានឹងប៉ះពាល់ទាំងការអភិវឌ្ឍនឹងការធ្វើជំនួញ (នៅពេលអាមេរិក និងអឺរ៉ុបដាក់ទណ្ឌកមុ្ម)…»។
បើតាមសេតវិមានខ្លួននឹងកាត់បន្ថយ ឬព្យួរកម្មវិធីជំនួយយោធា ឬកម្មវិធីជំនួយដល់ភ្នាក់ងារ USAID និងកម្មវិធីជាច្រើនទៀត ប៉ុន្តែកម្មវិធីណាដែលផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជាដែលមានដូចជាវិស័យសុខាភិបាល កសិកម្ម និងការបោសសម្អាតមីនគឺមិនរងផលប៉ះពាល់ទេ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយថ្លែងថា លោកមិនប្រាកដថាតើវានឹងបានផល ឬអត់នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកមានភាគរយចាញ់តិចតួចណាស់ នៅក្នុងដំណាក់កាលនេះ។ លោកបានចោទសួរថា៖ «តើកម្ពុជាអាចធ្វើអ្វីបានដើម្បីឆ្លើយតបត្រឡប់ទៅវិញ…? សំណួរគឺថា តើវិធានការនេះគ្រប់គ្រាន់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរដែរឬទេ ហើយចម្លើយគឺប្រហែលមិនទេ។ ប៉ុន្តែខ្ញុំគិតថា វាគឺជាសញ្ញាមួយបញ្ជាក់ថានឹងមានផលវិបាកច្រើនជាងនេះកើតឡើងដែលអាចធ្វើឲ្យមានផលប៉ះពាល់បន្ថែមទៀត»។
លោក វីរៈ បញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកដាក់សម្ពាធលើ IMF ឬ World Bank ឲ្យដកចេញពីកម្ពុជា នោះវានឹងធ្វើមានផលប៉ះពាល់ច្រើនជាងនេះ។ ប៉ុន្តែសំណួរសួរថា តើសហរដ្ឋអាមេរិកនឹងធ្វើតាមចំណាត់ការនេះដែរឬទេ?
លោក វីរៈ បានចោទសួរទៀតថា តើប្រទេសចិនពិតជាខ្លាំងដែលធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធភាព មិនអើពើទៅនឹងអាមេរិកឬយ៉ាងណា? ប៉ុន្តែលោក វីរៈ ថ្លែងថា លោកមិនជឿថា កម្ពុជានឹងផ្តាច់ទំនាក់ទំនងជាមួយអាមេរិកទាំងស្រុងនោះទេ ទោះបីជាមានការមិនទុកចិត្តពីឥទ្ធិពលរបស់ពួកគេលើនយោបាយកម្ពុជាក្តី។ «ប្រទេសកម្ពុជាឆ្លាតវៃជាងនេះ។ កម្ពុជាដឹងថា យើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើចិនទេ។ សូម្បីតែនៅពេលដែលចិនផ្តល់ជំនួយឥតសំណងដោយឥតលក្ខខណ្ឌដល់កម្ពុជាក៏ដោយ នោះមិនមែនជាការពិតទេ។ ចិនមានផលប្រយោជន៍ផ្ទាល់ខ្លួនដែលត្រូវគិតគូរ… នៅពេលដែលកម្ពុជាពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិន នោះពួកគេ (ចិន) អាចយកកម្ពុជាជាចំណាប់ខ្មាំង»៕ NS
Contact authors: ម៉ិច ដារ៉ា, Daphne Chen and Erin Handley

អ្អកណាគេជាអ្នកបង្កើតព្យុះនយោបាយដ៏ឃោរឃោនេះ ហ្អាអាប្អូន!
ចៅហ្វាយរបស់ពួកអស់លោកអោយគេកាត់ទៅ សុំអញ្ជើញ !
ឥឡុវគេកាត់បានដូចចិតត្តដូចបំណងហើយតើ កុំខឹងគេ ។
That very good to see this case’ . Cambodia is the country followed democracy since all party respected democracy and respected Parish accord but since veitcong mafia dictator did the coup and killing a lot of khmer ‘this guy never respected democracy’ this veitcong mafia dictator and his groups are followed communist rule but wearing democracy shirt to cheated international and cambodian people’.This veitcong mafia dictator and his groups made their own rule now this rule met by U S A and EUROPE and U N so this beast regime leaded by former veitcong khmer-rough killer got some poison meat from communist china and don’t need meat from U S or EUROPE O K’ so don’t complain ‘this is beast regime and get some aid from china or veitname ‘. GOD bless all good cambodian people’