លោក ហ៊ុន សែន អះអាង​ពី​សព្វាវុធ​ដែល​ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា ​ដើម្បី​ការពារ​ជាតិ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កាត់ដេរ​ពី​ម្សិលម៉ិញ​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា សព្វាវុធ​ជាច្រើន​ត្រូវ​បាន​ដឹក​តាម​កុងតឺន័រ​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ ក្រោយ​ពេល​គ្នា​បន្តិចបន្ដួច​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​ប្រកាស​បញ្ឈប់​បណ្ដោះ​អាសន្នកម្ម​វិធី​ជំនួយ​យោធា​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដោយសារ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើឲ្យ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​មន្ត្រី​ជាន់ខ្ពស់​យោធា​ខ្លះ​នៅ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​មាន​បញ្ហា​អំពី​ការប្រើ​អំពើ​ហិង្សា​ទាក់ទង​នឹង​ការបោះឆ្នោត​។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជាង​ ១៧ ​ពាន់​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​ ៨ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ​លោក ហ៊ុន សែន ថ្លែង​ថា​៖ «​សូម្បីតែ​យប់​មិញ អា​ទំនិញ​ពិសេស​របស់​យើង​ដូចជា​ត្រូវ​ទទួល​ការដឹក​រួច​ហើយ​។ សុំទោស​ខ្ញុំ​ប្រើ​ពាក្យ​និយាយ​ទំនិញ​ពិសេស​ដែល​ហៅថា ទំនិញ​ពិសេស គឺ​មិន​ឲ្យ​អ្នក​ណា​ដឹង​ថា អ្វី​ក៏​ប៉ុន្តែ​ក៏​មិនមែន​ជា​គ្រឿងញៀន​ដែរ​។ មិនមែន​ជា​គ្រឿងញៀន​ទេ ព្រោះ​ដឹក​សុទ្ធ​តែ​កុងតឺន័រ ប៉ុន្មាន​ពាន់​តោន​ចូល​ដល់​ម៉ឺន​តោន​។ អ៊ីចឹង​ទេ គ្រឿងញៀន វា​មិន​អាច​ដឹក​អាហ្នឹង​បាន​ទេ ច្បាស់​ជា​ស្អី​ហើយ​។ ប៉ុន្តែ​ប្រទេស​មួយ​ត្រូវ​តែ​មាន​មធ្យោបាយ​ការពារ​ជាតិ​របស់​ខ្លួន ហើយ​សម្ដេច​ ទៀ បាញ់ បាន​ធ្វើ​នូវ​កិច្ចការងារ​នេះ​។ ខ្ញុំ​និយាយ​ប៉ុណ្ណឹង​អាច​ដឹង​ទេ សម្ដេច​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ បើ​រដ្ឋមន្ត្រី​ការពារជាតិ​គាត់​មិន​ដែល​ទៅ​ដឹក​ផ្កា​ទេ គាត់​ដឹក​គ្រាប់ និង​កាំភ្លើង​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ផង​ដែរ​ថា សព្វាវុធ ធុន​ធំ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​នៅក្នុង​កុងតឺន័រ​ខ្នាត​ធំ​ដែល​ត្រូវ​បាន​ហាម​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៅ​កម្ពុជា​។

លោក​បន្ថែម​ថា​៖ «​ព្រោះ​មាន​អ្នក​ខ្លះ​ក៏​លួច​ដឹង​ទៅ​ហើយ ព្រោះ​យប់​មិញ​មាន​អារ៉ែង​ណែ វែង​លើស​។ ដល់​វែង​ទៅ​គេ​ចាប់​ដែរ ចុះ​យើង​មាន​ហ៊ាន​ប្រាប់​គេ​ឯណា វា​ត្រូវ​តែ​ចូល​តាម​សម្រួល​ទៅ បន្ទាប់​មក​វា​ចេញ​មក​វិញ ព្រោះ​តែ​លើស​ខ្នាត​ឡាន​របស់​គេ គេ​យក​ចូល​។ ទៅ​ហ៊ាន​ប្រាប់​គេ ថា​ក្នុង​ហ្នឹង​គ្រាប់​ធំ​»​។

លោក​នាយក​រដ្ឋមន្ត្រី​មិនបាន​ថ្លែង​លម្អិត​ពី​ប្រភព​សព្វាវុធ​ទាំងនោះ​ដឹក​ពី​ប្រទេស​ណា​មក​ទេ ប៉ុន្តែ​យោង​តាម​ការផ្សាយ​របស់​វិទ្យុ​ BTV ​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​បាន​ផ្សាយ​នៅក្នុង​អំឡុង​ខែ​មករា​ថា ក្រសួង​ការពារ​ជាតិ​ចិន​បាន​សម្រេច​ផ្ដល់​រថពាស​ដែក​ជិត​ ១០០ ​គ្រឿង និង​គ្រឿងចក្រ​មួយ​ចំនួន​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ដែល​ជា​ជំនួយ​ឥតសំណង​នឹង​មក​ដល់​កម្ពុជា​នៅក្នុង​ខែ​មីនា​នេះ ស្រប​ពេល​ដែល​ភាគី​ទាំង​ ២ ​ចូលរួម​សមយុទ្ធ​នាគ​មាស​ជា​លើក​ទី​ ២ ​ជាមួយ​គ្នា​នៅ​កម្ពុជា​។

លោក​ ប្រាក់ សុខា អ្នក​នាំពាក្យ​កងទ័ព​ជើង​អាកាស​នៃ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សព្វាវុធ​ទាំង​នោះ​ជា​ផ្នែក​នៃ​លំហាត់​សមយុទ្ធ​យោធា​រួម​គ្នា កម្ពុជា-ចិន «​នាគ​មាស​ ២០១៨» ដែល​គ្រោង​ធ្វើ​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​ខែ​មីនា​ខាង​មុខ​នេះ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក សុខា ថ្លែង​ថា​៖ «​យើង​ចូលរួម មាន​ទាំង​យន្តហោះ មាន​ទាំង​កងកម្លាំង​ចូលរួម កម្ពុជា​យើង​គ្រោង​ឧទ្ធម្ភាគចក្រ​ ៣ ​គ្រឿង កងកម្លាំង​បច្ចេកទេស វា​ច្រើន​ណាស់ ខ្ញុំ​មិន​អាច​កំណត់​ថា​ប៉ុណ្ណេះ ប៉ុណ្ណោះ​បាន​ទេ​»​។

លោក​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កាលពី​ម្សិលមិញ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ អំពី​​លំហាត់​ «​នាគ​មាស​ ២០១៨» ​កម្ពុជា-ចិន រៀបចំ​ឡើង​ដើម្បី​លើក​កម្ពស់​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ ការ​បន្ត​ប្រពៃណី សាមគ្គីភាព មិត្តភាព​។ លោក​ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ​ថា កងទ័ព​កម្ពុជា​ចំនួន​ជិត​ ៣០០ ​នាក់ និង​កងទ័ព​ចិន​មាន​ជិត​ ២០០ ​នាក់​នឹង​ចូលរួម​សមយុទ្ធ​យោធា​រួម​គ្នា​នេះ​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ តែ​ក្នុង​ពិធី​ទទួល​ជំនួយ​សម្ភារ​បរិក្ខារ​ពេទ្យ​នៃ​កងទ័ព​រំដោះ​ប្រជាមានិត​ចិន​ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​ព្រះកេតុមាលា​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ បាន​ថ្លែង​ថា លំហាត់​ហ្វឹកហ្វឺន​នាគ​មាស​ឆ្នាំ​ ២០១៨ កម្ពុជា-ចិន ដែល​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​ខែ​មីនា​ខាង​មុខ​នេះ​ត្រូវ​រៀបចំ​ឡើង​ក្នុង​គោលដៅ​លើក​កម្ពស់​សមត្ថភាព​បន្ថែម​ទៀត​ដល់​កងយោធពល​ខេមរភូមិន្ទ ការ​បន្ត​ប្រពៃណី សាមគ្គីភាព មិត្តភាព​រវាង​ប្រទេស​ទាំង​ ២​។

លោក ទៀ បាញ់ ថ្លែង​ថា​៖ «​លំហាត់​ហ្វឹកហ្វឺន នាគមាស​ឆ្នាំ​ ២០១៨ នេះ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ដល់​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៦០ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត ដើម្បី​ពង្រឹង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ដែល​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ យូរអង្វែង​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​ទំនាក់​ទំនង​កម្ពុជា-ចិន ដែល​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ការអភិវឌ្ឍ​ស៊ីជម្រៅ​បាន​ផ្តល់​ផលប្រយោជន៍​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាជន និង​កងទ័ព​ប្រទេស​ទាំង​ ២ ដែល​ចូលរួម​ចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ និង​សកលលោក​»​។

លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Naresuan ក្នុង​ប្រទេស​ថៃ​បាន​ថ្លែង​ថា នេះ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ទេ​។ យ៉ាងណា​មិញ ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ កាន់តែ​កៀក​ចូល​មក​ដល់ ហើយ​លោក​ ហ៊ុន សែន គឺ​ដូច​ការបោះឆ្នោត​លើក​មុនៗ​ដែរ​គឺ​គាត់​កំពុង​ស្វែងរក​ការកសាង​ឡើង​នូវ​ភាព​ជ្រុលនិយម​ប្រឆាំង​នឹង​ជនបរទេស (​លើកលែង​តែ​ចិន​) ​នៅក្នុង​​ចំណោម​ប្រជាពលរដ្ឋ​។

លោក​ថ្លែង​ថា​លើស​ពី​នេះ​ទៀត​ដោយ​ព្យាយាម​ធ្វើឲ្យ​មាន​ការ​ស្អប់ខ្ពើម​ចំពោះ​បរទេស​មួយ​ចំនួន​នោះ លោក​ ហ៊ុន សែន ​កំពុង​ធ្វើ​តាម​គោលនយោបាយ​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៥៣ ​ដល់​ឆ្នាំ​ ១៩៧៩​។ គោល​នយោបាយ​បែប​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​កាន់តែ​ឯកោ និង​បន្ត​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន​ ខណៈ​ពេល​ដែល​លោក ហ៊ុន សែន នឹង​បង្កើន​ការគ្រប់គ្រង​ដោយ​ប្រើ​កណ្តាប់ដៃ​ដែក​ដែល​មាន​ឥទ្ធិពល​របស់​គាត់​៕ NS

រាយការណ៍​បន្ថែមៈ Erin Handley


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន អះអាង​ពី​សព្វាវុធ​ដែល​ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា ​ដើម្បី​ការពារ​ជាតិ"

  1. people says:

    Ha hah’ this weapon are the cambodia money but in the war probably gone to master veitcong hanoi and then khmer next generation will pay to china ‘haha ‘like si hak nouk wanted to cheat veitcong and china but he doesn’t know china &veitcong cheat him ‘ lose three million people and all weapon gone to hanoi and now tral island and land even administration is under veitcong rule used hun-sen as their puppet haha so theses rubbish will gone to veitcong mafia dictator master ‘.In even of world war three in south china sea ‘ Youn-hanoi will control cambodia again or maybe finish from the world map . GOD bless all good cambodian people’