ដោយ ម៉ៅ សុធានី
2018-04-09
RFA

លោក ហេង សំរិន ប្រធានរដ្ឋសភា លើកដៃអនុម័តច្បាប់បោះឆ្នោតថ្មី នាវិមានរដ្ឋសភា នៅថ្ងៃទី១៩ មីនា ២០១៥។ RFA/Tin Zakariya
រដ្ឋសភានៅព្រឹកថ្ងៃច័ន្ទ ទី៩ ខែមេសា នេះ បានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប គឺអ្នកស្រី ជា ច័ន្ទទេវី និងលោក សួន មាន។
អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់អាស៊ីសេរី តាមទូរស័ព្ទមុនការផ្សាយនេះថា សមាជិកសភាចំនួន១០៤ លើ ១១៥សំឡេង បានបោះឆ្នោតគាំទ្របេក្ខភាពទាំងពីរនាក់នេះ មកពីខាងគណបក្សហ៊្វុនស៊ិនប៉ិច។
ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមជាព្រះរាជអធិបតីភាពនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាថ្មី នីតិកាលទី៤នេះ នៅថ្ងៃទី២៣ ខែមេសាខាងមុខ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ៦២រូប គឺ ៥៨រូបពីខាងគណបក្សកាន់អំណាច ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។ សមាជិក ២រូប ដែលតែងតាំងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ គឺសម្ដេច រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានី។
ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងមកនេះ មានការចូលរួមពីគណបក្សចំនួន៤ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ សមាជិកព្រឹទ្ធសភា របស់គណបក្សកាន់អំណាច ៥៨រូប បានជាប់ឆ្នោត ១០០ភាគរយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមឡើយ ក្រោយពីតុលាការកំពូលបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ ដោយបានដកសិទ្ធិអ្នកបោះឆ្នោត ៤៤ភាគរយ នៃអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រ៕
What ever you do is against the people’s will mr CLOWN ‘
Dumb, dumber!!!!!!!!!!!!!!!!!!!