ដោយ មាន ឫទ្ធិ
2018-04-10
RFA

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីសហគមន៍បឹងកក់ នាតុលាការកំពូល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ Photo: RFA
![]()
អតីតអ្នកទោសមនសិការ សង្គមស៊ីវិល អ្នកវិភាគ ចាត់ទុកការមិនព្រមដោះលែងអ្នកទោសមនសិការ និងសកម្មជនដីធ្លី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ជាការគុំកួន សងសឹក ពាក់ព័ន្ធនឹងរឿងនយោបាយ និងដើម្បីបន្ដដាក់សម្ពាធលើគណបក្សប្រឆាំង។ តែទោះយ៉ាងណា ពួកគាត់ទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីការបង្រួបបង្រួមជាតិខ្មែរឡើងវិញ។
សហគមន៍មានជម្លោះដីធ្លីនៅបឹងកក់ ហៅការមិនព្រមដោះលែងអ្នកស្រី ទេព វន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ដោយសារសកម្មជនដីធ្លីរូបនេះ បានដឹកនាំអ្នកភូមិនៅតំបន់បឹងកក់ ទាមទារយកដីវិញ ធ្វើឲ្យខូចប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍បឹងកក់របស់ឈ្មួញដី និងជារូបភាពមួយ ធ្វើឲ្យអ្នករងគ្រោះដីធ្លីនៅទូទាំងប្រទេសកម្ពុជា ហ៊ានងើបតវ៉ាទាមទារដីមកវិញ។
អ្នកភូមិបឹងកក់ សំណូមពរឲ្យរបបក្រុងភ្នំពេញ បញ្ចូលឈ្មោះអ្នកស្រី ទេព វន្នី ក្នុងបញ្ជីឈ្មោះអ្នកទោស ដែលត្រូវដោះលែងក្នុងឆ្នាំថ្មី។ ពួកគេហៅការមិនព្រមដាក់ឈ្មោះអ្នកទោសមនសិការ ក្នុងបញ្ជីដោះលែងអ្នកទោស ជាការរើសអើង គុំកួន និងជាការសងសឹកដល់អ្នកហ៊ានធ្វើការទាមទារផលប្រយោជន៍សម្រាប់សង្គម។
អតីតអ្នកទោសមនសិការនៅពន្ធនាគារម៣ ត្រពាំងផ្លុង និងជាអតីតអ្នករងគ្រោះក្នុងតំបន់បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ក ហៅវីរភាពក្នុងការទាមទារយុត្តិធម៌សង្គម និងការងើបតវ៉ាទាមទារដីនៅតំបន់បឹងកក់ បានធ្វើឲ្យរបបក្រុងភ្នំពេញ ស្អប់អ្នកបឹងកក់ជាខ្លាំង ជាពិសេសគឺមេដឹកនាំសហគមន៍ អ្នកស្រី ទេព វន្នី ជាមូលហេតុធ្វើឲ្យរបបមួយនេះ ចាប់តំណាងរបស់ពួកគេឃុំទាំងគ្មានទោសកំហុស និងមិនព្រមដោះលែងឲ្យមានសេរីភាពវិញ។ លោក ចាន់ ពុទ្ធិស័ក្ដ បន្ដថា សកម្មភាពហ៊ានងើបតវ៉ាទាមទារយកដីពីឈ្មួញមកវិញ របស់អ្នកស្រី ទេព វន្នី បានធ្វើឲ្យពលរដ្ឋរងគ្រោះដីធ្លីទូទាំងប្រទេស ហ៊ានងើបតវ៉ាដូចសហគមន៍បឹងកក់ដែរ ដូច្នេះទើបអ្នកស្រី ទេព វន្នី ក្លាយជាជនរងគ្រោះ ដែលរបបក្រុងភ្នំពេញ មិនអាចអត់ឱនឲ្យបាន៖ «មកដល់ពេលនេះ ដោយសារសម្ពាធសេរីភាព មានធ្ងន់ធ្ងរមែនទែនសម្រាប់សហគមន៍បឹងកក់។ យើងអត់អាចធ្វើអ្វីបានទេ សូម្បីតែយើងធ្វើយុទ្ធនាការបន្តិចបន្តួច ក៏គេបានចូលមកវាយ មកដល់ក្នុងភូមិ ក្នុងសហគមន៍ដែរ។ អ៊ីចឹងយើងពិបាកធ្វើមែនទែន។ ប៉ុន្តែ យើងនឹងព្យាយាមដើម្បីរកនីតិវិធីផ្សេងៗ ដើម្បីស្វែងរកការឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី។ ចំណុចហ្នឹងខ្ញុំសោកស្ដាយមែនទែន ដោយសារសហគមន៍យើងហ្នឹង បានទៅដាក់ញត្តិពីរបីដងហើយ នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ត្រូវបានគេហទំព័រសារព័ត៌មានថ្មីៗ ស្រង់សម្ដីថា ក្រសួងយុត្តិធម៌ នឹងបញ្ជូនបញ្ជីឈ្មោះអ្នកទោសទាំង ៣២១នាក់ ទៅឲ្យ លោក ហ៊ុន សែន សម្រេច មុននឹងថ្វាយទៅព្រះមហាក្សត្រឡាយព្រះហត្ថលេខាលើកលែងទោស និងបន្ធូរបន្ថយទោស។ លោក ជិន ម៉ាលីន ថា អ្នកទោសដែលត្រូវបានលើកលែងទោស គឺជាអ្នកទោស ដែលបានជាប់ពន្ធនាគាររយៈពេល ២ភាគ៣ ហើយអ្នកទោសដែលត្រូវបានបន្ធូរបន្ថយទោស គឺជាអ្នកដែលបានជាប់ពន្ធនាគាររយៈពេលពេល ១ភាគ៣។
លោក ចាន់ ពុទ្ធិស័ក្ក ថា ឆ្មាំពន្ធនាគារធ្លាប់លួចប្រាប់លោកថា ការលើកលែងទោសដល់អ្នកទោស ក្នុងឱកាសពិធីបុណ្យជាតិធំៗ តែងមានអំពើពុករលួយ ពោលគឺអ្នកទោសជាប់ពន្ធនាគារ ២ភាគ៣ ពិតប្រាកដមិនសូវទទួលបានការលើកលែងទេ តែភាគច្រើនជាអ្នកទោស ដែលមានលុយ និងបក្ខពួក ទើបមានឱកាស ទទួលបានការលើកលែងទោសច្រើន។
សារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៤ មេសា បានស្រង់សម្ដីអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការរបស់ក្រសួងយុត្តិធម៌ លោក សុច សុផាណារ៉ា ថា មិនមានឈ្មោះ អ្នកស្រី ទេព វន្នី នៅក្នុងបញ្ជីឈ្មោះលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំទេ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ហៅការមិនមានឈ្មោះអ្នកស្រី ទេព វន្នី ក្នុងបញ្ជីឈ្មោះដោះលែងអ្នកទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ មិនមែនជាករណីចម្លែកទេ សម្រាប់អ្នកធ្វើការងារសង្គម។ លោក ស៊ឹង សែនករុណា ថា កន្លងមកសង្គមស៊ីវិលមិនដែលឃើញមានឈ្មោះរបស់អ្នកទោសមនសិការ ក្នុងបញ្ជីឈ្មោះអ្នកទោសដែលត្រូវបានលើកលែងទោសក្នុងពិធីបុណ្យធំៗរបស់ជាតិទេ៖ «រយៈកាលកន្លងមករដ្ឋាភិបាលមិនសប្បាយចិត្តទៅលើការទាមទារតវ៉ាទេ ហើយយើងដឹងហើយថា ការទាមទារតវ៉ាគឺជាសិទ្ធិស្របច្បាប់ សម្រាប់ពលរដ្ឋកម្ពុជា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ ដូច្នេះគួរតែមានការពិចារណា រាល់ការទាមទារតវ៉ា មិនត្រូវមានការចាប់ខ្លួនយកទៅដាក់ទោសបែបនេះទេ។ ប្រសិនបើធ្វើបែបនេះ យើងឃើញហើយវាផ្ទុយទៅនឹងច្បាប់កំពូលរបស់ជាតិយើង។
ចំណែកអ្នកទោសមនសិការផ្សេងទៀត មានក្រុម សកម្មជន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសតាំងពីកំឡុងខែមីនាមកហើយថា លោកនឹងមិនលើកលែងទោសឲ្យនៅក្រៅឃុំដាច់ខាត ដោយសារមេដឹកនាំបក្សប្រឆាំង ធ្វើសកម្មភាពប្រឆាំងនឹងការដឹកនាំបែបផ្ដាច់ការរបស់លោក៖ «អញមិនលើកលែងឲ្យអាណាទេ ប្រាប់ឲ្យហើយទៅ ជាប់គុកគ្រប់ ហើយមិនបាច់បញ្ចូលក្នុងអាអី លើកលែងទោសអីហ្នឹង ព្រោះអាខ្លះ សាលក្រមអត់ទាន់ចូលជាស្ថាពរទេ នៅក្ដីនៅឡើយទេ នៅក្ដីនៅឡើយទេ ព្រោះអាមេវាព្រហើនពេក»។
ចំណែកឯអ្នកវិភាគឯករាជ្យ លោក គឹម សុខ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក៏មិនមានមន្ត្រីណា បញ្ជាក់ថា មានឈ្មោះ នៅក្នុងបញ្ជីដោះលែងអ្នកទោសនោះដែរ។
សង្គមស៊ីវិល និងអ្នកបឹងកក់ ទាមទារឲ្យរបបក្រុងភ្នំពេញបញ្ចូលឈ្មោះអ្នកទោសមនសិការចូលក្នុងបញ្ជីលើកលែងទោសបន្ថែម ពិសេសគឺអ្នកស្រី ទេព វន្នី ព្រោះ អ្នកស្រី ទេព វន្នី មានសាលក្រមស្ថាពររបស់តុលាការកំពូលសម្រេចឃុំខ្លួនអ្នកស្រី ទាំងគ្មានរកឃើញភស្តុតាងបញ្ជាក់ទោសកំហុស។ ម្យ៉ាង ពួកគេថា ក្រុមគ្រួសារ និងអ្នកបឹងកក់ បាននាំគ្នាយកញត្តិសុំអន្តរាគមន៍ជាច្រើនដងហើយ នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី នៅក្រោមដើមពោធិ៍ មុខវត្តបទុមវតី។ អ្នកបឹងកក់ ហៅការមិនអើពើនឹងញត្តិទាមទាររបស់ពួកគេ ជាមេដឹកនាំគុំកួន ខ្វះភាពសប្បុរសធម៌។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ មើលឃើញថា ក្នុងបរិបទនយោបាយកម្ពុជា អ្នកទោសមនសិការរងការចាប់ខ្លួន ឬដោះលែង សុទ្ធតែជាការរៀបចំរបស់គណបក្សកាន់អំណាច។ អ្នកវិភាគរូបនេះ យល់ថា អ្នកទោសមនសិការទាំងអស់នោះ សុទ្ធតែជាសកម្មជនល្បីៗ ដូច្នេះគណបក្សកាន់អំណាច នៅតែទុកអ្នកទោសមនសិការទាំងនោះ ជាចំណាត់ខ្មាំងដើម្បីដាក់សម្ពាធបង្ខំឲ្យបក្សប្រឆាំងផ្គាប់ចិត្តខ្លួនជាមុនសិន៖ «នៅក្នុងថ្ងៃបុណ្យចូលឆ្នាំនេះ ខ្ញុំជឿជាក់ថា បញ្ជីឈ្មោះ ទាំងសកម្មជនបឹងកក់ ទាំងសកម្មជនគណបក្សសង្គ្រោះជាតិក្ដី គេមិនត្រូវបានគេដោះលែងទេ ដោយសារតែអ្នកទោសទាំងនេះ ដរាបណា គេមិនទាន់ប្រើប្រាស់ ដើម្បីឲ្យមានផលប្រយោជន៍សម្រាប់គណបក្ស ឬផលចំណេញផ្នែកនយោបាយទេ គឺត្រូវបន្តឃុំខ្លួនបន្តទៀត»។
បើទោះជា របបលោក ហ៊ុន សែន អះអាងថា រាល់សកម្មភាពសុទ្ធតែធ្វើឡើងតាមច្បាប់ទាំងអស់ ប៉ុន្ដែ ការបន្ដឃុំខ្លួនអ្នកទោសមនសិការ ការចាប់ខ្លួនអតីតអ្នកសារព័ត៌មានឯករាជ្យ និងការគំរាមដល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ សុទ្ធតែជាកត្តា ដែលអ្នកវិភាគ និងសង្គមស៊ីវិល ព្រួយបារម្ភ។ អ្នកវិភាគ ហៅការបន្តឃុំខ្លួនអ្នកទោសមនសិការ ដើម្បីដាក់សម្ពាធបក្សប្រឆាំង ជាភាពឆ្លាតវៃរបស់បក្សកាន់អំណាច ប៉ុន្តែ ភាពឆ្លាតវៃនេះ ជាការបង្ហាញឲ្យគេឃើញថា របបក្រុងភ្នំពេញបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អតីតអ្នកទោសមនសិការ លោក ចាន់ ពុទ្ធិស័ក្ក រំលឹកពេលលោកជាប់ពន្ធនាគារម៣ នៅត្រពាំងផ្លុងថា នៅពេលលឺមានការលើកលែងទោស តែខ្លួនជាអ្នកទោសមនសិការបែរជាគ្មានឈ្មោះនោះ មានអារម្មណ៍ តូចចិត្ត និងសោកសៅជាទីបំផុត។ លោក ចាន់ ពុទ្ធិស័ក្ក ថា នៅពេលស្រុកទេសមានពិធីបុណ្យប្រពៃណីជាតិ អ្នកទោសមនសិការ ក៏ត្រូវការជួបជុំក្រុមគ្រួសារ ចង់យកអាហារទៅវត្ត ធ្វើបុណ្យ ដូចពលរដ្ឋដទៃដែរ៕
Poor lady’ this is beast regime and leaded by former veitcong killer ‘