
លោក ស៊ិក ប៊ុនហុក (កណ្ដាលស្ដាំ) និងមន្ត្រី គជប ផ្សេងទៀតក្នុងកិច្ចប្រជុំពីម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន
Wed, 11 April 2018
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានប្រកាសថា ទោះសង្គមស៊ីវិលមិនចូលរួមសង្កេតការណ៍បោះឆ្នោត ហើយអ្នកទៅបោះឆ្នោតមានតិចជាង ៥០ ភាគរយក៏លទ្ធផលនៅតែទទួលយកបានតាមច្បាប់កំណត់ ខណៈអ្នកវិភាគយល់ឃើញផ្ទុយពីនេះ។
លោក ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប) បានថ្លែងដូចនេះកាលពីព្រឹកម្សិលមិញក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅស្នាក់ការ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយពីដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ដោយលើកយកមាត្រា ១០ នៃច្បាប់បោះឆ្នោតមកសំអាងលោក ប៊ុនហុក បានថ្លែងថា៖ «សហគមន៍ ឬអង្គការក្រៅរដ្ឋាភិបាលអាចបញ្ជូនតំណាងរបស់ខ្លួនឲ្យមកសង្កេតការណ៍បោះឆ្នោត ខ្លួនឯងអាចតើ។ ពាក្យអាចនេះបានន័យថា បញ្ជូនមកក៏បានមិនបញ្ជូនមកក៏បាន។ មិនមែនឯងមិនបញ្ជូនមកអាចទៅមិនរួចឯណា? វាអត់មាន។ ច្បាប់មិនបានចែងថាត្រូវតែមានអ្នកសង្កេតការណ៍នោះទេ»។
ទន្ទឹមនឹងនេះលោកក៏បានរិះគន់ពីបំណងអាក្រក់របស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា៖ «ម្យ៉ាងទៀតក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលក៏មានអ្នកមានបំណងល្អ អ្នកមានបំណងអាក្រក់ បើពួកអាក្រក់គេមិនចូលរួមទេ តែក៏មានអង្គការក្រៅរដ្ឋាភិបាលល្អគេចូលរួមដែរ។ បើអ៊ីចឹងកុំចាត់ទុកថាខ្លួនឯងហ្នឹងពិសេស»។
ចំពោះចំនួនមនុស្សចេញទៅបោះឆ្នោតវិញលោកថ្លែងថា មិនថា នៅកម្ពុជា ឬនៅទ្វីបអឺរ៉ុបទេ មិនមានច្បាប់ណាដែលចែងថា អ្នកទៅបោះឆ្នោតតិចធ្វើឲ្យលទ្ធផលមិនអាចទទួលយកបាននោះទេ។
លោកថា៖ «គ្មានទេពីព្រោះរដ្ឋធម្មនុញ្ញអត់បានចែងអំពីចំនួនភាគរយរឿងទៅចូលរួមហ្នឹងទេ។ នៅក្នុងរដ្ឋធម្មនុញ្ញគេឆ្លើយគឺវាគ្មានឥទ្ធិពលអីដែលពាក់ព័ន្ធនឹងការមិនចូលរួមការបោះឆ្នោតនោះទេ ទាំងការជ្រើសរើសប្រធានាធិបតីរបស់បារាំង ទាំងការបោះឆ្នោតទាំងអស់ គេអត់មានគិតពីរឿងការចូលរួមនោះទេ សុទ្ធតែទទួលយកបានទាំងអស់»។
ជាមួយគ្នានេះលោកក៏បានអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតដោយបានថ្លែងថា៖ «អត្រានៃការចូលរួមបោះឆ្នោត ទោះជាមិនដល់ ៣០ ភាគរយក៏ដោយ អត់មានសិទ្ធិបដិសេធទេ។ អ៊ីចឹងច្បាប់ស្រុកយើង ទាំងរដ្ឋធម្មនុញ្ញមិនមានចែងពាក់ព័ន្ធនឹងរឿងហ្នឹងទេ ហើយខ្មែរក៏មិនទម្លាប់មិនចូលរួមបោះឆ្នោតទេ…គេតែងតែទៅចូលរួមការបោះឆ្នោតទាំងនៅថ្នាក់ឃុំទាំងនៅថ្នាក់ជាតិដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសទាំងនៅមូលដ្ឋាន»។
ប្រធាន គ.ជ.ប អះអាងថាលោកបម្រើការដោយអព្យាក្រឹតគឺធ្វើយ៉ាងណាឲ្យអ្នកមានសិទ្ធិបោះឆ្នោតមានឈ្មោះក្នុងបញ្ជីត្រឹមត្រូវ ហើយសំឡេងឆ្នោតពួកគេត្រូវបានរាប់ដោយយុត្តិធម៌បំផុត។
ទោះយ៉ាងណាលោកបានឆ្លៀតរិះគន់លើអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយដោយសារការឃុបឃិតជាមួយបរទេស។
លោក ស៊ិក ប៊ុនហុក ថ្លែងថា៖ «គ្មានអ្នកណាមួយមកនាំឲ្យ NEC ថាទាល់តែប្រឆាំងភាគច្រើនចូលរួមបានស្របច្បាប់គ្មានទេ យកមកច្បាប់ណានិយាយរបៀបហ្នឹង ហើយគេសរសេរទៀត គណបក្សហ្នឹងគេរំលាយទៅតាមសាលដីកាតុលាការកំពូលទៅទៀត គ្មានជាគណបក្សនយោបាយផងឲ្យទៅទទួលមកចុះឈ្មោះបោះឆ្នោតកើត? ហេតុអីបានគេរំលាយ? បើខ្លួនអត់បានប្រព្រឹត្តល្មើសច្បាប់ក្រមព្រហ្មទណ្ឌទេធ្វើម៉េចគេរំលាយយើង? ហេតុតែគេរំលាយមកពីយើងល្មើសច្បាប់។ អត់ត្រូវជាមួយរដ្ឋធម្មនុញ្ញគេឲ្យខិតខំប្រើសិទ្ធិរបស់យើងដើម្បីធានាសិទ្ធិយើង ឲ្យគោរពច្បាប់ តែអត់គោរពច្បាប់ទៅឃុបឃិតជាមួយបរទេស»។
លោកបន្តថា៖ «បើរដ្ឋធម្មនុញ្ញឲ្យអ៊ំធ្វើរបៀបហ្នឹង ឲ្យឯករាជ្យ អព្យាក្រឹត កុំឲ្យប្រកាន់បក្ខពួកឲ្យអ៊ុំទៅប្រកាន់អ្នកណាកើត? មិនមែនអ៊ំចេញពី CPP ត្រូវតែលម្អៀងទៅ CPP លួចសន្លឹកឆ្នោតសម្រាប់ CPP ឯណាកើត?»។
លោកបានរិះគន់មន្ត្រីបក្សបក្សប្រឆាំងដោយមិនលើកចំឈ្មោះថា៖ ««ដើរមើលងាយជាតិសាសន៍គ្នាឯងហ្នឹង ស្មានតែទៅជាតិសាសន៍គេ គេសរសើរថា អូ អានេះចេះមើលងាយជាតិសាសន៍គ្នាវា វាស្រឡាញ់អញជាងជាតិសាសន៍វា។ ដេកទៅ»។ លោកបន្តថា៖ «ចំណេញស្អីហ្នឹង ចំណេញស្អី?…» ។
ទោះយ៉ាងណាលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានហៅ ការរិះគន់គណបក្សនយោបាយពីសំណាក់ប្រធាន គ.ជ.ប ថាកំពុងបង្ហាញពីការបាត់បង់អព្យាក្រឹតភាពផ្នែកនយោបាយ ហើយជាលទ្ធផលធ្វើឲ្យបាត់បង់ភាពគួរឲ្យជឿជាក់បានរបស់លោក និងរបស់ស្ថាប័ន គ.ជ.ប។
ចំពោះការឃ្លាំមើលការបោះឆ្នោតលោក ម៉ុង ហៃ យល់ថាប្រសិនបើអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមិនមានវត្តមានទេ ការបោះឆ្នោតនឹងខ្វះភាពស្របច្បាប់៖ «ការបោះឆ្នោតបែបនេះខ្វះភាពស្របច្បាប់ ហើយលទ្ធផលនៃការបោះឆ្នោតមិនគួរឲ្យជឿជាក់បាន»។
ស្រដៀងគ្នានេះលោក ហង្ស វិទូ អ្នកវិភាគម្នាក់ទៀតយល់ថាការបោះឆ្នោតដែលគ្មានអ្នកសង្កេតការណ៍ឯករាជ្យ ធ្វើឲ្យការបោះឆ្នោតមិនប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌។ ប៉ុន្តែលោកលើកទឹកចិត្តឲ្យអង្គការទាំងនោះចូលរួមសង្កេតការណ៍។
លោកថ្លែងថា៖ «អង្គការសង្គមស៊ីវិលដូចជាខុមហ្វ្រែល និងអង្គការផ្សេងទៀតដែលធ្វើការទាក់ទងនឹងការបោះឆ្នោត គួរតែបញ្ជូនក្រុមការងារទៅស៊ើបអង្កេតក្នុងការបោះឆ្នោត»។
លោកយល់ថាអ្នកនយោបាយខ្មែរក៏ដូចជា គណបក្សប្រជាជនកម្ពុជាមិនខ្វល់រឿងឈ្នះដោយកិត្តិយស ឬដោយការប្រកួតប្រជែងទេសំខាន់គឺជ័យជម្នះជារឿងទី ១ ដែលត្រូវធ្វើ។ «កន្លងមកគណបក្សប្រជាជនកម្ពុជា ជាពិសេសអ្នកនយោបាយខ្មែរទាំងអស់គាត់មិនសូវជាខ្វល់ឈ្នះដោយយុត្តិធម៌ ឬមិនយុត្តិធម៌ទេ។ ភាគច្រើនអ្នកនយោបាយខ្មែរយកឈ្នះសិនចាំគិតទៀត។ ពេលក្រោយទៅអ្នកណាទទួលស្គាល់ ឬមិនទទួលស្គាល់គាត់មិនសូវខ្វល់ទេ។ មិនត្រឹមតែសម័យតេជោ ហ៊ុន សែន ទេ តាំងពីសម័យមុនៗ ខ្មែរយើងអស់ទឹកអស់ដីគឺដោយសាររឿងអត់ខ្វល់ហ្នឹងហើយ គឺឈ្លោះគ្នាហែកហួរគ្នាអ៊ីចឹងទៅដើម្បីឈ្នះ-ចាញ់ រហូតដល់ទៅកាប់ចាក់គ្នា ឬកាត់ទឹកកាត់ដីឲ្យគេ។ គ្រាន់តែរឿងរំលាយគណបក្សមួយ និងរឿងបោះឆ្នោត វាជារឿងតូចតាចទេ»៕
Contact author: នៀម ឆេង
whatever you want to say but ????????? do you think any one in the whole world will agree on what you say. too old to betray his own nation for$$$$$$$$$$ my question is>> can you take any penny whit you to GOD and asking for forgiveness . GOD bless Cambodia and all Cambodian
Sure, even 20 % of voters turned out to vote is acceptable, but remember, the legitimacy is in doubt and make a winner looks funny.